#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ២០
នៅតុអាហារយ៉ាងអុីញញឹមបិទមាត់មិនជិត គោលបំណងគាត់សម្រេចហើយចាប់ស៊ានភីងឱ្យរៀបការ តែប៉ុណ្ណេះគាត់អស់បារម្ភ ។ លោកស៊ានហានមិនសូវចង់យល់ព្រមឡើយ តែកូនស្រីបែរជាអះអាងថារៀបការ ទើបមានតែតាមចិត្តកូន ។
ស៊ានភីងឱនមុខញ៉ាំបាយស្ងាត់ៗ នេះឬទឹកមុខអ្នកពេញចិត្តរៀបការ ? ស៊ានតាយដឹងរឿងខឹងញាក់សាច់ នាងគិតចង់ចាប់ខ្លួនឯងដាក់កន្ត្រកលាងទឹក ដើម្បីយកប្តីថ្មីមែនទេ កុំសង្ឃឹមនាងជាប្រពន្ធរបស់គេ ។ ស៊ានតាយសម្លឹងទៅនាងមុខមាំកំណាច ។
" នាងចង់បានប្តីណាស់ស៊ានភីង " គេប្រើសម្តីចាក់ដោតនាង ទាំងមានគេជាប្តីរួចហើយ ។
" ស៊ានតាយ! ប៉ាមិនចូលចិត្តទេ ដែលកូននៅតែនិយាយស្តីជាមួយបងស្រីបែបនេះ កូនគួរតែចេះគោរពបង " លោកស៊ានហានហាម គាត់មិនតាមចិត្តម៉ែកូននេះ បណ្តោយឱ្យធ្វើបាបស៊ានភីងទៀតទេ ។
" ប៉ាបារម្ភម្ល៉េះ ? សាមីខ្លួនមិនបានឮមាត់ផង " គេសម្លក់នាង ។
" នាងមិនមាត់ តែកូនក៏ត្រូវមានសុជីវធម៌ដែរ បានចូលសាលាដែរតើ " លោកស៊ានហានខឹង ធ្វើឱ្យរាលដាលដល់យ៉ាងអុី ។
" លោកបងកំពុងមើលងាយកូនខ្ញុំ " យ៉ាងអុីតវ៉ា គេកំពុងស្តីឱ្យកូនបង្កើតព្រោះអ្នកដទៃ ។
" មិនអីទេប៉ា ម៉ាក់ ។ ខ្ញុំមិនថាអីទេ " ស៊ានភីងប្រញាប់ប្រាប់កុំឱ្យមានរឿងឈ្លោះគ្នាកើតឡើង ព្រោះដើមហេតុជានាង ។
" ហ៊ឹះ! ស្រីល្អ ។ សូមឱ្យល្អរហូតទៅ! បាន...នៅពេលប៉ាចង់ឱ្យខ្ញុំគោរពនាង ខ្ញុំនឹងគោរពហៅនាងថាបង ហៅឱ្យនាងជាប់ចិត្តគ្មានថ្ងៃបំភ្លេចបាន " គេញញឹមចំអកដាក់នាង ។ ស៊ានភីងញ័រខ្លួន គេកំពុងគិតអីទៀតហើយ ។
" ស៊ានតាយ! " លោកស៊ានហានដឹងថាកូនប្រុសម្នាក់នេះចចេសក្បាលរឹងមិនខុសពីម៉ាក់គេឡើយ ។
" លោកបង! " យ៉ាងអុីការពារកូន ។ លោកស៊ានហានក្រោកចេញ យ៉ាងអុីទៅតាម ។
" ខ្ញុំមិនឱ្យនាងរៀបការទេ " ស៊ានតាយគំរាម ។
" ឯងមានសិទ្ធិអីមកហាម " នាងមិនត្រូវឱ្យគេកៀបសង្កត់ទៀតទេ ។
" អុ៎! ភ្លេចហើយថាខ្ញុំជាប្តីនាង ត្រូវការឱ្យបញ្ជាក់ទៀតឬយ៉ាងម៉េច "
" អត់ទេណាស៊ានតាយ ដោះលែងខ្ញុំទៅ យើងជាបងប្អូននឹងគ្នា " គេគិតចង់ចងនាងទុកធ្វើបាបទាល់តែឆ្អែត ពិតជាឆ្កួតណាស់ គេជាមនុស្សរោគចិត្ត ។
" ខ្ញុំគឺជាប្តីនាង កុំគិតយកប្តីថ្មីមកបន្ថែមគ្រាន់តែខ្ញុំមួយនាងជិតស្លាប់ជិតរស់... "
" បានហើយស៊ានតាយ បិទមាត់ គួរឱ្យស្អប់! " នាងក្រោកចេញ ។ គេអាត្មានិយមបំផុត ទឹកភ្នែកនាងហូរពេញថ្ពាល់ នាងខូចចិត្ត នាងឈឺចាប់ នាងចង់ស្លាប់... ការរៀបការនាងសម្រេចត្រូវហើយដើម្បីបញ្ឈប់រឿងទាំងនេះ ។
ស៊ានតាយសម្លក់នាងពីក្រោយ ។ នាងគិតថាគេនឹងដោះលែងនាងឬ កុំសង្ឃឹម ។ គេមិនឱ្យរឿងរៀបការកើតឡើងដាច់ខាត ស៊ានភីងឃើញទន់ភ្លន់បែបនេះទេ តែមានះដែរតើ នាងគ្មានថ្ងៃរួចខ្លួនពីគេទេ ។
----------------
សម្លេងគោះទ្វារធ្វើឱ្យនាងក្រមុំភ័យភ្ញាក់ ជាស៊ានតាយមកទៀតមែនទេ នាងញ័រខ្លួនចាប់ដៃច្របាច់ចូលគ្នា ។
" ស៊ានភីង គេងហើយនៅកូន " លោកស៊ានហាន
" ប៉ា! " នាងក្រោកទៅបើកទ្វារឃើញមុខប៉ាធ្វើឱ្យនាងអស់បារម្ភ ។
" កូនកើតអី ? " ប៉ាឃើញកូនដូចភ័យប្លែកៗ ។
" អត់ទេប៉ា... ប៉ាមានការអីដែរទេ ? " នាងនាំប៉ាទៅអង្គុយលើសាឡុង ដែលទើបលើកមកបន្ថែម ។ បន្ទប់នាងតូចរាងចង្អៀត ថែមសាឡុងទៀតកាន់តែមើលទៅចង្អៀតឡើង គាត់ចង់ឱ្យនាងទៅនៅជាន់លើនាងមិនព្រម ព្រោះបន្ទប់នេះនៅតាំងពីតូច ។
" ប៉ាចង់និយាយរឿងរៀបការ កូនពិតជាចង់រៀបការមែនឬ ? "
" ចាសប៉ា ការរៀបការគឺជារឿងល្អបំផុតពេលនេះ " នាងគិតថាស៊ានតាយមិនអាចធ្វើអីនាងបានទៀត ។
" ការរៀបការគឺជារឿងសុភមង្គលពេញមួយជីវិត កូនស្រឡាញ់ហុងសានទេ ឬធ្វើដើម្បីម៉ាក់ ? កូនកុំធ្វើដើម្បីអ្នកដទៃត្រូវគិតពីខ្លួនឯង " គាត់អង្អែលស្មាកូនស្រី នាងឱនមុខគេចខ្សែភ្នែកគាត់ នាងគ្មានជម្រើសបើមិនធ្វើ ។
To be continued.......
--------------
គិតត្រូវហើយ
#កែសម្រួល_និងខូវ័រដោយ_an
#TaylorNovel