ភាគ០១

237 12 0
                                    

" បាត់បង់ជើងទាំងគូ "

ត្របកភ្នែកក្រាស់បើកឡើងសម្លឹងពិដានពណ៌សទាំងស្រពេចស្រពិល ខណះរាងកាយទាំងមូលឈឺស្ពឹកគ្រប់កន្លែង រ៉េន ប្រឹងកម្រើកខ្លួនងាកទៅសម្លឹងបង្គោលសារ៉ូមដែលនៅក្បែរក្បាលគ្រែ ទើបគេដឹងថាខ្លួនកំពុងតែនៅលើគ្រែអ្នកជំងឺក្នុងមន្ទីរពេទ្យ។
« រ៉ូជីន...រ៉ូជីន »
បបូរមាត់ស្លេកស្លាំងបង្ហើបហៅឈ្មោះម្ចាស់ស្នេហ៍លឺសូរល្វើយទៅដល់ត្រចៀកគិលានុបដ្ឋាយិកានៅមាត់ទ្វា ទើបនាងរហ័សរត់ចូលមកក្នុងបន្ទប់មើលអ្នកជំងឺ។
« អ្នកជំងឺដឹងខ្លួនហើយមែនទេ? » គិលានុបដ្ឋាយិកាព្យាយាមឱនហៅអ្នកជំងឺដែលបើកភ្នែកប្រិមៗដូចជាដឹងខ្លួនហើយតែចង់សន្លប់ទៅវិញ។
ពឹប!
នៅសុខៗប្រអប់ដៃមាំស្រាប់តែលើកមកចាប់កដៃរបស់គិលានុបដ្ឋាយិកាជាប់ណែនហើយគេក៏ប្រឹងក្រោកអង្គុយដោយមានដៃរបស់គិលានុបដ្ឋាយិការជាជំនួយ។
« រ៉ូជីន! រ៉ូជីន នៅកន្លែងណា? » គ្រប់គ្នាយ៉ាងក្នុងខួរក្បាលរបស់គេនៅពេលនេះមានតែនាងម្នាក់ គេអន្ទះសារចង់រកនាងខ្លាំងរហូតដល់ថ្នាក់សួរទៅគិលានុបដ្ឋាយិកាដែលមិនដឹងរឿងអ្វីសោះ ទោះមិនសង្ឃឹមថាគិលានុបដ្ឋាយិកាបានដឹងពីដំណឹងរបស់នាង តែគេគ្រាន់តែសង្ឃឹមថានាងអាចមករកគេនៅទីនេះ បើនាងដឹងថាគេមានគ្រោះថ្នាក់។
« អ្នកជំងឺកុំទាន់កម្រើកផ្តេសផ្តាស ខ្ញុំខលហៅលោក ដុកទ័រ សិន » គិលានុបដ្ឋាយិកាមើលទៅអាការះរបស់ រ៉េន មិនសូវល្អព្រោះគេសួរអ្វីប្លែកៗទើបនាងរហ័សខលហៅលោក ដុកទ័រ ឲ្យមកពិនិត្យគេ។
« រ៉ូជីន! ខ្ញុំចង់ទៅរក រ៉ូជីន » រ៉េន ទាញភួយចេញហើយបម្រុងចុះពីលើគ្រែតាមចិត្តដែលអន្ទះសារចង់ទៅរកម្ចាស់ស្នេហ៍ ប៉ុន្តែភ្លាមៗស្រាប់តែជើងទាំងគូរបស់គេមិនអាចកម្រើកបានសោះ មិនថាគេប្រឹងប៉ុណ្ណាក៏ជើងរបស់គេមិនកម្រើកដែរ គេមានអារម្មណ៍ដូចជាជើងមួយគូនេះលែងជារបស់គេទៀតអ៊ីចឹង ព្រោះគេមិនអាចបញ្ជាវាបានទេ ។
« តើមានរឿងអ្វីកើតឡើងចំពោះជើងខ្ញុំ? ជើងរបស់ខ្ញុំកម្រើកមិនបានទេ » រ៉េន ចាប់ច្របាច់ជើងទាំងគូរបស់ខ្លួនឯង តែជើងរបស់គេមិនបានបញ្ចូលព័ត៌មានថាមានដៃប៉ះមកឲ្យខួរក្បាលរបស់គេសោះ តើគេពិតជាពិការហើយមែនទេ? គ្មានជើងគេទៅរក រ៉ូជីន យ៉ាងម៉េចបានទៅ? បើគេក្លាយជាមនុស្សពិការហើយ គេក៏ខ្លាចជាមនុស្សគ្មានបានការម្នាក់ដែរ ។
« អ្នកជំងឺស្ងប់អារម្មណ៍សិនទៅ » គិលានុបដ្ឋាយិកាចូលមកលួងលោមឲ្យគេព្រមស្ងប់អារម្មណ៍ តែគេស្ងប់អារម្មណ៍មិនបានទេ ព្រោះជើងរបស់គេប្រើការលែងបានទៀតហើយ គេកំពុងតែក្លាយជាមនុស្សពិការណា តើឲ្យគេស្ងប់អារម្មណ៍បានយ៉ាងម៉េចទៅ?។
« ចេញទៅ! ចេញឲ្យឆ្ងាយពីខ្ញុំទៅ! ហ៊ឹក! »
ប្រូស!
គិលានុបដ្ឋាយិកាត្រូវប្រអប់ដៃមាំរុញឲ្យដួលទៅលើឥដ្ឋទើបនាងរហ័សក្រោករត់ចេញទៅខាងក្រៅដើម្បីហៅគ្រូពេទ្យផ្សេងទៀតឲ្យមកជួយមើលអ្នកជំងឺដែលកំពុងបាត់បង់សតិនៅពេលនេះ។
« អ្ហា...ហេតុអ្វី? ហេតុអ្វីទៅជាបែបនេះ? ជើងរបស់ខ្ញុំ...ខ្ញុំមិនអាចពិការបានទេ » រ៉េន ញីសក់ក្បាលរបស់ខ្លួនឯងឡើងរញេរញៃអស់ គេស្ទើរតែឆ្កួតភ្លាមៗក្រោយដឹងថាខ្លួនឯងបានបាត់បង់ជើងទាំងគូហើយ គេមិនអាចទទួលយកសភាពរបស់ខ្លួនឯងនៅពេលនេះបានទេ ទើបគេប្រឹងទាញជើងរបស់ខ្លួនឯងទម្លាក់ទៅលើឥដ្ឋហើយក៏ប្រឹងក្រោកឈរឡើងតែ...
ប្រូស!
រាងក្រាស់ដួលដេកទៅលើកម្រាលឥដ្ឋក្បែរជើងគ្រែយ៉ាងគួរឲ្យសង្វេគ បុរសដែលធ្លាប់តែមានរាងកាយរឹងមាំម្នាក់ ពេលនេះសូម្បីតែឈរក៏ឈរមិនបានផង តើគេនៅមានមុខអ្វីទៅជួប រ៉ូជីន ទៀតទៅ? ។
ឌឹប! ឌឹប!
រ៉េន ក្តាប់ដៃវាយជើងរបស់ខ្លួនឯងខ្លាំង ប៉ុន្តែមិនថាគេប្រើកម្លាំងខ្លាំងប៉ុណ្ណាដើម្បីវាយជើងរបស់ខ្លួនឯងទេ ជើងរបស់គេនៅតែមិនទទួលដឹងថាឈឺ មានតែដៃរបស់គេតែប៉ុណ្ណោះដែលឈឺ។
« ហ៊ឹក! ចង្រៃយ៍...ហ៊ឹក! » ដំណក់ទឹកភ្នែកកូនប្រុសស្រក់ចុះមកយ៉ាងឈឺចាប់ ឈឺចាប់ដែលជើងរបស់ខ្លួនឯងត្រូវបាត់បង់ទៅ ឈឺចាប់ដែលខ្លួននឹងក្លាយជាមនុស្សគ្មានបានការម្នាក់ ចាប់ពីពេលនេះទៅគេមិនអាចដើរបានទៀតទេ តើគេនៅមានប្រយោជន៍អ្វីទៀតទៅ?។

មួយម៉ោងក្រោយមក

លោក ដុកទ័រ ឈរកាន់ក្រដាសពិនិត្យអាការះជំងឺរបស់ រ៉េន នៅក្បែរអ្នកជំងឺដែលគេងធ្មឹងមិនកម្រើកមិននិយាយស្តីអ្វីទាំងអស់ គេគិតតែពីគេងសម្លឹងពិដានពណ៌សដោយក្តីអស់សង្ឃឹម លោក ដុកទ័រ ឃើញគេអស់សង្ឃឹមបែបនេះ លោកក៏និយាយពីអាការះរបស់គេប្រាប់ឲ្យគេដឹងខ្លះ ព្រោះជើងគេមិនមែនថាដើរមិនបានអស់មួយជីវិតនោះទេ។
« ទោះជាជើងរបស់លោកដើរមិនបាននៅពេលនេះ ប៉ុន្តែខ្ញុំពិនិត្យឃើញថាជើងរបស់លោកនៅមានឱកាសដែលអាចដើរបានឡើងវិញ »
រ៉េន ងាកមុខទៅសម្លឹងលោកដុកទ័រមួយរំព្រិចក្រោយបានស្តាប់លឺសម្តីរបស់លោក ដុកទ័រ មុននេះហើយ។ គេនៅមានឪកាសដើរបាន តើគេមិនបានស្តាប់ច្រឡំទេ? ។
« តើខ្ញុំមានឱកាសដើរបានឡើងវិញប៉ុន្មានភាគរយដែរទៅ? » រ៉េន រហ័សក្រោកអង្គុយសួរលោក ដុកទ័រ ដោយក្តីសង្ឃឹមសារជាថ្មី។
« សាមសិបភាគរយ! ទោះមិនច្រើនតែបើលោកព្យាយាម លោកនឹងអាចដើរបានម្តងទៀត » លោក ដុកទ័រ ញញឹមតិចៗនិងទះស្មាផ្តល់កម្លាំងចិត្តឲ្យគេ ។
« តែសាមសិបភាគរយទេ? » រ៉េន ទម្លាក់ទឹកមុខអស់សង្ឃឹមសារជាថ្មីម្តងទៀត សាមសិបភាគរយគឺតិចខ្លាំងណាស់ដឹងទេ តើពេលណាទើបគេអាចដើរបានវិញទៅ? មួយឆ្នាំ ពីរឆ្នាំ ប្រាំឆ្នាំឬក៏ពាក់កណ្តាលជីវិតនេះ គ្មាននរណាម្នាក់អាចផ្តល់ចម្លើយឲ្យគេបានឡើយ គេមិនអាចប្រើរយះពេលយូយ៉ាងនេះបានទេ គេត្រូវទៅជួប រ៉ូជីន គេគ្មានពេលទៀតទេ។
« អ្នកជំងឺកុំគិតច្រើនអី លោកគួរតែចេញទៅក្រៅស្រូបយកខ្យល់អាកាសខ្លះល្អទេ » លោក ដុកទ័រ ហៅឲ្យគិលានុបដ្ឋាយិកាយករទេះសម្រាប់ជនពិការមក ដើម្បីនាំ រ៉េន ចេញទៅស្រូបយកខ្យល់អាកាសខាងក្រៅព្រោះមើលទៅផ្លូវចិត្តរបស់គេមិនសូវល្អនោះទេ បើឲ្យគេនៅតែក្នុងបន្ទប់ស្ថានភាពអាចនឹងកាន់តែពិបាក។
រ៉េន មិននិយាយអ្វីគ្រាន់តែបណ្ដោយខ្លួនឲ្យក្រុមគ្រូពេទ្យជួយលើកគេដាក់រទេះរុញ ហើយនាំគេចេញទៅខាងក្រៅបន្ទប់។
តាំងពីគេដឹងខ្លួនមក នេះជាលើកទីដំបូងដែលគេបានចេញពីខាងក្នុងបន្ទប់សម្រាក បរិយាកាសនៅក្នុងមន្ទីរពេទ្យមួយនេះហេតុអ្វីចម្លែកយ៉ាងនេះ មានអ្នកជំងឺជាច្រើនដើរហើរយ៉ាងសេរីក្នុងមន្ទីរពេទ្យ ពួកគេសុទ្ធតែស្លៀកពាក់សម្លៀកបំពាក់អ្នកជំងឺ ប៉ុន្តែបែរជានៅអាចអង្គុយនិយាយគ្នាលេងសើចសប្បាយបានទៀត មួយវិញទៀតនៅទីនេះមានអ្នកជំងឺជាមនុស្សចាស់ច្រើន ជាងអ្នកជំងឺវ័យក្មេង ប៉ុន្តែហេតុអ្វីមើលទៅការរៀបចំសណ្តាប់ធ្នាប់មិនដូចជាមន្ទីរពេទ្យនៅក្នុងក្រុងសោះ? តើគេកំពុងនៅទីណា? ។
« ឈប់សិន! តើអ្នកម៉ាក់និងលោកប៉ាមានមកមើលខ្ញុំទេ? » រ៉េន ប្រាប់ឲ្យគ្រូពេទ្យស្រីដែលរុញរទេះរបស់គេឈប់ ក្រោយយល់ថាគ្រប់យ៉ាងនៅជុំវិញគេហាក់ដូចជាចម្លែក មន្ទីរពេទ្យដែលគេស្នាក់នៅដូចជាមិនមែននៅក្នុងក្រុងទេ ចំណែកអ្នកម៉ាក់និងលោកប៉ាដែលតែងតែបារម្ភពីគេ ក៏គេមិនបានឃើញដែរតាំងពីពេលគេដឹងខ្លួនមក ។
« ខ្ញុំឈ្មោះ យូ ហារ៉ា ជាគ្រូពេទ្យដែលអ្នកម៉ាក់របស់លោកបញ្ចូលមកឲ្យមើលថែលោកក្នុងអំឡុងពេលដែលលោកសម្រាកព្យាបាលទៅទីនេះ ដូច្នេះលោកកុំគិតច្រើនអ្វី គ្រាន់តែព្យាយាមដើរឡើងវិញទៅបានហើយ » រាងស្តើងស្រស់ស្អាតក្នុងឈុនជាគ្រូពេទ្យម្នាក់ចាប់ផ្តើមរុញរទេះរបស់ រ៉េន ទៅមុនបន្តជារឿយៗក្រោយនិយាយណែនាំខ្លួនឲ្យគេបានស្គាល់ហើយ។
« មែនហើយ ពេលនេះខ្ញុំបានក្លាយជាមនុស្សគ្មានបានការម្នាក់ទៅហើយ អ្នកម៉ាក់និងលោកប៉ាម្តេចនឹងត្រូវការខ្ញុំទៀតនោះ ហិ...នាងអាចទុកខ្ញុំឲ្យនៅម្នាក់ឯងបានទេ » ស្នាមញញឹមបង្កប់ដោយភាពឈឺចាប់របស់ រ៉េន បង្ហាញឲ្យអ្នកដែលរុញគេពីខាងក្រោយបានឃើញតាមរយះជញ្ជាំងកញ្ចក់ខាងមុន ទោះមិនសូវច្បាស់តែនាងនៅតែអាចយល់អារម្មណ៍គេនៅក្នុងពេលនេះបាន ជើងក៏បាត់បង់ គ្រួសារក៏បោះបង់គេចោល តើគេឈឺចាប់ខ្លាំងប៉ុណ្ណាទៅ? ។
« ទីនេះអាចឲ្យលោកគយគន់ទេសភាពស្លឹកជ្រុះពណ៌លឿនទុំដ៏ស្រស់ស្អាតបាន អ៊ីចឹងលោកអង្គុយលំហែរអារម្មណ៍នៅទីនេះសិនចុះ » ហារ៉ា ដឹងថាគេត្រូវការពេលវេលាដើម្បីធ្វើចិត្តទទួលយករឿងគ្រប់យ៉ាងដែលបានកើតឡើង ទើបនាងព្រមទុកឲ្យគេអង្គុយនៅពីមុខជញ្ជាំងកញ្ចក់ធំល្វឹងល្វើយដែលកំពុងរំលេចទេសភាពនារដូវស្លឹកជ្រុះយ៉ាងស្រស់ស្អាតនៅពីមុខគេ។
កែវភ្នែកសោកសៅដក់ជាប់ដំណក់ទឹកភ្នែកដោយក្តីឈឺចាប់សម្លឹងស្លឹកឈើពណ៌លឿនទុំដែលរុះរោយតាមកម្លាំងខ្យល់ធ្លាក់កាត់ពីមុខរបស់គេនៅខាងក្រៅជញ្ជាំងកញ្ចក់របស់មន្ទីរពេទ្យ។ សម្រែកឈឺចាប់លាន់លឺចេញពីបេះដូងរបស់គេម្តងហើយម្តងទៀតមិនឈប់ គ្រប់ពេលដែលឱនសម្លឹងមើលជើងទាំងគូដែលកម្រើកមិនបាននេះ ធ្វើឲ្យគេឈឺចាប់ស្ទើរតែមិនចង់រស់ ហេតុអ្វីបានជាជីវិតរបស់គេត្រូវធ្លាប់មកដល់ដំណាក់កាលមួយនេះ? នារីដែលគេស្រលាញ់ស្មើរជីវិតក៏ចាកចេញពីគេទៅ ហើយគេក៏មកត្រូវបាត់បង់ជើងទាំងគូថែមទៀត ពេលនេះសូម្បីតែគ្រួសារក៏បោះបង់គេចោល ទុកគេឲ្យនៅមន្ទីរពេទ្យណាមិនដឹងតែម្នាក់ឯង គេពិតជាស្អប់ស្ថានភាពគួរឲ្យអាណិតរបស់គេនៅពេលនេះណាស់ គេមិនចង់រស់នៅជីវិតដែលគួរឲ្យអាណិតបែបនេះទេ។
« ហ៊ឹក! » រ៉េន ក្តាប់កង់រទេះណែនដៃទាំងគូ កែវភ្នែកក្រហមពោលពេញដោយភាពឈឺចាប់ទាំងគូសម្លឹងផ្លូវខាងមុនដោយកំហឹងខឹងស្អប់ចំពោះខ្លួនឯងដែលត្រូវមកអង្គុយនៅលើរទេះមួយកន្លែងបែបនេះ ។ រ៉េន ប្រើកម្លាំងដៃរុញរទេះឲ្យទៅមុខលឿនឡើយៗតាមកំហឹងរបស់គេ គេចង់យកឈ្នះភាពទន់ខ្សោយរបស់ខ្លួនឯងនៅពេលនេះ គេកុំបញ្ជាក់ថាគេមិនមែនជាមនុស្សពិការគួរឲ្យអាណិតនោះទេ ។
ប្រាវ! ប្រូស!
រទេះទៅមុខលឿនពេកទើបរអិលធ្វើឲ្យក្រឡាប់កាប់ផ្ងារធ្លាក់រាងក្រាស់ពីលើរទេះទៅលើកម្រាលឥដ្ឋតែម្នាក់ឯង។ រ៉េន ព្យាយាមប្រឹងក្រោកតែជើងរបស់គេទាំងគូកម្រើកមិនបានឡើយ ទើបគេកាន់តែស្អប់ខ្លួនឯងខ្លាំងឡើង គេស្អប់ខ្លួនដែលគ្មានបានការបែបនេះខ្លាំងណាស់ ។
« ចង្រៃយ៍! ហេតុអ្វីទៅ? ហេតុអ្វី? ហ៊ឹក! » រ៉េន ស្រែកជេរជើងរបស់ខ្លួនឯងខ្លាំងៗ កណ្តប់ដៃមាំដាល់លើជើងរបស់ខ្លួនឯងមិនឈប់ដោយអារម្មណ៍ស្អប់ខ្លួនឯងជាពន់ពេក។
ប៉ុក! ប៉ុក!
សំឡេងបាត់ស្បែកជើងប៉ះនឹងកម្រាលឥដ្ឋលាន់ឡើងជាបន្តបន្ទាប់ រហូតជើងទាំងគូក្នុងស្បែកប៉ាត់តាពណ៌សបង្ហាញឡើងនៅចំពោះមុខរបស់អ្នកដែលអង្គុយធ្វើបាបខ្លួនឯងនៅលើកម្រាលឥដ្ឋ។ រ៉េន រហ័សងើយរកមើលមុខរបស់ម្ចាស់ជើងទាំងគូដែលឈប់នៅចំពោះមុខរបស់គេ ធ្វើឲ្យគេមានអារម្មណ៍ច្រណែនដែលនាងអាចដើរបាន មិនដូចជាគេនៅពេលនេះដែរបានត្រឹមអង្គុយមួយកន្លែង។
ទម្រង់មុខអក្សរវីសាកសមនឹងកែវភ្នែកស្រស់ថ្លាមូលក្រឡង់ទាំងគូ ច្រមុះស្រួច បបូរមាត់តូចមានពណ៌ក្រហមបែបធម្មជាតិកំពុងតែញញឹមលេចថ្ពាល់ខួចម្ខាងដាក់គេយ៉ាងស្រស់ស្អាត។ រាងស្តើងគ្របដោយអាវសរបស់ដុកទ័រពីខាងក្រៅនិងពាក់អាវយឺតពណ៌ផ្ទៃមាឃខាងក្នុងដែលមានអក្សរមួយម៉ាត់ថា " ក្តីសង្ឃឹម "។
« លោកមិនអីទេ? » នាងបន្ទន់ខ្លួនឱនមុខដ៏ស្រស់ស្អាតមកមុខបន្តិចដើម្បីមើលមុខរបស់អ្នកដែលអង្គុយនៅផ្ទាល់ឥដ្ឋឲ្យបានច្បាស់។ នាងបានឃើញរទេះជនពិការនិងជើងទាំងគូដែលកម្រើកមិនបានរបស់គេហើយ នាងក៏អាចស្មានដឹងហើយថាគេដើរមិនបាន ទើបនាងហុចដៃស្រឡូនដូចបន្លាក្រូចមកពីមុខរបស់គេ ។
រ៉េន សម្លឹងរង្វង់មុខស្រស់ស្អាតដែលញញឹមដាក់គេហើយក៏ឱនមកសម្លឹងប្រអប់ដៃតូចៗរបស់នាងដែលហុចមកចំពោះមុខរបស់គេវិញ។ បើគេកាន់ដៃរបស់នាង គេនឹងអាចក្រោកឡើងម្តងទៀតបានហើយមែនទេ? ។ រ៉េន ងើបទៅសម្លឹងមុខរបស់នាងម្តងទៀត នាងក៏ងក់ក្បាលដាក់គេដោយស្នាមញញឹមមិនប្រែ ទើប រ៉េន លើកដៃទៅចាប់ប្រអប់ដៃរបស់នាងយ៉ាងណែន ហើយនាងក៏បានជួយលើកគេឲ្យអង្គុយលើរទេះវិញយ៉ាងរៀបរយ។
« លោកជាអ្នកជំងឺថ្មីមែនទេ? ខ្ញុំឈ្មោះ គីម ណាប៊ី » នាងឈរនៅពីមុខរបស់គេ ប្រាប់ឈ្មោះទាំងដែលគេមិនបានសួរ ទោះគេមិននិយាយស្តី មិនញញឹមតបមកនាងវិញយ៉ាងណាក៏នាងនៅតែរក្សាស្នាមញញឹមស្រស់ដាក់គេមិនប្រែ ព្រោះគ្រប់យ៉ាងដែលនាងធ្វើចំពោះគេ នាងមិនចង់បានការតបស្នងមកវិញឡើយ។
រងចាំភាគបន្ត


ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now