ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្ម | Ep15

1K 82 0
                                    

Ep15 : ប៉ាម៉ាក់បង្កើត

ប៊ែលឡាត្រឡប់មកផ្ទះវិញ ខឹងដាច់ក្បាលដាច់ កន្ទុយ។ នាងបោកប្រាស់សម្ភារៈក្នុងបន្ទប់ឡើងរញររញាយ ទន្ទ្រាំជើង ញីក្បាលស្រែកបញ្ចេញកំហឹង។

«ក្តៅចិត្តណាស់!! អាយ៎!!» នាងខឹងជុងហ្គុកខ្លាំងមែនទែន ដែលដេញនាងគ្មានទុកមុខ ថែមទាំងយកអាក្មេងរាងដូចមនុស្សស្រីនោះ សំខាន់ជាងនាង។ ត្រឹមបាវបម្រើធម្មតាសោះ ហេតុអីឲ្យតម្លៃ ហើយដូចជាយកចិត្តទុកដាក់ជាមួយខ្លាំងម្ល៉េះ ដល់ពេលនាងវិញ ទុកដូចជាខ្យល់អាកាស។

នាងក្រមុំដកដង្ហើមវែង យកទូរសព្ទ័មកមើល ក៏ឃើញថាឪពុកខលមក។

«លោកប៉ា»

( ក្រែងយើងឲ្យឯងទៅរកជុងហ្គុក? ហេតុអីឯងមកផ្ទះវិញ? ) ឮសំណួរគាត់ហើយ ធ្វើឲ្យនាងកាន់តែខឹងមួម៉ៅ នេះប្រាកដជាពួកអ្នកបម្រើអស់នោះ ខលប្រាប់មិនខាន។

«ខ្ញុំទៅហើយ តែគេដេញខ្ញុំមកវិញ» នាងខ្លួនឯងក៏មិនចង់ទៅរកជុងហ្គុកដែរ ព្រោះតែមើលដឹងថាជុងហ្គុកមិនចូលចិត្តនាង ហើយនាងតែងតែអាម៉ាសរាល់ពេលទៅជួបគេ។
បើមិនដោយសារសម្ពាធពីឪពុក នាងក៏មិនទៅដែរ។

( យើងឲ្យឯងព្យាយាមស្និតស្នាលជាមួយវា កន្លងផុតទៅប៉ុន្មានខែហើយ ឯងធ្វើអីបានខ្លះ? បើនៅតែបែបនេះ ពេលណាឯងបានរៀបការជាមួយវាទៅ? ) ប្រាប់ហេតុផលហើយ ក៏នៅតែត្រូវស្តីបន្ទោសឲ្យ។

ប៊ែលឡាខាំមាត់ណែន ទប់កំហឹងមិនឲ្យឈ្លោះគ្នាជាមួយឪពុក។ រាល់ថ្ងៃនេះ នាងរស់នៅដូចជាទាសកររបស់គាត់អីចឹង គាត់ឲ្យនាងរៀនអី នាងត្រូវតែរៀនហ្នឹង ធ្វើតាមគាត់បញ្ជាគ្រប់បែបយ៉ាង ហើយពេលណាក៏ត្រូវស្តីបន្ទោសឲ្យ។ អ្វីដែលគ្រប់គ្នាមើលឃើញ មិនមែនជាការពិតទាំងអស់ នាងមិនអាចធ្វើតាមចិត្តខ្លួនឯង រស់នៅជាខ្លួនឯង មិនអាចសូមបីតែតវ៉ា។ នាងរស់នៅជាមួយការសម្តែងធ្វើជារឹងមាំ សម្តែងធ្វើជាក្រអឺតក្រទម នាងសម្តែងឲ្យប៉ារបស់ជុងហ្គុកស្រលាញ់ ចង់បាននាងជាកូនប្រសាតាមអ្វីដែលប៉ារបស់នាងបញ្ជា សម្តែងរាល់ពេលនៅជាមួយជុងហ្គុក សម្តែងធ្វើជារករឿងជីមីន ទាំងដែលនាងគ្មានអ្វីគុំគួនគេសោះ ក៏ព្រោះតែចង់ឲ្យគេខ្លាច ហើយគោរពនាង។

ព្រំដែនស្នេហ៍ អ្នកប្រុសបេះដូងថ្មWhere stories live. Discover now