Ch35: បងមកវិញហើយ?

2.2K 167 24
                                    

អស់រយៈ២ទៅ៣ខែហើយតាំងពីមានរឿងកើតឡើង។ នៅក្នុងទីក្រុងក៏ចាប់ផ្ដើមស្ងប់ស្ងាត់មានសុវត្ថិភាពម្ដងទៀត ស្របពេលដែលប្រជាជនកំពុងរៀបចំផ្ទះសម្បែងដើម្បីចាប់ផ្ដើមជីវិតរស់នៅសាជាថ្មី។ ដោយបានគុណបុណ្យព្រះអង្គ អ្នកទាំងអស់គ្នាប្រឹងប្រែង តស៊ូដោយរីករាយទោះត្រូវផ្ដើមពីចំណុចសូន្យវិញក៏ដោយ។
ចំណែកលោកចៅហ្វាយក្រុងក៏មិនព្រមឱបដៃឈរមើលត្រឹមហ្នឹងដែរ គាត់និងភរិយាបានប្រើថាមពលរបស់ខ្លួនដោយរំលាយត្បូងដែលរកបានពីបិសាចទាំងប៉ុន្មានដើម្បីជួសជុលការខូចខាតទីក្រុងព្រមទាំងសាងសង់របាំងការពារដ៏រឹងមាំសម្រាប់ទីក្រុងមួយនេះ។
ត្បិតថាមានទីក្រុងមួយនេះកំពុងតែប្រសើរឡើង តែមានមនុស្សមួយចំនួននៅមិនទាន់អាចធ្វើចិត្តពីរឿងដែលបានកើតឡើងនៅឡើយទេជាពិសេសគឺថេយ៍ នាយស្ទើរតែទឹកភ្នែករាល់ថ្ងៃព្រោះបាត់បង់ស្វាមីជាទីស្រលាញ់។
"បងចង់ទុកអូនឲ្យនៅម្នាក់ឯងយូរប៉ុណ្ណាទៀត?"
នាយតូចសម្លឹងមើលចចកតូចដែលគេងលក់នៅលើគ្រែរបស់ខ្លួនទាំងអារម្មណ៍ឈឺចាប់ស្អិតទ្រូង។ កន្លងផុតជាច្រើនខែហើយនៅពិភពខាងក្រៅតែសម្រាប់នៅភពមួយទៀតដែលជាផ្ទះលើភ្នំរបស់ពួកគេ វាកន្លងផុតច្រើនឆ្នាំហើយដែលជុងហ្គុកមិនព្រមភ្ញាក់ដឹងខ្លួនទាល់តែសោះ។ នាយតូចខំនាំគេមកទីនេះ កន្លែងដែលពួកគេផ្ដើមស្នេហ៍ដើម្បីឲ្យគេមានកម្លាំងចិត្តព្រមដឹងខ្លួន តែដល់ពេលនេះហើយគេនៅគេងលក់ មិនព្រមបើកភ្នែកគ្រាន់តែនៅមានដង្ហើមប៉ុណ្ណោះ។
បន្ទាប់ពីចូលមកមើលថែស្វាមី ជូតមុខជូតខ្លួនឲ្យគេរួចរាល់ហើយ រាងតូចនៅត្រូវត្រឡប់ទៅទីក្រុងដើម្បីគ្រប់គ្រងទីក្រុងជាមួយប្អូនស្រីនិងដឹកនាំក្រុមខាណាដិដើម្បីរៀបចំទីក្រុងឲ្យប្រសើរឡើងវិញទៀតផង។
"អូនទៅវិញសិនហើយ ប្រហែលច្រើនថ្ងៃទៀតទើបមករកបងវិញ"
នាយត្រឡប់ទៅវិញមួយថ្ងៃ វាស្មើនឹងទីនេះ៧ថ្ងៃទើបត្រូវរៀបចំទុកដាក់គ្រប់យ៉ាងឲ្យរៀបរយក្រែងលោគេអាចដឹងខ្លួនទោះដឹងថាមានសង្ឃឹមតិចតួច។
...
៧ថ្ងៃកន្លងផុតទៅ នាយតូចពិតជាបានត្រឡប់មករកស្វាមីតាមសន្យាពិតមែនដោយនាយបានយកអាហារនិងបន្លែផ្លែឈើមកយ៉ាងច្រើនដើម្បីត្រៀមទុកធ្វើម្ហូបឲ្យគេ។ អត់ពីគេទៅ នាយមានតែខំរៀនធ្វើម្ហូប ធ្វើការងារផ្ទះគ្រប់យ៉ាងដោយខ្លួនឯងគ្មានពេលសម្រាកទេ។
ដំបូងញញឹមញញែមណាស់ដែលមានពេលអាចមករកប្ដីតែមកដល់ស្រាប់តែ...
"ជុង!"
~ប្រាវ
អីវ៉ាន់ទាំងអស់ដែលនៅក្នុងដៃត្រូវធ្លាក់រប៉ាត់រប៉ាយព្រោះតែភ្ញាក់ផ្អើលនឹងគ្រប់យ៉ាងនៅចំពោះមុខ។
"ជុង! បងនៅឯណា?!"
មិនអាចទេដឹង! នាយបាត់ទៅប៉ុន្មានថ្ងៃ តិចលោគេមានរឿងអីកើតឡើងទៅគេទៅ? ហេតុអីគេមិននៅកន្លែង ឬមួយ...
"លោកប្ដី? លោកប្ដី?!"
ថេយ៍នៅតែមិនបោះបង់ តាមរកគេនៅគ្រប់កន្លុកកន្លៀតទាំងអស់ក្នុងផ្ទះតែនៅតែមិនឃើញរួចបម្រុងរត់ទៅរកក្នុងព្រៃបន្តទៅហើយក៏ស្រាប់តែលឺសម្លេងកាប់គាស់នៅខាងក្រោយផ្ទះទៅវិញ។ វាចម្លែកណាស់ តើមនុស្សឬក៏សត្វដែលចូលមកលុកលុយក្នុងផ្ទះនាយ?
"នរណា?"
រាងតូចដើរសន្សឹមៗទៅខាងក្រោយផ្ទះទាំងអារម្មណ៍អរភ័យ ចិត្តមួយគិតថាមាននរណាមកអុកឡុក ចិត្តមួយទៀតគិតថាអាចជាស្វាមីរបស់ខ្លួនដែលទើបតែងើបពីសន្លប់ក៏ថាបាន។
គិតបានបន្តិច ថេយ៉ុងក៏ឈរធ្មឹងគាំងលែងនិយាយស្ដីក្រោយឃើញម្ចាស់រូបរាងខ្ពស់ស្រឡះ មាឌធំក្រអាញកំពុងឈរបែខ្នងប្រលែងខ្លួនមួយជំហរខាងលើ កាប់គាស់ស្មៅនៅខាងក្រោយផ្ទះតាមធម្មតាដូចគ្មានរឿងអ្វីកើតឡើង។
"ជុង!"
ថេយ៍ស្រក់ទឹកភ្នែកតក់ៗទាំងក្ដីរំភើបជាពុនពេកក្រោយឃើញស្វាមីដឹងខ្លួន អាចឈរបាន ដើរបានព្រមទាំងមានកាយសម្បទារឹងមាំដូចមុនទៀតផង។
នាយត្រេកអរដល់ថ្នាក់លែងគិតពីអ្វីទាំងអស់ គ្រាន់តែគេបែមករកក៏ស្ទុះចូលទៅឱបគេពេញដៃព្រោះនឹកខ្លាំងណាស់ នឹកដើមទ្រូងកក់ក្ដៅដែលតែងតែផ្ដល់ឲ្យនាយកន្លងមក។
"ជុង! ហឹកៗ អូនស្មានថាបងលែងដឹងខ្លួនហើយ!"
មិនស្មានថាគេអាចត្រឡប់មកដូចដើមវិញនោះទេ។ ការធ្វើឲ្យមនុស្សម្នាក់រស់រានមានជីវិតមកវិញគឺជារឿងដែលសឹងតែមិនអាចទៅរួចបើអាចក៏ធ្វើឲ្យមនុស្សម្នាក់នោះមានបញ្ហាមិនប្រក្រតីត្រង់ណាមួយមិនខានតែមើលទៅគេដូចជាមិនអីទេ?
"ជុង? បង... បងកើតអី?"
ហេតុអីនាយខំនិយាយទៅគេច្រើនហូរហែតែគេមិនតបតអ្វីសោះអ៊ីចឹងហើយថែមទាំងនៅស្ងៀមធ្មឹងមិនព្រមឱបនាយវិញដូចគ្នា។
ថេយ៍ដកខ្លួនចេញពីគេបន្តិច ប្រឹងសម្លឹងមុខគេថាមានអ្វីប្រែប្រូលឬអត់ តែដូចជាគ្មានទេ គេនៅតែសង្ហាដូចដើមគ្រាន់តែមិននិយាយស្ដីមើលមកនាយដោយក្រសែភ្នែកចម្លែកៗ  ហើយដូចខ្លាចនាយយ៉ាងម៉េចមិនដឹង?
"អ្នក... អ្នកប្រុស"
នាយតូចបើកភ្នែកធំៗហាក់ភាំងៗពេលលឺសព្វនាមដែលគេហៅខ្លួន ប្រៀបដូចអ្នកទាំងពីរមិនធ្លាប់មានអារម្មណ៍ជ្រាលជ្រៅជាមួយគ្នាយ៉ាងអ៊ីចឹង។
"ថាម៉េច?"
"អឹក អ្នកប្រុស ខ្ញុំ... ខ្ញុំសុំទោស ខ្ញុំមិនដឹងថាអ្នកប្រុសនៅទីនេះដែរទេ"
សុខៗគេស្រាប់តែលត់ជង្គង់ចុះនៅនឹងមុខនាយហើយឱនក្បាលសុំទោសម្ដងហើយម្ដងទៀត សូម្បីតែមុខក៏មិនព្រមមើលមកនាយដែរ។ តើគេកើតអី? ឬមួយក៏គេបាត់ការចងចាំ?
"ជុង! មិនមែនអ៊ីចឹងទេ"
"ខ្ញុំសុំទោស ខ្ញុំខុសហើយៗ"
ទោះនាយចង់បកស្រាយ និយាយស្រួលបួលជាមួយគេយ៉ាងណាក៏គេមិនព្រមស្ដាប់នាយត្រឹមត្រូវទើបមានតែសម្លុតគេដូចកាលដែលធ្លាប់ធ្វើរាល់ដង។
"ឈប់ភ្លាម! ប្រាប់ឲ្យឈប់ ស្ដាប់សិន!"
"គឺ...បាទ"
"និយាយមកបង... ហឹម ឯងមកទីនេះបានយ៉ាងម៉េច?"
"ខ្ញុំ... ខ្ញុំមិនដឹងទេ ខ្ញុំចាំថាពួកយើងកំពុងតែឡើងលើភ្នំជាមួយគ្នាសុខៗ អ្នកប្រុសក៏... ក៏ទុកខ្ញុំចោលហើយពេលបើកភ្នែកឡើងវិញ ខ្ញុំក៏មកដល់ទីនេះ"
និយាយបណ្ដើរនាយក៏ចាប់ផ្ដើមអួលដើមកដូចតឹងណែនដើមទ្រូងណាស់អ៊ីចឹង ព្រោះអ្វីដែលនាយចាំបានមុនពេលដឹងខ្លួនមានតែរូបភាពដែលថេយ៍ចាកចេញទុកនាយឲ្យធ្លាក់ចូលទៅក្នុងភ្នំភ្លើងដ៏ក្ដៅ វាក្ដៅណាស់ ឈឺណាស់។
"អ្នកប្រុស! អ្នកប្រុសកុំទុកខ្ញុំចោលអី ខ្ញុំនឹងបម្រើអ្នកប្រុសឲ្យបានល្អ សន្យាមិនធ្វើឲ្យអ្នកប្រុសឃ្នើសចិត្តទៀតទេ សូមកុំធ្វើបែបហ្នឹងដាក់ខ្ញុំអី"
ស្ដាប់ហើយថេយ៍សឹងតែទប់ទឹកភ្នែកមិនបានក្រោយដឹងថាគេមិនមានការចងចាំបន្តិចសោះពីទំនាក់ទំនងល្អៗរបស់ខ្លួន ក្នុងភ្នែកគេពេលនេះនាយជាម្ចាស់តូចចិត្តអាក្រក់កាលពីដប់ឆ្នាំមុន។
"ខ្ញុំធ្លាប់ទុកឯងចោលនៅលើភ្នំម្ដងហើយ ឯងនៅតែចង់មកនៅជាមួយខ្ញុំទៀតហេស?"
"គឺ... រឿងនោះក្រែងអ្នកប្រុសគ្មានចេតនាធ្វើដាក់ខ្ញុំអ៊ីចឹងទេមែនទេ?"
ក្នុងចិត្តរាងក្រាស់នៅតែគិត នៅតែសង្ឃឹមថារឿងនោះគ្រាន់តែជាឧបទ្ទវហេតុ អ្នកប្រុសមិនបានតាំងចិត្តចង់សម្លាប់នាយនោះទេ ពិតទេ?
នាយកំពុងរង់ចាំចម្លើយម្ចាស់តូចទាំងចិត្តអន្ទះអន្ទែង កែវភ្នែកស្រទន់ ស្មោះត្រង់មិនដឹងអីរបស់នាយកំពុងធ្វើឲ្យបេះដូងម្ចាស់តូចរង្គោះរង្គើសាជាថ្មី។
ហេតុអីអូនធ្វើរឿងអាក្រក់ច្រើនយ៉ាងនេះដាក់បង? ហេតុអីអូនមិនស្រលាញ់បងតាំងយូរ?
"ខ្ញុំមិនបាន... តាំងចិត្តទេ សុំទោសផងដែលទុកឯងចោល"
ត្រឹមពាក្យសុំទោសមួយម៉ាត់ បេះដូងដែលបានឆេះខ្លោចស្ទើរតែក្លាយជាផេះផង់ក៏ចាប់ផ្ដើមមានចលនា លោតញាប់ៗជាសញ្ញាបញ្ជាក់ប្រាប់ថា នាយលើកលែងឲ្យគេហើយ នាយត្រឹមចង់លឺប្រយោគនេះចេញពីមាត់គេប៉ុណ្ណោះ នាយមិនប្រកាន់ មិនខឹងនឹងគេឡើយ។
"ក្រោកមក!"
"បាទអ្នកប្រុស"
"ឯងមិនស្អប់ខ្ញូំមែនហេស?"
"អត់ទេ ខ្ញុំមិនដែលខឹងស្អប់អ្នកប្រុសទេ"
"ហេតុអី?"
ទោះដឹងចម្លើយខ្លះៗមកហើយ តែនាយនៅតែចង់ស្ដាប់ពាក្យពិតចេញពីមាត់គេ។ ចង់ឲ្យគេនិយាយម្ដងទៀត ហើយក៏ចង់បញ្ជាក់ថាជុងហ្គុកម្នាក់នេះស្រលាញ់នាយមែនឬអត់? ឬមួយបាត់ការចងចាំហើយភ្លេចហើយថានាយជាមនុស្សតែម្នាក់ដែលគេស្រលាញ់?
"មិនហ៊ានទេ ខ្ញុំត្រឹមជាអ្នកបម្រើ អ្នកប្រុសចង់ធ្វើបែបណាលើខ្ញុំក៏បាន"
ថេយ៉ុងអស់សំណើចពេលលឺគេគិតបែបនោះទាំងដែលការពិតគេហ៊ានណាស់ ហ៊ានធ្វើគ្រប់យ៉ាងឲ្យតែនាយក្លាយជារបស់គេ។
"ធ្វើបែបណាក៏បាន? គឺឯងជាអ្នកនិយាយទេ"
ដឹងថាគេមិនងាយនឹងវិលមករកសភាពដើមទេ វាត្រូវការពេលយូរទម្រាំតែគេអាចនឹកឃើញរឿងពីមុនហើយវាក៏អាចទៅរួចដែលគេគ្មានថ្ងៃអាចចាំបានឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ គេទៅជាបែបណាក៏ដោយក៏នាយព្រមនៅក្បែរគេ មើលថែគេ តបស្នងឲ្យសាកសមនឹងភាពស្មោះត្រង់របស់គេ។
...

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now