Ch4: ស្រលាញ់ដល់ឆ្អឹង💗

2.5K 150 17
                                    

នៅក្នុងព្រៃភ្នំដែលពោរពេញទៅដោយទេសភាពស្រស់ស្អាត មានផ្កាចម្រុះពណ៌ មានខ្យល់ត្រជាក់ៗបក់មកល្វើយៗធ្វើឲ្យចិត្តនិងបេះដូងម្ចាស់តូចប្រែជាស្រស់ស្រាយខុសពីសព្វមួយដង វាជាកន្លែងដែលថេយ៍ខានមកជាយូរមកហើយ នាយខានដើរលេងនិងមានសេរីភាពបែបនេះយូរអើយសែនយូរ។
ទោះផ្កាគ្រប់ប្រភេទ វាស្រស់ស្អាតយ៉ាងណាក៏ដោយ តែភ្នែកនាយមើលឃើញតែផ្កានោះតែមួយគត់។
"អុ៎ ផ្កាភ្លើង!"
រកឃើញហើយ! នេះជាផ្កាដែលនាយស្រលាញ់ពេញចិត្តបំផុត។ ផ្កាពណ៌ភ្លើងមួយនេះ នាយនឹងយកវាទៅត្រាំទឹកងូតហើយសល់ខ្លះនឹងប្រើវាជាថ្នាំជួយឲ្យគេងលក់ស្រួល។
"ច្រើនណាស់ ខ្ញុំនឹងបេះឲ្យអស់"
ព្រោះតែរវល់ឈ្លក់វង្វេងនឹងសម្រស់ផ្កានៅចំពោះមុខ នាយតូចមិនដឹងទេថាពេលនេះខ្លួនកំពុងមានគ្រោះថ្នាក់ ត្រូវបានសត្វប្រមាញ់មួយក្បាលលបវាយឆ្មក់ពីក្រោយ។
"អាស អាយ!"
ថេយ៉ុងស្រែករំពោងពេញព្រៃពេលនៅសុខៗស្រាប់តែត្រូវចចកមាឌធំជាងខ្លួនដល់ទៅ៣-៤ដងហក់មកសង្គ្រប់ឲ្យនាយដេកដួលទៅនឹងដីហើយក៏ស្រែកក្រហឹម បញ្ចេញចង្កូមសស្ញាចដើម្បីបន្លាចនាយមុននឹងលានដណ្ដាត លិតមាត់លិតកចង់ត្របាក់ខាំនាយទាំងរស់។
"អាស ចេញទៅៗៗ"
"ថេយ៉ុង?"
"ចេញ! ចេញទៅៗ!"
ថេយ៉ុងបែកញើសជោគខ្លួន ភ្ញាក់ពីដំណេកទាំងប្រវេប្រវារកទីពឹងព្រោះតែសុបិន្តអាក្រក់នោះវាដូចជាការពិតពេកហើយ។
"ថេយ៉ុង ឯងយ៉ាងម៉េចហើយ?"
"អ្នកគ្រូ ខ្ញុំ... ខ្ញុំយល់សប្ដិអាក្រក់ទៀតហើយ"
រាងតូចចូលទៅក្រសោបឱបអ្នកគ្រូរបស់ខ្លួនព្រោះតែអារម្មណ៍ភិតភ័យ។ នាយហាក់ទទួលយកវាលែងបានក្រោយពីសុបិន្តនោះបន្តលោងបន្លាចនាយជាច្រើនថ្ងៃមកហើយមួយរយៈក្រោយនេះ។
"មិនអីទេៗ វាគ្រាន់តែជាសុបិន្តប៉ុណ្ណោះ ឯងជាមនុស្សអមតៈនិងមានសមត្ថភាពយ៉ាងនេះ គ្មាននរណាមកធ្វើអីឯងបានទេ"
"ប៉ុន្តែខ្ញុំ..."
"រឿងដែលត្រូវមកគង់តែមកទេ ឯងត្រូវតែប្រឈមមុខទទួលយកវា អ្នកគ្រូអាចប្រាប់ឯងបានតែប៉ុណ្ណឹងណា៎"
ថេយ៉ុងមានបំណុលជាប់ខ្លួនដែលត្រូវសង មិនថាគាត់ខំបង្ហាត់បង្រៀនគេនិងការពារគេអស់១០ឆ្នាំហើយក៏ដោយក៏ចុងក្រោយ គេនៅតែត្រូវត្រឡប់ទៅទីក្រុងខ្លួនវិញហើយត្រៀមដោះស្រាយចំណងដែលខ្លួនបានចង។ គាត់ជាគ្រូរបស់គេបានត្រឹមដាស់តឿន មិនអាចតាមជួយគេបានគ្រប់ពេលនោះទេ។
កន្លងមក រាល់ពេលឲ្យតែនាយមិនសប្បាយចិត្ត នាយតូចតែងតែរត់ទៅរកអ្នកគ្រូ តែចាប់ពីពេលនេះទៅនាយត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង ទើបអាចជួយមើលថែសមាគមន៍កម្ចាត់បិសាចរបស់សម្ដេចប៉ាបាន។
"ថេយ៉ុង កូនមកហើយឬ?"
"សម្ដេចប៉ា! ប៉ាមិនអីទេហេស?"
ម្ចាស់តូចចូលទៅឱបក្រសោបប៉ារបស់ខ្លួនទាំងក្ដីបារម្ភត្បិតលឺមកថាទីក្រុងមួយនេះកំពុងវឹកវរត្រូវបិសាចចូលមកអុកឡុក ធ្វើឲ្យប្រជាជននិងអ្នកកម្ចាត់បិសាចរងរបួសជាច្រើន។
"មិនអីទេ សំណាងហើយដែលព្រះអង្គចាត់មនុស្សឲ្យមកជួយមកពួកយើងទាន់"
"មនុស្សរបស់ព្រះអង្គ?"
នាយមិនដែលធ្លាប់លឺទាល់តែសោះថារាជការមានមនុស្សខ្លាំងពូកែបែបនេះ។ មិនដឹងថាព្រះអង្គបានរៀបចំរឿងអស់នេះតាំងពីពេលណា។
"មែនហើយ លឺថាពួកគេមកពីរាជវាំង"
"ហេតុអីនៅសុខៗព្រះអង្គលូកដៃក្នុងរឿងទីក្រុងពួកយើង?"
ទីក្រុងមួយនេះគឺសម្ដេចប៉ាជាអ្នកគ្រប់គ្រងដោយផ្ទាល់។ គាត់មើលថែទីនេះបានល្អណាស់ មិនដែលប្រហែសនោះទេ មិនសមណាព្រះអង្គចាត់មនុស្សមកទីនេះទាល់តែសោះឬមិនទុកចិត្តប៉ានាយ?
"មួយរយៈនេះទីក្រុងយើងត្រូវបិសាចអុកឡុកខ្លាំងណាស់ ប្រហែលហេតុផលនេះហើយបានជាព្រះអង្គឲ្យមនុស្សមកជួយ"
"តែខ្ញុំខ្លាចថាព្រះអង្គអាចនឹងមានគោលបំណងផ្សេង"
ប៉ុន្មានឆ្នាំមកនេះសម្ដេចប៉ាល្បីល្បាញខ្លាំងណាស់ សឹងតែទទួលបានការគោរពស្រឡាញ់ជាងព្រះអង្គទៅទៀត។ នាយបារម្ភខ្លាចថាព្រះអង្គអាចនឹងចង់កម្ចាត់សម្ដេចប៉ា។
"បើអ៊ីចឹង កូនសាកចូលទៅជិតពួគេទៅ ប៉ាក៏ចង់ដឹងពីគោលបំណងពិតប្រាកដរបស់ពួកគេដូចគ្នា"
"បាទ កូនយល់ហើយ"
មិនស្មានថាគ្រាន់តែនាយឃ្លាតឆ្ងាយពីកន្លែងកំណើតមិនយូរប៉ុន្មាន វាមានរឿងកើតឡើងច្រើនយ៉ាងនេះសោះ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលត្រូវធ្វើពេលនេះគឺព្យាយាមគ្រប់គ្រងទីក្រុងឲ្យបានល្អបំផុតនិងមិនឲ្យនរណាពង្រាយអំណាចនៅទីនេះនោះទេ។
ពេលចេញមកខាងក្រៅមិនឆ្ងាយប៉ុន្មាន ថេយ៉ុងពិតជាបានឃើញភាពវឹកវររបស់ទីក្រុងមួយនេះមែន។ វាលែងដូចជាទីក្រុងសុខសាន្តដែលខ្លួនធ្លាប់រស់នៅពីមុនៅទៀតហើយ។
ផ្ទះ លំនៅដ្ឋានប្រជាជនកំពុងរងការខូចខាត តាមផ្លូវក៏មានមនុស្សត្រូវរបួសរត់មកត្រសាចពីកន្លែងដែលគេហៅថាទ្វារបិសាច ដែលទ្វានោះត្រូវបានបង្ហាញខ្លួននៅកណ្ដាលទីក្រុងតែម្ដង។ មើលទៅបិសាចដែលចេញពីទ្វានេះពិតជាមិនធម្មតាទេ។
"ឆាប់រត់ទៅៗ"
នាយឃើញក្រុមកម្ចាត់បិសាចកំពុងជម្លៀសប្រជាជនបណ្ដើរនិងព្យាយាមសម្លាប់បិសាចបណ្ដើរ ទើបខ្លួនប្រើប្រាស់វិជ្ជារបស់ខ្លួនដើម្បីជួយព្យាបាលពួកគេពីចម្ងាយនិងជួយផ្ដល់ថាមពលឲ្យពួកគេផងដែរ។
"ព្រះអើយ! ម៉េចក៏មានបិសាចកាចសាហាវយ៉ាងនេះ ស្ថិតក្នុងទីក្រុង?"
បើមើលទៅ ទោះមានមនុស្សក្នុងសមាគមន៍របស់នាយថែមមនុស្សព្រះអង្គទៀតក៏មិនអាចធ្វើអីបិសាចនេះបានដែរ។ ធ្វើយ៉ាងម៉េចទៅ?
~ឆ្វាច់
សម្លេងដាវដែលហោះកាត់មុខអម្បាញ់មិញធ្វើឲ្យរាងតូចមើលសឹងតែមិនទាន់។ តើអ្នកខ្លាំងមកពីណាប្រើត្រឹមតែមួយក្បាច់ក៏ធ្វើឲ្យបិសាចមាឌធំក្រអាញនោះដេកដួលស្លាប់មួយរំពេច?
"ភ្លើងឆេះហើយ! អ្នកទាំងអស់គ្នាដកថយ!"
ដាវដែលហោះទម្លុះទ្រូងបិសាចមិញនេះ ធ្វើឲ្យរាងកាយបិសាចនោះឆេះឡើងសន្ធោសន្ធៅគួរឲ្យខ្លាចហើយភ្លើងនោះក៏រាលដាលសូម្បីតែថេយ៍ដែលឈរនៅឆ្ងាយប៉ុណ្ណេះក៏យល់ថាក្ដៅណាស់ដែរ។
"ថេរី?"
ថេយ៉ុងរហ័សរត់ទៅរកប្អូនស្រីពេលឃើញនាងត្រូវគេគ្រាចេញមកទាំងរបួសពេញខ្លួន ជាពិសេសមុខនិងដៃត្រូវរលាកភ្លើងទៀតផង។
"បងប្រុស... បងប្រុសហឹកៗ"
"ស្រីល្ងង់! មិនចេះប្រមាណខ្លួន!"
ទោះមាត់នាយអាក្រក់បន្តិចមែនតែក៏មិនគិតចង់ទុកឲ្យថេរីមានរបួសដល់ថ្នាក់នេះដែរ។ នាយព្យាយាមមើលថែរបួសរបស់នាងទាល់តែនាងចាប់ដៃហាមមិនឲ្យធ្វើតទៅទៀត។
"ខ្ញុំលែងអីហើយ បងប្រុសទុកកម្លាំងជួយអ្នកផ្សេងចុះ"
"ឆ្កួតទេឬយ៉ាងម៉េច? ឯងជាស្រីហើយបើទុកមុខឲ្យខូចខាត មានស្នាមនោះគិតយ៉ាងម៉េច?"
"ក្នុងនាមជាអ្នកប្រយុទ្ធ ខ្ញុំពិតជាមិនអីមែន!"
"បាន! តែកុំទៅប្ដឹងសម្ដេចប៉ាថាយើងមិនបានជួយឯង!"
"ចាស ខ្ញុំយល់ហើយ អរគុណបងប្រុសដែលបារម្ភ"
"នរណាបារម្ភពីឯង?"
ថាហើយថេយ៉ុងក៏ដើរទៅមុខបន្តិចដើម្បីបញ្ចេញថាមពលព្យាបាលរបស់ខ្លួនជួយដល់អ្នកដែលត្រូវរបួសទាំងប៉ុន្មានដែលនៅទីនេះ។ បើជាអ្នកព្យាបាលផ្សេងពួកគេមិនអាចធ្វើបានដូចនាយទេ ពួកគេអាចត្រឹមព្យាបាលមនុស្សម្នាក់ក្នុងពេលតែមួយប៉ុណ្ណោះតែចំណែកនាយគឺខុសគ្នា។
"បងប្រុសយ៉ាងម៉េចហើយ?"
ថេរីស្ទុះចូលទៅជួយគ្រាអ្នកដែលរកកល់ចង់ដួលវិញម្ដងព្រោះតែគេប្រើថាមពលអស់ច្រើនពេក។
"មិនអីទេ! តែម្ចាស់ដាវនោះជានរណាទៅ?"
"គេប្រហែលជាអ្នកដែលព្រះអង្គបញ្ជូនមក នោះ! ពួកគេមកហើយ"
អ្នកដែលបោះជំហានមករក មើលក៏ដឹងថាមិនមែនធម្មតា ពួកគេសុទ្ធតែជាមនុស្សប្រុសមាឌមាំ ខ្ពស់ស្រឡះ មុខមាត់ក៏សង្ហាថែមទាំងមានកម្លាំងពិសេសក្នុងខ្លួនបើនាយទាយមិនខុស ពួកគេសុទ្ធតែនៅកម្រិតS។
"សួស្ដី! ពួកយើងជាក្រុមណាយដែលព្រះអង្គបញ្ជូនមក អរគុណអ្នកប្រុសដែលបានជួយសហការណ៍អម្បាញ់មិញ"
ថេយ៉ុងជ្រួញចញ្ចើមងើយមើលមុខអ្នកដែលដើរមករាក់ទាក់ខ្លួនបន្តិចពេលគេញញឹមរាយមន្តស្នេហ៍ដាក់ហើយនៅមុខក្រាស់ហុចដៃឲ្យនាយចាប់ទៀតផង។
"មិនចាំបាច់អរគុណទេ នេះជាទីក្រុងរបស់ខ្ញុំ ខ្ញុំត្រូវតែចេញមុខអ៊ីចឹងហើយ"
"បាទ ពួកយើងយល់"
មនុស្សម្នាក់នេះ នាយថាឲ្យប៉ុណ្ណឹងហើយនៅប្រឹងហុចដៃចង់ចាប់ដៃនាយទាល់តែបាន។ ណ្ហើយចុះ! យ៉ាងណាក៏នាយត្រូវធ្វើពុតស្និទ្ធស្នាលដើម្បីចូលទៅក្បែរពួកគេដែរ។
"ខ្ញុំគឺមីនឃ្យូ ហើយនេះមិត្តខ្ញុំ ជេយ៉ុននិងអ៊ុនវូ"
"ថេយ៉ុង ខាណាដិ"
"អ៎! តាមពិតគឺម្ចាស់តូចសោះ រីករាយដែលបានស្គាល់"
"បាទ"
ពួកគេចូលមកចាប់ដៃរាងតូចម្នាក់ដង តែថេយ៍បែជាយល់ថាម្នាក់ដែលខ្លួនចង់រកមិនមែនជាពួកគេនោះទេ។
"ចុះម្ចាស់ដាវនោះជានរណា?"
"អូ៎ គេហេស? គេជាមិត្តរបស់ខ្ញុំម្នាក់ទៀត គឺជេខេ!"
និយាយហើយមនុស្សតែម្នាក់ដែលថេយ៉ុងចង់ជួបនោះក៏បង្ហាញខ្លួនជាមួយដាវមួយដើមជាប់នឹងដៃ។ វត្តមានរបស់គេមិនត្រឹមតែធ្វើឲ្យនាយផ្ទាល់ភ្លឹកស្មារតីនោះទេ សូម្បីតែអ្នកផ្សេងក៏កំពុងតាមសម្លឹងមើលគេដូចគ្នា។ មាឌដំបង ខ្ពស់សង្ហា សក់ស មុខមាត់ដូចល្អឥតខ្ចោះដូចគំនូរហើយជាពិសេសគឺកែវភ្នែកពណ៌ដូចអណ្ដាតភ្លើងនោះ។
"រកខ្ញុំហេស?"
រវល់តែភ្លឹកមើលមុខរបស់គេ ថេយ៉ុងក៏មិនដឹងថាដៃត្រូវគេចាប់តាំងពីពេលណាតែប្រអប់ដៃគេហេតុអីក៏ក្ដៅដូចជាភ្លើងយ៉ាងអ៊ីចឹង?
"លែង! លោកមែនទេដែលធ្វើឲ្យទីក្រុងនេះឆេះ?"
"ព្រោះចាំបាច់"
"ខ្ញុំដាស់តឿនលោកណា៎ ធ្វើអីលោកគួរតែគិតដល់ការខាតបង់ផងទៅ មានមនុស្សមិនតិចទេដែលត្រូវភ្លើងរបស់លោកធ្វើឲ្យមានរបួស"
រាងតូចថាផង ចង្អុលផងតែគេនៅធ្វើមុខស្មើតែមុខមិនខ្ចីមើលនាយផង។
"អរគុណដែលបានដាស់តឿន! បើគ្មានអីទៀតទេ ពួកយើងត្រឡប់ទៅវិញហើយ"
គេនិយាយហើយក៏គេចខ្លួនដើរចេញទាំងមិនយកភ្នែកមើលនាយ ហើយបើតាមសម្ដីមុននេះ គេដូចគ្មានអារម្មណ៍ខុសសូម្បីតែបន្តិច។
"មនុស្សពាល!"
ថេយ៉ុងយកន្សែងមកជូតដៃខ្លួនឯងខ្លាំងៗតាមដែលអាចធ្វើបានព្រោះរអើមនឹងការប៉ះពាល់របស់គេរួចក៏បោះកន្សែងដៃខ្លួនឯងចោលនិងដើរចេញទាំងមិនស្រណោះ។
ឯមីនឃ្យូដែលបានឃើញហេតុការណ៍នោះក៏មិនប្រកាន់អ្វីថែមទាំងលួចកន្សែងនោះយកមកទុកជាប់ខ្លួនទៀតផង។
...
"ឲ្យមកនេះមក!"
ពេលមកដល់កន្លែងសម្រាកផ្ទាល់ខ្លួនភ្លាម ជេខេក៏បក់ដៃហៅឲ្យមីនឃ្យូមករកខ្លួនតែគេក្រវីក្បាលធ្វើមុខដូចមិនដឹងរឿងអី។
"ឲ្យអី?"
"កន្សែងដៃ! ឆាប់ឡើង!"
"ឯងរោគចិត្តឬយ៉ាងម៉េច? សូម្បីតែកន្សែងដែលគេបោះចោលក៏ឯងចង់បានដែរ"
ដឹងហើយថាមិត្តខ្លួនគឺបែបនេះ តែនាយនៅតែឌឺដង។ មិនដែលឃើញទេ នៅមុខគេធ្វើឯងមិនចាប់អារម្មណ៍តែមុខគេមិនចង់មើលផង តែក្រោយខ្នងមកអង្គុយហិតកន្សែងដែលគេបានបោះចោល។
"ឯងប្រាកដចិត្តទេថាមនុស្សដែលឯងប្រាប់ពួកយើងគឺជាអ្នកប្រុសខាណាដិពិតមែន?"
អ៊ុនវូនៅតែមិនជឿពេលបានឃើញនឹងភ្នែកថាអ្នកប្រុសឃោរឃៅដែលចង់សម្លាប់មិត្តខ្លួនកាលពីប៉ុន្មានឆ្នាំមុននោះមានមុខមាត់ស្រស់ស្អាត ទន់ភ្លន់ដល់ម៉្លឹង។
"យើងក៏មិនចង់ជឿដូចគ្នា"
ម្នាក់ៗក្រវីក្បាលហាក់មិននឹកស្មានទាល់តែសោះ។  គេមើលទៅមិនដូចមនុស្សអាក្រក់អីបន្តិច។
"ហើយឯងគិតចង់សកសឹកយ៉ាងម៉េច?"
"មានយ៉ាងម៉េច អ្វីដែលគេបានធ្វើដាក់យើង យើងនឹងសងទៅគេវិញ ១០០ដង ១០០០ដង"
"តែក្រែងឯងស្រលាញ់គេមិនអ៊ីចឹង?"
"ព្រោះតែអ៊ីចឹងហ្នឹងហើយ! ព្រោះយើងធ្លាប់ស្រលាញ់គេហើយឥឡូវក៏នៅតែស្រលាញ់ ស្រលាញ់ដល់ឆ្អឹង!"
បើបដិសេធថាលែងស្រលាញ់គេនោះ នាយមានតែកុហកគ្រប់គ្នា កុហកខ្លួនឯង។ ជាក់ស្ដែងសូម្បីត្រឹមនៅជិតបានស្រង់ក្លិនខ្លួនរបស់គេ នាយរំភើបសឹងតែនិយាយស្ដីលែងចេញ។
មិនស្មានសោះ ថាខានជួបគ្នាច្រើនឆ្នាំហើយគេនៅតែដូចដើម នៅតែស្អាត ក្មេង ក្លិនក្រអូបជាប់ច្រមុះព្រមទាំងឆ្នាសឆ្នើមដូចដើម។ ចង់ដឹងណាស់ថាពេលនាយចាត់ការគេ គេនឹងឆ្នាស់ មាត់ខ្លាំងដាក់នាយបានទៀតឬអត់?

To be continue 💗✨

JK ត្រឡប់មកវិញហើយ😛 មកវិញម្ដងនេះនៅតែស្រលាញ់អូនដូចដើម 🤧 ស្រលាញ់ដល់ថ្នាក់ហ្នឹង ចាំមើលថាសងសឹកគេម៉េច 🥲

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now