Ch19: ប្ដីម៉ាកស្អី? 🤨

2.9K 165 19
                                    

ព្រឹកថ្ងៃថ្មី សម្លេងអ៊ូអរ រញ៉េរញ៉ៃនៅក្បែរកន្លែងស្នាក់ធ្វើឲ្យនាយតូចដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ត្រូវភ្ញាក់ដឹងខ្លួនទាំងរាងកាយស្ពឹកស្រពន់ បើកភ្នែកមិនចង់រួច។ យប់មិញនាយមិនដឹងថាខ្លួនគេងលក់តាំងពីពេលណានោះទេបន្ទាប់ពីសង្គ្រាមស្នេហ៍បានបញ្ចប់តែនាយចាំតែម្យ៉ាងថាយប់មិញនេះ គេងលក់បានស្រួលណាស់ ល្អជាងគេងលើពូកទន់ៗទៅទៀត។
"ស្អីហ្នឹង?"
ថេយ៍ភ្ញាក់ព្រើតពេលរកឃើញរោមចចកពណ៌ប្រផេះធ្លាក់រាយប៉ាយលើកន្លែងគេងរបស់ខ្លួន បម្រុងនឹងស្រែកចង់ប្រាប់ថាមានចចកព្រៃលួចចូលក្នុងតង់ទៅហើយតែក៏ត្រូវស្ងាត់វិញក្រោយនឹកឃើញថាស្វាមីរបស់ខ្លួនមិនមែនជាមនុស្សឯណា។
យប់មិញបើនាយដឹងថាខ្លួនឯងគេងជិតចចកពេញមួយយប់មិនមែនគេងលក់ស្រួលបែបនេះទេ។ សំណាងហើយដែលតង់នេះធំល្អ មិនអ៊ីចឹងក៏ដាក់គេមិនចុះដែរ។
ថ្មើរនេះមិនដឹងថាបាត់គេទៅណាទេតែដឹងត្រឹមថាគេបានរៀបចំទុកដាក់ទឹកសម្រាប់នាយបានលុបលាងខ្លួនថែមទាំងទុកអាហារពេលព្រឹកឲ្យទៀតផង។
"មកដល់ពេលនេះ  មិនទាន់រកហេតុផលសុំគេលែងលះបាននោះទេ"
គេល្អនិងយកចិត្តទុកដាក់លើប្រពន្ធ លើមិត្តជុំវិញខ្លួនថែមទាំងប្រជាជនដែលរងគ្រោះផងដែរ នាយគ្មានហេតុផលណាក្រៅពីរឿងដែលគេបង្ខំនាយពេលយប់ទុកគ្រាន់ប្ដឹងគេលែងលះនោះទេ។ 
"បាត់ទៅណាហើយ?"
ចេញមកដល់ខាងក្រៅ នាយតូចក៏មិនឃើញស្រមោលរបស់គេ លុះដើរទៅឆ្ងាយបន្តិចក៏លឺមកថាគេកំពុងប្រជុំជាមួយមិត្តនិងកូនក្រុមរបស់ខ្លួនពីបញ្ហាកាលពីយប់មិញ។ តាមពិតគេជាមនុស្សដែលម៉ត់ចត់រឿងការងារណាស់។
ទេសភាពនៅក្នុងព្រៃពេលព្រឹកនេះគឺស្រស់ស្រាយល្អណាស់ ហើយគ្រប់គ្នាមើលទៅក៏ធូរស្បើយពីរបួសបានច្រើន ម្នាក់ៗមានទឹកមុខស្រស់បស់ មិនលើកលែងសូម្បីតែនាយខ្លួនឯង។ ដូចជាពាក្យគេថាមិនខុសមែន ក្រោយភ្លៀងមេឃស្រឡះ ទីក្រុងក្រោយចប់ពីសង្គ្រាមមានទេសភាពល្អឯក ទោះជារងការខូចខាតច្រើនក៏ដោយ។
"ទីនេះមិនអន់ទេ"
ក្រុងមួយនេះសម្បូរភ្នំណាស់ទើបបានជាមានបិសាចភ្នំសម្ងំរស់នៅទីនេះ។ សំណាងហើយដែលស្វាមីរបស់នាយខ្លាំងពូកែ អាចកម្ចាត់ពួកគេបាន។ អីយ៉ា! ម៉េចក៏នាយមកសរសើរគេទៅវិញ?
"ថ្ងៃនេះជួយរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិនេះសិន ចាំល្ងាចបន្តិចពួកយើងធ្វើដំណើរទៅរកចៅហ្វាយក្រុងដើម្បីដោះស្រាយ"
រាងតូចដាក់ខ្លួនតិចៗអង្គុយនៅលើថ្មក្បែរកន្លែងប្រជុំរបស់គេ។ នាយឃើញគេឆ្ការដៃឆ្ការជើង រ៉ាយរ៉ាប់ប្រាប់ពីផែនការទាំងប៉ុន្មានដល់គ្រប់គ្នា គេមិនត្រឹមតែសង្ហាហើយថែមទាំងមានភាពជាអ្នកដឹកនាំទៀត។ ទោះគេពាក់ត្រឹមអាវយឺតខ្មៅដៃខ្លី មើលទៅចរិតព្រៃៗប៉ុន្តែមុខមាត់របស់គេនៅតែទាក់ទាញមិនថានៅក្រោមកម្ដៅថ្ងៃរហូតបែកញើសសឹងជោគខ្លួនក៏ដោយ។
"បងប្រុស ម៉េចមកលួចមើលបងថ្លៃអ៊ីចឹង?"
កំពុងតែដាក់អារម្មណ៍មើលទេសភាពជក់ចិត្តនៅនឹងមុខផង ប្អូនស្រីក្បាលខូចរបស់នាយក៏បង្ហាញខ្លួនកាត់ផ្ដាច់បរិយាអម្បាញ់មិញអស់រលីញ។
"មិនបានលួចមើល គ្រាន់តែមកស្ដាប់ថាគេមានផែនការអី"
"តែខ្ញុំឃើញបងមើលបងថ្លៃបណ្ដើរញញឹមបណ្ដើរ បែបហ្នឹងមានន័យយ៉ាងម៉េចវិញ?"
"ហើយយ៉ាងម៉េចឯង? គេជាប្ដីបង បងចង់មើលម៉េចក៏បាន មិនទើសឯងទេ"
"អូយៗ"
ថេរីស្រែកចាចពេលបងប្រុសចាប់ផ្ដើមក្ដិចថ្ពាល់នាងទាំងសងខាងហើយញីតិចៗតាមចរិតឆ្នាស់ឆ្នើមប៉ះមិនបាន។ ឲ្យតែនិយាយមិនត្រូវចិត្តតិចតួច បើមិនក្ដិចក៏មួលដែរ។
"ឈប់ឌឺបងនៅ?"
"អត់ចង់ នេះនែ៎"
ព្រោះតែចង់សងសឹកបងប្រុស ថេរីក៏ចាប់សត្វអណ្ដើកមាសដែលនៅជិតដៃបោះទៅលើខ្លួនបងប្រុសធ្វើឲ្យថេយ៍ស្រែកផ្អើលគេផ្អើលឯងលោតហក់ជើងបីជើងបួន។
"អាយ៎ ជួយ! ជួយផង"
"ថេយ៍! អូនកើតអី?"
គ្រាន់តែលឺសម្លេងប្រពន្ធស្រែកឲ្យជួយ នាយធំក៏រហ័សរត់មករកទោះកំពុងមានការងារសំខាន់អីក៏ត្រូវទុកចោលសិនដែរក្នុងដំណាក់កាលនេះ។
"គឺវា! យកវាចេញទៅ"
ដៃម្ខាងឱបចង្កេះប្រពន្ធជាប់ឯម្ខាងទៀតក៏ចាប់សត្វល្អិតនោះដុតកម្ទេចចោលដោលភ្លើងរបស់នាយ។ វាហ៊ានណាស់ ហ៊ានធ្វើបាបប្រពន្ធនាយ សមតែងាប់!
"លែងអីហើយៗ កុំខ្លាចអី"
បានប្រពន្ធរំអួយម្ល៉ឹងៗ នាយមានតែទ្រាំចាំលួងលោមគេគ្រប់ពេល មើលតែពេលនេះចុះ គ្រាន់តែសត្វល្អិតតូចមួយក៏តោងកនាយជាប់ហើយនាយក៏តាមចិត្តលើកពរដាក់លើចង្កេះតែម្ដងទៅ។
"គឺមកពីនាង! ជួយប្រដៅនាងច្រម៉ក់នេះឲ្យផង"
"ខ្ញុំអត់បានធ្វើទេ បងប្រុសក្ដិចខ្ញុំមុន"
"បានហើយ កុំប្រកែកគ្នាអី មនុស្សច្រើនណាស់ អូយ៎"
នាយខំសម្របសម្រួល និយាយស្រួលបួលតែប្រពន្ធឆ្នាស់បែគក់ដើមទ្រូងនាយមិនដកដៃ គ្មានថ្នាក់ថ្នមទាល់តែសោះ។
"ប្ដីម៉ាកស្អី មិនកាន់ជើងប្រពន្ធអ៊ីចឹង"
"បានៗ បងខុសៗ បងជឿអូន"
ទាល់តែនិយាយថានៅខាងគេ ទើបគេព្រមលែងដៃតែនៅតែមុខខ្មូរមិនប្រែដូចចាំឲ្យនាយចេញបញ្ជាដាក់ទោសថេរីសិន។
"ថេរី! ឯងទៅដើរល្បាតជុំវិញនេះទៅ មើលថាសុវត្ថិភាពហើយឬនៅ"
"ហ៊ឹម! ទទួលបញ្ជា! កាន់ជើងតែប្រពន្ធ"
ទោះព្រមធ្វើតាម តែនាងតូចនៅតែរអ៊ូដាក់បងថ្លៃក៏ដូចជាគ្រូរបស់ខ្លួនដែលព្រមស្ដាប់តាមប្រពន្ធគ្រប់យ៉ាង លង់នឹងបងប្រុសងើបមុខមិនរួច។
"អូនទៅសម្រាកវិញទៅ បងជូនទៅ"
"មិនចង់ដើរទេ"
"ចាំបងពរ"
ពេលប្រពន្ធជាប់ដៃជាប់ជើងបែបនេះ នាយក៏លែងដៃរឿងការងារ សល់ប៉ុន្មានទុកឲ្យមិត្តខ្លួនជាអ្នកគ្រប់គ្រងនិងដឹកនាំបន្ត។
ពេលរកបានកន្លែងគួរសមហើយ ជុងហ្គុកក៏យកអាវក្រៅធំក្រាស់របស់ខ្លួនធ្វើជាកម្រាលដាក់លើថ្មទុកឲ្យរាងតូចបានអង្គុយយ៉ាងស្រួលដោយមិនឈឺត្រកៀក ឈឺផ្នែកខាងក្រោម។
"អង្គុយត្រង់នេះហើយ មានដើមឈើរត្រជាក់ៗហើយក៏ជិតកន្លែងបងធ្វើការ"
"ដឹងហើយ ចង់ទៅណាក៏ទៅៗ"
បានកន្លែងអង្គុយស្រួលបួលថេយ៍ក៏មិនបានរញ៉េរញ៉ៃបន្តទៀតដែរ មានតែសម្ងំយកសុខហ្នឹងឯង។ ចំណែកស្វាមីរបស់ខ្លួនទៅវិញទេដែលត្រូវហត់នឿយ ជួយអ្នកភូមិរឿងប្រមូលសាកសព្វជនរងគ្រោះនិងធ្វើបុណ្យឲ្យពួកគេតាមប្រពៃណី។
"សុំមួយសិនមក ទុកថាជាការផ្ដល់កម្លាំងចិត្ត"
"យី! លោកឯងឆ្កួតទេហេស? មកចង់ទាំងកណ្ដាលថ្ងៃ?"
"អូនគិតអី? បងនិយាយពីថើប"
"ថ... ថើប?"
សុំមួយៗ នាយស្មានថាគេចង់សុំដូចកាលពីយប់មិញ នរណាទៅដឹងថាគេគ្រាន់តែចង់ថើបនាយទៅ!
"ម៉ោះ!"
"កុំទាន់ អឹម"
នាយចង់ហាមគេព្រោះឃើញមានមនុស្សមើលមកច្រើនណាស់តែគេមិនស្ដាប់ មានះទាញនាយយកទៅឱបថើបបឺតជញ្ជក់ទាល់តែបាន។
"មាត់ផ្អែមដល់ហើយប្រពន្ធសម្លាញ់"
"អាឆ្កួត អឹម"
មិនយល់ទាល់តែសោះ កាន់តែជេរកាន់តែយល់ថាផ្អែមខ្លាំងណាស់ហើយក៏ទន់ល្មើយដូចចាហួយ បឺតហើយចង់បឺតទៀតបឺតទាល់តែចង់ចាប់ផ្ដួលលើគ្រែទើបឈប់។
"បើបន្តទៀត បងប្រហែលជាទ្រាំលែងបានហើយ"
"អារោគចិត្ត!"
មនុស្សខ្លះបើមិនបានប្រពន្ធជេរមួយថ្ងៃ រកធ្វើការអ្វីមិនកើតទេ។ ដូចជារាងក្រាស់អ៊ីចឹង ដល់ពេលគេខឹងទើបរត់ទៅធ្វើការខ្លួនវិញទាំងមុខរីកដូចគ្រាប់ជី។ ក្រៅពីអង្គុយមើលប្ដីធ្វើការពីចម្ងាយ ថេយ៍ក៏នឹកឃើញជួយប្រជាជននៅទីនេះដោយការឲ្យពួកគេមកតម្រង់ជួរទទួលយកការព្យាបាលពីនាយ។ ថេយ៍ប្រៀបដូចជាទេវតាចាប់ជាតិដែលគ្រប់គ្នាលឺមកមិនខុស មិនថារឿងព្យាបាល ឬផ្លូវក្នុង ផ្លូវក្រៅក៏នាយអាចមើលឲ្យពួកគេបានដែរ។
"កូនខ្ញុំគ្រុនក្ដៅ រវើរវាយច្រើនថ្ងៃហើយ ពេលមានរឿងកាលពីថ្ងៃមិញក៏ឈឺលើសដើម ព្យាបាលមិនបាត់សោះ សូមអ្នកប្រុសជួយគេផង"
"ហុចដៃមក"
គ្រាន់តែចាប់ដៃក្មេងថ្នមៗ ថេយ៉ុងក៏ដឹងថាគេបានប៉ះពាល់នឹងវេទមន្តរបស់បិសាចភ្នំនោះទើបបានជាឈឺមិនបាត់។ សំណាងហើយដែលនាយនៅទីនេះ កុំអីមិនដឹងអាចរក្សាជីវិតក្មេងនេះបានឬអត់ទេ។
"រួចហើយ ឲ្យគេសម្រាកបន្តិចទៀតអស់អីហើយ"
"អរគុណអ្នកប្រុស"
ពេលឃើញថាក្មេងនោះទទួលបានផល គ្រប់គ្នាដែលមានបញ្ហាក៏រហ័សត្រៀបត្រាតម្រង់ជួរចាំឲ្យគ្រូពេទ្យតូចព្យាបាលក៏ដូចជាផ្ដល់ដំបូលន្មានឲ្យជាហូរហែរ។
"លោកនៅឈឺទៀតហេស?"
នាយតូចសួរទៅកាន់អ៊ុនវូព្រោះគេជាអ្នកជំងឺចុងក្រោយហើយដែលនាយទទួលពិនិត្យតែមិនគិតថាគេមកនេះដើម្បីមើលតែជំងឺនោះទេ។
"ខ្ញុំមានរឿងចង់សួរ"
"កុំជឿពាក្យចចាមអារ៉ាម ខ្ញុំមិនមែនទេវតា មិនដឹងរឿងទាំងអស់នោះទេ"
"មិនពិត! ខ្ញុំជឿថាម្ចាស់តូចដឹង សូមប្រាប់ខ្ញុំបន្តិចមកថាម្ចាស់តូចមើលឃើញគេពិតមែនទេ?"
"គេណា? ខ្ញុំមិនយល់ទេ"
"សូមមេត្តាប្រាប់ខ្ញុំផងបានទេ?"
ថេយ៉ុងងើបដើរចេញទាំងមិនព្រមទទួលពាក្យអង្វរកទោះបីជាគេចង់និយាយបែបណាក៏នាយមិនព្រមជួយ មិនព្រមឆ្លើយដែរ។
"ខ្ញុំមិនដឹងអីទាំងអស់"
"ប្រាប់តាមត្រង់! ឲ្យតែពេលមានគ្រោះថ្នាក់ ខ្ញុំតែងតែយល់ថាមានមនុស្សចាំជួយគ្រប់ពេល ដូចជាយប់មិញអ៊ីចឹង ខ្ញុំចង់ដឹងថានរណាបានជួយខ្ញុំ"
"បើដឹងហើយ រឹតតែឈឺចាប់ក៏នៅតែចង់ដឹងដែរមែនទេ?"
នាយតូចងាកមករកគេវិញព្រមទាំងសួរដោយទឹកមុខរៀបស្មើរ និងឆ្លៀតងាកមើលទៅថាមពលវិញ្ញាណពណ៌សដែលនៅជិតខ្លួនគេទាំងចិត្តអាណិតខ្លោចផ្សារពុនពេក។
"ខ្ញុំ... ខ្ញុំ..."
"ចាំលោករៀនទទួលស្គាល់ការពិតបានសិនទៅ ចាំមករកខ្ញុំ"
មិនមែនថេយ៍ចិត្តដាច់ទាំងស្រុងទេតែមានរឿងខ្លះគេកុំដឹងអីល្អជាង បើដឹងហើយមានតែធ្វើឲ្យខ្លួនឯងឈឺចាប់ប៉ុណ្ណោះ។ នាយឆ្លងកាត់រួចហើយទើបមិនចង់ប្រាប់គេ សូម្បីតែនាយខ្លួនឯងក៏មិនចង់ដឹងរឿងច្រើនដូចគ្នា  មិនចង់ដឹងថាពេលតទៅមុខទៀតគេម្នាក់នោះប្រែជាបែបណា មិនចង់ដឹងពីទីបញ្ចប់រវាងនាយនិងគេឡើយ ប៉ុន្តែនាយជៀសមិនបាន។ បើអាចជ្រើសបាន នាយក៏មិនចង់មានសមត្ថភាពមើលឃើញគ្រប់យ៉ាង សូម្បីតែរឿងអនាគតនេះដែរ។

To be continued 💗

មកបានម៉ាញ៉ិប 😌 admin បកទៅមើលរឿងខ្លួនឯង មានអារម្មណ៍ថាហួសចិត្ត😂 ចឹងបានអត់សូវមាន fan បើរឿងមួយសរសេរមួយឆ្នាំ 🥹😂 កុំប្រកាន់អី admin រវល់😂☺️💕

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now