ភាគ២៧(បកស្រាយ)

718 29 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ២៧

ម៉ូនយ៉ុង កាន់តែមានអារម្មណ៍ថាខុសចំពោះកូនជាខ្លាំង កូនគេដទៃសុទ្ធតែមានប៉ាហៅ តែកូនប្រុសរបស់នាងគ្មានទេ នាងធ្លាប់ឆ្លងកាត់រឿងនេះនាងយល់ច្បាស់ណាស់ កាលពីក្មេងនាងច្រណែនក្មេងដទៃដែលមានប៉ាម៉ាក់ ហៅ មើលថែ យកចិត្តទុកដាក់និងផ្តល់ក្តីស្រឡាញ់ឱ្យ នាងបានត្រឹមតែឈរមើលគ្រួសារអ្នកទៃម៉ក់ៗប៉ុណ្ណោះ គិតដល់រឿងកាលពីក្មេងធ្វើឲ្យនាងឆួលចុងច្រមុះទើបទាញកូនមកឱបជាប់ទ្រូងយ៉ាងណែន
“ម៉ាក់សុំទោស” ម៉ូនយ៉ុង ខាំមាត់ទប់ទឹកភ្នែកកុំឱ្យស្រក់ ខណៈដែលដៃស្រឡូនឱបក្រសោបកូនប្រុសជាប់។ ជីម៉ូន រើខ្លួនចេញបន្តិច មុននឹងងើយសម្លឹងមុខម្តាយដោយក្រសែភ្នែកមិនដឹងខ្យល់
“ម៉ាក់យំមែនទេ? កូនមិនបានចង់សួររកប៉ាទេ កូនចង់ដឹងម៉ាក់ស្រឡាញ់ប៉ាឬអត់? ថ្ងៃក្រោយឈប់សួរហើយ កូនស្រឡាញ់ម៉ាក់ មានម៉ាក់តែម្នាក់កូនក៏មានក្តីសុខណាស់ហើយ មិនត្រូវការប៉ាទេ” ជីម៉ូន រៀបរាប់លោមចិត្តអ្នកម៉ាក់យ៉ាងវែងអន្លាយ វារឹតតែធ្វើឱ្យអ្នកម៉ាក់រំជួលចិត្តចង់យំលើសដើម កូនកំពុងតែនិយាយលួងខ្លួនឯងឬកំពុងតែនិយាយលួងនាង? នាងមានអារម្មណ៍ថាកូនកំពុងនិយាយខ្លួនឯងច្រើនជាង ក្មេងឯណាមិនត្រូវការប៉ានោះ?
“កូនប្រុសរបស់ម៉ាក់ សឺត” ម៉ូនយ៉ុង ក្រសោបកូនប្រុសឱនថែថើបសក់របស់គេយ៉ាងយូរ ដាច់ខាតនាងមិនធ្វើខ្លួនទន់ជ្រាយចំពោះមុខកូនឡើយ
“កូនមិនអីទេ ចង់ផាត់ពណ៌បន្ត”
“អ្ហឹម..” ម៉ូនយ៉ុង ព្រលែងកូនចេញពីរង្វង់ដៃ កាលបើកូនទាមទារចង់ផាត់ពណ៌បន្ត
ប្រហែលជាមួយម៉ោងកន្លងទៅ ជីម៉ូន ផាត់ពណ៌គ្រប់រូបគំនូរអស់ក៏មានអារម្មណ៍ថាឃ្លានទើបលើកដៃអង្អែលពោះមុននឹងនិយាយប្រាប់ម៉ាក់៖
“កូនចង់ញ៉ាំការ៉េមនៅក្រៅ”
“ចាំម៉ាក់ជូនទៅ”
“កូនទៅជាមួយមីងស៊ូ.. ម៉ាក់រៀបចំទុកដាក់ឱ្យកូនផង” ជីម៉ូន ក្រោកចេញពីតុរៀនយ៉ាងរហ័ស មុននឹងបើកទ្វារទៅរក ស៊ូមី ដែលនៅក្នុងបន្ទប់មួយផ្សេងទៀត
“មីងស៊ូ.. ជី..ចង់ទៅក្រៅញ៉ាំការ៉េម” ចូលដល់ ជីម៉ូន រហ័សនិយាយតែម្តង ព្រោះចង់ញ៉ាំយកតែមែនទែនហើយ
“អ៊ីចឹងអ្ហ៎?មីងរួចការងារល្មម” ស៊ូមី បិទកំព្យូទ័រមុននឹងក្រោកឈរពេញកម្ពស់រួចក៏ដើរទៅចាប់លើកបីក្មួយដើរចេញពីបន្ទប់ ទៅដល់ខាងមុខក៏ប្រទះនឹង ជីមីន នៅលត់ជង្គង់ដដែល
“ហេតុអីម៉ាក់ធ្វើបែបនេះ?” ជីម៉ូន សួរហើយក៏សម្រូតខ្លួនចុះពីដៃអ្នកមីងរត់ទៅរកអ្នកម៉ាក់
“ម៉ាក់អ្ហា៎.. ទៅមើលពូមីនផង ប្រយ័ត្នគាត់ឈឺ កូនទៅក្រៅហើយ” ស្រែកប្រាប់អ្នកម៉ាក់រួច ជីម៉ូន ក៏រត់ទៅដឹកដៃអ្នកមីងចេញទៅក្រៅជាមួយគ្នាបាត់
កាលបើក្នុងផ្ទះប្រែជាស្ងប់ស្ងាត់ ម៉ូនយ៉ុង ក៏បើកទ្វារចេញពីបន្ទប់ថ្នមៗសឹងតែមិនឮសម្លេងរួចដើរទៅផ្ទះចាក់ទឹកញ៉ាំក៏លួចដៀងភ្នែកមើលអ្នកម្ខាងដែលធ្វើមុខកម្សត់យ៉ាងគួរឱ្យអាណិតទើបចិត្តចេះតែមិនដាច់
“ដាច់ចិត្តខឹងបងដែរអ្ហ៎?” ជីមីន ធ្វើខ្លួនកម្សត់និយាយជាមួយនាងតូចដែលដើរមកជិតខ្លួន
“ក្រោកមក” ម៉ូន ដាក់បង្គុយលើសាឡុងទាំងមុខស្មើ
“ឈប់ខឹងបងហើយអ្ហ៎?បងបកស្រាយបានណា៎.. គឺកាលពីយប់មិញក្រោយពីឈ្លោះជាមួយអូនតាមទូរស័ព្ទបងក៏ទៅក្លឹបផឹក តែចៃដន្យក៏ជួប ជីអា នាងត្រូវសង្សារក្បត់ចិត្តទើបផឹកឡើងស្រវឹង បងក៏នាំនាងមកគេងនៅខុនដូររបស់បង បងឲ្យនាងគេងនៅបន្ទប់គេង បងគេងនៅបន្ទប់ទល់មុខនោះ រឿងគឺបែបហ្នឹង គឺគ្មានរឿងអីពិតមែនណា៎..” ជីមីន ក្រោកអង្គុយក្បែរនាងតូចហើយក៏និយាយរៀបរាប់រឿងដែលកើតឡើងគ្រប់យ៉ាងប្រាប់នាងទាំងអស់
“អត់បានសួរផង” ម៉ូន និយាយទាំងធ្វើមុខស្មើខណៈដែលក្នុងចិត្តលួចញញឹមសមចិត្ត យ៉ាងណានាងសំខាន់សម្រាប់គេស្រាប់ហើយ
“រឿងបង បងនិយាយអស់ហើយ ចុះរឿងអូននិង លោកហ្វៃ ម្នាក់នោះ?” ជីមីន មិនចង់ឱ្យចិត្តម្នាក់ៗល្អកកកទើបសួរបង្វែរសាច់រឿងឱ្យជ្រះស្រឡះ
“ខ្ញុំត្រូវបកស្រាយដែរឬ? ត្រឹមមើលក៏ដឹងហើយថា ហ៊ាហ្វៃ ស្រឡាញ់ខ្ញុំ ខ្ញុំមិនចង់បានពាក់ព័ន្ធនឹងគាត់សូម្បីបន្តិចទេណា៎ បើមិនជឿសួរ ស៊ូមី ទៅ”
“អ៊ីចឹងល្អហើយ តែអូនស្គាល់អាហ៊ានោះពីពេលណា?”  ខណៈដែលសួរ ជីមីន បានចាប់ទាញកាយតូចឱ្យអង្គុយលើភ្លៅរបស់ខ្លួន នាងក៏រើចេញប៉ុន្តែនៅតែជម្នះកម្លាំងគេមិនបានដដែល
“គាត់ស្គាល់តាំងពីខ្ញុំអាយុ១៤ឆ្នាំ កាលនោះគាត់ជួបខ្ញុំនៅមណ្ឌលកុមារកំព្រាចាប់ពីពេលោះក៏ទំនុកបម្រុងខ្ញុំដូចប៉ាប៉ាស្ករ..” និយាយដល់ចំណុចនេះ ម៉ូន ស្រាប់តែមានអារម្មណ៍អៀនអណ្តាតទើបមិនហ៊ានបន្តសម្តី
“ហើយយ៉ាងម៉េចទៀត?”
“ពួកយើងស្និទ្ធស្នាលគ្នាខ្លាំងណាស់ ហ៊ា តែងតែមកលេងខ្ញុំនិង ស៊ូមី នៅមណ្ឌលកុមារកំព្រាញឹកញាប់ ខ្ញុំរាប់គាត់ទុកដូចជាបងប្រុសម្នាក់ តែគាត់បែរជាស្រឡាញ់ខ្ញុំមិនទុកដូចប្អូនស្រី គាត់ក៏សុំខ្ញុំធ្វើសង្សារខ្ញុំក៏មិនប្រកែក ព្រោះខ្ញុំនៅក្មេងមិនសូវយល់ពីមនោសញ្ចេតនាទេ រហូតរៀនថ្នាក់ទី១២ទើបយល់ច្បាស់ ខ្ញុំក៏សុំផ្តាច់ទំនាក់ទំនងជាមួយគាត់ព្រោះមិនចង់បន្តរំខានគាត់ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យខ្ញុំក៏ចេញពីមណ្ឌលកុមារកំព្រាទៅរកនៅផ្ទះជួល ហើយបានដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនរបស់បងក៏ត្រូវបង***” គ្រាន់តែនាងរំឭកដល់រឿងជួបគ្នាលើកមួយរបស់ពួកគេ ជីមីន ក៏រហ័សនិយាយកាត់៖
“កុំនិយាយរឿងនេះ បងមានអារម្មណ៍ថាខុសចំពោះអូននិងកូនខ្លាំងណាស់” និយាយរឿងគេបំពានយកភាពបរិសុទ្ធរបស់លើកណាក៏គេមានវិប្បដិសារី ទង្វើបែបនោះគេមិនគួរសាងវាឡើងសោះ ក៏ព្រោះតែតណ្ហានិងភាពជាព្រាននារីបង្កជាកំហុសឱ្យគេសោកស្តាយពេញមួយជីវិត
“ព្រហ្មលិខិតចាររួចហើយបងមិនខុសទេ ដឹងអត់ថាក្នុងជីវិតរបស់ខ្ញុំគឺកូនសំខាន់ជាងគេ បន្ទាប់មកក៏បងនិង ស៊ូមី.. ហ៊ាហ្វៃ ផងដែរ ត្បិតថាខ្ញុំនិងហ៊ាបែកគ្នាយូរតែនៅក្នុងការចងចាំ គាត់មិនដែលអាក្រក់ដាក់ខ្ញុំទេ ចំណែកស៊ូ..គឺជាមិត្តដ៏ល្អ មិត្តភាពរបស់ពួកយើងមិនអាចកាត់ថ្លៃបានទេ ចំណែកបងទោះបីជាព្រាននារីស្រីច្រើនបន្តិចតែក៏ចេះតាមលួងតាមទ្រ ចាត់ទុកថាល្អដែរ” អ្នកដែលមានទំនាក់ទំនងល្អជាមួយនាងមានមិនច្រើនទេ គឺមានតែប៉ុន្មាននាក់នេះឯង ពួកគេតែងតែល្អចំពោះនាង ដូច្នេះទើបនាងស្រឡាញ់ពួកគេនិងចាត់ទុកជាមនុស្សសំខាន់ បើសិនថ្ងៃមួយពួកគេក្បត់ឬដើរចេញពីនាង នាងច្បាស់ជាឈឺចិត្តខ្លាំងបំផុត
“បងល្អតែបន្តិចទេឬ?”
“អ្ហឹម.. ចង់ល្អប៉ុន្មាន? មានតែចំណុចអាក្រក់សោះហ្នឹង”
“អ៊ីចឹងបងប្រហែលជាផ្តល់ក្តីទុក្ខឱ្យអូនច្រើនហើយ សុំទោសខ្លាំងណាស់” ការពិតទៅទំនាក់ទំនងរបស់ពួកគេភាពសប្បាយរីករាយនិងក្តីទុក្ខគឺដើរទន្ទឹមគ្នា នាងមានក្តីសុខគ្រប់ពេលដែលនៅជាមួយគេ ព្រោះគេក៏អាចរាប់ថាជាបុរសល្អអាចមើលថែនាងបាន ប៉ុន្តែគ្រួសាររបស់គេជាអ្នករារាំងក្តីសុខទាំងនោះ ម៉ាក់គេតែងតែគំរាមកំហែងនាង ត្មះតិះដៀល ប្រមាថដល់ផៅសន្ដានទៀតផង តែនាងនៅតែមុខក្រាស់ទាក់ទងកូនប្រុសគាត់
“ត្រូវហើយ!តែសុំទោសដូចជាគ្មានប្រយោជន៍ទេ”
“អូនចង់បានអី?”
“ក្បែរខ្ញុំឱ្យច្រើន ស្រឡាញ់ខ្ញុំឱ្យច្រើន ទោះបងធ្វើតាមគ្រួសារក៏ធ្វើចុះ ខ្ញុំស្ម័គ្រចិត្តបន្តទំនាក់ទំនងក្រៅផ្លូវការជាមួយបងរហូតក៏បាន កុំសូវស្និទ្ធជាមួយ ជីអា ពេក ខ្ញុំដឹងថាអ្វីដែលខ្ញុំសុំគឺខុស បងនិងនាងគឺត្រឹមត្រូវតាមច្បាប់” ម៉ូន ប្រើក្រសែភ្នែកពោរពេញដោយមនោសញ្ចេតនាសម្លឹងចំកែវភ្នែករាងសង្ហា វាគួរឲ្យចង់សើចបន្តិច កាលបើស្រីលួចលាក់សំណូមពរមនុស្សប្រុសមិនឲ្យស្និទ្ធជាមួយគូដណ្ដឹង តែវាតាមអារម្មណ៍មនុស្សស្រី ដែលមិនចង់ឱ្យមនុស្សដែលខ្លួនស្រឡាញ់ទៅពាក់ព័ន្ធជាមួយអ្នកផ្សេង
“អ្ហឺសៗ” ឮនាងស្រដីដូច្នេះ ជីមីន ស្រាប់តែមានអារម្មណ៍ថាចង់សើច ខ្លាចគេស្និទ្ធ ជីអា ហើយក៏លង់ស្រឡាញ់មែនទេ? វាមិនអាចរួច នាងមិនគួរសូម្បីតែគិតថាគេផ្លាស់ប្តូរគំនិតទៅស្រឡាគ់អ្នកផ្សេង
“សើចអី? ខ្ញុំខឹងណា៎” ម៉ូន ក្រោកចេញពីភ្លៅអ្នកសង្ហាទាំងមុខក្រម៉ូវ នាងនិយាយមែនទែនតែគេបែរជាគិតថាកំប្លែងទៅវិញ
“អូយ..” សើចខ្លាំងពេក ជីមីន ស្រាប់តែមានអារម្មណ៍ថាឈឺគែមមាត់ដែលត្រូវដាល់មុននេះទើបស្រែក
“សមមុខ!!ពូកែសើចទៅ”
“មិនបារម្ភទេអ្ហេ៎ស?ខំទុកឱ្យបារម្ភ”

...

❥ជូប៊ីនシ

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now