ភាគទី29: ចិត្តស្អប់😒😡

1K 168 13
                                    

    ព្រះអាទិត្យនៃថ្ងៃថ្មីរះឡើងភ្លឺចិញ្ចាចចាំងចូលដល់ក្នុងបន្ទប់តាមចន្លោះបង្អួច រាងកាយតូចស្ដើងគេងសន្ធឹងលើគ្រែយ៉ាងស្កប់ស្កល់ មួយសន្ទុះក្រោយសម្លេងម៉ោងរោទិ៍ក៏បន្លឺឡើងគ្រឺងៗជាការដាស់ឲ្យភ្ញាក់ពីអារម្មណ៍លង់លក់នៅវេលារាត្រី។

    Jiminស្ទុះងើបឡើងថ្នមៗ គេភ្លេចថាមកនៅផ្ទះវិញហើយក៏ភ្លេចបិទនាឡិកាកុំឲ្យរោទិ៍ ព្រោះតែរាល់លើកគេតែងដាក់ដើម្បីអាចងើបទៅរៀនទាន់។ នាយកម្លោះដើរយឺតៗសំដៅទៅបន្ទប់ទឹក រំពេចនោះក៏មានអារម្មណ៍ថាខ្លួនប្រាណក៏ចុករោយខុសធម្មតា <<ម៉េចក៏ឈឺខ្លួនម្ល៉េះ? ម្សិលមិញ! .....ខ្ញុំនៅផ្ទះតើ ក៏មិនបានទៅវាយតប់នៅឯណាដែរ>>

    រាងតូចនឹកសង្ស័យក៏ដោះអាវចេញរត់ទៅឆ្លុះកញ្ចក់ក្បែរនោះ លើខ្លួននិងកមានស្នាមជាំយ៉ាងដិតខ្មៅ គេទៅត្រូវស្អីមក ខួរក្បាលវង្វេងវង្វន់ឈឺញោចភ្លាមៗពេលដែលខំរំឭកមកវិញ នាយយកទឹកលុបលាងមុខរួចទើបដើរត្រឡប់មកអង្គុយគិតម្ដងទៀត។

   <<លោកប៉ា.... បងប្រុសបង្កើត..... អ្នកមីង? ខ្ញុំចាំគ្រប់យ៉ាង តែហេតុអីខ្ញុំមិនចាំថាអ្នកវ៉ៃខ្ញុំចឹង? អូយ! ឈឺណាស់!>> នាយយកដៃប៉ះស្នាមរបួសថើៗទើបងើបចេញរកខោអាវស្លៀកពាក់ត្រឹមត្រូវហើយ ក៏ចុះទៅខាងក្រោមដោយប្រុងប្រៀបជាមួយរឿងគ្រប់យ៉ាងក្នុងថ្ងៃនេះ ថ្ងៃដែលគេត្រូវប្រឈមមុខជាមួយបញ្ហាជំនួសប៉ានិងជាពេលត្រូវនិយាយថាទទួលយក។

    សម្រឹបជើងថ្នមៗ ទម្លាក់មួយៗលើកាំជណ្ដើរ Jiminដើរទៅរកផ្ទះបាយព្រមដោយយកដៃអង្អែលពោះខ្លួនឯង រាល់ដងកាលនៅសាលាថ្មើរនឹងគេបានញុាំនំប័ុងទឹកដោះគោរួចហើយ ពេលមកទីនេះវិញសឹងថាភ្លេចរបៀបចាស់អស់។

    សម្លេងស្រែករបស់ក្រពះរោទិ៍ឮជាងនាឡិកាមិញនេះទៀត នាយរំពឹងក្នុងចិត្តថាបានញុាំឲ្យឆ្អែតម្ដងទោះមានតែម្ហូបសល់ក៏ដោយ។ តែអ្វីដែលស្វាគមន៍គេមុនដំបូងបង្អស់នោះគឺ...គឺចានយ៉ាងច្រើនគរលើគ្នាមិនដឹងសល់ពីជំនាន់ណាទេ ភាយក្លិនអាសោចស្ទើរទ្រាំមិនបាន។

    Jiminស្លុតចិត្ត ហួសនិយាយ នេះគេត្រូវធ្វើជាសីុនដេរីឡាមែនទេ? ឃ្លានឡើងវិលមុខហើយបែរជាមកជួបជាមួយរង្វាន់ធំពីលោកស្រីកម្ជិលនោះទៅវិញ។ បើមិនលាងគឺទុក បើទុកគឺមានតែសុីបាយដាក់ត្រឡោកហើយ ឲ្យឈរមើលយ៉ាងម៉េច ទម្លាប់កន្លងមកញុាំមួយលាងមួយ។

🔥បងប្រុសក្រៅត្រកូល🔞 (Completed ✔️)Where stories live. Discover now