សម្លេងនៃតូរ្យតន្រ្តីលាយឡំនឹងសំនៀងដ៏អស្ចារ្យរបស់តន្រ្តីករនៅលើឆាកនៃក្លឹបដ៏ល្បីមួយកន្លែង ភ្ញៀវទាំងនោះលែងចាប់អារម្មណ៍ចំពោះអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនពួកគេ កែវភ្នែករបស់ពួកគេផ្ដោតសំខាន់តែទៅលើក្រុមតន្រ្តីមួយក្រុមនោះតាំងពីការប្រគុំដំបូងរហូតដល់បញ្ចប់ វាបានថតជាប់គ្រប់សកម្មភាពនិងពាក្យពេចន៍របស់អ្នកច្រៀងស្ទើរតែទាំងស្រុង។នេះក៏បានន័យថា ពួកគេគឺផ្ដោតខ្លាំងទៅលើក្រុមមួយនេះកម្រិតណា។បន្ថែមទៅទៀត គោលដៅធំរបស់ពួកគេមិនមែនជាអ្នកច្រៀងទេ តែជាអ្នកកេះហ្គីតា electric ទៅវិញ។
(ម្ដងហើយម្ដងទៀត)ក្រសែភ្នែកដ៏កំណាចសម្លឹងទៅចំនឹងភ្នែករបស់មនុស្សទាំងនោះ ក្នុងចិត្តរបស់គេពោលដោយភាពធុញថប់អមទៅនឹងការឃ្នើសចិត្ត។គេចាប់ផ្ដើមស្អប់-គេចាប់ផ្ដើមស្អប់នូវអ្វីដែលពួកគេមើលមកខ្លួនដូចជារបស់មួយដែលត្រូវតែយកឲ្យបាន។គេមានអារម្មណ៍ថាខ្ពើមខ្លាំង ហេតុអីក៏មនុស្សទាំងនោះមានតែក្រសែភ្នែកដែលដូចៗគ្នាមើលមកកាន់គេបែបនេះ?
ពីដំបូងគេគិតថាជីវិតរបស់គេនឹងប្រសើរដែលអាចដើរតាមក្ដីស្រម៉ៃនិងរស់នៅក្នុងជីវិតដ៏ល្អមួយ។តែអត់ទេ...វាមានរយៈពេល2ឆ្នាំហើយដែលជីវិតរបស់គេត្រូវបានរំខានទៅដោយអ្នកគាំទ្រដែលឈ្លក់វង្វេងទាំងនោះ។គេមិនអាចសូម្បីតែរស់នៅក្នុងជីវិតដ៏សាមញ្ញដូចកាលពីដំបូង គេខំអត់ធ្មត់ខ្លាំងបើទោះជាខួរក្បាលរបស់គេតែងតែបញ្ជាគេរាល់ពេលដែលឃើញការរំខានពីមនុស្សទាំងនោះ "សម្លាប់ពួកវាចោលទៅ"។
នៅពេលដែលសម្ដែងចប់ អ្នកសម្ដែងក្មេងជាងគេក្នុងចំណោម4នាក់បានចុះពីលើឆាកមុនគេ។ទោះជាមើលទៅអាចនឹងគ្មានសុជីវធម៌ តែមនុស្សទាំងនោះមិនបានខ្វល់។ពួកគេបែរជាយល់ឃើញថាសកម្មភាពរបស់លីថាងគឺគួរឲ្យស្រឡាញ់ទៅវិញ។
"លីថាង!!មិចក៏ធ្វើចរិកដូចក្មេងទើបនឹងធំទៀតហើយ?មិនមែនបងបានប្រាប់ហើយមែនទេថាត្រូវអត់ធ្មត់និងធ្វើជារីករាយជាមួយបរិយាកាសជុំវិញខ្លួន?"មកដល់បន្ទប់សម្រាកមិនទាន់ គេត្រូវបានមេក្រុមស្ដីបន្ទោសម្ដងទៀត។
![](https://img.wattpad.com/cover/368580235-288-k675345.jpg)