His answer
ក្រសែភ្នែកច្របូកច្របល់របស់នាយកម្លោះ ធ្វើអោយគេកាន់តែពិបាកសម្រួលអារម្មណ៍ញាប់ញ័ររបស់គេ គេមិនអាចដកភ្នែកពីនាងបានបន្ទាប់ពីជ្រាបពីអារម្មណ៍របស់នាងលើគេ ទឹកមុខរបស់នាងពេលនេះគឺជាអ្វីដែលគេប៉ងចង់ឃើញបំផុតជាងមួយអាទិត្យ តែថាគេគួរឆ្លើយនឹងនាងបែបណា? គេស្រលាញ់នាងឬអត់?
«ការអភ័យទោសរបស់ខ្ញុំស្ថិតលើចម្លើយរបស់លោក ថេអូ!» នាងងើយសម្លឹងទឹកមុខស្លន់ស្លោររបស់គេយ៉ាងជក់ចិត្ត វាជារឿងគួរអោយអស់សំណើចដែលប្រុសម្នាក់នេះឈរគ្មានព្រលឹងព្រលះ មើលមុខនាងភ្លឹសៗមិនដឹងខ្យល់អី ដោយគ្មានផ្លូវដឹងឡើយថានាងកំពុងបង្វិលក្បាលគេក្រោមពាក្យផ្អែមអស់ទាំងនេះ។
«ខ្ញុំស្រលាញ់នាង» ក្រោយពីស្ទាក់ស្ទើរមួយសន្ទុះ គេក៏ដាច់ចិត្តខ្ជាក់ពាក្យបួនម៉ាត់នោះទៅនាង។
ហ្វ្រេនដា លេចស្នាមញញឹមមួយផ្ទាំងធំលើមុខ តែនាងមិនបានញញឹមចំពោះពាក្យផ្អែមរបស់គេ ផ្ទុយមកវិញ នាងញញឹមពេលដែលកូនអុករបស់នាងដើរតាមអ្វីដែលនាងចង់បាន។
«ខ្ញុំជឿលោកបានយ៉ាងម៉េច? អ្នកណាមិនដឹងថាលោកនិយាយពាក្យនេះដាក់មនុស្សស្រីជាងពាក់កណ្តាលប្រទេស?»
«នាងមិនដូចស្រីទាំងអស់នោះ!»
ចម្លើយរបស់គេធ្វើអោយនាងផ្ទុះសំណើច នាងនៅចាំពាក្យគេនិយាយនៅថ្ងៃនោះដូចថ្ងៃ តែគេបែរជាអះអាងហេតុផលអោយតែរួចពីមាត់ គិតថានាងភ្លើមែនទេ? នាងចង់ស្រែកដាក់មុខគេខ្លាំងៗ តែជ្រើសមិនធ្វើ ព្រោះមិនចង់អោយខូចផែនការ។
«កុំនិយាយតែមាត់! បញ្ជាក់អោយខ្ញុំឃើញមកថាលោកស្រលាញ់ខ្ញុំ...»
«អូខេ! ខ្ញុំនឹងបញ្ជាក់អោយនាងឃើញ!»
___បែលឡា ព្រួសកាហ្វេដែលផឹកព្រាតពេញលើតុ ពេលស្តាប់រឿងរ៉ាវរបស់មិត្តកំពុងរៀបរាប់។ ហ្វ្រេនដា ហើបខ្លួនពីកៅអីបន្តិចរួចហុចក្រដាសអោយទៅនាង ហើយធ្វើមុខញឹមៗ អង្គុយដូចឆ្មាស្លូតបូត ត្រៀមខ្លួនទទួលការទេសនាពីមិត្តសម្លាញ់។
«យើងមិនបន្ទោសឯង! ចឹងហើយ មិនចាំបាច់ធ្វើមុខបែបនេះ! អ្វីដែលសំខាន់ គេឆ្លើយវិញថាម៉េច?»

YOU ARE READING
ម្ចាស់បេះដូង ℳ𝒶𝓉𝓉ℯℴ♥︎
Romansaនាងដេកជាមួយគេព្រោះគិតថាគេជាព្រាននារី តែហេតុអីគេតាមនាងស្អិតមិនលែងបែបនេះ? ម៉ាថេអូ X ហ្វ្រេនដា