ភរិយាក្រៅអេតាស៊ីវិល - ភាគ២៥+២៦
“លោកមិនខុសទេ!ជាគូដណ្តឹងគ្នានៅជាមួយគ្នាជារឿងដ៏ត្រឹមត្រូវ អ្នកដទៃដូចខ្ញុំមិនសមមានវត្តមានទេ” ម៉ូនយ៉ុង និយាយសម្តីប្រហារបេះដូងខ្លួនឯង នាងគួរតែដឹងច្បាស់ថានាងជាអ្នកណា មានសិទ្ធិអីទៅឃាត់ឃាំងមិនឱ្យគេនៅជាមួយគូដណ្តឹងគេនោះ ប្រពន្ធក្រៅផ្លូវការដូចជានាងគួរតែមានវត្តមានពេលដែលគេត្រូវការប៉ុណ្ណោះ
“អ្នកដទៃមកពីណា?អូនជាប្រពន្ធបង” ជីមីន បដិសេធសម្តីរបស់នាង កាលបើនាងនិយាយបែបនេះគេក៏មានអារម្មណ៍ថារវាងពួកគេគ្មានសិទ្ធិលើគ្នា
“ប្រពន្ធក្រៅផ្លូវការហ្នឹងឬ?” មិនឱ្យគេបញ្ចប់ប្រយោគបានយូរ ម៉ូន រហ័សតបសម្តីគេវិញយ៉ាងលឿន
“អ៊ីចឹងធ្វើឱ្យទៅជាផ្លូវការតែម្តងទៅ” ជីមីន ចាប់អូសដៃនាងតូចទៅជិតទូខោអាវមុននឹងប្រើដៃម្ខាងយកខោអាវស្លៀកដៃម្ខាងទៀតចាប់កដៃនាងជាប់ដោយខ្លាចថានាងរត់ចោលគេ
“ចង់ឱ្យម៉ាក់លោកសម្លាប់ខ្ញុំមែនទេ?!!!” ម៉ូន ចាប់ក្រលាស់ដៃចេញមុននឹងចេញពីបន្ទប់ខុនដូរមួយនេះរហូតដល់បានសម្រេច។
ជីអា ក៏លេចវត្តមាននៅចំពោះមុខអ្នកសង្ហាទាំងពាក់អាវឃ្លុំពណ៌សបញ្ចេញដើមទ្រូងសឹងតែទាំងអស់ ធ្វើឱ្យគេរហ័សងាកមុខចេញដោយឫកពាជាសុភាពបុរស
“សុំទោស..ខ្ញុំធ្វើឱ្យនាងយល់ច្រឡំហើយ”
ត្រឡប់ទៅកាលពីយប់ម៉ិញ..
ជីមីន ទម្លាក់រាងតូចទៅលើពូកទន់ល្មើយរួចចាប់ដោះស្បែកជើងចេញមុននឹងចាប់លើកជើងនាងឱ្យដាក់លើគ្រែផុត រួចដើរទៅទាញភួយដណ្តប់ត្រឹមទ្រូងឱ្យនាងតែនាងក៏ទាញចេញទើបគេត្រូវងាកមុខចេញព្រោះសម្លៀកបំពាក់សិចស៊ីរបស់នាង
“ផាក ជីមីន! លោកដឹងដែរទេ?ខ្ញុំប្រើលុយទិញគេដើម្បីបានគេជាសង្សារ គឺពិតមែន! កុំសើច តែគេបែរជាក្បត់ខ្ញុំ អ្ហឹកៗ.. ខ្ញុំរំពឹងខ្ពស់លើគេពេកហើយ អ្ហឹកៗ.. ខ្ញុំគិតថាគេនិងខ្ញុំអាចនៅជាមួយគ្នាដោយមានក្តីសុខ ទោះបីជាខ្ញុំត្រូវរៀបមង្គលការជំនួញជាមួយលោក តែការពិតក្តីស្រឡាញ់ដែលគេផ្តល់ឱ្យខ្ញុំកន្លងមកគឺក្លែងក្លាយ អ្ហឹកៗ.. ខ្ញុំឈឺចាប់ខ្លាំងណាស់” ជីអា យំរៀបរាប់រវើរវាយទាំងហូរទឹកភ្នែកជ្រាបតាមកន្ទុយភ្នែកឥតស្បើយ ប្រអប់ដៃមាំទម្លាក់យឺតៗទៅលើសក់ទន់រលោងអង្អែលតិចៗពោរពេញដោយភាពកក់ក្តៅខណៈដែលនិយាយថា៖
“មិនអីទេណា៎..” សម្លេងរបស់គេផ្អែមស្រទន់លោមចិត្តរបស់នាងតូច ជីអា ឱ្យស្ងប់ចិត្តបានយ៉ាងមានប្រសិទ្ធភាពបំផុត នាំឱ្យនាងក្រោកអង្គុយសម្លឹងមុខរបស់គេដោយក្រសែភ្នែកស្រទន់ ខណៈដែលខួរក្បាលនឹកដល់សម្តីឆ្លងឆ្លើយរវាងនាងនិងគេ៖
(ប៉ាលោកបង្ខំឱ្យធ្វើល្អដាក់ខ្ញុំមែនទេ?)
(មិនមែន!)
(ហេតុអី?)
(វាជាទម្លាប់ដែលខ្ញុំល្អដាក់គ្រប់គ្នា វាធម្មតាទៅហើយ)
ត្រូវហើយ.. វាជាទម្លាប់របស់គេប៉ុន្តែធ្វើឱ្យនាងមានអារម្មណ៍ថាចង់បានគេធ្វើជាកម្មសិទ្ធផ្តាច់មុខកាន់តែខ្លាំងឡើង ដើមឡើយនាងគិតថាគ្រាន់តែចង់ឈ្នះ ម៉ូនយ៉ុង ប៉ុន្តែពេលនេះនាងចង់បានមែនទែនហើយ ប្រុសល្អៗមានភាពកក់ក្តៅស្មោះត្រង់បែបនេះគួរតែសាកសមនឹងស្រីឋានៈខ្ពស់ដូចជានាង ពេលនេះនាងជាអ្នកមានសិទ្ធិជាង ផាក ម៉ូនយ៉ុង នាងគួរតែប្រើសិទ្ធិនេះដើម្បីដេញស្រីក្រៅខោម្នាក់នោះចេញ
“ចុះរឿងលោកនិង ផាក ម៉ូនយ៉ុង នោះយ៉ាងម៉េចហើយ?” ជីអា ប្រើក្រសែភ្នែកស្រទន់សម្លឹងរាងសង្ហាដែលមិនសូវហ៊ានសម្លឹងនាងចំ
“ខ្ញុំស្រឡាញ់ ម៉ូន ខ្លាំងណាស់ ទោះបីជាខ្ញុំមិនអាចផ្តល់អាពាហ៍ពិពាហ៍ឱ្យនាង ប៉ុន្តែក្នុងចិត្តខ្ញុំមានតែនាងតែម្នាក់គត់ ទោះថ្ងៃមុខមានរឿងមិនល្អកើតឡើងក៏ខ្ញុំនៅតែរក្សាក្តីស្រឡាញ់ជូននាងរហូតដល់ដង្ហើមចុងក្រោយ ក្នុងចិត្តខ្ញុំនៅតែសង្ឃឹមថាពួកយើងអាចរស់នៅជាមួយដោយសុភមង្គល” ជីមីន និយាយទាំងញោចស្នាមញញឹមផ្អែមខណៈដែលក្នុងចិត្តគិតពីស្រីដែលស្រឡាញ់ ទោះបីមុននេះគេខឹងប្រចណ្ឌនឹងនាងប៉ុន្តែក៏បាត់ទៅហើយក្រោយពីនឹកឃើញទង្វើល្អៗដែលសាងជាមួយគ្នា
“ខ្ញុំក៏មិនខុសពីលោក ជឿទៅ! ស្នេហាក្រៅផ្លូវការភាគតិចណាស់ដែលដល់គោលដៅនៃសុភមង្គល” ជីអា និយាយទាំងសង្វេគនឹងខ្លួនឯង នាងកំពុងតែចង់បានប្រុសម្នាក់ដែលមិនបានស្រឡាញ់នាងទៀតហើយមែនទេ? មែន! ប៉ុន្តែលើកនេះវាអាចចងដោយចំណងអាពាហ៍ពិពាហ៍ក៏ថាបាន
“ព្រោះតែនាងជួបស្នេហ៍មិនសមបំណងទើបនិយាយបែបនេះ តែមិនអីទេ.. កុំគិតច្រើន ចាំខ្ញុំយកទឹកក្តៅឧណ្ហៗមកឱ្យនាងញ៉ាំក្រែងលោស្វាងស្រវឹងខ្លះ” ជីមីន ក្រោកចេញពីពូកមុននឹងដើរចេញតែត្រូវម្រាមដៃស្រឡូនចាប់ដៃជាប់បញ្ឈប់ដំណើរ
“ខ្ញុំស្អិតខ្លួនណាស់ ចង់ប្តូរសម្លៀកបំពាក់”
“ចាំខ្ញុំយកអាវឃ្លុំឱ្យនាងពាក់បណ្តោះអាសន្នសិន”
“អរគុណ”
ត្រឡប់មកបច្ចុប្បន្នវិញ..
ជីមីន ខិតខ្លួនឱ្យឆ្ងាយពី ជីអា បន្តិចមុននឹងនិយាយ៖
“មិនអីទេ!ទៅផ្ទះវិញទៅក្រែងលោអ្នកផ្ទះបារម្ភ ខ្ញុំត្រូវទៅក្រៅហើយមិនបានជូនទៅទេ”
“មិនអីទេ!ខ្ញុំក៏មិនចង់រំខានលោក”
“ល្អហើយ! សម្លៀកបំពាក់នាងខ្ញុំឱ្យគេសម្ងួតរួចហើយ”
“ចាស៎.. អ្ហ៎ខ្ញុំចេញទៅហើយ មិនរំខានលោកស្លៀកពាក់ទេ” ជីអា ដើរចេញមុខទាំងមុខក្រម៉ូវព្រោះមិនពេញចិត្តនឹងឫកពារបស់អ្នកម្ខាងទៀតតែក៏ប្តូរមកជាញោចស្នាមញញឹមពិសពុលកាលបើនឹកដល់រឿងដែលធ្វើ ម៉ូនយ៉ុង យល់ថាគ្មានសិទ្ធិ ប្រហែលជាឈឺចិត្តណាស់ហើយមើលទៅ ហាសហា!
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺