ភាគ៤១+៤២(ជីវិតថ្មី)

713 29 1
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៤១+៤២

រកសម្តីឆ្លើយជាមួយនឹង ជីអា មិនបាន ទើបនាយងាកមុខចេញ មុននឹងដើរចេញពីនាងដោយមិននិយាយអ្វីមួយម៉ាត់សោះ។ គេសម្រេចចិត្តហើយ មិនត្រូវចិត្តទន់ទេ ទោះបីជាបន្តភ្ជាប់ពាក្យក្រោមហេតុផលអ្វីក៏ដោយ
“ជីមីន! លោកមិនទាន់ឆ្លើយនឹងខ្ញុំទេណា៎” ជីអា រហ័សដើរទៅតាមនិយាយជាមួយគេឱ្យដឹងរឿង តែគេព្យាយាមគេចវេះដើរចៀសចេញពីនាងបន្តដំណើរទៅមុខទៀត ចំណែកនាងនៅតែមិនព្រមចុះចាញ់ព្យាយាមដើរតាមគេជារឿយៗ
“ខ្ញុំថាជួបលោកនៅអាមេរិក តែលោកបែរជាមកវិញយ៉ាងលឿន តើមានរឿងអី? លោកខឹងអី? ហេតុអីមិននិយាយជាមួយខ្ញុំ? ” ជីអា នៅតែបន្តសួររកហេតុផល ខណៈដែលដើរញាប់ជើងតាមគេចូលក្នុងការិយាល័យធ្វើការរបស់ខ្លួន នាយសង្ហាដាក់បង្គុយលើកៅអីទាញយកលិខិតលាឈប់របស់ស្រីជាទីស្រឡាញ់មកមើលបន្តុរួចដាក់ចុះវិញទាំងអារម្មណ៍តានតឹងនិងធុញទ្រាន់ ជាខ្លាំង។
ជីអា ដើរទៅយកក្រដាសលើតុកាន់មើល សម្តែងឫកពាធ្វើដូចជាមិនដឹងខ្យល់អីសោះ រួចដាក់លើតុវិញ ប្រើក្រសែភ្នែកកម្សត់សម្តែងភាពខកចិត្តជាមួយរាងសង្ហា
“ព្រោះ ម៉ូន លាឈប់ ទើបលោកចង់ផ្តាច់ពាក្យជាមួយខ្ញុំមែនទេ? ខ្ញុំដឹងថារវាងពួកយើងមិនមែនជាស្នេហាទេ ព្រោះលោកស្រឡាញ់នាងខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនជ្រៀតជ្រែកលោកទេ” ជីអា រលីងរលោងទឹកភ្នែកសម្លឹងរាងសង្ហាដោយឫកពាទន់ភ្លន់គួរឱ្យអាណិតដូចក្មេងស្រីមិនដឹងអីម្នាក់
“ម៉ូន បាត់ដំណឹងហើយ ផ្ទះក៏លក់បាត់ តើខ្ញុំសល់អីទៀត? ដែលខ្ញុំភ្ជាប់ពាក្យជាមួយនាង ព្រោះដើម្បីបានក្បែរ និងការពារសុវត្ថិភាពរបស់ ម៉ូន បើគ្មាន ម៉ូន ផង គ្រប់យ៉ាងដែលខ្ញុំធ្វើមានន័យអ្វី? ដើម្បីអ្នកណា?” សម្លេងក្ងួរៗដែលគេនិយាយទាំងតឹងទ្រូង អាចសន្និដ្ឋានបានថាគេពិបាកចិត្តខ្លាំង គេមានអារម្មណ៍ថាខ្លួនឯងគ្មានបានការបំផុត គ្រាន់តែស្រីម្នាក់ការពារនិងថែរក្សាមិនផង គ្រប់យ៉ាងវាហាក់អស់ន័យ កាលបើអ្នកជាទីស្រឡាញ់ដើរចេញទៅឆ្ងាយ ឯណាទៅសុភមង្គលដែលធ្លាប់សន្យាថាផ្តល់ឱ្យនាង?
“លោកកុំបារម្ភអី ចាំខ្ញុំឱ្យកូនចៅលោកប៉ារបស់ខ្ញុំជួយតាមរក ម៉ូន ទៅណាមិនឆ្ងាយទេ” ជីអា ព្យាយាមសម្តែងធ្វើជាជួយ ដើម្បីឱ្យអ្នកម្ខាងទៀតឆាប់ទុកចិត្តខ្លួន ហើយគិតថាខ្លួនជាមនុស្សល្អ
“អរគុណហើយ នាងមិនដែលធ្វើឱ្យខ្ញុំមានសម្ពាធទេ គូដណ្តឹងល្អៗដូចនាងមិនសាកសមនឹងខ្ញុំទេ ខ្ញុំមិនដែលផ្តល់តម្លៃឱ្យសមឈ្មោះជាគូដណ្តឹងសោះ អ្ហឹសៗ វាគួរឱ្យអស់សំណើចណាស់ ជីវិតគូរបស់ខ្ញុំមិនគួរបែបនេះទេ ខ្ញុំស្រឡាញ់ ម៉ូន.. គូដណ្តឹងឬប្រពន្ធរបស់ខ្ញុំ គួរតែជា ម៉ូន តែបែរជានាង សំណាងហើយ នាងមិនប្រកាន់ខឹង ហើយនៅបើកសិទ្ធិឱ្យខ្ញុំស្រឡាញ់ ម៉ូន ទៀត អរគុណខ្លាំងណាស់” គម្រោងការរបស់ ជីអា ទុកថាសម្រេចហើយ កាលបើ ជីមីន និយាយសម្តីដែលមានអារម្មណ៍ថាគេទុកចិត្តនាង គេមើលមិនដឹងចិត្តនាងបែបណាឡើយ
“ទុកថាខ្ញុំជាមិត្តរបស់លោកទៅណា៎.. ពួកយើងសុទ្ធតែជួបគូជីវិតមិនសមបំណង កុំមានអារម្មណ៍ថាមានខុសអី ព្រោះខ្ញុំក៏មានសង្សារ ពួកយើងគូដណ្តឹងតែឈ្មោះប៉ុណ្ណោះ” ជីអា សម្តែងធ្វើដូចជារឿងកំប្លែង ទាំងដែលនាងបានបែកពីសង្សារយូរយារណាស់ហើយ
“ព្រហ្មលិខិតលេងសើចខ្លាំងណាស់”
“ពិតហើយ.. ខ្ញុំដូចជាចង់ញ៉ាំស្រាបំបាត់ទុក្ខម៉េចមិនដឹងទេនៀក៎” ដើម្បីបានក្បែរគេ ទើបនាងនិយាយពាក្យនេះចេញមកធ្វើដូចចង់ផឹកមែនទែន
“ខ្ញុំក៏ចង់ដែរ” កាលបើឮអ្នកសង្ហានិយាយដូច្នេះកាន់តែឱ្យនាងបានចិត្ត ទើបញោចស្នាមញញឹមចុងមាត់ មុននឹងនិយាយ៖
“ពួកយើងទៅក្រៅទៅ”
“សុំទោស! នាងទៅចុះ ព្រោះខ្ញុំត្រូវតាមរក ម៉ូន ឱ្យឃើញ ទោះ ម៉ូន ទៅដល់ជើងមេឃណាក៏ដោយ” កាលបើឮគេបដិសេធបែបនេះធ្វើឱ្យស្នាមញញឹមរបស់នាងក្រៀមស្វីតស្រពោនភ្លាម ហេតុអីគេតែងតែគិតពីស្រីម្នាក់នោះសំខាន់គ្រប់ពេលដូច្នេះ? ត្រូវអំពើឬយ៉ាងម៉េចហ្នឹង?
“នាងគ្មានមិត្តកំដរផឹកទេឬ? អន់ចិត្តដែលខ្ញុំមិនទៅកំដរមែនទេ? សុំទោស!” ជីមីន ប្រើក្រសែភ្នែកខូចចិត្តសម្លឹងនាង ដើម្បីកុំឱ្យនាងខឹងនឹងខ្លួនដែលមិនព្រមទៅជាមួយ មើលទៅនាងដូចជាគ្មានមិត្តទេ
“មិនអីទេ.. ខ្ញុំកំដរលោកតាមរក ម៉ូន វិញក៏បាន យ៉ាងណាក៏មានគ្នាគ្រាន់និយាយលេង លោកចង់ទៅរកនាងនៅឯណា?” ជីអា ប្រញាប់ប្តូរចិត្តយ៉ាងលឿន យ៉ាងណានាងត្រូវតែនៅក្បែរគេ២៤ម៉ោង សត្រូវកម្ចាត់ចេញទៅឆ្ងាយហើយ គ្មានថ្ងៃបានជួបគ្នាទៀតទេ
“ដូចជាមិនកើតទេអ្ហេស៎?”
“មិនអីទេ ពួកយើងទៅជាមួយគ្នាទៅ”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now