Ch34: បងត្រូវតែត្រឡប់មករកអូនវិញ 💔

1.9K 154 13
                                    

ក្នុងពេលដែលអ្នកខាងក្រៅកំពុងយំសោកបោកខ្លួន អ្នកដែលនៅក្នុងសង្គ្រាមក៏កំពុងត្រដរព្រោះតែបិសាចដែលបានជួបលើកនេះ វាខ្លាំងក្លាពេកហើយ។ ពួកគេទាំងពីរនាក់ទោះជាម្នាក់ៗខ្លាំងពូកែយ៉ាងណា ក៏មិនងាយនឹងអាចយកឈ្នះវាដែរ។
"អឹក ជេខេ ឯងរត់ទៅ ទីនេះទុកឲ្យយើងចាត់ការ យើងនឹងប្ដូរស្លាប់ជាមួយវា!"
ដល់ដំណាក់កាលនេះ អ៊ុនវូមានតែជ្រើសរើសជម្រើសដែលល្អសម្រាប់ពួកគេព្រោះបើនៅបន្តទៀតប្រាកដជាស្លាប់នៅទីនេះទាំងអស់គ្នាជាមិនខាន។
"ឯងនិយាយអី? ពួកយើងត្រូវកម្ចាត់វាហើយចេញពីទីនេះជាមួយគ្នា!"
ដំបូងផែនការរបស់នាយគឺបែបនោះ តែមេបិសាច មិនស្រួលចាត់ការដូចអ្វីដែលពួកនាយគិតឡើយទើបបានជាពន្យាពេលដល់ពេលនេះ ដល់ពេលដែលរាងកាយពួកនាយទ្រាំលែងចង់បានដោយសារតែកម្ដៅភ្លើងដែលខ្លួនបានរៀបចំ។
"ពួកយើងរង់ចាំទៀតលែងបានហើយ ឯងទៅមុនទៅ!"
និយាយហើយអ៊ុនវូក៏ប្រើច្រវ៉ាក់វេទមន្តរបស់ខ្លួនដើម្បីចងមេបិសាចនោះមិនឲ្យគេចរួចចេញពីទីនេះ ឯជុងហ្គុកជាអ្នកដែលចូលទៅប្រយុទ្ធនឹងវាតទល់តែស្បែកវាក្រាស់ឃ្មឹកថែមទាំងមានមាឌធំអស្ចារ្យ ដាវនាយសឹងតែធ្វើអីវាមិនបានទេ។ វិធីមួយទៀតមានតែប្រើថាមពលភ្លើងដែលនាយមានទាំងប៉ុន្មានដុតវាទាំងរស់ តែបែបនោះមិនមែនតែបិសាចទេដែលត្រូវរលាយក្លាយជាផេះ។
"ឯងឆាប់ចាត់ការទៅ យើងចាប់វាជាប់ហើយ"
"យើង... យើងធ្វើមិនបានទេ"
ជុងហ្គុកចាប់ផ្ដើមសម្រេចចិត្តលែងដាច់ពេលប្រឈមមុខនឹងការពិត។ រាល់ដងនាយចិត្តដាច់ណាស់តែពេលឲ្យលើកដៃសម្លាប់ជីវិតមិត្តខ្លួនឯង នាយធ្វើមិនបានទេ។
"បើឯងមិនធ្វើ ពួកយើងស្លាប់ទាំងអស់គ្នាមិនខាន"
"យើងចោលឯងមិនបានទេ!"
"កុំគិតពីយើង គិតពីគ្រួសារឯងសិនទៅ! ឯងមានប្រពន្ធ មានកូនកំពុងរង់ចាំ ពួកគេត្រូវការឯង! ចំណែកយើង យើងមិនសល់នរណាទៀតទេ គេចាកចេញពីយើងហើយ យើងរស់នៅរាល់ថ្ងៃក៏ឈឺចាប់ដូចជាស្លាប់ ឯងឲ្យយើងបានទៅជួបគេទៅ!"
ក្រោយពីមនុស្សជាទីស្រលាញ់ខ្លួនចាកចេញ អ៊ុនវូតែងតែព្យាយាមគេចពីការពិត គិតថាគេបាត់ខ្លួនប្រឹងតាមរកគ្រប់ទីកន្លែងតែការពិតគេបានចាកចេញលែងត្រឡប់ទៅហើយ។ រាល់ថ្ងៃនាយរស់នៅព្រោះតែតួនាទី ការពារប្រជាជនទាំងបេះដូងវាប្រេះឆា ឈឺចាប់គ្រប់ពេលដែលនឹកដល់គេ វាគួរតែដល់ពេលដែលនាយគួរបញ្ចប់ការឈឺចាប់មួយនេះហើយ។
"យើងមិនទាន់បោះបង់ឯង ឯងកុំបោះបង់ខ្លួនឯង"
ស្ដាប់ហើយអ៊ុនវូក៏ញញឹមសែនស្ញើចនឹងភាពស្មោះស្ម័គ្ររបស់មិត្តតែនាយបានសម្រេចចិត្តរួចហើយ ទើបដាច់ចិត្តទម្លាក់កាបិតខ្លីទាំងគូរបស់ខ្លួនចុះប្រឹងចាប់តែច្រវ៉ាក់ដែលរុំខ្លួនឯងជាមួយបិសាចនោះ។ នាយអស់សង្ឃឹម លែងចង់រស់បាត់ទៅហើយ កាន់តែសម្លឹងមើលមេឃដែលមានព្រះចន្ទកំពុងរះពេញបរមី នាយកាន់តែយល់ថាដល់ពេលហើយដែលត្រូវចាកចេញ។
"មូន! អូនមកទទួលបងហើយមែនទេ? អូនចាំបងយូរទេ? ចាប់ពីពេលនេះទៅ ពួកយើងលែងបែកគ្នាហើយ"
"អ៊ុនវូ! តាំងស្មារតីឡើង!"
ជុងហ្គុកចង់ឃាត់ក៏ឃាត់មិនទាន់ពេលដែលបិសាចនោះចាប់គេបានចង់លេបចូលទៅក្នុងពោះ។ នាយមានតែបង្ខំចិត្តប្រើថាមពលទាំងអស់របស់ខ្លួនដុតបិសាចនោះជាមួយនឹងបងប្អូនស្លាប់រស់ដែលធ្លាប់ឆ្លងកាត់សុខទុក្ខជាមួយគ្នាអស់រាប់ឆ្នាំ។ ហើយពេលថាមពលនោះផ្ទុះឡើង អ្វីៗគ្រប់យ៉ាងដែលនៅក្នុងទីក្រុងនេះក៏ឆាបឆេះកាន់តែខ្លាំងឡើង រួមទាំងខ្លួនប្រាណរបស់នាយក៏ត្រូវថាមពលខ្លួនឯងដុតកម្លោចពាសពេញរាងកាយតែដោយបិសាចនោះមិនទាន់ស្លាប់ នាយនៅតែបន្ថែមកម្លាំងខ្លាំងទៅៗរហូតអស់ពីខ្លួនមុននឹងដួលស្ដូកស្ដឹងនៅក្នុងភ្នក់ភ្លើងជាមួយគ្នា។
នៅវិនាទីចុងក្រោយមុននឹងបិទភ្នែកទៅ ខួរក្បាលរបស់នាយនឹកឃើញតែមុខប្រពន្ធជាទីស្រលាញ់ម្នាក់ប៉ុណ្ណោះ។ នឹកឃើញតាំងពីថ្ងៃដំបូងដែលបានជួបគេ គេពិតជាស្រស់ស្អាតខ្លាំងណាស់ដល់ថ្នាក់នាយគ្មានភាពក្លាហានមើលទៅគេចំ នាយមិនចង់លុបគេចេញពីការចងចាំទេ។
មានថ្ងៃមួយ នាយកាត់ស្មៅមិនប្រយ័ត្នក៏ធ្វើឲ្យមានរបួស គឺគេបានជួយព្យាបាលរបួសឲ្យនាយហើយនាយក៏ចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេយ៉ាងជ្រាលជ្រៅមិនអាចដកចិត្តបាន។ ទោះបេះដូងសឹងតែឈប់លោត តែខួរក្បាលចាំច្បាស់ណាស់ពេលគេសើចម្ដងៗ ថ្ពាល់គេក៏ចាប់ផ្ដើមក្រហមតិចៗគួរឲ្យខ្នាញ់ សម្លេងផ្អែមមុត កែវភ្នែកឆ្នាស់ឆ្នើមដែលមើលមកនាយ វាមិនអាចបំភ្លេចបានទេ។ បើនាយពិតជាបាត់បង់ជីវិតនៅទីនេះពិតមែន អ៊ីចឹងមានន័យថានាយនឹងលែងបានជួបគេទៀតហើយមែនទេ? អត់ទេ! នាយមិនចង់ស្លាប់ទេ នាយមិនចង់បែកពីថេយ៍ទេ លំបាកណាស់ទើបគេព្រមដាក់ចិត្តស្រលាញ់នាយ នាយមិនអាចបាត់បង់ឱកាសមួយនេះឡើយ។ បើទោះជាមានជាតិក្រោយ ក៏នាយខ្លាច ខ្លាចថាមិនបានជួបគេម្ដងទៀតដែរ នាយទទួលយកមិនបានទេ។
"ថេយ៍... អឹក ថេយ៍ បងមិនចង់ចាកចេញពីអូនទេ"
សម្លេងដង្ហើយហៅរបស់រាងក្រាស់វាដូចជាបានលឺដល់កូនៗទាំងបីរបស់នាយដែលនៅខាងក្រៅទើបពួកគេនាំគ្នាលូផង រត់ឆ្លេឆ្លាផង ស្រែកយំរពងពេញព្រៃហើយគ្រានោះហើយដែលធ្វើឲ្យថេយ៍កាន់តែមិនស្រួលចិត្តនិងដឹងច្បាស់ណាស់ថាគេកំពុងមានគ្រោះថ្នាក់។
"ជុង! ជុងកំពុងស្រែករកខ្ញុំ លែងខ្ញុំទៅ!"
ទោះប្អូនៗរបស់ខ្លួនប្រឹងឃាត់ឃាំងយ៉ាងណាក៏ថេយ៍នៅតែយំស្រែកចង់រត់ទៅជួបគេព្រោះដឹងច្បាស់ថាគេប្រាកដជាមានរឿងអីហើយបានជាមិនព្រមចេញមកវិញ នាយចង់ទៅជួយគេណាស់។
"ទៅមិនបានទេ បងប្រុស"
"ភ្លើងឆេះខ្លាំងណាស់ ពួកយើងចូលមិនបានទេ"
បើភ្លើងធម្មតាវាមិនជាថ្វី តែនេះជាភ្លើងវេទមន្តរបស់ចចកភ្លើង បើមនុស្សធម្មតាឬអ្នកមានកម្រិតតូចទាបចូលទៅជិតតែបន្តិចសូម្បីតែឆ្អឹងក៏មិនសេះសល់ឡើយ។
"ហឹកៗលោកប្ដី លោកប្ដី!"
ឃើញគេមានគ្រោះថ្នាក់ហើយជួយមិនបាន វាប្រៀបដូចមានកាំបិតចាក់ទម្លុះបេះដូងនាយតូចស្រស់ៗ ចង់ដកក៏ដកមិនបាន។ នាយថប់ដង្ហើម តឹងទ្រូងស្ទើរធ្លាយទទួលយករឿងនេះមិនបានទេ ទើបយំខូចចិត្តដល់ថ្នាក់សន្លប់បាត់បង់ស្មារតីត្រូវប៉ាម៉ាក់និងបងប្អូនគ្រាចូលកន្លែងសម្រាកដោយក្ដីបារម្ភ។
ដោយសារតែធ្វើអ្វីមិនបាន ចង់ចូលទៅក្នុងទីក្រុងកាន់តែមិនអាច អ៊ីចឹងមានតែចាំឲ្យបិសាចតូចៗងាប់អស់និងថាមពលភ្លើងនោះរលត់បាត់បន្តិចម្ដងៗទើបជេយ៉ុននិងគ្នីគ្នារហ័សចូលទៅរកមិត្តរបស់ខ្លួនទាំងគ្មានសង្ឃឹមសូម្បីតែបន្តិច។
"ចង្រៃយ៍!"
មីនឃ្យូឃើញកាំបិតដែលអ៊ុនវូបន្សល់ទុកនៅប្រឡាក់សុទ្ធតែឈាមទើបកើតចិត្តមួរម៉ៅ ជេរប្រទេចបណ្ដាសាហើយក៏កើតចិត្តអស់សង្ឃឹមទម្លាក់ខ្លួនឈ្ងោកមុខទាំងទឹកភ្នែកកូនប្រុសចាប់ផ្ដើមស្រក់ចុះទាំងមិនដឹងខ្លួន។
"ម៉េចក៏ទៅជាបែបនេះ?!"
ធ្លាប់គិតថាក្រុមរបស់នាយជាក្រុមដែលខ្លាំងពូកែអាចយកឈ្នះបិសាចបានគ្រប់កាលទេសទាំងអស់តែពេលនេះបែផ្ទុយស្រលះ ហាក់ដូចបាត់បង់គ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែក។ គម្រោងការពួកគេច្បាស់ណាស់ថាត្រូវនៅរស់ទាំងអស់គ្នាតែហេតុអីសូម្បីតែថាមពលតិចតួចពីវត្តមានពួកគេ ក៏នាយគ្មានអារម្មណ៍ដឹងដល់ដែរប្រៀបដូចពួកគេបានរលាយបាត់ពីពិភពលោកនេះយ៉ាងអ៊ីចឹង។
"ពួកយើងត្រូវតែរឹងមាំ ឯងមានចាំសម្ដីដែលជេខេប្រាប់ពួកយើងទេ មិនថាមានអីរឿងកើតឡើងក៏ពួកយើងត្រូវតែតាំងជំហរដែរព្រោះពួកយើងជាសរសរទ្រូងប្រទេសជាតិ"
មាត់អះអាងប្រាប់ខ្លួនឯងនិងមិត្តឲ្យរឹងមាំតែរាងកាយជេយ៉ុនគឺញ័រអស់ហើយ ចង់យំផងស្រែកផងដោយសារតែស្វែងរកពួកគេមិនឃើញ។ ឬមួយក៏ក្រុមយើងត្រូវបាក់បែកក្នុងពេលនេះហើយ?
"ឲ្យពួកយើងបន្តទៅមុខយ៉ាងម៉េចបើអ្នកដឹកនាំ អ្នករៀបផែនការចាំជួយពួកយើងពីក្រោយរហូតមក ពួកគេមិននៅទៀតឡើយ!"
មីនឃ្យូយកដៃខ្ទប់មុខប្រឹងទប់អារម្មណ៍ណាស់ដែរតែធ្វើមិនបាន នាយមិនដែលគិតថាអាចព្រ័តគ្នាដោយបែបនេះឡើយ បើដឹងបែបហ្នឹងនាយសុខចិត្តនៅប្ដូរស្លាប់ប្ដូររស់ជាមួយពួកគេ វាល្អជាជាង។
"ពួកយើងនៅមានកូនក្រុមនិងមនុស្សក្រោមបង្គាប់ច្រើនទៀត បើពួកយើងដួល ពួកគេមិនចប់ទៅហើយទេហេស?"
ក្នុងនាមជាអ្នកដឹកនាំទោះមានរឿងអីក៏ដោយក៏មិនអាចបង្ហាញអារម្មណ៍ទន់ជ្រាយបានឡើយ បែបនោះអ្នកនៅក្រោមបង្គាប់គ្មានជំនឿចិត្ត គ្មានកម្លាំងក្រោកឈរទៀតទេ។ នោះក៏ជាអ្វីដែលជេខេប្រាប់និងដាស់តឿនគ្រប់គ្នារហូតមក។
"អឹម យើងដឹងតែ... យើងពិបាកទ្រាំណាស់"
ដឹងដែរតែនៅមិនអាចទទួលយកការពិតបាន។ ម្នាក់ៗក្នុងចិត្តពិតជាចង់ស្រែកយំលឺៗណាស់តែជំនួសឲ្យការឈឺចាប់ពួកគេក៏ចាប់ផ្ដើមធ្វើការដោយការល្បាតទីក្រុងបណ្ដើរនិងតាមរកមិត្តខ្លួនបណ្ដើរ។
"មេក្រុមៗ! នេះគឺប្រធានក្រុមមែនទេ?"
សម្លេងស្រែករបស់កូនក្រុមធ្វើឲ្យអ្នកទាំងពីរងាកមើលមុខគ្នា កែវភ្នែកចាប់ផ្ដើមមានសង្ឃឹមតិចៗហើយក៏នាំគ្នារត់ទៅមើលតាមម្ចាស់សម្លេងនោះហើយអ្វីដែលពួកគេបានឃើញគឺពិតជាជេខេមែនតែមិនមែនគេក្នុងរូបរាងជាមនុស្សទៀតឡើយ។
"ជេខេៗ!"
មីនឃ្យូប្រឹងស្រែកឲ្យកូនចចកនោះភ្ញាក់ខ្លួនឯជេយ៉ុនក៏លូកដៃសន្សឹមៗទៅស្ទង់ដង្ហើមរបស់គេតែ...
"គេ... គេមិនដកដង្ហើមទេ"
"ម៉េចនឹងអាចទៅ?!"
"ឆាប់ឡើង! នាំគេទៅជួបម្ចាស់តូចទៅ ក្រែងលោម្ចាស់តូចអាចជួយបាន"
"តោះឆាប់ទៅ!"
ក្រោយពីរកឃើញរូបរាងកាយរបស់ជុងហ្គុកហើយ អ្នកទាំងពីរក៏នាំគេទៅជួបថេយ៉ុងក្រែងលោគេមានវិធីអាចជួយជុងហ្គុកបានចំណែកអ្នកផ្សេងក៏ត្រូវនៅដើរល្បាតទីក្រុងដដែល។ ដើរមើលថាវាមានសុវត្ថិភាពហើយឬនៅមុននឹងដឹកនាំប្រជាជនឲ្យត្រឡប់មកទីនេះវិញ។
...
ក្រោយពីមើលឃើញពីសភាពរបស់ស្វាមី ថេយ៍ស្ទើរតែយំបោកខ្លួនម្ដងទៀតព្រោះឃើញគេបានបាត់បង់ស្មារតី សល់តែសំបករាងកាយគ្មានវិញ្ញាណទៀតនោះទេ។ សូម្បីតែរាងកាយក៏ចាប់ផ្ដើមឡើងត្រជាក់ទៅៗ បាត់បង់កម្ដៅបន្តិចម្ដង សឹងតែគ្មានសង្ឃឹមអាចជួយឲ្យគេរស់ឡើងវិញបានឡើយ។
"កូនថេយ៍ កូនត្រូវគិតឲ្យច្បាស់មុននឹងសម្រេចចិត្តជួយគេ"
ម្ចាស់ស្រីខាណាដិព្យាយាមនិយាយដាស់តឿនកូនព្រោះបើតាមមើលទៅ គាត់ដឹងច្បាស់ណាស់ថាថេយ៍គិតចង់ធ្វើអី គឺធ្វើរឿងដែលប៉ះពាល់នឹងជីវិតគេទៀតផង។
"កូនមិនខ្វល់ទេថាទោះការជួយឲ្យគេមានជីវិតឡើងវិញត្រូវកាត់អាយុប៉ុន្មានរយ ប៉ុន្មានពាន់ឆ្នាំ កូននៅតែចង់ជួយគេ តើកូនត្រូវរស់នៅយូរអង្វែងដើម្បីអីបើមិនអាចរស់ជាមួយមនុស្សដែលខ្លួនស្រលាញ់?"
ប្រើពេលរស់នៅរាប់ឆ្នាំដោយគ្មានគេ តើវាមានន័យអីទៅ? នាយមិនត្រូវការ មិនចង់បានជីវិតអមតៈអីទៀតនោះទេ ត្រឹមចង់បានស្វាមីដ៏ល្អរបស់ខ្លួនត្រឡប់មកវិញប៉ុណ្ណោះ។
"ម្ចាស់ម៉ាក់គ្រាន់តែបារម្ភខ្លាចថាវាអាចប៉ះពាល់ដល់ជីវិតរបស់កូន តែបើកូនសម្រេចចិត្តទៅហើយ ម៉ាក់ក៏គាំទ្រ"
ទង្វើររបស់ថេយ៍គាត់យល់ជាងអ្វីៗទាំងអស់ព្រោះគាត់ក៏ធ្លាប់ឆ្លងកាត់រួចមកហើយ។ គាត់បានជ្រើសរើសប្រើជីវិតដូចជាមនុស្សធម្មតាមានឈឺ មានស្លាប់ព្រោះតែលះបង់ជីវិតអមតៈរបស់ខ្លួនដើម្បីជួយសង្គ្រោះជីវិតស្វាមីជាទីស្រលាញ់។ ដូច្នេះគាត់មិនឃាំងឃាត់ទេបើគេជ្រើសរើសបែបហ្នឹង។
"ជុង! បងត្រូវតែវិលមករកអូនវិញ បងសន្យាហើយថាមិនចាកចោលអូនទេ ហឹកៗ"
ការជួយសង្គ្រោះបែបនេះ វាប្រថុយប្រថានណាស់តែទោះយ៉ាងណាក៏នាយនៅតែជ្រើសរើសផ្លូវមួយនេះដដែល។
ដៃស្រឡូនលើកប៉ះខ្លួនគេយឺតៗទាំងទឹកភ្នែកក៏ស្រក់ហូរបណ្ដើរៗហើយពន្លឺពណ៌បៃតងក៏ចាប់ផ្ដើមចេញពីខ្លួននាយរួចបញ្ជូនទៅក្នុងខ្លួនកូនចចកដែលធ្វើឲ្យជុំវិញខ្លួនពួកគេពេលនេះមានតែពណ៌បៃតងទាំងអស់។
"អាក៎"
ពន្លឺដែលចេញពីខ្លួនទាំងប៉ុន្មានធ្វើឲ្យនាយតូចឈឺចាប់ខ្លាំងណាស់តែទោះយ៉ាងណាក៏នាយត្រូវតែទ្រាំមិនថាត្រូវផ្ទេរថាមពលរបស់នាយអស់ច្រើនប៉ុណ្ណា ត្រូវប្រើពេលយូរប៉ុណ្ណាដើម្បីជួយគេក៏នាយសុខចិត្តលះបង់ទាំងអស់ឲ្យតែគេព្រមត្រឡប់មកវិញទោះបីត្រូវបូជាជីវិតខ្លួនឯងក៏នាយសុខចិត្តដែរ។

To be continued 💗

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now