ភរិយាក្រៅអេតាស៊ីវិល - ភាគ១៦
ជីអា សង្កៀតធ្មេញលាន់ឮសូរង៉េតង៉តខណៈដែលដកដៃចេញពីថ្ពាល់របស់ខ្លួន ទម្លាក់ចុះក្រោមក្តាប់ខ្ញាំសឹងតែចាក់ក្រចកធ្លុះបាតដៃ កែវភ្នែកពោរពេញដោយភ្លើងបាញ់ចំក្រសែភ្នែកចំអករបស់ ម៉ូនយ៉ុង ហើយក៏និយាយ៖
“យើងមិនចាញ់នាងទេ! ហ្គេមមួយនេះយើងមានតែពាក្យថាឈ្នះប៉ុណ្ណោះ ទោះបីជាប្រើវិធីអ្វីក៏ដោយយើងមិនឱ្យជីវិតនាងមានក្តីសុខដាច់ខាត”
“ព្រឺរោមណាស់នៀក៎ កុំនិយាយបែបហ្នឹង” ម៉ូនយ៉ុង មិនបានបញ្ចេញអាការៈភ័យព្រួយសូម្បីតែបន្តិច មានតែឌឺថែម
“ញញឹមសិនចុះ យើងចាំមើលថានាងសល់ស្អីក្រោយបែកពី ជីមីន” ជីអា រម្ងាប់ចិត្តខឹងហើយក៏និយាយឌឺដងផ្ចាញ់ផ្ចាល់បន្ថែមទៀត
“សុំទោសផងខ្ញុំមិនបានរស់ដោយសារប្រុសទេ ខ្ញុំក៏មិនគិតចង់ប្រជែងជាមួយអ្នកនាងដើម្បីប្រុសម្នាក់ដែរ បើចង់បានណាស់យកចុះ” មិនថារឿងសម្តីឌឺដងផ្លែផ្កាឬក៏រឿងទះតប់ ម៉ូនយ៉ុង ជំនាញទាំងអស់ ហេតុនេះហើយមិនចាំបាច់ភ័យព្រួយថានរណាធ្វើបាបនាងកើតទេ ព្រោះនាងកើតមកដើម្បីតែឈ្នះ
“បើតាំងចិត្តឱ្យគេមកយើងហើយ រវីរវល់នឹងគេធ្វើអី? ឬក្នុងទ្រូងឡើងញ័រចង់បានគេធ្វើប្តី?” សម្តីពូកែណាស់ សុទ្ធតែមិនចង់ប្រជែងយក ជីមីន ប៉ុន្តែទង្វើខុសស្រឡះ ឃើញហើយ ជីអា ដឹងដល់ក្រយៅ ទើបនាងចេះតែចង់ដណ្តើមយក ជីមីន មកធ្វើជាកម្មសិទ្ធិ ព្រោះថាតាំងពីដើមមក អ្វីដែលនាងចង់បានត្រូវតែបាន អ្វីដែលចង់ឈ្នះត្រូវតែឈ្នះ ដូច្នេះ ម៉ូនយ៉ុង ត្រូវតែចាញ់ នាងត្រូវតែបាន ជីមីន
“គេមិនមែនជាកម្មសិទ្ធរបស់ខ្ញុំទេ បើអ្នកនាងយកគេបានយកចុះ ខ្ញុំដូចជាអត់រមាស់ទៅរកគេមុនផង” ម៉ូនយ៉ុង មិនដែលខ្លាច ព្រោះនាងជឿជាក់លើចិត្តរាងសង្ហា មើលតែទឹកមុខគេញញឹមនៅក្នុងពិធីក៏ដឹងថាស្នាមញញឹមបង្ខំ ស្គាល់គ្នាយូរហើយ បើមិនយល់ចិត្តគ្នាទៀត ចប់ហើយ!
“ល្អណាស់!ពេលខ្ញុំយកគ្រប់យ៉ាងចេញពីនាងបានកុំឱ្យខ្ញុំឃើញទឹកភ្នែកនាងឱ្យសោះទេ ខ្ញុំអាណិត” ជីអា ដាក់ដៃទះលើថ្ពាល់របស់ ម៉ូនយ៉ុង ស្រាលៗលក្ខណៈលួងលោមបញ្ឈឺចិត្យ ភ្លាមនោះក៏ឮសម្រិបជើងដើរចូលមកខាងក្នុង ទើបនាងត្រូវងាកក្រោយក្រលេកទៅមើលម្ចាស់សម្លេង
“នាងធ្វើអីហ្នឹង?ឆាប់ដកដៃចេញភ្លាម” ជីមីន ចូលទៅចាប់ដកដៃរបស់ ជីអា ចេញពីថ្ពាល់របស់ ម៉ូនយ៉ុង ទាំងកំរោល ហើយក៏ដើរទៅពាំងមុខរុញ ម៉ូនយ៉ុង ទៅក្រោយខ្លួន របៀបថាវីរៈបុរសការពារស្រីស្អាតពីក្រញាំបិសាចអ៊ីចឹងហាស៎
“អូនជាគូដណ្តឹងបងឬជានាង?” ជីអា សួរដោយសម្លេងហួសចិត្ត ជីមីន គួរតែការពារនាងទើបត្រូវ តែនេះទៅការពារអ្នកផ្សេងទៅវិញ
“គូដណ្តឹងឬមិនគូដណ្តឹងមិនសំខាន់ អ្វីដែលសំខាន់នាងធ្វើបាបមនុស្សរបស់ខ្ញុំ ខ្ញុំមិនសុខចិត្តមានអីមិនត្រឹមត្រូវ?” ជីមីន តបទៅ ជីអា វិញដោយសម្លេងខឹងក្រេវក្រោធតែព្យាយាមទប់ព្រោះស្រីម្នាក់នេះប៉ះពាល់មិនបាន
“លោកប្រធានយុត្តិធម៌ដល់ហើយ គួរឱ្យស្រឡាញ់ណាស់” ម៉ូនយ៉ុង និយាយដោយសម្លេងមាយាខណៈរុលខ្លួនមកមុខមុននឹងលើកដៃស្រឡូនចាប់ទាញថ្ពាល់អ្នកសង្ហាតាមបែបក្នក់ក្នាញ់បញ្ឈឺចិត្តគូដណ្តឹងរបស់រាងមាំ
“គួរឱ្យស្រឡាញ់?ហើយស្រឡាញ់អត់ចុះ?” ជីមីន មិនខ្វល់ពីគូដណ្តឹងរបស់ខ្លួនតែបែរជាធ្វើខ្លួនញ៉ិកញ៉ក់គួរឱ្យស្រឡាញ់ដាក់លេខាសំណព្វចិត្តរបស់ខ្លួនទៅវិញ។
“ថាអត់ស្រឡាញ់ម៉ាម៉ាត់ទៅ ហ៊ិហ៊ិ” ម៉ូនយ៉ុង តបវិញទាំងសើចស្ញេញដាក់អ្នកសង្ហាធ្វើដូចពិភពលោកនេះមានតែពួកគេពីរនាក់
“គួរឱ្យស្អប់!!!!” ជីអា និយាយទាំងខឹងមុននឹងដើរចេញពីទីនេះទាំងទ្រូងឆេះក្តៅឆួល ហេតុអីមានរឿងមិនសុខចិត្តច្រើនយ៉ាងនេះ? បើបែបនេះបន្តទៀតច្បាស់ជាកើតជំងឺបេះដូងមិនខានទេ។
“ទៅហើយ ហឺស!” ជីអា ចេញទៅបាត់ ម៉ូនយ៉ុង ក៏ខិតខ្លួនចេញពីអ្នកសង្ហាមុននឹងនិយាយដោយមិនភ្លេចសើចចំអក
“ទៅធ្វើស្អីដាក់ ជីអា ខ្លះ?មានវាយធ្ងន់ធ្ងរទេ?” កាលបើនៅតែពីរនាក់ ជីមីន ក៏ចេញសំណួរនេះ ព្រោះដឹងច្បាស់ថាមនុស្សដូច ម៉ូនយ៉ុង មិនព្រមឱ្យអ្នកណាធ្វើបាបងាយៗទេ មានតែធ្វើបាបគេ!
“បារម្ភពីគេ? អត់ឃើញគេទះខ្ញុំទេឬ?” ម៉ូនយ៉ុង ធ្វើមុខកម្សត់ប្រៀបដូចជាខ្លួនឯងជាជនរងគ្រោះទាំងដែលការពិតបានប្រើដៃប្រើជើងដាក់ ជីអា មុន
“មើលស៍.. ទះជាំថ្ពាល់ត្រង់ណាខ្លះ? ត្រូវការថ្នាំវេទមន្តទេ?” ឮនាងនិយាយធ្វើដូចនាងជាជនរងគ្រោះទើបដៃមាំលូកទៅចាប់ទាញចង្កានាងបែរឆ្វេងបែរស្តាំរកមើលស្នាមទះដោយប្រើក្រសែភ្នែកផ្ចិតផ្ចង់
“គ្មានស្នាម!មិនត្រូវការថ្នាំវេទមន្តស្អីទេ ដកដៃចេញ” ម៉ូនយ៉ុង ចាប់រុញដៃអ្នកសង្ហាចេញពីចង្កាខ្លួនដោយឫកពាមិនពេញចិត្ត ព្រោះខ្លាចថាបានត្រូវថ្នាំវេទមន្តនឹងមានអ្នកមកឃើញ កើតរឿងមិនល្អឡើង
“ថ្នាំវេទមន្តរបស់បងស័ក្កសិទ្ធណាស់ សាកបន្តិចទេ?” ថ្នាំវេទមន្តរបស់គេនោះគឺស្នាមថើបហ្នឹងឯងទើបគេនិយាយដោយស្នាមញញឹមលាក់គំនួច ហើយនាងធ្វើឫកពាខ្លាច
“ទៅក្នុងពិធីវិញទៅប្រយ័ត្នមានអ្នករក ខ្ញុំទៅផ្ទះវិញហើយ” ម៉ូនយ៉ុង និយាយបង្វែរសាច់រឿង ព្រោះថាមិនចង់នៅតែពីរនាក់គេយូរ ដោយហេតុថាពេលនេះគេមានគូដណ្តឹងហើយ កម្មវិធីនេះក៏ជាកម្មវិធីរបស់គេ បើបាត់គេយូរប្រាកដជាមានអ្នកតាមរកមិនខានឡើយ បែបនេះទើបនាងមិនបង្ករឿងឱ្យរញ៉េរញ៉ៃប៉ះពាល់ដល់កិត្តិយសរបស់អ្នកសង្ហា
“ប្រញាប់ទៅវិញធ្វើអី?”
“នៅធ្វើអី?”
“អន់ចិត្តនឹងបង?”
“អត់ទេ!គ្រាន់តែមិនដឹងថានៅធ្វើអី”
“អត់មែនអី?” ជីមីន សម្លឹងមុខតូចច្រមិចចំៗបែបស្វែងរកចម្លើយដោយខ្លួនឯង តែមើលទៅទឹកមុខនាងរកស្មានពីទំហំចិត្តមិនត្រូវសោះ
“អ្ហឹម..ទៅផ្ទះវិញហើយ” ថារួច ម៉ូនយ៉ុង ក៏ដើរគេចចេញពីទីនេះត្រឡប់ទៅផ្ទះរបស់ខ្លួន ខណៈនោះប្រអប់ដៃមាំលូកទៅចាប់ទាញកដៃស្រឡាញ់ទាញឱ្យមកផ្អឹបនឹងកាយមាំរបស់ខ្លួន
“សុំទោស!” ជីមីន ឱនដាក់ចង្កាលើស្មារបស់នាងតូចដោយពោលពាក្យសុំទោសស្រាលៗ គេមានអារម្មណ៍ថាអាណិតនាងទោះនាងមិនបញ្ចេញកាយវិការឈឺចាប់ក៏ដោយ
“សុំទោសអី? បងអត់ខុសផង បងធ្វើព្រោះមហិច្ឆតាគ្រួសារ អូនដឹងអស់ហើយ ទើបអូនប្រញាប់ទៅផ្ទះដើម្បីចាត់ចែងរៀបចំការងារនៅក្រុមហ៊ុនបន្ទាន់” ម៉ូនយ៉ុង រៀបរាប់ប្រាប់អ្នកសង្ហានូវអ្វីដែលខ្លួនបានដឹង ដោយសារអ្នកម៉ាក់របស់គេជាអ្នកប្រាប់នាងផ្ទាល់មាត់ថាគេរៀបការព្រោះអ្វី បើនាងស្រឡាញ់គេមិនគួរហាម មិនគួរខឹង មិនគួរធ្វើខ្លួនជាម្ចាស់កម្មសិទ្ធិ នាងគួរតែបើកចិត្តឱ្យទូលាយដើម្បីឱ្យមនុស្សដែលខ្លួនស្រឡាញ់ខ្ពង់ខ្ពស់
“បងមានអារម្មណ៍ថាប៉ាបងទុកអូនព្រោះចង់ប្រើប្រាស់ ក្រុមហ៊ុនរបស់បងបើគ្មានអូនក៏រីកចម្រើនដូចសព្វថ្ងៃដែរ” គិតដល់រឿងនេះ ជីមីន កាន់តែមានអារម្មណ៍ថាស្អប់លោកប៉ាខ្លាំងឡើង គេដឹងថាមនុស្សដូចគាត់ចង់ចាត់ការនរណាម្នាក់គឺងាយបំផុត ហេតុអីគាត់មិនចាត់ការនាងតាំងពីដំបូង? ដោយសារតែនាងមានខួរក្បាលឆ្លាតវៃជួយការងារក្រុមហ៊ុនបានមួយភាគធំទើបនាងនៅមានជីវិតដល់សព្វថ្ងៃ ហើយពេលនេះគាត់ប្រហែលជាលែងត្រូវការនាងទៀតហើយ ទើបគម្រាមចង់ចាត់ការនាងនិងកូន គាត់ឃោរឃៅណាស់!
“ទេ! ប៉ារបស់បងល្អនឹងអូនសឹងអី គាត់មិនដែលហាមអូនមិនឱ្យទាក់ទងបងទេ ថែមទាំងផ្តល់កាដូឱ្យអូននិងកូនទៀតផង” កាលបើឮសម្តីបែបនេះធ្វើឱ្យ ជីមីន កាន់តែខឹងលើសដើម គាត់មានគំនិតអាក្រក់តែប្រព្រឹត្តទង្វើល្អបោកចិត្តស្រស់ៗតែម្តង
“កុំទុកចិត្តគាត់ពេក គាត់មិនដែលមានចេតនាល្អលើអូនទេ” ជីមីន មិនដឹងថាត្រូវបកស្រាយគំនិតអាក្រក់របស់លោកប៉ាឱ្យនាងតូចយល់យ៉ាងណាទេ គេបានត្រឹមតែហាមប្រាមនាងប៉ុណ្ណោះ
“គាត់ប៉ាបង ជាតារបស់កូនអូន រឿងអីគាត់មានចេតនាអាក្រក់នោះ?”
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺