#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី18ឡានស៊េរីទំនើបបានឈប់ចតនៅមុខក្រុមហ៊ុនត្រកូលផាក ដែលជាដៃគូសហការជាមួយនឹងត្រកូលចន ជាសេដ្ឋីប្រចាំ ទីក្រុងប៊ូសាននេះ។
រាងស្តើងចុះពីលើឡាន ដោយមានកូនប្រុសរបស់គេដើរតាមពីក្រោយ។ ពួកគេដើរចូលទៅខាងក្នុងដោយភាពជឿជាក់ ក្នុងនាមជានាយកថ្មីទីនេះ។
ជុងមីន ជាក្មេងឆ្លាត និងក្លាហាន ទើបគេមិនញញើត ឬក៏ភ័យខ្លាចនឹងក្រសែភ្នែករបស់បុគ្គលិក ដែលសម្លឹងមករកគេនោះឡើយ។
ចំណែកអ្នកដែលបានសម្លឹងមកកាន់ក្មេងតូចម្នាក់នេះ ពួកគេកាន់តែខ្នាញ់នឹងមុខរបស់ ជុងមីន ជាខ្លាំង ព្រោះមុខរបស់គេដូច ជីមីន បេះដាក់ រួមជាមួយនឹងភាពក្លាហានរបស់គេផងដែរ ។
អ្នកខ្លះក៏បានសន្និដ្ឋានថា ជីមីន ប្រហែលជាកូន ជានឹងភរិយា របស់គេ ក្នុងអំឡុងពេលដែលបានបាត់ខ្លួននោះហើយ។ អ្នកខ្លះក៏ឆ្ងល់ថា តើអ្នកណាជាភរិយារបស់ ជីមីន ទៅ ព្រោះពួកគេបានដឹងថា ជីមីន បានបាត់ខ្លួនប្រហែលជាប្រាំឆ្នាំហើយ។ពេលនេះក៏ត្រឡប់មកវិញ ជាមួយនឹងកូនប្រុស ប៉ុន្តែបែរជាមិនបានឃើញមុខភរិយារបស់គេមកជាមួយទៅវិញ?
ជីមីន បានមកដល់ក្នុងបន្ទប់ធ្វើការរបស់គេ ហើយក៏ចាប់ផ្តើមរៀបចំកន្លែងសម្រាប់ឲ្យ ជុងមីន លេង។ ទោះបីជារវល់យ៉ាងណាក៏គេមិនដែលភ្លេច ក្ដីសុខកូនរបស់គេដែរ។
ជីមីន តែងតែដាក់របស់លេងតាមខ្លួន ទុកសម្រាប់កូនលេងរហូត។ តែវាក៏គួរឲ្យ អាណិត ជីគុក ដែលនៅផ្ទះនោះដែរ។ ជីមីន មិនបានលំអៀងលើកូនភ្លោះទាំងពីរនេះទេ តែគេក៏គិតដល់ចំណុចជាច្រើន បើសិនជារឿងដែលគេមានកូនជាមួយ ជុងគុក ត្រូវបែកការទៅខាងក្រៅនោះ។
ជុងគុក ជាអគ្គនាយកវ័យក្មេងល្បីឈ្មោះ ថែមទាំងមានសង្សាដែលសារព័ត៌មានតែងតែចុះនោះទៀត។ គេមិនចង់ឲ្យ គេនិងកូនទៅបំផ្លាញ ជុងគុក ទេ ទើបលាក់គ្រប់យ៉ាង។ បើសិន ជីគុក បង្ហាញខ្លួនឲ្យ ជុងគុក ឃើញ គ្រប់យ៉ាងគឺចប់ហើយ ព្រោះ ជីគុក មុខដូច ជុងគុក 100% បែបនោះ គេច្បាស់ជាស្គាល់កូនរបស់គេ។
នៅមានចំណុចមួយទៀត ដែល ជីមីន តែងតែភ័យខ្លាចបំផុតនោះគឺ គេ និងជុងគុក មិនបានស្រឡាញ់គ្នាចេញពីចិត្តនោះឡើយ រវាងពួកគេបានត្រឹមតែជាមិត្តភក្តិ ហើយក៏ជ្រុលជ្រោះជាមួយគ្នាតែប៉ុណ្ណោះ។
បើសិនជា ជុងគុក ដឹងថាគេមានកូន ជុងគុក អាចនិងយកកូនរបស់គេចេញពីគេមិនខានទេ។ ក្នុងនាមជាម្តាយ គេមិនអាចឈរមើលកូនរបស់ខ្លួនឯង ទៅរស់នៅជាមួយនឹង ម្ដាយចុងបាននោះឡើយ។ ទម្រាំបង្កើតពួកគេទាំងពីរនេះមកបាន ជីមីន
ត្រូវឆ្លងកាត់ការឈឺចាប់ និងភាពលំបាកជាច្រើន។ដូចនេះហើយ គេត្រូវតែការពារកូនរបស់គេ មិនអាចឲ្យនរណាម្នាក់ យកពួកគេចេញពីគេបានឡើយ។ គេសុខចិត្តធ្វើជាមនុស្សអាត្មានិយម ក៏មិនចង់ឃើញអ្នកដទៃធ្វើបាបកូនរបស់ខ្លួនឯងដែរ។
ជីមីន អង្គុយធ្វើការបណ្ដើរក្រឡេកមើលកូនរបស់គេបណ្ដើរ ក្នុងចិត្តក៏នឹកឃើញដល់រឿងរៀនសូត្ររបស់ពួកគេ ដែលដល់អាយុត្រូវចូលសាលាមត្តេយ្យ។
ជីមីន បានបិទឯកសារទុកសិន ហើយក៏បានចូលទៅក្នុងអ៊ីនធឺរនែត ឆែករកមើលសាលាណា ដែលល្អបំផុតនៅក្នុងប៊ូសានដើម្បីបញ្ជូនកូនរបស់គេទៅសិក្សា។
គេបានរកឃើញសាលាមួយដែលល្អ ហើយអ្វីដែលពិសេសនោះ ក៏មានគ្រូទៅបង្រៀនតាមផ្ទះ សម្រាប់កុមារដែលមិនអាចទៅរៀននៅសាលាបាន។ ជីមីន ពិតជាសប្បាយចិត្តណាស់ព្រោះគេនឹងឲ្យគ្រូទៅបង្រៀនកូនរបស់គេនៅផ្ទះ ដោយមិនបារម្ភខ្លាចរឿងដែល ជុងគុក បានឃើញមុខមាត់របស់ពួកគេ។
ក្រោយពីរៀបចំរឿងសាលាសម្រាលកូនរួច លេខារបស់ ជីមីន ក៏បានចូលមកដល់ល្មម។ គេបានប្រាប់ថាមានភ្ញៀវពិសេសមកសុំជួប។ ជីមីន ក៏បានអនុញ្ញាតឲ្យភ្ញៀវម្នាក់នោះ ចូលមកក្នុងបន្ទប់របស់គេ។ ទ្វារបានបើក ក៏បានបង្ហាញមុខរបស់បុរសម្នាក់ ដែលជាអតីតកមិត្តរបស់គេ។
ជីមីន ដឹងរួចទៅហើយថា ថ្ងៃនេះក៏បានមកដល់ ថ្ងៃដែលគេត្រូវជួបមុខបុរសម្នាក់នេះ សាជាថ្មី ហើយធ្វើឲ្យបេះដូងរបស់គេចាប់ផ្តើមឈឺចាប់ម្តងទៀត។ រឿងរ៉ាវជាច្រើនបានលេចឡើង នៅក្នុងខួរក្បាលរបស់គេម្តងទៀត។ជុងគុក មិនបានមកតែម្នាក់ឯងនោះទេ គេដើរចូលទៅខាងក្នុង ជាមួយបាច់ផ្កា រួមជាមួយនឹងនារី ដែលស្រស់ស្អាតឆើតឆាយការអមទៅជាមួយគេដែរ។ នាងញញឹមបែបពិសពុលទៅកាន់ ជីមីន ដែលមានមុខស្លេកស្លាំង ពេលបានឃើញ ជុងគុក មកដល់ទីនេះ។
_____________
See you next part.
#យូជី
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...