ភាគ១៩

21 0 0
                                    

#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១

ភាគ១៩

យ៉ាងអុីត្រឡប់មកផ្ទះជាមួយភ្ញៀវពីរនាក់គឺលោកស្រីហុង ជាមួយកូនប្រុសរបស់គាត់ លោកស៊ានហានត្រូវប្រពន្ធបង្ខំឱ្យមកផ្ទះដើម្បីទទួលភ្ញៀវ ។ ស៊ានភីងលើកទឹកឱ្យភ្ញៀវរួចត្រៀមចេញទៅវិញ ត្រូវម៉ាក់ហៅឱ្យអង្គុយដែរ ។

" ស៊ានភីង នេះគឺលោកស្រីហុង និងបងប្រុសហុងសាន " គាត់ឱ្យនាងនៅទទួលភ្ញៀវ ។ លោកស៊ានហានមើលប្រពន្ធកំពុងគិតអី ។

" ជម្រាបសួរ! " នាងញញឹម ។ លោកស្រីហុងញញឹមជាប់ក្មេងនេះសុភាពទន់ភ្លន់ស័ក្តិសមជាកូនប្រសារស្រីគាត់ ។ ហុងសានជាបុរសស្រគត់ស្រគំ ពាក់វែនតា គេជាគ្រូបង្រៀនសុភាពរាបសានៅសាលារដ្ឋ គេពេញចិត្តស៊ានភីងមិនខុសពីម៉ាក់ដែរ គេចង់បានប្រពន្ធជាស្រីល្អ ជាស្រ្តីមេផ្ទះចំណាន ។

" គួរឱ្យស្រឡាញ់ណាស់កូនស្រី " លោកស្រីហុងទាញដៃស៊ានភីងមករកឱបនាងជាប់ ។ អ្នកមិនដឹងរឿងកើតការស្រឡាំងកាំង ។

" អូន... " លោកស៊ានហានហៅប្រពន្ធ នាងគិតចង់ចាប់គូពួកគេមែនទេ ។ យ៉ាងអុីសម្លឹងមុខប្តីឱ្យបិទមាត់ ។

" ស៊ានភីង នាំបងទៅលេងផ្ទះក្នុងសួនទៅកូន " ម៉ាក់ប្រាប់ ។ នាងក្រមុំរំភើបណាស់ពេលម៉ាក់ហៅនាងកូនម្តងៗ ។

" ចាសម៉ាក់ " នាងនាំហុងសានទៅលេងខាងក្រៅ ។ ចាស់ៗចាប់ផ្តើមនិយាយរឿងភ្ជាប់សាច់ឈាម ដោយលោកស៊ានហានគ្មានសិទ្ធប្រឆាំង តែគាត់នៅអះអាងថាឱ្យភ្ជាប់ពាក្យសិន រង់ចាំស៊ានភីងអាយុ២០ឆ្នាំ ។

------------

នៅខាងកំលោះក្រមុំ ស៊ានភីងមិនបានចូលចិត្តហុងសានទេ នាងមិនញាប់ញ័រដូចមានចំពោះស៊ានតាយ សំខាន់នាងលែងសេសសល់អ្វីទៀតហើយ រាងកាយនាងជាប់ភាពស្មោកគ្រោក ។ ហុងសានជាបុរសសុភាពគេដើរឆ្ងាយៗពីនាង ផ្តល់កិត្តិយសឱ្យ ។

" ស៊ានភីង! អូនដឹងពីបំណងបងមកថ្ងៃនេះទេ ? " គេសួរពេលអង្គុយក្នុងខ្ទម ។

" ចាស មិនដឹងទេ " នាងធ្វើមិនដឹងរឿង បើមិនខុសគឺម៉ាក់កំពុងរកប្តីឱ្យនាងដូចដែលធ្លាប់និយាយ ។

" បងឃើញអូនដំបូងបងពេញចិត្តលើអូនណាស់ ស៊ានភីង រៀបការជាមួយបងណា " គេញញឹមស្មោះត្រង់មើលនាង ។

" ខ្ញុំ... " នាងឱនមុខចុះ នាងមិនទាន់ចង់រៀបការ តែមិនចង់ចំទាស់ចិត្តម៉ាក់ដូចគ្នា បើមុននេះនាងទទួលគេដោយមិនស្ទាក់ស្ទើរ ឥឡូវនាងលែងបរិសុទ្ធទៀតហើយ ។ ស៊ានភីងស្រក់ទឹកភ្នែកចំពោះរឿងអាម៉ាសបានធ្វើ ។

" កើតអីបានយំ ? អូនស្អប់ខ្ពើមបងណាស់មែនទេ! " គេចាប់ដៃនាង ។

" មិនមែនទេ តែខ្ញុំមិនអាចរៀបការជាមួយលោកបានទេ ខ្ញុំសុំទោស... "

" ប្រាប់បងបានទេ ហេតុអ្វីរៀបការមិនបាន " គេមើលនាង ស៊ានភីងជាស្រីល្អ មិនបាននាងធ្វើជាប្រពន្ធជារឿងគួរឱ្យសោកស្តាយណាស់ ។

ស៊ានភីងសម្លឹងទៅឆ្ងាយ បើនាងរៀបការ នាងអាចគេចផុតពីស៊ានតាយ នាងគួរតែរៀបការ នេះជាផ្លូវចេញមួយដែលល្អបំផុតសម្រាប់នាងពេលនេះ ទោះជាការធ្វើប្រឆាំងបេះដូងខ្លួនឯង ។

" លោកហុងសាន " នាងហៅ

" ហៅបងថាបងណា ស៊ានភីង " គេញញឹមកក់ក្តៅដាក់នាង ។

" ចាស បងហុងសាន បងនៅចង់រៀបការនឹងខ្ញុំទេបើខ្ញុំមិនមែនស្រីបរិសុទ្ធ... " នាងសួរគេដោយភ័យខ្លាច វាជារឿងអាម៉ាសរបស់មនុស្សស្រី ថែមទាំងមនុស្សប្រុសគ្រប់គ្នាតែងចង់បានភាពបរិសុទ្ធពីប្រពន្ធក្នុងថ្ងៃរៀបការ ។

" ស៊ានភីង! បងត្រូវការស៊ានភីងគឺជាស៊ានភីង បងមិនស្អប់ខ្ពើម ឬប្រកាន់លើរឿងបែបនោះទេ ។ បងចង់បានស៊ានភីងជាប្រពន្ធ ជាស្រ្តីមេផ្ទះសម្រាប់បង "

" បងហុងសាន! " នាងញញឹមដាក់គេ ។ នាងសម្រេចចិត្តត្រូវហើយយកវិធីនេះ ស៊ានតាយមិនអាចបំពាននាងតាមអំពើចិត្តបានទៀត ។

ហុងសានញញឹមដាក់នាង ដោយសារបែបនេះមែនទេ ទើបអ្នកមីងយ៉ាងអុីបង្ខំរឿងរៀបការកូនស្រី តែគេក៏មិនប្រកាន់នឹងនាងដែរ គេស្រឡាញ់ចូលចិត្តនាង ។

-----------

ផ្លូវចេញល្អមែន តែស៊ានតាយព្រមឬអត់នោះចាំមើលទៅ

#កែសម្រួល_និងខូវ័រដោយ_an

#TaylorNovel

ស្នេហាមួយនេះគេហាមឃាត់_វគ្គ១(ចប់)Tempat cerita menjadi hidup. Temukan sekarang