ភរិយាក្រៅអេតាស៊ីវិល - ភាគ៤៧+៤៨
ម៉ូនយ៉ុង ពោលឡើងស្រាលៗ ខណៈដែលក្នុងចិត្តចាប់ផ្តើមខឹងសម្បា ជីវិតរបស់នាងមិនមែនជីវិតសត្វម៉ូសដែលចង់សម្លាប់ក៏សម្លាប់បាននោះទេ ស៊ូ ជីអា ម្នាក់នេះអាងអំណាចពេកហើយ។ ម៉ូងយ៉ុង អង្គុយសម្លក់ ជីអា សឹងតែហក់ទៅស៊ីសាច់ហុតឈាមទៅហើយ ធ្វើឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ថាមិនសូវស្រួល ទើបឱនមុខចុះចុចទូរស័ព្ទបំណងធ្វើអ្វីមួយដោយលាក់លៀម។
“អូយ!” ភ្លាមនោះស្រាប់តែមានក្មេងប្រុសរត់ទៅដួលក្បែរកៅអីដែល ម៉ូនយ៉ុង អង្គុយ ទើបនាងប្រញាប់ដើរចេញពីកៅអីទៅជួយលើកក្មេងប្រុសម្នាក់នោះឱ្យក្រោកឡើងដោយឫកពាយកចិត្តទុកដាក់ មុននឹងឱននិយាយជាមួយ៖
“ឯណាប៉ាម៉ាក់របស់ក្មួយ?”
“កូនប៉ា! ហេតុអីរត់មកដល់ទីនេះ?” ខណៈនោះស្រាប់តែមានបុរសចំណាស់វ័យប្រហែល៤០ឆ្នាំជាងរត់មករកកូនប្រុសរបស់ខ្លួន មើលទៅការស្លៀកពាក់របស់គេទំនងជាអ្នកបម្រើម្ហូបអាហារក្នុងកម្មវិធីមង្គលការមួយនេះ ឬអាចនិយាយបានថាជាអ្នករត់តុ។
“អូហ៍ប៉ាមកហើយទៅរកទៅ” ម៉ូនយ៉ុង ពោលឡើងខណៈដែលសម្លឹងមុខលោកប៉ារបស់ក្មេងប្រុសតូច
“គឺចង់រកម៉ាក់” ក្មេងតូចរំអួយឡើងប្រាប់ ម៉ូនយ៉ុង ធ្វើឱ្យនាងនឹកអស់សំណើច កាលបើនាងក៏មានកូនប្រុសម្នាក់វ័យប្រហែលគ្នានឹងក្មេងប្រុសម្នាក់នេះ។
“ខ្ញុំគ្មានទូរស័ព្ទទេ សុំខ្ចីទូរស័ព្ទរបស់អ្នកនាងតេរទៅប្រពន្ធបន្តិច តើបានទេ?” បុរសជាប៉ាស្រដីឡើង ខណៈដែលប្រើក្រសែភ្នែកគួរឱ្យអាណិតសម្លឹង ម៉ូនយ៉ុង
“នេះចាស៎” ម៉ូនយ៉ុង បែរខ្លួនទៅទាញទូរស័ព្ទនៅលើតុក្បែរកាបូបដៃហុចទៅឱ្យបុរសនោះ គេទទួលយកទាំងញោចស្នាមញញឹមពិបាកស្មាន ខណៈដែលចុចទូរស័ព្ទរបស់ ម៉ូនយ៉ុង មិនដឹងរុករកអ្វីខ្លះ រួចធ្វើជាលើកតេរនិយាយ ហើយហុចឱ្យម្ចាស់ទូរស័ព្ទវិញ មុននឹងចាប់ពកូនដើរចេញពីកន្លែងនេះបាត់។
“មានរឿងអី?” ជុងស៊ុក ងាកទៅសួរអ្នកដែលកំពុងនឹងដាក់បង្គុយលើកៅអីក្បែរកាយខ្លួន ព្រោះគេមានអារម្មណ៍ថាចម្លែកចិត្ត
“ក្មេងគេបាត់ម៉ាក់ គ្មានអីធំដុំទេ?” ខណៈដែលនិយាយចប់ ម៉ូនយ៉ុង ងាកទៅញោចស្នាមញញឹមស្រទន់ដាក់អ្នកម្ខាងទៀត ជាការបញ្ជាក់ភាពទំនុកចិត្តនៃសម្តី។
ជីអា សម្លឹង ម៉ូនយ៉ុង ដោយក្រសែភ្នែកលាក់ល្បិច មុននឹងងើបខ្លួនលើកកែវទឹកហុចឱ្យអ្នកម្ខាងទៀតទាំងដែលមានចេតនារុញទឹកផ្លែឈើឱ្យកំពប់ប្រឡាក់ ម៉ូនយ៉ុង រួចធ្វើជានិយាយថា៖
“អូស៍! សុំទោសគ្មានចេតនាទេ”
ឮសម្តីនិងឃើញទង្វើទាំងនេះភ្លាម ម៉ូនយ៉ុង ដឹងដល់ក្រយ៉ៅរបស់អ្នកម្ខាងទៀតថាមានចេតនា តែមិនចង់មានរឿងច្រើនធ្វើឱ្យប៉ះពាល់ដល់កម្មវិធី ទើបនិយាយ៖
“ចាស៎មិនអីទេ ខ្ញុំសូមខ្លួនទៅបន្ទប់ទឹកបន្តិច” ម៉ូនយ៉ុង ងើបចេញពីកៅអី ខណៈដែលយកកាបូបដៃនិងទូរស័ព្ទទៅតាមព្រោះមានបំណងចង់ត្រឡប់ទៅផ្ទះវិញ ត្រឹមបានឃើញមុខ ជីមីន នាងក៏ស្ងប់ចិត្តណាស់ទៅហើយ បើមិនបានឃើញមុខគេនាងប្រាកដជានៅមិនសុខទេ ទើបតស៊ូមកពីចម្ងាយជួបគេ ទោះមិនឋិតក្នុងនាមជាអ្វីក៏ដោយ សំខាន់ឱ្យតែបានឃើញមុខ ទោះគេបណ្តើរស្រីផ្សេងក៏មិនជាបញ្ហា។
ម៉ូនយ៉ុង ដើរតម្រង់ទៅបន្ទប់នារីក្នុងសណ្ឋាគារដ៏ទំនើបថ្លៃថ្នូរមួយនេះ ចូលដល់ខាងក្នុងនាងដាក់ទូរស័ព្ទនិងកាបូបដៃនៅម្ខាងមុននឹងលូកទៅបើកទឹក ក្បង់ទឹកយកមកលាងកន្លែងដែលប្រឡាក់ទឹកផ្លែឈើ រួចលូកទៅទាញក្រដាសជូតផ្តិតឱ្យរ៉ូបឆាប់ស្ងួតដោយឫកពាដោយចិត្តទុកដាក់ ព្រោះរ៉ូបមួយនេះថ្លៃខ្លាំងណាស់ មិនចង់ឱ្យវាខូចទេ។
ទីងៗ..
ទូរស័ព្ទរបស់នាងស្រាប់តែបន្លឺស័ព្ទសំឡេងរោទ៍ឡើងដាស់អារម្មណ៍នាងឱ្យងាកទៅមើល មុននឹងជូតដៃនឹងក្រដាសឱ្យស្អាតរួចបោះចូលក្នុងធុងសម្រាម មុនពេលដែលយកដៃទៅយកទូរស័ព្ទមកអូសមើលក៏ឮសម្លេង៖
«ព្រោះខ្ញុំចង់បំផ្លាញ់វា! វាមានអីលើសខ្ញុំសព្វបែបយ៉ាង តាំងពីនៅមណ្ឌលកុមារកំព្រារហូតមកដល់ពេលនេះវាគឺដូចព្រះនាង ខ្ញុំដូចកញ្ជះរបស់វា ខ្ញុំមិនព្រមឱ្យវាជាន់ទៀតទេ ខ្ញុំនឹងជួយនាងដើម្បីបំផ្លាញវា នាងចង់ឱ្យខ្ញុំធ្វើអី?ប្រាប់មក» ឮសម្លេងនេះហើយ ម៉ូនយ៉ុង ស្ទើតែធ្លាក់ថ្លើមចេញមកក្រៅ វាជាសម្លេងមិត្តសម្លាញ់របស់នាង នាងមិនបានខូចត្រចៀកដល់ថ្នាក់ស្តាប់ច្រឡំទេ ហើយនាងក៏មិនដែលនឹកគិតថាមិត្តហ៊ានធ្វើដល់ថ្នាក់នេះ ទឹកភ្នែកនៃចាប់ខកចិត្តស្រស់ម៉ាត់ៗចេញពីរង្វង់ភ្នែកពោរពេញទៅដោយទឹកភ្នែករាប់លានតំណក់
“អំពើល្អរបស់ឯងកន្លងមកមានន័យថាម៉េច? ចាប់ផ្ដើមចេះច្រណែនខ្ញុំពីពេលណា? ឯងធ្វើឱ្យខ្ញុំខកចិត្តខ្លាំងណាស់ ស៊ូ.. អ្ហឹកកក..” ម៉ូនយ៉ុង ស្រដីឡើងដោយសម្លេងខ្សាវៗដូចជាអស់កម្លាំងខ្លាំង ខណៈដែលលួចស្រែកយំនៅក្នុងទ្រូងដែលស្ទើរប្រះបែករហែកជាពីរ សង្សារក្បត់ចិត្តឈឺមិនស្មើមិត្តសម្លាញ់ក្បត់ឡើយ វាឈឺលើសពីឈឺទៅទៀត ឈឺដល់ថ្នាក់រកថ្លែងជាពាក្យសម្តីលែងចេញ ហេតុអីជីវិតនាងជួបរឿងអភ័ព្វបែបនេះ? ចង់ស្រឡាញ់នរណាម្នាក់ក៏មិនអាចនៅជាមួយគ្នាតាមបំណង ចិត្តប៉ងថាបានមិត្តល្អ ស្រឡាញ់ស្មោះស្ម័គ្រគ្នាដូចបងប្អូន ចុងក្រោយក៏រួមដៃជាមួយអ្នកផ្សេងដើម្បីបំផ្លាញនាង តើនាងបានសាងកម្មអីខ្លះទៅ? ម៉ូនយ៉ុង ងើយមុខឡើងលេបលាក់ទឹកភ្នែកឱ្យចូលទៅវិញ ស្រែកសួរព្រហ្មលិខិត ហេតុអីគ្រប់យ៉ាងអយុត្តិធម៌ចំពោះនាងយ៉ាងនេះ? នាងដូចជាមិនដែលធ្វើខុសអីលើអ្នកណាទេ។
នាងលើកដៃជូតទឹកភ្នែកឲ្យជ្រះពីថ្ពាល់ មុននឹងចេញពីបន្ទប់ទឹកតម្រង់ទៅខាងក្រៅកម្មវិធី សម្លឹងរកមើលមិត្តសម្លាញ់ដែលលួចចាក់ពីក្រោយខ្នង។
“ម៉ូន! ឯងមកល្អហើយ កុំជិះឡានទៅអី ឡានឯងមានបញ្ហាហើយ” ស៊ូមី រត់មករកមិត្តប្រាប់រឿងគ្រប់យ៉ាងតាមបំណងល្អព្រោះមិនចង់ឱ្យមិត្តជួបរឿងគ្រោះថ្នាក់ដល់ជីវិត។
ផាច់!
ម៉ូនយ៉ុង លើកដៃទះថ្ពាល់មិត្តមួយទំហឹង ធ្វើឱ្យត្រូវងាកមុខទៅម្ខាងតាមកម្លាំងទះ ឈាមចាប់ផ្តើមចេញតាមគែមមាត់ បង្ហាញពីកម្លាំងដៃទះដ៏ខ្លាំងក្លា កាលបើទះមិត្តតាមកំហឹងដែលជាប់មានពេញទ្រូង នាងក៏មានអារម្មណ៍ថាខុសតិចតួចដែលធ្វើបែបនេះដាក់មិត្ត
“ហេតុអីឯងទះយើង?” ស៊ូមី លើកដៃអង្អែលកន្លែងដែលទះ ខណៈងើបមុខសួរមិត្ត ដោយប្រើក្រសែភ្នែកមិនដឹងខ្យល់អី។
“មកនេះ!” ម៉ូនយ៉ុង ចាប់អូសដៃមិត្តទាំងកំរោល តម្រង់ទៅឡានរបស់ខ្លួន មុននឹងចាប់បើកទ្វាររុញមិត្តឱ្យចូលខាងក្នុងតាមកម្លាំងដោយមិនមានភាពថ្នាក់ថ្នម។
“ជិះឡាននេះមិនបានទេ ម៉ូន.. ឡាននេះមានបញ្ហា” ស៊ូមី ព្យាយាមអង្វរករមិត្តឱ្យស្តាប់សម្តីខ្លួន ខណៈដែលមិត្តបិទទ្វារចាក់សោជាប់ រួចបញ្ជេះចេញទៅយ៉ាងលឿនបំផុតតាមចិត្តដែលខឹង។
“ម៉ូន.. ឈប់ឡាន! គ្រោះថ្នាក់ណាស់” ស៊ូមី បិទភ្នែក ស្រែកអង្វរមិត្ត ព្រោះនាងខ្លាចលឿនបំផុតហើយ តែមិត្តជាន់ហ្គែរសឹងតែកប់ ល្បឿនលឿនដូចព្យុះ
“គិតថាយើងជឿឯងមែនទេ?! ធ្វើដូចបំណងល្អលើយើងណាស់ តែការពិតរលួយក្នុង” ម៉ូនយ៉ុង ពោលឡើងដោយសម្លេងម៉ាត់ៗបញ្ជាក់ពីកំហឹង
“យើងនិយាយការពិត ម៉ូន.. បើឯងមិនជឿយើង គិតថាយើងអាក្រក់ចំពោះឯង យើងក៏មិនដឹងនិយាយបែបណា” ស៊ូមី ស្រក់ទឹកភ្នែកម៉ាត់ សោកស្តាយចំពោះទង្វើដែលជាកំហុសរបស់ខ្លួន មិត្តប្រហែលជាបានដឹងការពិតហើយ ទើបខឹងដល់ថ្នាក់នេះ។
“ឯងមិនត្រឹមតែពូកែនិពន្ធរឿងទេ ពូកែទាំងសម្តែងទៀត!” ម៉ូនយ៉ុង និយាយខ្លាំងៗ និងកាន់តែខឹងខ្លាំងឡើងកាលបើឃើញមិត្តស្រក់ភ្នែកដូចមិនដឹងរឿងអី ធ្វើដូចមិនដែលមានគំនិតចង់បំផ្លាញនាង ធ្វើដូចជាតួកម្សត់ដែលត្រូវគេធ្វើបាប ពូកែសម្តែងពេកហើយ សូមសសើរ!
“ម៉ូន ស្តាប់យើង ជឿយើងទៅណា៎.. ជីអា ចង់សម្លាប់ឯងពិតមែន ឡាននេះគ្មានសុវត្ថិភាពទេ” ស៊ូមី នៅតែពោលបំណងល្អដដែលៗ ក្រែងលោតឿនសតិមិត្ត ដាស់ចេញពីកំហឹងបានខ្លះ។
“ងាប់ជាមួយមិត្តល្អ យើងមិនស្តាយទេ!!!”
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
AcciónPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺