ភាគ៣៨(ល្បិចថោកទាប)

642 29 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៣៨

ថ្ងៃថ្មី..
ក្រោយពីត្រូវថ្នាំគេងសន្លប់អស់ពេញមួយយប់ ត្របកភ្នែកស្តើងចាប់ផ្តើមកម្រើកបើកឡើង ថ្ងាសទូលាយជ្រួញចូលគ្នា ម្រាមដៃស្រឡូនលើកញីសៀតផ្កាថ្នម មុននឹងបើកភ្នែកសម្លឹងមើលពិដានដែលខុសប្លែកពីកន្លែងដែលគេងរាល់ដង នាងប្រញាប់ប្រញាល់ក្រោកអង្គុយសម្លឹងបរិវេណជុំវិញបន្ទប់ មុននឹងទម្លាក់ជើងចុះពីលើគ្រែទើបសង្កេតឃើញសម្លៀកបំពាក់របស់នាងបានផ្លាស់ប្តូរ ខួរក្បាលក៏ចាប់ផ្តើមរំឭកដល់រឿងកាលពីយប់មិញ។
ក្រាក!!
ម៉ូនយ៉ុង សម្លឹងទៅតាមសម្លេងរុញទ្វារបើកចូលខាងក្នុង ខណៈដែលលេចវត្តមានស្ត្រីចំណាស់អាយុប្រហែលជា៥០ឆ្នាំម្នាក់ដើរចូលមកទាំងញោចស្នាមញញឹមផ្អែម
“ភ្ញាក់ហើយឬអ្នកនាង ម៉ូន..?” កាលបើអ្នកម្ខាងទៀតស្គាល់ឈ្មោះរបស់ខ្លួន ម៉ូនយ៉ុង ចាប់ផ្តើមជ្រួញចិញ្ចើមឆ្ងល់ ព្រោះមិនធ្លាប់បានស្គាល់គាត់ពីមុនមក ទើបសួរ៖
“ហេតុអីក៏អ្នកមីងស្គាល់ឈ្មោះរបស់ខ្ញុំ?”
“អ្នកនៅទីនេះសុទ្ធតែស្គាល់អ្នកនាង ដោយសារលោកហ្វៃ គាត់ប្រាប់ពួកយើងថាអ្នកនាងជាប្អូនស្រីរបស់គាត់ ឃើញអ្នកនាងក៏ដូចឃើញគាត់ អ្នកនាងត្រូវការអ្វី ចង់បានអ្វីពួកយើងត្រូវតែបម្រើឲ្យបានល្អ” គាត់និយាយទៅតាមអ្វីដែលចៅហ្វាយនាយបានប្រាប់
“ហ៊ា..ប្រាប់អ៊ីចឹងឬ? ខ្ញុំប្រហែលជារំខានហ៊ាច្រើនពេកហើយ សម្លៀកបំពាក់របស់ខ្ញុំនៅឯណា? ខ្ញុំត្រូវទៅផ្ទះវិញ” ម៉ូនយ៉ុង មានអារម្មណ៍ល្អបន្តិច កាលបើហ៊ាសំណព្វប្រាប់គ្រប់គ្នាថានាងជាប្អូនស្រី ដូច្នេះសង្ឃឹមថាគាត់នឹងអាចកាត់ចិត្តពីនាង ទុកត្រឹមប្អូនស្រីបាន
“អ៊ីចឹងចាំខ្ញុំទៅលាយទឹកឱ្យអ្នកនាងងូត”
“មិនបាច់ទេអ្នកមីង ខ្ញុំមិនទម្លាប់”
“មិនបាច់ក្រែងចិត្តទេអ្នកនាង ធ្វើជាព្រះនាងតូចរបស់លោកហ្វៃមួយពេលទៅ” ឃើញគាត់ចង់ធ្វើដើម្បីនាងបែកនេះហើយ ម៉ូនយ៉ុង ញោចស្នាមញញឹមស្រាលៗយល់ព្រមឱ្យគាត់ធ្វើ។ គាត់ដើរទៅបន្ទប់ទឹករៀបចំលាយទឹកក្តៅឧណ្ហៗ ក៏ដូចជារៀបចំសាប៊ូ រួមជាមួយផ្កាកុលាបក្រហមដាក់ក្នុងទឹកទៀតផង ក្រោយពីរួចរាល់គាត់ដើរចេញមកប្រាប់៖
“សម្លៀកបំពាក់អ្នកនាងខ្ញុំបោកសម្ងួតរួចហើយ ចាំខ្ញុំទៅយកមកឱ្យ អ្នកនាងចូលងូតទឹកចុះ”
“ចាស៎” ម៉ូនយ៉ុង កាន់កន្សែងដើរចូលក្នុងបន្ទប់ទឹកសម្លឹងមើលអាងទឹកដែលរៀបចំយ៉ាងស្អាតរួមជាមួយកុលាបក្រហមល្អឆើតដោយក្រសែភ្នែកស្រងូតស្រងាត់
(ខ្ញុំមិនមែនជាព្រះនាងតូចរបស់ហ៊ាទេ ទោះបីមួយពេល ព្រោះខ្ញុំជារបស់អ្នកផ្សេងរួចហើយ ខ្ញុំមិនប្រាថ្នាអ្នកណាក្រៅពីគេឡើយ អរគុណសម្រាប់ការមើលថែយកចិត្តទុកដាក់) នាងនិយាយក្នុងចិត្តដោយទឹករំភើបចិត្តចំពោះបុរសម្នាក់ដែលតែងតែល្អនឹងនាងកន្លងមក
គិតបន្តិច ម៉ូនយ៉ុង រហ័សដើរទៅជិតទឹកផ្កាឈូកដើម្បីងូតជម្រះកាយ ព្រោះចិត្តមិនទាន់ភ្លេចថាអ្នកណាបានបាត់ខ្លួនឡើយ នាងត្រូវតែបន្តតាមទៅរកពួកគេឱ្យអស់ពីសម្ថភាព
ក្រោយពីរៀបចំខ្លួនរួចរាល់ ម៉ូនយ៉ុង ដើរទៅយកកាបូបរបស់ខ្លួនមកស្ពាយ មុននឹងដើរទៅទាញទ្វារបើកដើរចុះទៅខាងក្រោម
“ប្រាប់ហ៊ាផងអ្នកមីង ខ្ញុំទៅវិញហើយ” ដើរទៅប្រទះនឹងស្ត្រីអំបាញ់មិញ នាងរហ័សប្រាប់គាត់មុននឹងដើរចេញតម្រង់ទៅមាត់ទ្វារ
“នៅញ៉ាំអាហារពេលព្រឹកសិនទៅអ្នកនាង”
“អត់អីទេ ខ្ញុំប្រញាប់”
“ចាំហ៊ាជូនទៅ” ម៉ូនយ៉ុង រហ័សងាកក្រោយទៅរកម្ចាស់សម្លេងដែលកំពុងដើរចេញពីបន្ទប់ដោយឫកពានឹងធឹង
“មិនអីទេហ៊ា ខ្ញុំមិនចង់រំខាន”
“មិនទុកថារំខានទេ ក្រែង ម៉ូន ជាប្អូនស្រីរបស់ហ៊ាអ្ហេស៎?” សៀនហឺ ដើរទៅកៀកករបស់នាងតូច ទុកដូចនាងជាប្អូនតាមសម្តី ធ្វើឱ្យនាងមិនហ៊ានប្រកែកព្រមទៅតាមគេតាមសម្រួល
“ទៅណាហ៊ា?” ម៉ូនយ៉ុង សួរកាលបើមិនដឹងថាផ្លូវមួយនេះត្រូវបើកចេញទៅណា
“ក្រៅក្រុង” សៀនហឺ ឆ្លើយខ្លីៗ ខណៈដែលក្តាប់របស់ម្យ៉ាងហុចឲ្យនាងតូច នាងសម្លឹងគេបន្តិចមុននឹងលាបាតដៃទទួលរបស់នោះ យកមកមើល
“ខ្សែករបស់កូន ជី” ម្រាមដៃស្រឡូនលើកអង្អែលខ្សែករបស់កូនប្រុសបន្តិចមុននឹងលើកមកឱបជាប់ទ្រូងដោយក្តីនឹករឭក
“កុំបារម្ភពេកអី”
ទីងៗ...
ទូរស័ព្ទរបស់ ម៉ូន ស្រាប់លោតសារបង្ហាញលើអេក្រង់ជាច្រើន នាងរហ័សលើកយកមកចុចមើល ឃើញមានរូបថតរបស់ ស៊ូមី ដែលមានជាំមុខជាំមាត់ធ្វើឲ្យចិត្តរបស់នាងឈឺហួស ហើយឃើញថាកូនប្រុសរបស់នាងត្រូវចងដៃចងជើងទៀតធ្វើឱ្យថ្លើមប្រមាត់បេះដូងនាងសឹងតែលែងដំណើរការ
ទីងៗ..
សារលោតមកបន្តទៀត៖
(ប្រគល់ផ្ទះរបស់នាងទៅឱ្យឈ្មួញកណ្តាលម្នាក់ ពួកគេទាំងពីរអាចនឹងមានសុវត្ថិភាព បើពុំនោះទេ នាងអាចនឹងមិនឃើញទាំងសាកសព) ជាសារគម្រាម ធ្វើឱ្យ ម៉ូនយ៉ុង ស្លន់ស្លោចុចតបទៅវិញ៖
“អ្វីក៏ខ្ញុំព្រមឱ្យតែពួកគេមានសុវត្ថភាព”
(ល្អណាស់ បន្តិចទៀតមានមនុស្ស៥នាក់ចាំនៅមុខផ្ទះរបស់នាង ប្រគល់ប្លង់ផ្ទះឱ្យពួកគេទៅជាការស្រេច) សារត្រឡប់
“ធ្វើម៉េចខ្ញុំប្រាកដចិត្តថាពួកឯងមិនធ្វើអីពួកគេ? ខ្ញុំមិនស្គាល់ថាឯងជាអ្នកណាផង”
(ក្នុងចិត្តនាងដឹងច្បាស់ថាខ្ញុំជានរណា ដូច្នេះប្រញាប់ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅ ទុកពេលឲ្យនាងកន្លះម៉ោង)
“បើកឡានទៅផ្ទះរបស់ខ្ញុំទៅហ៊ា”
“នេះ ម៉ូន ចង់ធ្វើតាមសំណើរបស់គេឬ? ចុះបើគេបោកម៉ូន..?”
“មិនអីទេហ៊ា ខ្ញុំមិនដឹងថា ជីអា ចង់បានអ្វីឱ្យប្រាកដទេ ធ្វើតាមនាងសិនទៅ”
“អូខេ បើពួកគេទាក់ទងមកម្តងទៀត ហ៊ានឹងបញ្ជាឲ្យគេចាប់ទីតាំងសេវាទូរស័ព្ទ”
“ចាស៎ហ៊ា ឆាប់បើកឡានទៅ ខ្ញុំមិនអាចឱ្យកូនប្រុសខ្ញុំនិងស៊ូ..កើតអីទេ”
សៀនហឺ ប្រញាប់ប្រញាល់បើកឡានទៅផ្ទះវីឡារបស់ ម៉ូនយ៉ុង យ៉ាងលឿនបំផុត ទៅដល់មានឃើញបុរសមាឌធំដំបង៥នាក់ឈរត្រៀបត្រាចាំយករបស់តាមការគ្រោងទុក។ ម៉ូនយ៉ុង បើកទ្វារចុះពីលើឡានដើរទៅនិយាយជាមួយពួកគេ៖
“បើខ្ញុំធ្វើតាមហើយ ចៅហ្វាយពួកឯងនឹងដោះលែងកូនប្រុសនិងមិត្តរបស់ខ្ញុំមែនទេ?” ក្នុងចិត្តរបស់នាង នៅតែមិនទុកចិត្ត ខ្កាចថានាងចាញ់បោកនរណាម្នាក់ ប៉ុន្តែបើនាងមិនធ្វើតាម នាងខ្លាចថាកូននិងមិត្តមានបញ្ហា ដូច្នេះទើបជ្រើសផ្លូវតែមួយដែលល្ងង់ខ្មៅ
“ជាមនុស្សគួរតែនិយាយស្តាប់គ្នាបាន” សម្លេងរបស់គេធ្វើឱ្យ ម៉ូនយ៉ុង ស្តាប់ហើយ ព្រឺឆ្អឹងខ្នង ទើបរហ័សដើរចូលក្នុងផ្ទះ តម្រង់ទៅបន្ទប់គេង ចុចបើកលេខកូតទូរដែក រួចប្រញាប់ប្រញាល់យកប្លង់ដី ប្លង់ផ្ទះ ទៅហុចឱ្យពួកគេដោយឫកពាស្ទាក់ស្ទើរ
“ឱ្យឬមិនឱ្យហ្នឹង?!!!!!” ពួកគេម្នាក់ក្នុងចំណោម៥នាក់ស្រែកសម្លុតខ្លាំងៗ កាលបើនាងឱ្យហើយដកចេញៗ តាមរបៀបស្ទាក់ស្ទើរ
“ឱ្យ.. តែកុំធ្វើអីកូនប្រុសនិងមិត្តរបស់ខ្ញុំណា៎”
“កុំបារម្ភ!!!!” កាលបើបានរបស់ដែលត្រូវការរួចពួកគេក្រលេកឆ្វេងស្តាំបន្តិច មុននឹងឡើងឡានបើកចេញទៅ  
“ប្រញាប់តាមទៅ” សៀនហឺ សម្ងំអង្គុយក្នុងឡានទាក់ទងទៅកូនចៅរបស់ខ្លួន ឱ្យមកផ្ទះវីឡារបស់នាងតូច ដើម្បីទៅតាមឃ្លាំមើលបុរស៥នាក់អំបាញ់មិញ នឹងងាយស្រួលរកទីតាំងរបស់អ្នកបញ្ជាពួកវា
(ចៅហ្វាយ ពួកវាបើកចូលហាងកាហ្វេ) សម្លេងដែល រីឆេល ទាក់ទងមកវិញតាមរយៈកាសពាក់នៅនឹងត្រចៀក
“តាមពួកគេឱ្យដល់ទីបំផុត”
(ពួកគេអង្គុយផឹកកាហ្វេ)
“តាមមើលកុំឱ្យផុតពីក្រសែភ្នែក”
(បាទចៅហ្វាយ)
ទីងៗ..
ទូរស័ព្ទរបស់ ម៉ូនយ៉ុង ស្រាប់តែរោទ៍ឡើងម្តងទៀត ប៉ុន្តែជាលេខប្លែករហ័ស នាងប្រញាប់ប្រញាល់ចុចទទួល៖
“ជម្រាបសួរ ខ្ញុំ ផាក ម៉ូនយ៉ុង និយាយ”
(អារុណសួស្តីសំណព្វចិត្ត មិនមកធ្វើការទេឬ?) សម្លេងមួយនេះនាងស្គាល់ច្បាស់ថាជាអ្នកណា នាំឱ្យកំហឹងក្នុងខ្លួនកាន់តែឆេះក្តៅពេញទ្រូង ប៉ុន្តែព្យាយាមទប់អារម្មណ៍
“កុំសាំញ៉ាំច្រើន នាងចង់បានអ្វីទៀត? ប្រាប់មក ប៉ុន្តែត្រូវតែរក្សាសុវត្ថិភាពឲ្យកូនប្រុសនិងមិត្តរបស់ខ្ញុំ”
(មកដាក់ពាក្យលាឈប់ឥឡូវនេះទៅ)
“អូខេខ្ញុំធ្វើ ចង់បានអីទៀតទេ?និយាយឱ្យអស់មក”
(ចាកចេញពីជីវិតរបស់គូដណ្ដឹងខ្ញុំ កុំឱ្យគេឃើញមុខនាងទៀត រើឥវ៉ាន់ចេញពីផ្ទះវីឡានោះទៅកន្លែងផ្សេងក្រៅពីទីក្រុង សេអ៊ូល ធ្វើបានទេ?)
“ត្រូវការបែបហ្នឹងទេឬ? អ្ហឺស.. នាងចង់ឈ្នះខ្ញុំដោយវិធីថោកទាបបែបនេះ អូខេ! ឱ្យនាងឈ្នះម្តងចុះ មើលថែគេឱ្យល្អ ឧស្សាហ៍រំឭកគេញ៉ាំអាហារផងព្រោះគេមិនញ៉ាំទេបើគ្មានអ្នកប្រាប់ ទំនេរៗទៅបោសសម្អាត បោកខោអាវ នៅខុនដូររបស់គេផង ព្រោះខ្ញុំមិនអាចធ្វើឱ្យគេបានទៀតទេ” បើអ្វីដែលអ្នកម្ខាងទៀតចង់បានគឺត្រូវការឱ្យនាងដើរចេញពីមនុស្សដែលស្រឡាញ់ដោយចាប់កូនប្រុសនាងទៅគំរាម នាងមិនខ្លាចនឹងធ្វើតាមទេ យ៉ាងណាចុងក្រោយនាងនិងគេគឺមិនអាចទៅរួច ចប់! ដោយការចាកចេញដោយមិនលារបស់នាងជាការល្អបំផុត តែក្នុងចិត្តនៅតែបារម្ភខ្លាចពេលគ្មាននាង គេរស់នៅមិនបាន ទើបចង់ផ្តាំផ្ញើអ្នកម្ខាងទៀត
(មិនបាច់ផ្តាំផ្ញើទេ សំណើរបស់ខ្ញុំមានតែប៉ុណ្ណឹង ប្រញាប់ចាកចេញពីក្រុងឱ្យផុតមុនពេលល្ងាចនេះទៅ)
“ចុះកូនប្រុសនិងមិត្តរបស់ខ្ញុំ?”
(ពួកយើងដោះលែងពួកគេហើយ ចាប់គ្រាន់តែគំរាម បើនាងមិនធ្វើតាមសំណើរបស់ពួកយើង លើកក្រោយអាចមិនមែនជាការគំរាមទេ)
“ខ្ញុំចាញ់នាងហើយ” ម៉ូនយ៉ុង ដាក់ទូរស័ព្ទចុះ បង្ហូរទឹកភ្នែក ក្នុងទ្រូងឈឺអួលណែន ដើមឡើយនាងគិតថានឹងអាចឈ្នះ ជីអា ហើយបានក្បែរមនុស្សដែលស្រឡាញ់ ប៉ុន្តែចុងបញ្ចប់នៃហ្គេម នាងគឺជាអ្នកចាញ់ អ្នកឈឺចាប់បំផុតក៏ជានាង..

...

❥ជូប៊ីនシ

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now