#ស្នេហាមួយនេះគេហាមឃាត់_វគ្គ១
ភាគ៣៦
ស៊ានភីងកំពុងចិតសំបកផ្លែឈើជូនម៉ាក់ ស្រាប់តែមានកណ្តឹងរោទ៍នៅមុខផ្ទះ មានភ្ញៀវមករក។ នាងក្រមុំទៅបើកទ្វារបានជួបនឹងស្រីក្រមុំស្អាតឈរញញឹមដាក់។
"ពីនជី!" ស៊ានភីងហៅឈ្មោះអ្នកមកលេងដោយគ្មានតម្រុយតិចៗ ពីនជីមកធ្វើអី?
"បងស្រី! ខ្ញុំអាចចូលទៅបានទេ" ពីនជីក្នុងឈុតស៊ិចស៊ី នាងនៅតែមើលទៅដូចក្មេង ហើយស្អាតជាងមុន។
"ចាស! សូមអញ្ជើញចូល" ស៊ានភីងនាំភ្ញៀវចូលផ្ទះ។ យ៉ាងអុីធ្វើមុខឆ្ងល់ ក្មេងម្នាក់នេះជាអ្នកណា? ស៊ានភីងមិនទាន់ណែនាំប្រាប់ដល់ម៉ាក់ផង ពីនជីណែនាំខ្លួនមុន។
"ជម្រាបសួរម៉ាក់ ខ្ញុំគឺពីនជី សង្សារស៊ានតាយ!" ពីនជីប្រកាសកិត្តិនាមរបស់ខ្លួនដោយភាពអំនួត នាងស្រឡាញ់ស៊ានតាយ តែគេលែងអើពើនឹងនាង សំខាន់រាងកាយនាងប្រគល់ឱ្យគេដោយភាពភ្លើតភ្លើន នាងត្រូវការគេទទួលខុសត្រូវ។
"សង្សារ? ម៉ាក់មិនដែលឮគេនិយាយ!" យ៉ាងអុីធ្វើមុខមិនសូវសម ឫកពាកូនប្រុសមិនគួរជាមនុស្សមានសង្សារសោះ គេមិនដែលបង្ហាញឱ្យឃើញ ឬនិយាយដល់ឡើយ។
"អង្គុយសិនមក! ស៊ានភីងទៅយកទឹកឱ្យភ្ញៀវ" យ៉ាងអុីប្រាប់ទៅនាងក្រមុំដែលឈរភ្លឹក។ ស៊ានភីងមានអារម្មណ៍ចង់ស្រក់ទឹកភ្នែក នាងបែរក្រោយដើរចេញដោយការខូចចិត្ត តើនាងបានធ្វើអី? នាងនិងប្អូនប្រុសស៊ានតាយ បាន...បាន...ហ៊ឹកៗ...។ ស៊ានភីងចង់ស្រែកយំខ្លាំងៗ រឿងនាងនិងគេមានខ្សែខណ្ឌ មានព្រំដែនកំណត់ ជារឿងដែលត្រូវហាម នាងបានបំពានទៅហើយ។
ពីនជីនិយាយជាមួយយ៉ាងអុីដោយភាពស្និទ្ធិស្នាល គាត់មិនប្រកាន់ទេ ទោះកូនប្រុសរើសអ្នកណាក៏ដោយ។ ស៊ានភីងអង្គុយឈ្ងោកមុខមិនមាត់ក បើស៊ានតាយត្រូវរៀបការជាមួយអ្នកផ្សេងមែន នាងឈឺចាប់ណាស់ ទោះគេជាប្អូន ក៏នាងនៅតែត្រូវការឱ្យគេមានតែនាង។
"ពីនជី! នៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាណា រង់ចាំជួបស៊ានតាយផង" យ៉ាងអុីបបួល។ ស៊ានភីងទើបបានស្មារតីមកវិញ នាងត្រូវទៅធ្វើអាហារពេលល្ងាច នាងក្រមុំក្រោកឡើងទៅធ្វើតួនាទីរបស់ខ្លួន។