#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៤៧
ត្រឡប់មកផ្ទះវិញបានច្រើនថ្ងៃហើយ ស៊ានតាយគិតចង់ប្រាប់រឿងដល់ប៉ាម៉ាក់ តែគេចេះតែរវល់រហូត ព្រោះមានការនាំចំណីសត្វទ្រង់ទ្រាយធំចេញក្រៅ។
------------
យ៉ាងអុីភ្ញាក់ឡើងនៅពេលយប់ ស្រវារកប្តីមិនឃើញ។ គាត់ឆ្ងល់យូរហើយប្តីធ្វើអី? ពេលខ្លះឃើញគាត់ក្នុងបន្ទប់សៀវភៅ ពេលខ្លះឃើញអង្គុយនៅសាឡុង ហើយចុះពេលផ្សេង រកមិនឃើញ គេនៅឯណា?
យ៉ាងអុីចង់បិទភ្នែកគេងបន្ត តែមិនអស់ចិត្តទើបក្រោកឡើង ត្រូវរកឱ្យឃើញ គេកំពុងធ្វើអ្វីនៅក្រោយខ្នងគាត់?
----------
មនុស្សដែលយ៉ាងអុីកំពុងរកពេលនេះកំពុងនៅក្នុងបន្ទប់កូនស្រី។ លោកស៊ានហានយកលុយមកទុកឱ្យនាងប្រើប្រាស់ ហើយក៏បានឆ្លៀតនិយាយលេងបន្តិចបន្តួច នឹងនិយាយពីរឿងឱ្យនាងរៀបការ។
"កូនអាចប្រើពេលស្វែងយល់ពីគ្នាសិន មិនរៀបការក៏មិនអីដែរ"
"ប៉ា! កូន...កូនមិនទាន់ចង់គិតរឿងនេះទេ" នាងស្រឡញ់ស៊ានតាយខ្វះមិនបាន។
"ប៉ាចង់ឱ្យកូនបានរាប់អានមនុស្សម្នានឹងគេ"
"ជីវិតកូនពេលនេះសុខសប្បាយហើយប៉ា កូនមិនចង់បានអីទៀតទេ" នាងញញឹមដោយចិត្តស្មោះ លើកលែងតែរឿងស៊ានតាយ។
"ប៉ាឈប់បង្ខំហើយ បើកូនស្រឡាញ់អ្នកណាប្រាប់ប៉ាបាន" គាត់អង្អែលក្បាលកូន។ នាងក្រមុំមិនអាចប្រាប់បានថាមនុស្សនាងស្រឡាញ់ជាអ្នកណា។
ស៊ានភីងក្រោកជូនប៉ាចេញទៅវិញ តែទាក់ជើងខ្លួនឯងប៊ិះដួល លោកស៊ានហានចាប់ទាន់ តែចំពេលទ្វារបើកដោយយ៉ាងអុី។ គាត់មិនចង់មកបន្ទប់នាងនេះទេ ដោយសាររកប្តីមិនឃើញ ហើយដូចគាត់ខ្លាចមែន។
"ម៉ាក់..." ស៊ានភីងខ្លាច ភ្នែកម៉ាក់ក្រហមដោយកំហឹង។
"អា!!!!...ស្រីចង្រៃ ស្មោកគ្រោក ថោកទាប..."
ផាច់! មុខស៊ានភីងបែរតាមកម្លាំងទះ ចង់វិល ថែមទាំងត្រូវម៉ាក់បោចសក់ទាញទៅទៀត។ លោកស៊ានហានឱបប្រពន្ធឱ្យលែងស៊ានភីងចេញ។