ភាគ៣៦+៣៧(មារផ្ចាញ់)

630 24 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៣៦+៣៧

មេឃចាប់ផ្តើមងងឹតពន្លឺភ្លើងពណ៌នាវេលារាត្រីកាលក៏បើកឡើង បំភ្លឺ តាមដងផ្លូវ ភ្លើងស្តុប តាមហាងទំនិញ និង ផ្ទះនៅក្នុងសង្កាត់នៅម្តុំនេះ
“អត់ទោស! មានធ្លាប់ឃើញកូនប្រុសខ្ញុំទេ?” ម៉ូនយ៉ុង កាន់រូបថតកូនប្រុសដើរលើដងផ្លូវសួរមនុស្សម្នាដែលដើរកាត់ក្បែរសាលារៀនដែលកូនប្រុសបាត់ទៅ
“មិនជួបទេ” នាងសួរមនុស្សជាច្រើននាក់ រួមទាំងគ្រូបន្ទុកថ្នាក់ និង អ្នកលក់ដូរនៅក្បែរៗនេះ ប៉ុន្តែមិនមាននរណាម្នាក់ចាប់អារម្មណ៍ថាកូនប្រុសរបស់នាងត្រូវចាប់ទៅសោះ
“អធ្យាស្រ័យសុំសួរបន្តិច តើមានធ្លាប់ឃើញក្មេងក្នុងរូបនេះទេ?” ម៉ូនយ៉ុង ព្យាយាមសួរមនុស្សដែលដើរកាត់ទីនេះសឹងតែទាំងអស់ ពីម្នាក់ទៅម្នាក់គ្មានអ្នកណាដឹងហើយ ហើយនាងក៏រត់យករូបថតកូនប្រុសទៅសួរស្ត្រីម្នាក់និងកូនប្រុសដែលកំពុងដើរចេញពីហាងទំនិញ
“ក្មេងម្នាក់នេះដូចជាប្រហែលមុខ” ស្ត្រីវ័យប្រហែល៣០ឆ្នាំយករូបថតមកមើលក៏សញ្ជឹងគិត នាំឱ្យកូនប្រុសរបស់គាត់រហ័សទាញរូបថតយកមកពិនិត្យមើល
“ពួកយើងរៀនជាមួយគ្នា គេជាមិត្តរបស់ខ្ញុំ កាលពីល្ងាចមិញខ្ញុំនិងគេឈរនៅមុខសាលាចាំមនុស្សមកទទួល ប៉ុន្តែអ្នកម៉ាក់របស់ខ្ញុំមកយកទើបខ្ញុំឡើងឡានទៅផ្ទះមុនគេ សុំទោសផងអ្នកមីងដែលខ្ញុំមិនដឹងថាមិត្តនៅឯណា ប៉ុន្តែ ជី ជាក្មេងល្អ ព្រះនឹងតាមថែរក្សា អ្នកមីងកុំបារម្ភអីណា៎..” ក្មេងតូចរៀបរាប់សាច់រឿងនិងនិយាយយ៉ាងវែងអន្លាយ ហើយឆ្លៀតចាប់ដៃអ្នកមីងជាការលើកទឹកចិត្តទៀតផង ធ្វើឱ្យ ម៉ូនយ៉ុង រំភើបចិត្តសឹងតែនឹងហូរទឹកភ្នែក
“អរគុណហើយ.. កូនប្រុសរបស់មីងសំណាងណាស់ដែលមានមិត្តល្អបែបនេះ” ម៉ូនយ៉ុង បញ្ជច់ជង្គង់ចុះ លើកដៃអង្អែលសក់ក្មេងប្រុសស្រាលៗ ទាំងមានកម្លាំងនឹងបន្តតាមរកកូនប្រុស
“បាទជូនពរអ្នកមីងឆាប់រក ជី ឃើញ បើ ជី បាត់ដូចជាខ្ញុំបាត់មិត្តដ៏ល្អម្នាក់”
“អ្ហឹម.. មីងសន្យា មិនឱ្យ ជី កើតអីទេ”
“បាទ.. អ្នកមីងបន្តដើររកទៀតចុះ បើខ្ញុំឃើញ ជី ខ្ញុំនឹងប្រាប់”
“អ្ហឹម..អរគុណ មីងទៅហើយ” ម៉ូនយ៉ុង ក្រោកឈរឱ្យត្រង់ខ្លួនទាំងញញឹមដាក់ស្ត្រីជាម្តាយរបស់ក្មេងប្រុស រួចបន្តដើរទៅសួរកូនប្រុសនៅក្បែរៗនេះទៀត
“ម៉ោង៩យប់ហើយ” ម៉ូនយ៉ុង លើកដៃបង្ហាញនាឡិកាកាលបើយូរៗទៅកាន់តែស្ងាត់មនុស្សម្នាដើរកាត់ នាងដើរយឺតៗនៅលើផ្លូវតម្រង់ទៅឡានដើម្បីទៅជួប សៀនហឺ ដែលបានជួយតាមរកកូនប្រុសរបស់នាងដូចគ្នា
“មានដំណឹងទេហ៊ា?” ម៉ូនយ៉ុង សួរឡើងខណៈដែលដើរបញ្ច្រាសទើសគ្នា យូរៗទៅខិតកាន់តែជិតរហូតដល់ឈរទល់មុខគ្នា
“អត់ទេ” ក្រោយពីឮសម្តីពីរម៉ាត់នេះរួច ទឹកមុខរបស់នាងតូចក៏ស្រពាប់ស្រពោនដូចកុលាបក្រៀមស្វីត នាងឱនមុខចុះលូកដៃបើកកាបូបស្ពាយទាញយកទូរស័ព្ទ ខណៈដែលក្នុងចិត្តគិតច្រើន៖
(គួរតែប្រាប់ថាកូនបាត់ឬអត់? ចុះបើពេលនេះគេទៅចាំខ្ញុំនៅក្រោមស្ពាន? គេមិនអន់ចិត្តស្លាប់ទៅហើយទេអ្ហេស៎)
ទីបំផុតក៏ចុចតេរទៅ ជីមីន ប៉ុន្តែស្រាប់តែតេរមិនចូល ទោះព្យាយាមយ៉ាងណាក៏ទាក់ទងមិនបាន
(ឬក៏បិទទូរស័ព្ទមិនឱ្យមានអ្នកទាក់ទងចូល? លះបង់គ្រប់យ៉ាងដើម្បីរត់ទៅនៅជាមួយខ្ញុំ ទោះមិនបានទៅ ធ្វើឱ្យបេះដូងខ្ញុំរីកមាឌពេកហើយ) ម៉ូនយ៉ុង ឈរញោចស្នាមញញឹមលាយភាពឈឺចាប់ រួចងាកមុខទៅសម្លឹងមុខហ៊ាសំណព្វ
“ហ៊ាទៅផ្ទះវិញចុះ ខ្ញុំមានការ”
“ដឹងថាក្មួយនៅឯណាហើយឬ?”
“ចាស៎.. ហ៊ាទៅៗ” ម៉ូនយ៉ុង ដេញអ្នកម្ខាងទៀតចេញ ទាំងដែលគេប្រើក្រសែភ្នែកមិនទុកចិត្តសម្លឹងមកកាន់នាង
“តែហ៊ាត្រូវតែទៅជាមួយ ម៉ូន ដើម្បីទៅឃើញឱ្យប្រាកដថាក្មួយមិនកើតអី”
“មិនអីទេហ៊ាអរគុណខ្លាំងណាស់ ខ្ញុំមាន ជីមីន ហើយ កូនកំពុងនៅទីនោះ” ម៉ូនយ៉ុង ជ្រើសរើសការកុហក ព្រោះមិនចង់ជំពាក់បងប្រុសម្នាក់នេះឱ្យច្រើនជាងនេះ គាត់មានការងារមានប្រយោជន៍ត្រូវធ្វើច្រើនណាស់ មិនគួរខ្ជះខ្ជាយមកមើលម៉ាក់កូននាងទេ ហើយមួយវិញទៀត នាងអាងមាន ជីមីន ជាជំនួយ ព្រោះនាងនឹងទៅជួបគេក្រោមស្ពានពេលនេះ ហើយនឹងប្រាប់ឱ្យគេតាមជួយរកកូនប្រុសជាមួយគ្នា
“តាមចិត្តឯង” សៀនហឺ ក៏មិនបង្ខំ កាលបើនាងចង់នៅជាមួយមនុស្សដែលនាងស្រឡាញ់និងកូន ដោយគ្មានវត្តមានរបស់គេ គេរីករាយជានិច្ចឲ្យតែនាងសប្បាយចិត្ត ទើបទៅឡានចាប់បើកទ្វារបើកចេញទៅទាំងចិត្តស្រណោះ
ម៉ូនយ៉ុង សម្លឹងមើលឡានអ្នកម្ខាងទៀតបើកចេញទៅ រួចដើរទៅបក់ដៃហៅឡានតាក់ស៊ី មុននឹងឡើងជិះដោយមិនភ្លេចប្រាប់ថាត្រូវទៅកន្លែងណា មិនយូរប៉ុន្មានក៏ដល់ទីតាំងដែលកំណត់ នាងចុះពីលើឡានដោយមិនភ្លេចឱ្យលុយថ្លៃតាក់ស៊ី។
ម៉ូនយ៉ុង ប្រញាប់ប្រញាល់រត់ទៅក្រោមស្ពាននៅក្បែរទន្លេ ហាន ស្វាសស្វែងរកអ្នកសង្ហា នាងឈរស្ងៀមក្រលេកជុំវិញខ្លួន ប៉ុន្តែមិនឃើញមនុស្សដែលណាត់នាងមកសោះ
(បងកើតអីមែនទេ? កូនពួកយើងបាត់ហើយ បងកុំបាត់ម្នាក់ទៀតណា៎) ម៉ូនយ៉ុង បារម្ភក្នុងចិត្តខណៈដែលឈរម្នាក់ឯងក្បែរមាត់ទន្លេដែលមានខ្យល់ត្រជាក់បក់រវិចៗត្រជាក់ដល់ឆ្អឹងខ្នង
“តេរក៏មិនចូល បងកើតអី?! អ្នកណាធ្វើអីបង? អ្ហឹកៗ..” នាងអង្គុយចោងហោងនៅមាត់ទន្លេសម្លឹងមើលដីសើម ក្តាប់ទូរស័ព្ទជាប់ ខណៈដែលស្រក់ទឹកភ្នែកតក់ៗ ពេលដែលនាងមានបញ្ហា ហេតុអីគេមិននៅបែបនេះ? គេកើតអីមែនទេ? នាងបារម្ភពីកូននិងគេស្ទើរតែប្រះទ្រូងជាពីរទៅហើយ
“អ្ហឹក...” ម៉ូនយ៉ុង មិនដឹងថាធ្វើអ្វីបន្ត ទើបអង្គុយស្ងៀម ព្យាយាមងើយកឃាត់ទឹកភ្នែកកុំឱ្យបន្តស្រក់ចុះ តែវានៅតែហូរមិនចេះរីកស្ងួត
(បងនៅទីណា មីន?) នាងដង្ហោយរកគេក្នុងទ្រូង ពេលនេះនាងពិតជាត្រូវការគេខ្លាំងណាស់ តែសូម្បីតែស្រមោលរបស់គេនាងមិនឃើញផង

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now