ភរិយាក្រៅអេតាស៊ីវិល - ភាគ៣៩
ក្រុមហ៊ុន..
លិខិតលាឈប់ដាក់ថ្នមៗលើតុធ្វើការដែលរាងសង្ហាធ្លាប់អង្គុយធ្វើការរាល់ដង ម្រាមដៃស្រឡូនម្ខាងវាសទឹកភ្នែកចេញពីថ្ពាល់រលោង អារម្មណ៍ពេលនេះវាពិបាកធ្វើចិត្តបំផុត នាងត្រូវចាកចេញពីគេហើយ ថ្ងៃនេះជាថ្ងៃចុងក្រោយដែលនាងជាន់ក្រុមហ៊ុនមួយនេះ ក្នុងចិត្តសង្ឃឹមថានឹងបានជួបគេជាលើកចុងក្រោយ ប៉ុន្តែមិនឃើញវត្តមានរបស់គេ ធ្វើឱ្យនាងកាន់តែមានអារម្មណ៍ថាឈឺចាប់
“បងទៅណាបាត់ហើយ? ស្រីម្នាក់នោះបង្ខំបងឱ្យចេញពីអូនមែនទេ?” ម៉ូនយ៉ុង សម្ងំយំ សម្ងំសួរគេនៅក្នុងទ្រូងដ៏សែនឈឺចាប់ ពួកគេបំបែកនាងនិងគេមិនឱ្យនៅជាមួយគ្នា ទោះបីជាចិត្តស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ត្រូវឃ្លាតចេញពីគ្នា រស់នៅឆ្ងាយគ្នា មិនបានឃើញមុខគ្នា គ្រាន់តែស្រមៃទុកមុនក៏ឈឺចិត្តស្ទើរនឹងស្លាប់ទៅហើយ នាំតែត្រូវចេញពីគេទៀត នាងនឹងត្រូវធ្វើចិត្តបែបណា?
នាងបែរខ្លួនចេញពីតុធ្វើការដើរយឺតៗទៅកាន់ទ្វារទាំងចិត្តមិនចង់ដើរចេញ ព្រោះថាបើនាងដើរចេញគឺចេញរហូតហើយ ដៃស្រឡូនចាប់កាន់ទ្វាររុញបើកចេញ ទាំងទឹកភ្នែកស្រក់ហូរដូចបាក់ទំនប់
“អ្នកនាង ម៉ូន..” ម៉ាណូ បម្រុងនឹងដើរចូលការិយាល័យរបស់ប្រធានក្រុមហ៊ុនក៏ប្រទះនឹងស្រីតូចដែលដើរចេញមកទាំងទឹកភ្នែក គេក៏មិនអាចមិនហៅ ហើយក៏មានអារម្មណ៍ថាអាណិតព្រោះដឹងរឿងរ៉ាវច្បាស់
“លោកប្រធានទៅណាហើយ?” មុននឹងចាប់ផ្តើមសួរទៅអ្នកម្ខាងទៀត ម៉ូនយ៉ុង លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ឱ្យស្អាត សម្រួលអារម្មណ៍ឱ្យនឹងធឹង កុំឱ្យចេញសម្លេងក្ងួរ។
“គាត់ទៅអាមេរិកមើលគម្រោងសាខាទីពីរ” ម៉ាណូ មិនខ្លាចនឹងឆ្លើយការពិត យ៉ាងណានាងទៅហើយ មិនអាចទៅទាំងបារម្ភ ទៅទាំងមិនដឹងថា ជីមីន នៅទីណាឡើយ
“ជួយមើលថែគេឱ្យខ្ញុំផងណា៎.. កុំឱ្យគេញ៉ាំស្រាច្រើនពេក មិនល្អដល់សុខភាពទេ កុំឱ្យគេធ្វើការដល់យប់ជ្រៅពេក ឧស្សាហ៍តឿនគេឱ្យសម្រាកឱ្យបានច្រើនផងណា៎.. ព្រោះខ្ញុំមិនអាចនៅក្បែរគេទៀតទេ ខ្ញុំទៅហើយ ជួយប្រាប់ផងថាខ្ញុំនៅតែស្រឡាញ់គេ គ្មានអ្នកណាជំនួសបានឡើយ” ម៉ូនយ៉ុង ផ្តាំផ្ញើទៅអ្នកម្ខាងទៀតយ៉ាងវែងអន្លាយ ខណៈដែលទឹកសថ្លាៗជ្រាបព័ទ្ធជុំវិញប្រឡង់ភ្នែក បញ្ជាក់ភាពមិនចង់ចាកចេញ
“បាទ.. ជូនពរអ្នកនាងសំណាងល្អ ជួបមនុស្សល្អៗ” ម៉ាណូ យល់ព្រមសំណើទាំងមានអារម្មណ៍ថាឈឺជំនួសអ្នកម្ខាងទៀត
“អរគុណ.. ខ្ញុំទុកចិត្តលោក ទៅហើយណា៎” ម៉ូនយ៉ុង ញោចស្នាមញញឹមផ្អែមលេបលាក់ទឹកភ្នែក មុននឹងបោះជំហានដើរចេញពីទីនេះទាំងទឹកភ្នែក ទោះខំទប់មិនឱ្យហូរយ៉ាងណាក៏វានៅតែស្រក់ហូរ
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺