ជីអា ញោចស្នាមញញឹមមានទំនុកចិត្ត កាលបើឮក្មេងតូចហៅខ្លួនថា‘ម៉ាក់’ពេញៗម៉ាត់ គោលបំណងរបស់នាងទុកថាសម្រេចហើយ ចាប់ពីពេលនេះទៅ អ្វីដែលជារបស់ ម៉ូនយ៉ុង ត្រូវតែជារបស់នាង ហាសហា នាងចង់តែសើចឱ្យផ្អើលអាកាសទេ ប៉ុន្តែបានត្រឹមតែសើចនៅក្នុងចិត្ត ព្រោះពេលនេះ ជីមីន នៅទីនេះ ដូច្នេះនាងត្រូវតែសម្តែងចូលតួទេពអប្សរទៀតហើយ។
“ឃ្លានទេកូន?” នាងដាក់បង្គុយលើពូកក្បែរក្មេងតូច មុននឹងលើកចានបបរដួសដាក់ស្លាបព្រា ផ្លុំបន្តិចដើម្បីឱ្យត្រជាក់ងាយស្រួលបញ្ចុកក្មេង។
“អ្ហឹកក..ម៉ាក់..” ជីម៉ូន ស្រាប់តែងើយសម្លឹងមុខមនុស្សស្រីនៅចំពោះមុខទាំងហូរទឹកភ្នែករហាម ធ្វើឱ្យ ជីមីន មានការបារម្ភជាខ្លាំង ហេតុអីកូនយំបែបនេះ?
“កើតអីកូន?” ជីអា លើកចិញ្ចើមឆ្ងល់ កាលបើក្មេងតូចយំបែបនេះ នាងមិនស្រណុកក្នុងចិត្តបន្តិចឡើយ។
“ចង់ឱបម៉ាក់ ចង់នៅក្បែរម៉ាក់ ចង់មើលថែម៉ាក់ ស្រឡាញ់ម៉ាក់រហូតទៅ” ជីម៉ូន លោខ្លួនឱបក្រសោបផ្អែកក្បាលលើទ្រូងអ្នកដទៃ ខណៈដែលនិយាយពាក្យកក់ក្តៅ ព្រោះនឹកគិតថាជាម៉ាក់បង្កើតរបស់ខ្លួន។ ជីអា ដាក់ចានបបរទៅម្ខាង ទាំងដែលមានអារម្មណ៍ថាចម្លែកចិត្តនិងរំភើបយ៉ាងខ្លាំង កាលបើក្មេងតូចនិយាយពាក្យដ៏ផ្អែលល្ហែមមួយនេះមកកាន់នាង ធ្វើឱ្យនាងកាន់តែមានអារម្មណ៍ស្រឡាញ់និងចូលចិត្តក្មេងម្នាក់នេះ ហើយកុហកខ្លួនឯងថាក្មេងម្នាក់នេះជាកូនបង្កើតដែលកើតចេញពីផ្ទៃរបស់នាង មិនមែនជាអ្នកដទៃ តទៅ ជីម៉ូន ជាកូនរបស់នាង គ្មានអ្នកណាបំបែកចេញទៅបានឡើយ។ គិតចេញបែបនេះ កុហកខ្លួនឯងបែបនេះ នាងសរសៃប្រសាទមែនទេ?
“ម៉ាក់ក៏ស្រឡាញ់កូនដែរ” ជីអា ផ្តល់ពាក្យផ្អែមល្ហែម រួចឱនថើបសក់ខ្មៅទន់រលោងរបស់កូនប្រុសមួយខ្សឺតយ៉ាងកក់ក្តៅបំផុត។
“កុំទៅចោលកូនណា៎កូនចង់គេងលើទ្រូងម៉ាក់” ជីម៉ូន ស្រដីឡើងតិចៗ ខណៈដែលព្យាយាមបិទភ្នែកគេងក្នុងទ្រូងអ្នកជាម្តាយ ដៃស្រឡូរបស់ម្តាយលូកទៅអង្អែលខ្នងកូនប្រុសជាការលួងលោមឱ្យឆាប់គេងលក់ មិនយូរប៉ុន្មានកូនក៏គេងលក់ក្នុងរង្វង់ដៃរបស់នាង ចង់សម្ងំឱបនិងសោយសុខជាមួយក្តីសុខក្លែងក្លាយនេះយ៉ាងយូរ ទើបទម្លាក់កូនប្រុសឱ្យគេងលើពូកថ្នមៗ រួចទាញភួយដណ្តប់ឱ្យយ៉ាងត្រឹមត្រូវ ហើយងាកទៅសម្លឹងមើលគ្រប់គ្នាដែលសម្លឹងមកនាងយ៉ាងយូរ មិនព្រមនិយាយ។
“ខ្ញុំមានរឿងចង់និយាយជាមួយអ្នកនាង” ជីមីន សម្លឹងមើលមុខនាងបន្តិច មុននឹងងើបចេញពីទីនេះ ដើម្បីនាំនាងទៅនិយាយកន្លែងផ្សេងជាលក្ខណៈឯកជន។ ជីអា មិនតបអ្វីប្រញាប់ប្រញាល់ដើរទៅតាមក្រោយខ្នងរាងសង្ហា រហូតដល់សួនច្បារនៅខាងមុខផ្ទះ ឃើញគេដាក់បង្គុយចុះលើកៅអី នាងក៏ឈប់ឈរនិយាយ៖
“លោកមានការអីមែនទេ?”
“ហេតុអីនាងមកដល់ទីនេះហើយនិយាយថានាងជាម៉ាក់របស់កូនខ្ញុំ?” ជីមីន ប្រើទឹកមុខមាំសម្លឹងមើលនារីក្បែរខ្លួន ធ្វើឱ្យនាងមិនសូវស្រួលក្នុងចិត្តបន្តិចសោះ ហេតុអីសម្លឹងមកនាងក្នុងក្រសែភ្នែកបែបហ្នឹង?
“គឺ..ប៉ារបស់លោកប្រាប់ថាកូនប្រុសរបស់លោកគ្រោះថ្នាក់ចរាចរណ៍បាត់ការចងចាំទើបប្រាប់ឱ្យខ្ញុំមកទីនេះ និងសំណូមពរឱ្យខ្ញុំព្រមទទួល ជីម៉ូន ជាកូន ព្រោះថាពេលនេះ ម៉ូនយ៉ុង..អឺ.. លោកក៏ដឹងហើយ” ជីអា បកស្រាយគ្រប់យ៉ាង សម្តែងទឹកមុខមិនដឹងខ្យល់អី ដើម្បីឱ្យរាងសង្ហាយល់ថានាងមានបេះដូងបរិសុទ្ធ ព្រមទទួលកូនប្រុសរបស់គេ ដោយគ្មានលក្ខខណ្ឌ ហើយបន្ថែមសម្តី៖
“ហើយមួយវិញទៀតនៅតែមួយសប្តាហ៍ទៀតពួកយើងក៏រៀបការហើយ កូនប្រុសរបស់លោកក៏ដូចជារបស់ខ្ញុំ ខ្ញុំស្រឡាញ់ក្មេងណាស់ លោកកុំបារម្ភអី” កាលបើឮ ជីអា ស្រដីឡើងដូច្នេះ ធ្វើឱ្យ ជីមីន មានអារម្មណ៍ថាទុកចិត្តបន្តិច ព្រោះកាលពីមុនពេលដែល ជីម៉ូន លុបការចងចាំ លោកប៉ាបានអះអាងថា គ្រាន់តែចង់ឱ្យចៅរស់នៅទ្រនំខ្ពស់ មានប៉ា មានម៉ាក់ហៅ មានគ្រួសារដ៏កក់ក្តៅប៉ុណ្ណោះ ហើយគាត់មិនត្រូវការឱ្យចៅគាត់ចងចាំ ស្ត្រីពិការ គ្មានពូជពង្សវង្សត្រកូលដូចជា ផាក ម៉ូនយ៉ុង ឡើយ ព្រោះថាបើចាំ ចៅនឹងមិនទទួលបានក្តីសុខពិតប្រាកដឡើយ លើសពីនោះទៅទៀតគាត់បានអះអាងថានឹងជួយព្យាបាលជំងឺ ផ្តល់កន្លែងស្នាក់នៅ និងអ្វីដែលចាំបាច់សម្រាប់ ម៉ូនយ៉ុង គាត់គ្រាន់តែសុំឱ្យគេរៀបការជាមួយ ជីអា ប៉ុណ្ណោះ ម្ល៉ោះហើយទើបនាយព្រមស្របតាមគំនិតគាត់គ្រប់យ៉ាង ព្រោះថាទោះប្រកែកក៏មិនបានផល ដោយហេតុថាលក្ខខណ្ឌដែលគាត់ដាក់ឱ្យក៏ល្មមឱ្យគេស្ងប់ចិត្តខ្លះ តែមិនទាំងស្រុងទេ។
“អរគុណហើយណា៎.. បែបនេះខ្ញុំកក់ក្តៅក្នុងចិត្តខ្លះហើយ” ជីមីន តបសម្តី ទាំងញោចស្នាមញញឹមខ្សោះចេញពីទ្រូង ខណៈដែលក្នុងចិត្តមានអារម្មណ៍ថាខុសពេញទំហឹង ពាក្យសន្យាដែលថា‘ក្រៅពីអូន បងមិនយកប្រពន្ធ’ ក្លាយជាសម្តីគ្មានន័យ និយាយឱ្យតែផុតពីមាត់ ដោយហេតុថាគេកំពុងតែជិតរៀបការជាមួយអ្នកផ្សេង។
“មិនអីទេ! ទុកខ្ញុំជាមិត្តទៅណា៎.. កុំក្រែងចិត្តអី” ជីអា ដើរទៅក្បែររាងសង្ហា មុននឹងដាក់ម្រាមដៃស្រឡូនស្រឡៅអង្អែលលើស្មារបស់គេស្រាលៗ ជាការលួងលោមដ៏ប្រសើរ។
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
AcciónPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺