Part 64 : មើលមនុស្សកំពុងប្រច័ណ្ឌ

2K 234 12
                                    

   រាងកាយតូចច្រឡឹងរបស់ភរិយានៃម្ចាស់សម្ព័ន្ធ Masashi កំពុងតែបោះដំណើរឆ្ពោះចូលទៅខាងក្នុងធនាគារលំដាប់ថ្នាក់អន្តរជាតិមួយ ដែលលេចឡើងខ្ពស់ត្រដែតលើសអគារដទៃ។
   នេះជាលើកទីមួយហើយដែលគេបានចូលមកក្នុងកន្លែងមួយនេះ។ ធ្លាប់តែធ្វើដំណើរកាត់ លួចពោលសរសើរក្នុងចិត្ត មិនគិតថានឹងបានចូលមកខាងក្នុងដោយផ្ទាល់ឡើយ។

តុក~តុក ដៃស្រួចដូចបន្លាក្រូចលើកឡើងគោះទ្វារផ្ដល់ជាដំណឹងទៅដល់អ្នកខាងក្នុងដើម្បីសុំការអនុញ្ញាតជាមុន។

«ចូលមក!!»សម្លេងគ្រលររបស់ម្ចាស់សម្ព័ន្ធស្រដីផ្ដល់ការអនុញ្ញាត ទើបនាយតូចបើកទ្វារ ដោយនាយ Kimo មានតួនាទីត្រឹមយាមទ្វារខាងក្រៅជាមួយនឹងលេខាប៉ុណ្ណោះ។

«អូនមកហើយ...»ស្នាមញញឹមស្រទន់បង្ហាញឡើងទៅកាន់ប្រពន្ធ មុននឹងក្រោកមកទទួលគេ ទោះមានកិច្ចការក្នុងដៃក៏ត្រូវទម្លាក់ចោលសិនដែរ។

«បើមិនទាន់មក បងអាចនឹងឃើញអូននៅទីនេះទេ?»

«អា៎...បងស្មានថាខ្លួនឯងនឹកអូនពេក ដល់ថ្នាក់ស្រមើស្រមៃឃើញប្រពន្ធមកឈរចំពោះមុខហើយតើ»

«ឆឹស ពូកែសម្ដីណាស់ប្រុសព្រាន!!»ពេលខ្លះមិនចង់អៀនទេ ខ្លាចប្រុសម្នាក់នេះបានចិត្ត តែនរណាទៅអាចហាមស្នាមញញឹមនិងទឹកមុខដែលឡើងក្រហមបានទៅ បើប្ដីពូកែយកចិត្តយ៉ាងនេះ។ Tae គ្មានអ្វីក្រៅពីគេចទៅអង្គុយលើសាឡុង តែ JK ក៏តាមទៅកៀកកើយគ្មានឱ្យឃ្លាតមួយជំហាន។

«បានភរិយាស្អាត បងចេះតែញ៉ោះហើយ រវល់តែសុភាពបុរសខ្លាចគេឆក់យកអូនបាត់»

«អូនចង់ដឹងណាស់ ថាអ្នកណាដែលអាចឆក់អូនចេញពីបងបាន បើប្រុសចាស់បញ្ចេញចង្កូមក្រហឹមមិនឈប់បែបនេះ»អំណាចសុះសាយដូចរាជសីហ៍ ប្រកូកប្រកាសប្រាប់គ្រប់គ្នាថាខ្លួនជាប្រពន្ធរបស់នាយ តើនរណានៅចិត្តសឿងមកលេងប្រលែងនឹងគេទៀតនោះ?

«បងចាស់តែអាយុតើ តែកម្លាំងនៅមាន សម្រស់នៅបាន សម្ដីក៏ផ្អែម ពូកែទាំងថ្នម ប្រសព្វទាំងយល់ចិត្ត ដឹងទុក្ខធុរៈប្រពន្ធគ្រប់យ៉ាង តើនៅមានអ្នកណាដែលអាចប្រជែងនឹងបងទៀតនោះ? បើថាគេល្អមិនបានមួយជំនិតបងទេ បងគ្មានថ្ងៃបណ្ដោយឲ្យគេមើលថែម្ចាស់ជីវិតបងដាច់ខាត»មើលសម្ដីចុះៗ ឱ្យតែយ៉ាងនេះ គេអៀនជ្រែកខ្លួនចូលទៅពួនក្នុងដីមិនខាន ហេតុអ្វីក៏បុិនសម្ដីអ្វីម៉្លេះ? ធ្វើឱ្យគេរកពាក្យតបមិនបាន ហាក់បាក់ស្រឹបនឹងវាចាលេបខាយ ឬចង់ឲ្យគេលង់ស្លាប់នឹងសម្ដីដ៏សែនផ្អែមរបស់នាយ?

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now