ភរិយាក្រៅអេតាស៊ីវិល - ភាគ៦+៧
ផ្សារទំនើប..
ក្រោយពីញ៉ាំអាហារពេលព្រឹករួច ជីមីន នាំប្រពន្ធកូនមកផ្សារទំនើបដើរមើលឥវ៉ាន់ ហើយក៏ឱ្យ ជីម៉ូន ចូលលេងកន្លែងក្មេងលេងតាមដែលចិត្តចង់ ក្រោយពីលេងហត់ ជីម៉ូន ក៏រត់មកឱបលោកប៉ាទាំងដង្ហក់ប៉ុន្តែក៏សើចស្រស់
“ហត់ហើយ ចង់ញ៉ាំអីទេ?” ជីមីន សួរកូន
“អត់ទេ!កូនចង់លេងផ្ទះខ្មោច”
“ចូលលេងទៅ ម៉ាក់អត់ចូលទេ” ម៉ូនយ៉ុង បដិសេធ
“កូនដឹងថាម៉ាក់ខ្លាចខ្មោចតែកូនចង់ឲ្យម៉ាក់ចូលលេង សាកសិនទៅសប្បាយខ្លាំងណាស់” ជីម៉ូន លន់តួឱ្យម៉ាក់ព្រមលេងជាមួយខ្លួន
“អត់ទេ!បើម៉ាក់លេង ម៉ាក់ខ្លាចហើយកូនខ្លាច មិនយំស្លាប់ហើយទេហ្អេស៎?”
“ចុះបង?អូនខ្លាចកូនខ្លាចមិនគិតពឹងបងទេឬ?
“ប៉ាមីននិយាយត្រូវ”
“ចូលលេងក៏បាន”
“ស្រឡាញ់ម៉ាក់ជាងគេ” ម៉ូនយ៉ុង រត់ទៅឱបភ្លៅអ្នកម៉ាក់ម្តង
“ស្រឡាញ់ប្រពន្ធនិងកូនជាងគេលើលោក” ជីមីន ដើរទៅឱបក្រសោបប្រពន្ធកូនក្នុងរង្វង់ដៃយ៉ាងស្និទ្ធស្នាលបំផុតទាំងមិនខ្វល់ពីមនុស្សម្នានៅជុំវិញខ្លួន សំខាន់គេចង់បង្ហាញក្តីស្រឡាញ់ទៅអ្នកដែលគេស្រឡាញ់គេមិនខ្លាចអ្វីទាំងអស់
“ថប់ដង្ហើមណាស់លែងទៅ!ដឹងថាស្រឡាញ់ហើយ អ្នកទាំងពីរចូលចិត្តធ្វើតាមគ្នាណាស់” ម៉ូនយ៉ុង លើកជើងថយក្រោយសុំដកខ្លួនចេញពីការឱបរបស់ប៉ាកូនទាំងពីរ មើលធ្វើឫកចុះ ស្លៀកពាក់ក៏ដូចគ្នា ចូលចិត្តធ្វើអីដូចគ្នា ញ៉ាំអីដូចគ្នា លេងអីដូចគ្នា ហេតុតែឈាមដូចគ្នាហ្ន៎..
“គេប៉ាកូនគ្នាដូចគ្នាអ៊ីចឹងហើយគ្មានអីប្លែកទេ” ប៉ាកូនក្បាលខូចទាំងពីរនិយាយព្រមៗគ្នាប្រៀបដូចជារៀបសម្តីទុកមុនទាំងដែលការពិតមកពីគិតអ៊ីចឹងទើបនិយាយចេញមក
“ត្រូវជើងគ្នាណាស់ហ្ន៎”
“ត្រូវហើយ!”
“ឆាប់ទៅលេងផ្ទះខ្មោចទៅឲ្យលឿនឡើងកូនចង់លេង” ជីម៉ូន កាន់ដៃអ្នកម៉ាក់ម្ខាងលោកប៉ាម្ខាងអូសចូលទៅក្នុងផ្ទះខ្មោច
ហើយក៏ចូលលេងខាងក្នុងដែលងងឹតសូន្យឈឹង ដើរចូលទៅដល់នាងតូចក្រលេកឆ្វេងស្តាំព្រោះបានឮសម្លេងប្លែកៗនៅក្បែរ ប៉ុន្តែ ជីម៉ូន ជាកូនក្មេងហាក់មិនខ្លាចសោះ
ផឹប! ហ៊ូ!
សម្លេងសត្វប្រចៀវហោះកាត់ខ្វាត់ខ្វែងទៅមកៗធ្វើឱ្យ ម៉ូនយ៉ុង ភ័យខ្លាចយ៉ាងខ្លាំងទើបរត់ទៅឱបរាងសង្ហាទាំងកាយញ័រទទ្រើត
“មីន!ខ្មោចៗ ជួយអូនផង ខ្មោចច្រើនណាស់” ម៉ូនយ៉ុង បិទភ្នែកស្រែកយកៗព្រោះព្រឺឆ្គឹងខ្នងខ្លាំងដល់ថ្នាក់លើកជើងដើរទៅមុខលែងរួច
“អត់ទាន់ដល់កន្លែងខ្មោចទេម៉ាក់” ជីម៉ូន ស្រែកប្រាប់ខណៈដែលកេះដៃអ្នកម៉ាក់
“អត់ទេ!ម៉ាក់ឃើញខ្មោចច្បាស់ណាស់” ម៉ូនយ៉ុង នៅបិទភ្នែកខណៈដែលដៃស៊កទៅឱបករាងសង្ហាឱបមុខជប់នឹងដើមទ្រូងរបស់គេដើម្បីកាត់បន្ថយភាពភ័យខ្លាច
“ចង់ឱបបងមែនទេ?មិនឃើញខ្មោចផងធ្វើឯងរំអួយ” ជីមីន ឆ្លៀតនិយាយញោះនាងតូចតិចៗ បើតាមដែលស្គាល់នាងមិនដែលញ៉ិកញ៉ក់មិនដែលរំអួយ តែលើកនេះនាងខ្លាចមែនទែនទើបធ្វើបែបនេះ តែក៏គួរឲ្យស្រលាញ់ខ្លាំងណាស់ដែរ
“អត់ទេ!ខ្លាចខ្មោចមែន ហ៊ឹក! ហ៊ឹក! ចែញទៅវិញទៅ” ម៉ូនយ៉ុង មិនខ្វល់ចង់គេថាអីថាទៅ តែនាងខ្លាចងងឹតខ្លាចខ្មោចសឹងតែគាំងបេះដូងទៅហើយ សុខចិត្តយំអង្វរទាំងមិនខ្មាសកូនសូម្បីបន្តិច
“ម៉ាក់ធំហើយយំទៀត ប៉ាប៉ាលួងបន្តិចទៅ ហិហិ” ជីម៉ូន បែរជាមានអារម្មណ៍ថាសប្បាយចិត្តចង់សើចទៅវិញកាលបើអ្នកម៉ាក់យំឱបលោកប៉ាទារចេញទៅក្រៅវិញទាំងមិនខ្វល់ពីអ្វី
“កុំយំប្រពន្ធសម្លាញ់ ចាំចេញទៅវិញបងទិញទឹកដោះគោឱ្យ ហាសហា” ជីមីន និយាយលេងសើចដោយភាពក្អាកក្អាយ ព្រោះមើលទៅនាងតូចទន់ជើងមែនទែនហើយ
“អូនអត់លេងទេមីន!ចង់គាំងបេះដូងហើយនៀក៎” ម៉ូនយ៉ុង និយាយទាំងញ័រសម្លេងយំណ្តឺតអណ្តក់
“ហេតុអីអ្នកម៉ាក់ខ្លាចម្ល៉េះ? ពួកយើងចេញទៅវិញទៅចឹង”
កាលបើ ម៉ូនយ៉ុង ភ័យខ្លាចខ្លាំងពេកពួកគេក៏នាំគ្នាចេញមកក្រៅវិញហើយក៏ឈរសើចយ៉ាងរីករាយកាលបើឃើញទឹកលើថ្ពាល់ទាំងតូចមិនទាន់ជ្រះ
“ប៉ាកូនអ្នកទាំងពីរសប្បាយសើចណាស់ហ្ន៎..ខ្ញុំខ្លាចឡើងយំទៅហើយ” ម៉ូនយ៉ុង ខាំមាត់សម្លក់ពីរនាក់ប៉ាកូនដែលសើចសប្បាយលើគំនរទុករបស់ខ្លួន
“អូនយំគួរឱ្យចង់សើច បងមិនដែលឃើញអូនយំទេតាំងពីស្គាល់គ្នាមក”
“កូនក៏អត់ដែរឃើញម៉ាក់យំដែរ ជាលើកទីមួយហើយ”
“អ្នកទាំងពីរដូចគ្នាទៀតហើយ”
“អោវវវ៎!បើប្រាប់ថាប៉ាកូនហ្នឹងហើយ”
“ឈ្នះហើយទៅ”
“ហេតុអីអូនខ្លាចងងឹត ខ្លាចខ្មោចយ៉ាងនេះ?”
“គឺកាលចូលទៅនៅមណ្ឌលយប់ដំបូងក៏មានក្មេងៗដូចគ្នាបន្លាចគ្មានឱ្យបានដេកសោះពេញមួយយប់ហើយក៏ខ្លាចរហូតមកដល់ឥឡូវ”
“ជូរចត់ណាស់ពៅសម្លាញ់..ចាំបងនាំទៅញ៉ាំស្តេកសាច់គោអ៊ីតាលីទុកជាការសុំទោស”
“នាំកូនទៅអត់?”
“ទៅទាំងម៉ាក់ទាំងកូន.. ព្រោះអីប៉ាមិនអាចរស់គ្មានអ្នកទាំងពីរបានទេ” ថាហើយអ្នកសង្ហាក៏ដើរទៅដាក់ដៃលើស្មាប្រពន្ធកូនបណ្តើរទៅកាន់ហាងលក់អាហារដែលនៅក្នុងផ្សារទំនើបមួយនេះ
“ជឿទៅ!មាត់ផ្អែមតែរហូត” ម៉ូនយ៉ុង ងាកទៅសម្លក់មុខសង្ហាទាំងលួចញញឹម នៅក្បែរម្តងណាក៏មិនដែលចោលសម្តីផ្អែមរលួយលួងចិត្តនឹងដែរ
“មាត់បងដាក់ស្ករទេដឹង?អូនធ្លាប់ភ្លក្សទេ?” ជីមីន ប្រើសម្តីព្រាននិយាយជាមួយនាងតូចទាំងដែលកូនប្រុសស្តាប់មិនសូវយល់តែក៏ព្យាយាមយល់
“កូនឮមិនល្អទេ!!!” ម៉ូនយ៉ុង និយាយខ្សឹបខ្សៀវខណៈដែលលួចក្តិចភ្លៅអ្នកសង្ហាដើម្បីហាមប្រាមឈប់ឱ្យនិយាយសម្តីអត់អនាម័យទាំងនោះ
“បងឈឺ!”
..
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
Hành độngPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺