ភាគ៤៥+៤៦(ព្រោះនាងបង្ហាញខ្លួនជាថ្មី)

779 33 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៤៥+៤៦

ម៉ូនយ៉ុង ក៏មានអារម្មណ៍ឈឺមិនចាញ់អ្នកម្ខាងទៀត នាងនឹកគេខ្លាំងណាស់ ប៉ុន្តែគ្មានសូម្បីតែពេលនឹក ព្រោះនាងមានការងារជាច្រើនត្រូវធ្វើដើម្បីការរស់នៅម៉ាក់កូនពួកនាង។
(យើងគោរពតាមការសម្រេចចិត្តរបស់ឯង ធ្វើអីធ្វើទៅ ឱ្យតែឯងគិតថាសាកសមនិងមានក្តីសុខ) ស៊ូមី គោរពតាមការសម្រេចចិត្តរបស់មិត្ត ព្រោះខ្លួនមិនអាចជួយអ្វីច្រើន បានត្រឹមតែបន្ថែមបញ្ហា។
“អឺ.. ប្រាប់ឱ្យហ៊ាឈប់តាមរកយើងទៅ យើងមកឆ្ងាយហើយ យើងមិនចង់ឱ្យគាត់ចំណាយពេលឥតប្រយោជន៍ទេ ចំណែក ជីមីន បើគេតាមរកយើងទៀត ប្រាប់ទៅថាយើងជួបអ្នកថ្មីដែលសាកសមហើយ” ម៉ូនយ៉ុង និយាយប្រយោគកាត់ផ្តាច់ប្រហារបេះដូងខ្លួនឯង ព្រោះចិត្តនៅតែស្រឡាញ់និងមិនអាចបំភ្លេចជារៀងរហូត ហើយនាងនឹងបន្តមិនយកអ្នកណាបែបនេះរហូតទៅ។
(ម៉ូន.. ឯងចង់ឱ្យយើងកុហកមែនទេ?)
“ជាការពិត ប៉ុណ្ណឹងសិនហើយ យើងនឹកឯង បាយៗ”
បញ្ចប់ការសន្ទនាភ្លាម ម៉ូនយ៉ុង ប្រញាប់ចុចបិទទូរស័ព្ទយ៉ាងរហ័ស ព្រោះមានអារម្មណ៍ថាឆួលចុងច្រមុះចង់ចេញទឹកភ្នែកម៉េចមិនដឹងទេ នាងមិនស្រួលក្នុងទ្រូងឡើយ វាឈឺឈឹបៗនៅពេញទ្រូងឆ្វេង។
“ម្ចាស់ផ្ទះ! ម្ចាស់ផ្ទះ!” សម្លេងកូនក្មេងស្រែកហៅពីខាងក្រៅផ្ទះ ទាញអារម្មណ៍ឱ្យម៉ាក់កូនទាំងពីរក្រលេកទៅមើលទ្វាររបងទាំងជ្រួញចិញ្ចើម តាំងពីមកទីនេះមិនមានស្គាល់អ្នកណាទេ ហេតុអីមានអ្នកមកហៅ?
“អ្នកជិតខាងទេដឹង? តែកូនដូចជាប្រហែលសម្លេង” ជីម៉ូន លាន់មាត់ ងើយកប្រាប់អ្នកម៉ាក់
“ចាំម៉ាក់ទៅបើកទ្វារ ល្ងាចណាស់ហើយ តើអ្នកណាមានរឿងអី?” ម៉ូនយ៉ុង បើកទ្វារចេញពីក្នុងផ្ទះដើរតម្រង់ទៅទ្វាររបងរួចទាញទ្វារបើកបង្ហាញឱ្យឃើញប៉ាកូនពីរនាក់ស្លៀកពាក់អាវកីឡាមកសួរមុខរបស់ផ្ទះរបស់នាងដូចជាមានបញ្ហាអ្វីមួយ។
“គឺអ្នកមីង!”
“អ្នកនាង ម៉ូន!”
ប៉ាលាន់ទាំងពីរលាន់មាត់ឡើងព្រមៗគ្នា មិននឹកស្មានថាជាអ្នកជិតខាងសោះ ចៃដន្យពិតមែន!
“អោវវ៎.. អ្នកទាំងពីរនៅផ្ទះក្បែរនេះឬ?” ម៉ូនយ៉ុង ចង្អុលទៅភូមិគ្រឹះធំមួយដែលនៅជាប់របងផ្ទះជួលរបស់នាង ដោយការប៉ាន់ស្មាន។
“បាទ! គឺដោយសារមុននេះពួកយើងលេងបាល់បោះជ្រុលធ្លាក់ចូលរបងផ្ទះនេះ ទើបចង់មកយក ជាការចៃដន្យណាស់” ជុងស៊ុក ឆ្លើយទាំងញោចស្នាមញញឹមស្រទន់ គេដូចជាមាននិស្ស័យជាមួយនឹងនាងខ្លាំងណាស់។
“អ្នកមីង ជីម៉ូន នៅខាងក្នុងមែនទេ? ខ្ញុំចង់ចូលទៅលេង” ជុងស៊ុន រហ័សសួរហើយដើរចូលទៅខាងក្នុងផ្ទះតែម្តង ចំណែក ម៉ូនយ៉ុង ក៏បានអញ្ជើញ ជុងស៊ុក ឱ្យចូលក្នុងផ្ទះទៅតាមកូនៗដូចគ្នា។
“អោវវ៎.. ជុងស៊ុន!!!!” ជីម៉ូន ក្រលេកឃើញមិត្តរហ័សលោតចុះពីលើសាឡុងរត់ទៅឱបមិត្តដោយឫកពានឹករឭក។
“ខ្ញុំនឹកឯងខ្លាំង ពេលនេះឯងរៀននៅឯណា ជីម៉ូន?” ជុងស៊ុន ដកខ្លួនចេញពីការឱបបន្តិចទើបសួរមិត្ត។
“គឺសាលា អាយអិល ចុះឯង?”
“មិនទាន់ចុះឈ្មោះចូលរៀនទេ ព្រោះខ្ញុំទើបតែមកដល់ទីនេះថ្ងៃនេះ”
“ជាប៉ាឯងឬ? ម៉ាក់ឯងនៅផ្ទះមែនទេ?”
“ម៉ាក់ខ្ញុំស្លាប់យូរហើយ អ្នកដែលឯងឃើញរាល់ដងជាអ៊ំស្រី គាត់ជាបងស្រីរបស់ម៉ាក់ខ្ញុំ” ជុងស៊ុន រៀបរាប់់ប្រាប់មិត្តតាមត្រង់ ដែលកន្លងមកទៅនៅ សេអ៊ូល ដោយសារអ៊ំស្រីទាមទារចង់យកទៅនៅជាមួយ ប៉ុន្តែឥឡូវលោកប៉ាទៅយកមកនៅខេត្តវិញ។
“អូហ៍! ខ្ញុំមិនដឹង ឯងនិងខ្ញុំមិនខុសគ្នាប៉ុន្មានទេ យើងគ្មានប៉ា ឯងគ្មានម៉ាក់” ជីម៉ូន ទម្លាក់ទឹកមុខទៅជាស្រពាប់ស្រពោន ព្រោះមិនសប្បាយចិត្តចំពោះរឿងនេះ។
“ជី! កូនធ្វើមុខអីបែបនេះ” ម៉ូនយ៉ុង បន្ទន់ជង្គង់ចុះ ចាប់អង្អែលផ្ទៃមុខកូនប្រុសឱ្យគេញញឹមចេញខ្លះៗ តាំងពីមកដល់ទីនេះមុខស្ងួតរហូត។
“ក្មេងតែបែបនេះ! ស៊ុន ក៏ឧស្សាហ៍មុខក្រញូវពេលគិតដល់រឿងនេះដែរ” ជុងស៊ុក និយាយលើកទឹកចិត្ត។
“បើកូនចង់មានម៉ាក់” ជុងស៊ុន ប្រកែកកាលបើលោកប៉ាហែកកេរ្តិ៍នៅចំពោះមុខគេឯង។
“តែខ្ញុំមិនចង់មានប៉ាទេ គ្រាន់តែអន់ចិត្ត ដែលកើតមកមិនដូចអ្នកដទៃ តែកុំបារម្ភអី ខ្ញុំអាចទទួលយកបាន ព្រោះបែបនេះតាំងពីកើតទៅហើយ” ជីម៉ូន និយាយធម្មតាៗលួងចិត្តខ្លួនឯង តែស្តាប់មើលទៅមានអារម្មណ៍ថាមិនស្រួលសោះ ជាពិសេស ម៉ូនយ៉ុង នាងសឹងតែហូរទឹកភ្នែកទៅហើយ។
“ឈប់និយាយរឿងនេះទៅ និយាយរឿងសប្បាយចិត្តវិញណា៎” ជុងស៊ុន ចាប់ដៃទាំងសងខាងរបស់មិត្តជាការលួងលោម។
“អ្ហឹមម..” ជីម៉ូន ងក់ក្បាល
“ទៅលេងបាល់ជាមួយពួកយើងទៅ លោកប៉ារបស់ខ្ញុំពូកែលេងបាល់ខ្លាំងណាស់ ឯងអាចរៀនពីគាត់បាន” ជុងស៊ុន សរសើរពីលោកប៉ាទៅប្រាប់មិត្ត
“បើឯងនិយាយបែបនេះហើយ យើងត្រូវតែទៅលេង ម៉ាក់កូនទៅហើយណា៎”
“ទៅចុះ! ងងឹតបន្តិចចាំម៉ាក់ទៅយកមកញ៉ាំបាយជុំគ្នា”
“បាទ!”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now