ភាគ៣៤+៣៥(ពួកគេបំផ្លាញបំណង)

754 27 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៣៤+៣៥

នាងតូចឈរស្ងៀមៗ ខាំមាត់សម្ងំបង្ហូរទឹកភ្នែកដោយមិនឱ្យឮសម្លេងយំសូម្បីបន្តិច ធ្វើឱ្យរាងសង្ហាបញ្ឈប់សកម្មភាពព្រលែងនាងចេញពីទ្រូង ម៉ូនយ៉ុង ហាក់ទន់ខ្លួនទើបត្រូវដួលទៅលើឥដ្ឋ ព្រូស..  មួយជំហរខ្លួន
“អ្ហាយយ...” រំពេចនោះភ្លើងស្រាប់តែដាច់ ជណ្តើរយន្តស្រាប់តែជាប់គាំង ធ្វើឱ្យ ម៉ូនយ៉ុង ស្រែកឡើងដោយភាពភ័យខ្លាចខណៈដែលលើកដៃខ្ទប់ត្រចៀកបន្តិច ទើបបញ្ឈរជង្គង់ឡើងឱបក្រសោបជាប់ទ្រូងទាំងញ័រទទ្រើតដូចកូនមាន់លង់ទឹក
“ម៉ូន... កុំខ្លាច..កុំខ្លាចអី..បងសុំទោស” ជីមីន ដឹងថានាងខ្លាចងងឹតទើបប្រញាប់ប្រញាល់លត់ជង្គង់ចុះចាប់ទាញកាយរបស់នាងយកមកឱបក្រសោបជាប់ទ្រូង
“ហ..អ្ហឹក...” ម៉ូនយ៉ុង ដកដង្ហើមញាប់ទៅៗ ខណៈដែលទ្រហ៊ោយំមិនខ្វល់ពីអ្វីដែលនៅជុំវិញខ្លួន
“គ្មានរឿងអីទេណា៎..បងនៅក្បែរអូន” ប្រអប់ដៃមាំលើកឡើងអង្អែលខ្នងរបស់នាងតូចស្រាលៗ ដើម្បីរំលែកភាពភ័យខ្លាចចេញពីនាង ហើយក៏លូកដៃម្ខាងទៀតយកទូរស័ព្ទចុចតេរទៅជំនិត៖
“ទៅហៅអ្នកជំនាញឱ្យមើលជណ្តើរយន្តនៅអគារCEOបន្តិច”
(អូហ៍! មានបញ្ហាឬចៅហ្វាយ? មិនអីទេ ចាំបន្តិច)
“ឱ្យលឿនមក!!”
ម៉ូនយ៉ុង បិទភ្នែកសម្ងំរម្ងាប់អារម្មណ៍ភ័យខ្លាចក្នុងទ្រូងអ្នកសង្ហាទាំងបែកញើសជោកជើងសក់ទាំងព្រឹក អាចនិយាយបានថាវាតានតឹងយ៉ាងខ្លាំងសម្រាប់នាង កាលបើជណ្តើរបិទហប់ជិតខ្វះអុកស៊ីសែនទៀត កាន់តែធ្វើឱ្យនាងពិបាកដកដង្ហើមលើសមុន ទើប ជីមីន ខិតខ្លួនឆ្ងាយពីនាងបន្តិច មុននឹងលើកដៃបក់ហៅខ្យល់ឱ្យនាងរហើយខ្លួននិងដកដង្ហើមបានស្រួល
មិនប៉ុន្មាននាទីភ្លើងក៏ភ្លឺត្រឡប់មកវិញ ជណ្តើរយន្តដំណើរការជាធម្មតាវិញ ម៉ូនយ៉ុង បើកភ្នែកងើយសម្លឹងមុខអ្នកសង្ហាបន្តិចមុននឹងក្រោកឈរ ខណៈដែលគេក្រោកឈរដូចគ្នា
ដៃស្រឡូនលូកទៅចុចលេខជណ្តើរយន្តដើម្បីឱ្យឆាប់បើកចេញ ប៉ុន្តែអ្នកសង្ហាស្រាប់តែទាញកាយរបស់នាងឱបក្រសោបជាប់ ដូចខ្លាចបាត់នាងចេញទៅណា
“ដឹងអត់ថាមិញបងបារម្ភប៉ុណ្ណា? អូនមិនកើតអីល្អហើយ” ជីមីន ឱបនាង លើកដៃអង្អែលសក់ក្បាលទន់រលោងថ្នម នាងនៅឈរស្ងៀម មិនលើកដៃឱបតប មិនបាននិយាយប្រយោគអ្វី ព្រោះខួរក្បាលកំពុងតែគិត គេនិងនាងស្រឡាញ់គ្នាសឹងអី តែមិនអាចនៅជាមួយគ្នាបាន តទៅសម្រាប់ពួកគេមានតែភាពឈឺចាប់រៀងខ្លួនប៉ុណ្ណោះ បើបញ្ចប់ទំនាក់ទំនងពេលនេះភាពឈឺចាប់អាចនឹងរយៈពេលខ្លី យូរទៅគង់នឹងភ្លេចគ្នាបាន
“..វិនាទីនេះជាលើកចុងក្រោយនៃទំនាក់ទំនងពួកយើង ឱ្យចប់ត្រឹមហ្នឹងចុះ” ខណៈដែលជណ្តើរយន្តបើក ម៉ូនយ៉ុង ពោលមួយប្រយោគដ៏ប្រហារបេះដូង រួចរុញកាយមាំចេញពីការឱបមុននឹងរត់ចេញពីជណ្តើរយន្ត ទាំងលើកដៃខ្ទប់មាត់យំ
“វាមិនចប់ដោយងាយទេ ម៉ូន..” ជីមីន រត់ទៅតាមក្រោយដំណើរស្រីតូច រហូតដល់ទាន់ចាប់ទាញកាយនាងរុញផ្ទប់នឹងកន្លៀតជញ្ជាំងលាក់បាំងពីភ្នែកបុគ្គលិកគ្រប់គ្នានៅក្រុមហ៊ុន
“បើបន្តវាដូចជាបន្ថែមភាពឈឺចាប់ ក្រែងដឹងច្បាស់ហើយតើអ្ហី? ម៉ាក់របស់លោកមិនពេញចិត្តខ្ញុំ ខ្ញុំមិនអាចក្លាយជាប្រពន្ធរបស់លោកស្របច្បាប់ លោកត្រូវតែរៀបការជាមួយអ្នកផ្សេង ត្រឹមភ្ជាប់ពាក្យប៉ុណ្ណឹងមិនច្បាស់ទៀតឬ?” ម៉ូនយ៉ុង បន្តរៀបរាប់សម្លឹងមុខគេទាំងទឹកភ្នែកជោកថ្ពាល់ នាងឈឺជាងដើរលើរងើកភ្លើងដ៏ក្រហមរងាលទៅទៀត កាលបើគិតដល់ពេលគេរៀបការ នាងនឹងក្លាយជាស្រីលួចលាក់របស់គេ សង្គមច្បាស់ជាស្អប់ខ្ពើមនាង លើកតម្កើងប្រពន្ធស្របច្បាប់ ទាំងដែលនាងជាអ្នកមកមុន ជាអ្នកគួរតែរៀបការជាមួយគេ នាងមិនខុសអ្វីបន្តិចសោះ តែអ្នកក្លាយជាអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃ កូនប្រុសរបស់នាងក៏ទទួលបានសម្ពាធផ្លូវចិត្តព្រោះតែរឿងនេះដូចគ្នា
“រត់តាមគ្នាទៅ.. ទៅកន្លែងដែលគ្មានអ្នកណាស្គាល់បីនាក់ប៉ាម៉ាក់កូនពួកយើង” គំនិតធ្លាប់លេចក្នុងខួរក្បាលរបស់គេ តែគេមិនដែលនិយាយ កាលបើដល់ដំណាក់កាលទ័លច្រកមែនទែន គេនិយាយហើយប្រព្រឹត្តវាមែនទែន
“ជីមីន..” ម៉ូនយ៉ុង លេបទឹកមាត់ផ្សើមបំពង់ក ប្រើក្រសែភ្នែកកម្សត់ងើយសម្លឹងមើលគេ ទាំងមានអារម្មណ៍ថារំភើបលាយភាពឈឺចាប់ វាកាន់តែធ្វើឱ្យនាងពិបាកសម្រេចចិត្ត
“បើរស់ត្រូវរស់នៅក្បែរគ្នា បើស្លាប់ត្រូវស្លាប់ជាមួយគ្នា អូនជាកម្មសិទ្ធិរបស់បង អូនមិនអាចដើរចេញពីបង បងជារបស់អូន ពួកយើងមិនអាចបែកគ្នាជារៀងរហូត” ប្រអប់ដៃមាំស៊កថ្ពាក់ដៃជាមួយម្រាមដៃស្រឡូនយ៉ាងណែន លើកឡើងឱ្យប៉ះថ្ពាល់ដែលមានទឹកភ្នែករបស់នាងតូច បញ្ជាក់ថាឈឺចាប់យ៉ាងណាក៏មិនអាចបែកគ្នា
“ខ្ញុំនឹងតស៊ូ អ្ហឹកក... តែខ្ញុំបារម្ភពីកូនរបស់ពួកយើង បើមានតែយើងពីរនាក់មិនអីទេ តែកូនប៉ះពាល់អារម្មណ៍ រងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅច្រើនពេកហើយ” ម៉ូនយ៉ុង យំរៀបរាប់ទាំងអួលណែនឈឺពេញទ្រូង នាងឈឺអាចទ្រាំបាន តែបើឃើញកូនឈឺនឹងភ្នែកនាងទ្រាំមិនបានទេ
“ដូចបងថា ពួកយើងរត់ទៅជាមួយគ្នាទៅ បើអូនព្រម យប់នេះ នៅក្រោមស្ពាននៅទន្លេហាន បងរង់ចាំអូននៅទីនោះ” ជីមីន ប្រើទឹកមុខប្រាកដប្រជានិយាយជាមួយនាង គេសម្រេចចិត្តច្បាស់ហើយ មានតែវិធីនេះទេ ទើបពួកគេបីនាក់ប៉ាម៉ាក់កូនអាចនៅជាមួយគ្នាដោយសប្បាយរីករាយ
“ធ្វើមែនឬ?..” ម៉ូនយ៉ុង សឹងតែមិនជឿនឹងភាពប្រាកដប្រជារបស់គេ ហេតុអីគេស្មោះនាងយ៉ាងនេះ?
“បងមិនបានលេងសើច ពេលនេះធ្វើដូចធម្មតាទៅ កុំឱ្យមានការសង្ស័យ យប់នេះជួបគ្នា” បញ្ចប់ប្រយោគនេះរួច ជីមីន ក្រលេកឆ្វេងស្តាំ កាលបើមិនឃើញមនុស្ស នាយដើរចេញលបៗលាក់លៀមទៅកាន់ការិយាល័យធ្វើការរបស់ខ្លួន
“ទោះអាត្មានិយមបន្តិចតែមិនអីទេ” ម៉ូនយ៉ុង សម្រួលអារម្មណ៍លើកដៃជូតទឹកភ្នែកចេញ ទាញអាវសំពត់ឱ្យរៀបរយ ដកដង្ហើមធំឱ្យធូរទ្រូងបន្តិច មុននឹងដើរចេញទៅការិយាល័យធ្វើការដោយឫកពាធម្មតាដូចគ្មានរឿងអ្វីកើតឡើង

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now