ភាគ៤៣+៤៤(ដំបូងៗមិនទម្លាប់)

708 29 1
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៤៣+៤៤

“ចោរ! មានចោរចូលក្នុងហាង!!” ម៉ូនយ៉ុង ស្រែកឡើងបង្វែរអារម្មណ៍ពួកគេឱ្យងាកក្រោយតាមការចង្អុលរបស់ខ្លួន
ដឹប..
បានឱកាសនេះ ម៉ូនយ៉ុង លើកជង្គង់ទាត់បុរសម្នាក់ដែលឈរនៅចំពោះមុខនាងរួចរត់គេចខ្លួនចេញពីហាងមួយនេះហត់ស្ទើរស្លាប់ស្ទើររស់ នាងក្រលេកងាកក្រោយមិនឃើញពួកគេមកតាម ក៏បង្អង់ឈប់លើកដៃច្រត់ជង្គង់ សម្រួលដង្ហើមឱ្យធម្មតាវិញ
“ហេតុអីស៊យយ៉ាងនេះ? មកជួបប្រភេទមនុស្សដែលមិនគួរមានក្នុងលោក” ហេតុការណ៍មុននេះធ្វើឲ្យនាងមានអារម្មណ៍មិនសូវល្អទាំងព្រលឹម
“ស៊ូៗ! ដើម្បីកូន” ម៉ូនយ៉ុង ងើបឈរឱ្យត្រង់ខ្លួន លើកដៃក្តាប់ឡើងបង្ហាញភាពអំណត់ រសជាតិជីវិតតែងតែល្វីងបន្តិចបន្តួចជារឿងធម្មតាទេ។ នាងបន្តដើរទៅមុខទៀតហើយក៏ចូលដាក់ពាក្យធ្វើការគ្រប់កន្លែងប៉ុន្តែមិនទទួលបានការសម្ភាសន៍សោះឡើយ នាំឱ្យនាងត្រូវបន្តដើររកការងារនៅក្រុមហ៊ុនផ្សេងៗទៀត តែនៅតែមិនទទួលបានជោគជ័យ ទើបនាងត្រូវអង្គុយចុះលើកៅអីសាធារណៈទាំងអស់សង្ឃឹម វាល្ងាចណាស់ទៅហើយ នាងមិនទាន់បានញ៉ាំអាហារថ្ងៃត្រង់ទៀត នាំឱ្យនាងមិនសូវមានកម្លាំងកាយ តែកម្លាំងចិត្តនៅមានពេញទ្រូង។
ម៉ូនយ៉ុង ក្រោកឈរងើយសម្លឹងមើលវេហាដ៏ធំធេងមុននឹងបន្តដើរទៅមុខទៀត ក៏បានជួបក្មេងប្រុសម្នាក់ក៏ស្គាល់ច្បាស់ថាជាមិត្តរបស់ ជីម៉ូន ទើបចូលទៅនិយាយជាមួយ៖
“សួស្តី! ចាំមីងបានទេ?”
“អ្នកមីង..” ក្មេងប្រុសម្នាក់នោះងាកទៅញញឹមញញែមដាក់អ្នកមីង ព្រោះនៅចាំច្បាស់
“ចង់ឆ្លងផ្លូវមែនទេ? ចាំនាំឆ្លង” ម៉ូនយ៉ុង ឃើញក្មេងប្រុសឈរនៅម្ខាងផ្លូវទំនងជាចង់ឆ្លង ប៉ុន្តែមិនហ៊ានឆ្លងទើបនាងជួយដឹកដៃនាំឆ្លងផ្លូវ ហើយបន្តសួរ៖
“ម៉ាក់របស់ក្មួយនៅឯណា? ហេតុអីមកតែម្នាក់ឯង? ក្រែងនៅសេអ៊ូលអ្ហេស៎?”
“គឺខ្ញុំមករកលោកប៉ា” ក្មេងតូចកាន់ដៃអ្នកមីងដើរឆ្លងរហូតដល់ផុតផ្លូវហើយនៅតែកាន់ដៃនាងជាប់មិនចង់ព្រលែង
“ចុះលោកប៉ារបស់ក្មួយនៅឯណា?” ម៉ូនយ៉ុង សួរបន្ត ក្រែងលោនាងអាចជួយជូនគេទៅជួបលោកប៉ាបាន មើលទៅគេដូចជាវង្វេងផ្លូវហើយ
“គឺនៅក្រុមហ៊ុន.. ក្រុមហ៊ុនស្អីទេ ខ្ញុំចាំអត់បានទេ”
“អ៊ីចឹងក្មួយឈ្មោះអី? ត្រកូលអី?”
“ខ្ញុំឈ្មោះ លី ជុងស៊ុន”
“ត្រកូល លី ??? តើជានរណាដែលធ្វើការនៅក្រុមហ៊ុនក្បែរៗនេះ ឆែកក្នុងអ៊ិនធឺណិតសិន អ្ហើយ.. គ្មានទូរស័ព្ទទៀត” ម៉ូនយ៉ុង គិតមួយសន្ទុះដើម្បីរកដំណោះស្រាយជួយមិត្តភក្តិរបស់កូនប្រុស ប៉ុន្តែស្រាប់តែនឹកឃើញថាខ្លួនបានលក់ទូរស័ព្ទបាត់ទៅហើយ។
“លោក?! តើអាចឱ្យខ្ញុំខ្ចីទូរស័ព្ទបន្តិចបានទេ? ខ្ញុំចង់ប្រើដើម្បីស្វែងរកប៉ាឱ្យមិត្តរបស់កូនប្រុសខ្ញុំ” ម៉ូនយ៉ុង ស្រែកហៅមនុស្សម្នាក់ដែលដើរឆ្លងកាត់ផ្លូវនេះ ដើម្បីខ្ចីទូរស័ព្ទ ដោយឫកពាឱនលំទោនជាការគោរពដ៏មានសីលធម៌បំផុត
“អ្ហ៎នេះ! អ្នកនាងចង់ធ្វើយ៉ាងម៉េច?” បុរសម្នាក់នោះវ័យប្រហាក់នឹង២៧ឆ្នាំបែរក្រោយហុចទូរស័ព្ទឱ្យនាង ចាំមើលថានាងធ្វើអីបន្ត
“ជុងស៊ុន ប៉ារបស់ក្មួយឈ្មោះអី? មីងជួយឆែកមើលឈ្មោះបុគ្គលិកនៅម្តុំៗនេះឱ្យ បើឃើញហើយមីងនឹងនាំក្មួយទៅជួបគាត់” ម៉ូនយ៉ុង បន្ទន់ជង្គង់ចុះ និយាយជាមួយក្មេងប្រុសតូចដោយឫកពាយកចិត្តទុកដាក់យ៉ាងស្វិតស្វាញ។
“គាត់ឈ្មោះ លី ជុងស៊ុក នេះហើយជាលោកប៉ារបស់ខ្ញុំ” ជុងស៊ុន រត់ទៅឱបដៃលោកប៉ាទាំងញញឹម មុននេះគេប្រឹងហៅលោកប៉ា ប៉ុន្តែលោកប៉ាឱ្យស្ងាត់មាត់ ទើបគេធ្វើតាម ចាំមើលថាប៉ាគេធ្វើអីបន្ត។
“អូហ៍! គឺមីងមិនស្គាល់ប៉ារបស់ក្មួយ នេះលោក លី ទូរស័ព្ទរបស់លោក សងវិញ” ម៉ូនយ៉ុង ក្រោកឈរញឹមៗហុចទូរស័ព្ទឱ្យលោកប៉ាវ័យក្មេងវិញ។
“បាទអរគុណខ្លាំងណាស់ដែលយកទុកដាក់ជួយកូនប្រុសរបស់ខ្ញុំ អ្នកនាងពិតជាឆ្លាតណាស់ រីករាយដែលបានស្គាល់ ខ្ញុំ លី ជុងស៊ុក ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនទស្សនាវដ្តី ឡាញ៍ រីករាយដែលបានស្គាល់” ជុងស៊ុក លើកដៃឡើងដើម្បីឱ្យអ្នកម្ខាងទៀតចាប់ជាការស្វាគមន៍ពេលស្គាល់គ្នាដំបូង
“ចាសសួស្តីខ្ញុំ ផាក ម៉ូនយ៉ុង” ម៉ូនយ៉ុង មិនបានលើកដៃចាប់តបវិញទេ តែនាងឱនគំនាប់គោរពគេរួចក៏ងើបមុខមកវិញ គេក៏ដកដៃចេញទម្លាក់ចុះក្រោម ហើយក៏មិនបានប្រកាន់ខឹងនឹងនាងដែរ ដោយសារគេគិតថានាងជាស្រីមិនចង់ឱ្យមនុស្សប្រុសប៉ះដៃ។
“អ្នកនាង ម៉ូន ចង់ទៅណា?” ជុងស៊ុក សួរដោយសម្លឹងឃើញនាងកាន់ឯកសារជីវៈប្រវត្តិ ហើយមួយវិញទៀតនាងប្រាប់ថានាងម៉ាក់របស់កូនប្រុសនាងដែលត្រូវជាមិត្តភក្តិរបស់កូនប្រុសគេ ទើបគេអាចសន្និដ្ឋានបានថានាងទើបតែផ្លាស់មកពី សេអ៊ូល ហើយប្រាកដជារកការងារធ្វើមិនខានទេ។
“គឺខ្ញុំទើបតែផ្លាស់មកនៅទីនេះ ហើយក៏ចង់រកការងារធ្វើ”
“ទៅធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំតែម្តងទៅ” គេសម្លឹងឃើញនាង មានសម្ថភាពទើបបបួលនាងឱ្យទៅធ្វើការជាមួយ
“មិនកើតទេ ខ្ញុំចង់រកការងារធ្វើដោយសម្ថភាពខ្លួនឯង”
“ខ្ញុំសម្ភាស៍អ្នកនាងឥឡូវ ខ្ញុំសួរតែបីសំណួរទេ បើអ្នកនាងឆ្លើយសមទំនង អ្នកនាងនឹងជាប់ ខាងមុខនេះជាក្រុមហ៊ុនរបស់ខ្ញុំ អ្នកនាងចូលសិនទៅ”  ជុងស៊ុក ចង្អុលទៅកាន់ក្រុមហ៊ុនរបស់ខ្លួនមុននឹងនាំ ម៉ូនយ៉ុង ឱ្យទៅជាមួយកូនប្រុស
“ចាស” ម៉ូនយ៉ុង ដើរតាមក្រោយគេ សម្តៅទៅអគារក្រុមហ៊ុន ហើយក៏ចូលសម្ភាសន៍តែម្តង
“ហេតុអីអ្នកនាង ម៉ូន ឈប់ពីកន្លែងចាស់?” ជុងស៊ុក អានជីវៈប្រវត្តិរបស់នាងរួចទើបសួរ
“គឺមកពីខ្ញុំផ្លាស់ទីលំនៅ ទើបមិនអាចបន្តនៅទីនោះ” ម៉ូនយ៉ុង ឆ្លើយតាមការសមគួរ ចំណែក ជុងស៊ុក អានជីវៈប្រវត្តិរបស់នាងគួរឱ្យចាប់អារម្មណ៍ ទើបមិនចង់សួរច្រើន ទើបងើបមុខទៅមើលនាងមុននឹងនិយាយ៖
“ស្អែកអ្នកនាងអាចមកធ្វើការបាន”
“ជាប់ហើយអ្ហ៎?”
“បាទ ប៉ុន្តែលេខទូរស័ព្ទរបស់អ្នកនាង?”
“គឺខ្ញុំមិនទាន់បានទិញទូរស័ព្ទទេ ពេលទៅវិញ ខ្ញុំនឹងទិញ”
“នេះទូរស័ព្ទថ្មី អ្នកនាងយកប្រើទៅ”
“វាមិនសមទេ”
“យកទៅ ខ្ញុំទើបតែទិញព្រឹកមិញទេ ចាត់ទុកថាជាកាដូដែលជួយដល់កូនប្រុសរបស់ខ្ញុំ”
“ចាស៎អរគុណ ខ្ញុំទៅសិនហើយណា៎” ម៉ូនយ៉ុង ទទួលទូរស័ព្ទយកហើយក៏ដើរចេញពីក្រុមហ៊ុន តែអត់នឹងគិតច្រើនមិនបាន អាប៉ិមុននេះធ្វើឫកពាព្រាននារីដូចជាចង់ញ៉ែនាង ទាំងដែលមានប្រពន្ធមានកូនហើយហ្នឹង ឬមកពីប្រពន្ធគេចាស់ពេក? ព្រោះអីនាងជួបម៉ាក់របស់ ជុងស៊ុន នៅសេអ៊ូលគឺដូចជាចាស់ណាស់ ប្រហែលជាអាយុ៣០ជាងហើយ គិតទៅៗដូចជាមិនសមជាមួយប្រុសសង្ហាដូចជាគេសោះ តែហេតុអីក៏រៀបការជាមួយគ្នាបាន?
“ឈប់គិតៗ រឿងគេទេ!” ម៉ូនយ៉ុង បណ្តេញគំនិតអាក្រក់ៗចេញពីខួរក្បាល មុននឹងបន្តដើរទៅចូលទៅក្នុង ម៉ាត៍ ដើម្បីទិញបន្លែផ្លែឈើនិងសាច់សម្រាប់ចម្អិនអាហារឱ្យកូនប្រុសនៅល្ងាចនេះ។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now