ភរិយាក្រៅអេតាស៊ីវិល - ភាគ៤០
ម៉ូនយ៉ុង មិនដឹងថាត្រូវឆ្លើយសំណួររបស់កូនប្រុសបែបណានោះទេ នាងនិង ជីមីន និយាយឱ្យចំទៅស្រឡាញ់គ្នាក្រៅផ្លូវការ បើបែកគ្នាដោយមិននិយាយពាក្យថាបែក វាក៏មិនមានអីចម្លែកដែរ ព្រោះគេមានគូដណ្តឹងដែលប៉ាម៉ាក់ទទួលស្គាល់រួចទៅហើយ។
“មីងថា ជី ទៅរៀបចំខ្លួនដើម្បីត្រៀមចេញដំណើរទៅខេត្តទៅណា ប្រយ័ត្នយប់ ក្រែងម៉ាក់ខ្លាចងងឹតអ្ហី?” ឃើញមិត្តរកលេសនិយាយជាមួយកូនមិនបាន ស៊ូមី រហ័សនិយាយបង្វែរសាច់រឿង បង្អាក់ចម្ងល់របស់ក្មេងមិនដឹងអី បានយ៉ាងមានប្រសិទ្ធភាព
“ពិតមែនហើយ កុំឱ្យលំបាកដល់អ្នកម៉ាក់” ជីម៉ូន ងក់ក្បាលយល់សេចក្តី ហើយក៏ដើរចេញទៅយកទឹកញ៉ាំ ម៉ូនយ៉ុង ក៏ដើរទៅជួយយកទឹកឱ្យកូនញ៉ាំ រួចហើយក៏ដើរចូលបន្ទប់ងូតទឹកឱ្យត្រជាក់កាយមុននឹងចេញដំណើរទៅខេត្តព្រលានយន្តហោះ..
ក្រោយពីមួម៉ៅក្តៅក្រហាយធ្វើអីមិនកើត ជីមីន ក៏សម្រេចចិត្តថាត្រឡប់ទៅប្រទេស កូរ៉េ វិញទាំងកណ្តាលអធ្រាត្រ(នៅអាមេរិក) ពេលនេះការងារអ្វីក៏មិនសំខាន់ទៀតដែរ ព្រោះសុវត្ថិភាពរបស់ ម៉ូនយ៉ុង និង កូនសំខាន់ជាងឆ្ងាយណាស់។
“ចាំបងណា៎ម៉ូន..” ជីមីន ឧទានស្រាលៗ ក្នុងចិត្តភាវនាកុំឱ្យមានរឿងអីកើតឡើងចំពោះនាង បើនាងនិងកូនកើតអីឡើងមក គេក៏មិនអាចរស់
សេអ៊ូល..
ចំណាយពេលជិះយន្តហោះអស់រយៈ១៤ម៉ោង ទីបំផុតនាយបានមកដល់ទីក្រុង សេអ៊ូល នៅម៉ោង២ជាង៣រសៀល ចេញពីព្រយានយន្តហោះភ្លាម នាងប្រញាប់ប្រញាល់ហៅឡានតាក់ស៊ីជិះទៅនាងដល់ផ្ទះវីឡាតែម្តង។
កាលបើបានមកដល់របងផ្ទះរបស់នាង នាយរហ័សចុចកណ្តឹង ដោយឫកពាអន្ទះសាជាទីបំផុត ប្រហែលមួយសន្ទុះក៏លេចវត្តមានមនុស្សមកបើកទ្វារឱ្យដោយទឹកមុខស្រងូតស្រងាត់ ក្រៀមស្វិតដូចផ្កាងាប់
“អ្នកនាង ស៊ូ..! ម៉ូន នៅខាងក្នុងមែនទេ?” ជីមីន សួរទាំងមានក្តីសង្ឃឹមនៅក្នុងចិត្តថាស្រីដែលគេស្រឡាញ់មិនកើតអី ទើបស្ទុះស្ទារុញទ្វារឱ្យធំដើរចូលក្នុងផ្ទះទាំងមានស្នាមញញឹមព្រោះក្តីរំពឹងទុកក្នុងចិត្ត
“នាងឈប់នៅទីនេះទៀតហើយ” សម្លេងខ្សោះគ្មានជីវជាតិរបស់ ស៊ូមី បង្អាក់ដំណើរនិងស្នាមញញឹមលើផ្ទៃមុខរបស់អ្នកសង្ហាភ្លាមៗ ទៅហើយឬ? ទៅណា? នាងគ្មានសាច់ញាតិទេ គេបាត់ទៅក្រៅប្រទេសតែមួយថ្ងៃសោះ ម៉ូនយ៉ុង ក៏ចាកចេញពីផ្ទះនេះ តើមានរឿងអីកើតឡើងខ្លះទៅ? ប៉ារបស់គេជាអ្នកធ្វើមែនទេ? ឃោរឃៅពេកហើយ
“ម៉ូន ទៅណា?” ជីមីន បែរក្រោយងាកសួរទៅអ្នកម្ខាងទៀត ទាំងឆួលចុងច្រមុះ ចេញទៅមិនប្រាប់មួយម៉ាត់អ៊ីចឹងឬ? ឈឺណាស់មែនទេ?ដែលរងការគំរាមកំហែងពីគ្រួសាររបស់គេ មកពីគេទើបនាងគ្មានក្តីសុខ គ្រាន់តែចង់រស់នៅផ្ទះដែលស្រឡាញ់ ក៏ត្រូវបង្ខំឱ្យចេញ ព្រោះគេ.. គេតែម្នាក់គត់ដែលធ្វើឱ្យជីវិតរបស់នាងអាប់អួរដូចមេឃងងឹត មួយជីវិតនេះទោះសងនាងយ៉ាងណាក៏មិនអាចសងអស់ គេជំពាក់នាងច្រើនពេកហើយ
“នាងថាទៅខេត្ត តែមិនដឹងថាខេត្តណាទេ ពេលនេះខ្ញុំទាក់ទងទៅនាងមិនបានទេ អ្ហឹក.. គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ អ្ហឹកៗ” ព្យាយាមលាក់ទឹកភ្នែកនៃភាពសោកស្តាយយូរហើយ ស៊ូមី ស្រាប់តែទប់លែងជាប់ កាលបើដឹងថារឿងហេតុគ្រប់យ៉ាងមានចំណែកនៃកំហុសរបស់ខ្លួន
ត្រឡប់ទៅម្សិលមិញល្ងាច..
ក្រោយពី ម៉ូនយ៉ុង ចេញឡានទៅខេត្តបាត់ ស៊ូមី ប្រញាប់ប្រញាល់ចេញពីផ្ទះទៅជម្រះបញ្ជីជាមួយ ជីអា ដល់ភូមិគ្រឹះត្រកូល ស៊ូ..
“លើកទឹកឱ្យភ្ញៀវ” ជីអា អូសវ៉ាលិសបម្រុងនឹងដើរចេញពីផ្ទះ ប៉ុន្តែប្រទះនឹងវត្តមានភ្ញៀវមកលេងដល់ផ្ទះទើបត្រូវរាក់ទាក់ជាការគួរសម
“ជាភ្ញៀវឬ? សុំទោសអ្នកនាង” ក្រុមសន្តិសុខដោះលែង ស៊ូមី ឱ្យមានសេរីភាព ក្រោយពីឮថាសម្តីចៅហ្វាយ
“នាងចង់ទៅណា?” ស៊ូមី មិនខ្ចីរកកន្លែងអង្គុយត្រឹមត្រូវ នាងដើរទៅឈរនិយាយជាមួយ ជីអា ទល់មុខតែម្តង ទម្រាំតែសម្រុកចូលមកដល់ក្នុងផ្ទះនេះមិនមែនជាការងាយទេ ដូច្នេះត្រូវតែនិយាយគ្នាឱ្យដឹងរឿង
“ទៅអាមេរិក ជួប ជីមីន មានបញ្ហាឬ?” ជីអា មិនខ្លាចនឹងឆ្លើយតាមត្រង់ សម្បត្តិត្រឹម ស៊ូមី តើមានអីគួរឱ្យខ្លាចទៅ?
“នាងជាងអ្នកបង្ខំឱ្យ ម៉ូន ដើរចេញមែនទេ?!!” ស៊ូមី សួរបញ្ជាក់ ឱ្យឮនឹងត្រចៀក
“អ្ហឹម..ហើយថី? អូហ៍! ខ្ញុំមិនភ្លេចសន្យាជាមួយនាងទេ អ្នកមីងទៅយកឯកសារលើតុមកឱ្យខ្ញុំ” ជីអា ធ្វើឫកពាមានអំណួត ខណៈដែលស្រែកហៅអ្នកបម្រើឱ្យទៅយកឯកសារសំខាន់ ធ្វើឱ្យ ស៊ូមី ចាប់ផ្តើមគិតច្រើន ព្រោះស្មានមិនត្រូវចិត្តអ្នកម្ខាងទៀត
“ឱ្យនាងទៅ” ជីអា បញ្ជាឱ្យអ្នកបម្រើហុចទៅឱ្យ ស៊ូមី ទើបត្រូវហុចឱ្យ។ ស៊ូមី ទទួលយកសឺមីឯកសារ ចាប់ទាញមើលក្រដាសខាងក្នុងក៏បើកភ្នែកធំៗព្រោះមិនយល់ពីចេតនារបស់ ជីអា
“ហេតុអីឱ្យវាមកខ្ញុំ?” ស៊ូមី ប្រើក្រសែភ្នែកមិនយល់សួរ
“ក្រែងនាងចង់បានលុយអ្ហេស៎? សន្យារបស់ពួកយើងនោះ? ដើមឡើយគិតថាមិនឱ្យនាងទេ ព្រោះនាងចង់ទៅត្រឡប់នៅខាងនាង ម៉ូន ប៉ុន្តែយល់ដល់ចិត្តដែលនាងធ្លាប់ក្បត់មិត្តភក្តិទើបឱ្យវាទៅនាង នាងគួរតែសប្បាយចិត្ត ទើបត្រូវ” គំនិតរបស់ ជីអា ពិបាកស្មានណាស់ ល្បិចច្រើន ក្រឡេចក្រឡុច ម្តងល្អ ម្តងអាក្រក់ ទើបធ្វើឱ្យ ស៊ូមី កាន់តែមិនយល់
“យកប្លង់ផ្ទះរបស់មិត្តខ្ញុំមកឱ្យខ្ញុំ នាងមានចេតនាបែបណាទៅ?” បើតាមគិតទៅ បើ ម៉ូន ដឹងថាប្លង់ផ្ទះរបស់ខ្លួនទៅនឹងមិត្ត តើមានអារម្មណ៍បែបណា?
“បានជានាងសួរហើយខ្ញុំប្រាប់ចុះ ខ្ញុំត្រូវការឱ្យនាង ម៉ូន គ្មានសល់អ្នកណាសោះ មិត្តក្បត់ សង្សារការចោល កូនប្រុសអាចនឹង... អ្ហឹម គិតមើលទៅឈឺចាប់ប៉ុណ្ណា? នាង ម៉ូន កាន់តែឈឺ ក្តីសុខរបស់ខ្ញុំកាន់តែច្រើន ហាសៗ” ជីអា សើចសប្បាយ ញោចស្នាមញញឹមពិសពុល ប្រើក្រសែភ្នែកកំណាចសម្លឹងមើលទៅទីឆ្ងាយ ខណៈដែលក្នុងចិត្តគិតដល់ទឹកភ្នែករបស់ ម៉ូនយ៉ុង ដែលវាជាសេចក្តីសុខរបស់នាង បានជាជាន់ហើយ ត្រូវតែជាន់ឱ្យកប់ក្នុងភក់ជ្រាំរហូតងើបក្បាលលែងរួច
“នាងអាក្រក់លើសការគិតរបស់ខ្ញុំទៅទៀត!!” កាលបើដឹងរឿងហើយ ស៊ូមី សឹងតែនឹងទន់ជង្គង់ដួល កំហុសមួយនេះ គឺខុសមិនអាចកែ ទោះចង់កែក៏គ្មានសិទ្ធិកែ វាជារឿងដ៏សោកស្តាយបំផុតក្នុងជីវិត
“នាងនិយាយត្រូវ! តែបើនាងម៉ូន..ដឹងថានាងក្បត់ ក្នុងក្រសែភ្នែកនាងម៉ូន.. នាងអាក្រក់ជាងខ្ញុំទៅទៀត” ជីអា ធ្វើខ្លួនធម្មតាៗ ប្រើសម្តីធម្មតាៗ តែក៏អាចគំរាមផ្លូវចិត្តរបស់ ស៊ូមី
“កុំធ្វើអីមិត្តរបស់ខ្ញុំណា៎.. ចង់បានអីប្រាប់មក ខ្ញុំឱ្យទាំងអស់ អូយ.. សម្តីនាងម៉ូន..ដក់ជាប់ក្នុងខួរខ្ញុំនៅឡើយទេ គេស្រឡាញ់នាងណាស់ ខ្លាចនាងគ្រោះថ្នាក់ខ្លាំងណាស់ នាងមានសង្វេគ មានខ្ពើមខ្លួនឯងខ្លះទេ? ខ្ញុំខ្ពើមរអើមមិត្តចរិតពស់ដូចនាងណាស់” ជីអា ធ្វើត្រាប់តាមសម្លេងរបស់ ម៉ូនយ៉ុង បញ្ឈឺចិត្ត ស៊ូមី ឱ្យគេតែឈឺចាប់និងដឹងកំហុសកាន់តែខ្លាំងគុណទ្វេ
“កុំប្រាប់ម៉ូន..អីណា ខ្ញុំបានជាខុសហើយ ខ្ញុំសុំនាង” ស៊ូមី ចាប់ក្រសោបដៃអ្នកម្ខាងទៀតអង្វរករ ព្រោះមិនចង់ឱ្យមិត្តដឹងហើយ ឈឺចាប់
“សុំខុសមនុស្សហើយ ខ្ញុំគ្មានពេលទេ លាហើយសំណព្វចិត្ត ពួកឯងចាត់ការភ្ញៀវ”
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺