ភាគ២៤

103 5 0
                                    

“  កាដូពិសេសមុនថ្ងៃមង្គលការ ”

   ឆេមីន កាន់ឯកសារទិញប្រេងនៅក្នុងរោងចក្រដែលទទួលបានការស៊ីញេសម្រេចដោយ ណាប៊ី មកកាន់ចំណតឡានក្រោមដីរបស់អគារទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធ អ៊ីសាជី។
   « លោកម្ចាស់! » ជំនួយការរូបសង្ហាឱនគោរពតាំងពីខាងក្រៅឡាន ដោយសារតែចៅហ្វាយនាយដែលអង្គុយនៅខាងក្នុង មិនអាចចេញពីក្នុងឡានបានទេ ព្រោះខ្លាចមានអ្នកមកឃើញនឹងធ្វើឲ្យកើតរឿងធំ។
   កញ្ចក់ឡានពណ៌ខ្មៅទម្លាក់ចុះបន្តិច រល្មមតែអនុញ្ញាតឲ្យសំឡេងក្រលរមានអំណាចលឺចេញមកខាងក្រៅបាន។
   « គ្រប់យ៉ាងរួចរាល់ហើយមែនទេ? »
   « បាទ លោកម្ចាស់ អ្នកនាងប្រធានបានសុីញេសម្រេចរួចហើយ លោកម្ចាស់អាចពិនិត្យមើលបាន » ឆេមីន ហុចឯកសារទិញប្រេងក្នុងរោងចក្រឲ្យទៅអ្នកដែលអង្គុយក្នុងឡាន។
   « ធ្វើការបានល្អ » បបូរមាត់ក្រាស់ញោចញញឹមយ៉ាងពេញចិត្ត រួចទើបដកលុយមួយដុំចេញពីក្នុងកាបូបនៅក្នុងឡានហុចមកឲ្យ ឆេមីន។
   « អរគុណលោកម្ចាស់! » ឆេមីន ទទួលលុយដៃពីរនិងឱនក្បាលអរគុណចៅហ្វាយនាយដោយក្តីត្រេកអរ ។
   ឡានទំនើបពណ៌ខ្មៅទម្លាក់កញ្ចក់ហើយក៏បើកចេញពីចំណតឡានក្រោមដីចេញទៅយ៉ាងឆាប់រហ័ស បន្ទាប់ពីបានអ្វីដែលខ្លូនត្រូវការហើយ។
  
   ភូមិគ្រឹះម្ចាស់សម្ព័ន្ធ អ៊ីសាជី
  
   ផាំង! ផាំង!
   « អ្ហាយ! » ណាប៊ី ភ្ញាក់ពីដំណេកស្រែកឡើងទាំងតក់ស្លុតចំពោះសំឡេងលាន់លឺខ្លាំងនៅខាងមុខផ្ទះរបស់នាងទាំងព្រឹកប្រលឹម។
   « តើមានរឿងអ្វីកើតឡើង? » រ៉េន ចេញពីបន្ទប់ទឹកមកទាំងបើកភ្នែកធំៗសួរចម្លើយស្រីក្រមុំដែលទើបក្រោកពីគេងព្រោះតែភ្ញាក់នឹងសំឡេងផ្ទុះមុននេះ។
   « ចាំខ្ញុំចេញទៅមើល » ណាប៊ី រហ័សចុះពីលើគ្រែដើរសំដៅទៅទ្វាបន្ទប់យ៉ាងលឿន ប៉ុន្តែនាងនៅតែយឺតជាង រ៉េន ដែលដើរមកបើកទ្វាបន្ទប់ចេញទៅកាត់ពីមុខនាង ទើប ណាប៊ី ត្រូវឈប់ជើងបន្តិចមុននឹងដើរចេញទៅតាមក្រោយគេ។
  
   នៅបរិវេណខាងមុខផ្ទះដែលជាកន្លែងបង្កសំឡេងផ្ទុះលាន់លឺខ្លាំងមុននេះ ក្រុមអង្គរក្សក្នុងផ្ទះជិតម្ភៃនាក់នាំគ្នាមកប្រមូលផ្តុំជួបជុំគ្នាឈរការពារនៅខាងមុខផ្ទះដែលកំពុងមានការឈ្លានពានពីសំណាក់អតីតអ្នកដឹកនាំ គីម គីរ៉ាន់ ។គេនាំកូនចៅរបស់គេមិនក្រោមដប់នាក់ចូលមកក្នុងបរិវេណភូមិគ្រឹះរបស់សម្ព័ន្ធ អ៊ីសាជី ទាំងគ្មានការអនុញ្ញាត មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងបានបាញ់កាំភ្លើងឡើងលើពីរគ្រាប់គំរាមអ្នកគ្រប់គ្នានៅក្នុងផ្ទះថែមទៀត។
   « អ្ហា៎! គ្រាន់តែបងប្រុសមកលេងប្អូនស្រី ពួកឯងចាំបាច់ភ្ញាក់ផ្អើលដល់ថ្នាក់នេះដែរ? » គីរ៉ាន់ អង្គុយលើក្បាលឡានកាន់កាំភ្លើងជាប់ដៃស្រែកសួរទៅកាន់ក្រុមអង្គរក្សក្នុងផ្ទះដែលនាំគ្នាមកប្រមូលផ្តុំគ្នាដូចជាកំពុងត្រៀមធ្វើសង្គ្ត្រាម។
   « បើអ្នកប្រុសចង់ជួបអ្នកនាងប្រធាន អ្នកប្រុសត្រូវចូលទៅក្នុងផ្ទះតែម្នាក់ឯងដោយមិនអាចយកអាវុធជាប់ដៃឬកូនចៅទៅតាមឡើយ »
   « យើងគិតថាយើងមិនចាំបាច់ចូលទៅជួបនាងទេ ព្រោះនាងចេញមករកយើងដោយខ្លួនឯងហើយ » គីរ៉ាន់ ចោលភ្នែកក្រឡេកឃើញ ណាប៊ីនិងរ៉េន ចេញពីក្នុងផ្ទះមក ទើបគេលោតចុះពីលើក្បាលឡានឈរបង្ហាញស្នាមញញឹមឌឺដងរបស់គេរងចាំស្វាគមន៍ប្អូនស្រីវិញ។
   « តើបងមករកខ្ញុំមានការអ្វី? » ណាប៊ី ចេញមកឈរនៅពីមុខក្រុមអង្គរក្សយ៉ាងក្លាហានទាំងបេះដូងតូចកំពុងភិតភ័យ។
   « គ្មានរឿងអ្វីធំដុំទេ គ្រាន់តែយកកាដូតិចតួចមកអបអរឯងមុនថ្ងៃមង្គលការតែប៉ុណ្ណោះ ពួកឯងឆាប់យកកាដូចេញមក » គីរ៉ាន់ ស្រែកបញ្ជាភ្លាម កូនចៅដែលមកជាមួយក៏រហ័សបើកគូទឡានយកប្រអប់កាដូរាងការ៉េបួនជ្រុងពណ៌ក្រហមចេញមក យកទៅប្រគល់ឲ្យ ណាប៊ី ភ្លាម។
   ណាប៊ី លើកដៃបម្រុងទទួលយកកាដូដោយភាពស្ទាក់ស្ទើរព្រោះមិនដឹងថា គីរ៉ាន់ នឹងដាក់របស់គ្រោះថ្នាក់អ្វីនៅក្នុងប្រអប់កាដូមួយនេះទេ។
   « ឈប់សិន! » រ៉េន ចាប់កដៃស្រឡូនហាមឃាត់នាងមិនឲ្យទទួលយកប្រអប់កាដូរបស់ គីរ៉ាន់ តែគេជាអ្នកស្ម័គ្រចិត្តទទួលយកកាដូមួយនេះជំនួសនាង។
   ណាប៊ី ងើយមុខសម្លឹង រ៉េន ហើយក្រវីក្បាលតិចៗដាក់គេ ជាសញ្ញាមិនឲ្យគេចេញមកទទួលយកកាដូនេះជំនួសនាង តែគេមិនខ្វល់ពីសញ្ញារបស់នាងឡើយ គេទាញដៃឲ្យនាងទៅឈរនៅខាងក្រោយខ្នងធំទូលាយរបស់គេ ហើយគេក៏ជាអ្នកដែលទទួលកាដូពីក្នុងដៃកូនចៅរបស់ គីរ៉ាន់ មក។
   « ប្អូនថ្លៃប្រហែលជាអន្ទះសារចង់ឃើញរបស់ក្នុងកាដូខ្លាំងណាស់ហើយ ទើបចេញមកទទួលដោយខ្លួនឯងបែបនេះ បើអន្ទះសារចង់ឃើញយ៉ាងនេះ ហេតុអ្វីមិនបើកមើលពេលនេះតែម្តងទៅ? » គីរ៉ាន់ បង្ខំឲ្យ រ៉េន បើកកាដូនៅក្នុងដៃ។
   « កុំបើកអី យើងមិនដឹងថាក្នុងនេះមានអ្វីទេ វាអាចជារបស់មានគ្រោះថ្នាក់ក៏ថាបាន » ណាប៊ី ចាប់ប្រអប់ដៃមាំដែលប្រុងបើកកាដូទុក នាងហាមមិនឲ្យគេបើកកាដូតាមពាក្យញុះញង់របស់ គីរ៉ាន់។
   « ហាសហា មើលទៅដូចជាមិនហ៊ានទេ! » កូនចៅរបស់ គីរ៉ាន់ នាំគ្នាសើចចំអកឲ្យ រ៉េន ដើម្បីឲ្យគេព្រមបើកប្រអប់កាដូ។
   ណាប៊ី នៅតែសម្លឹងមុខរបស់ រ៉េន ដោយកែវភ្នែកហាមឃាត់ដូចដើម ទោះជាដឹងថា រ៉េន កំពុងតែខឹងជាមួយការសើចចំអករបស់កូនចៅ គីរ៉ាន់ ក៏ដោយ។
   « លែងដៃ! » រ៉េន រលាស់ដៃរបស់ ណាប៊ី ចេញហើយចាប់បើកប្រអប់កាដូក្នុងដៃយ៉ាងឆាប់រហ័ស។
   ខ្វាច់!
   « អ្ហាយ! » ណាប៊ី ស្រែកទាំងភ្ញាក់ផ្អើលពេលមានឈាមបាញ់ចេញមកពីក្នុងកាដូខ្ទាតប្រឡាក់ពេញអាវនឹងមុខរបស់ រ៉េន។
   « ហាសហា ហាសហា » កូនចៅរបស់ គីរ៉ាន់ នាំគ្នាសើចលាន់ត្រហឹង។
   « សុំទោសផង ចៃដន្យអីដៃកូនចៅយើងប្រឡាក់ឈាមទើបធ្វើឲ្យកាដូប្រឡាក់ឈាមបែបនេះ ប៉ុន្តែកាដូដែលយើងបានដាក់នៅបាតកាដូមានតម្លៃណាស់ ឯងគួរតែលូកដៃរាវរកមើលក្នុងឈាមនេះ»
   ប្រូស!
   រ៉េន មិនលូកដៃក្នុងឈាមដើម្បីរាវរករបស់នៅបាតកាដូតាមសម្តីរបស់ គីរ៉ាន់ ដែលចង់លេងសើចជាមួយគេទេ តែគេបែរជាបោះកាដូទៅដីធ្វើឲ្យឈាមក្នុងកាដូកំពប់ពេញដី ។
    ពេលនេះកូនចៅរបស់ គីរ៉ាន់ ដែលត្រៀមសើចចំអកឲ្យ រ៉េន ក៏ឈរស្ងាត់មាត់ជ្រាបព្រោះ រ៉េន លែងធ្វើតាមសម្តីរបស់ចៅហ្វាយនាយរបស់គេ ចំណែក គីរ៉ាន់ ប្តូរពីញញឹមបែបឌឺដង បែរមកជាញោចចុងមាត់ញញឹមយ៉ាងឃោឃៅដាក់ រ៉េន វិញ។
     រ៉េន ឱនមើលកាដូដែលធ្លាក់ក្រឡាប់ផ្កាប់ផ្ងារនៅលើដីហើយមិនបានឃើញអ្វីធ្លាក់ចេញពីកាដូ ក្រៅពីឈាមក្រហមឆ្អៅដែល គីរ៉ាន់ ចង់លេងសើចជាមួយគេទេ គេក៏សម្រេចចិត្តដើរត្រឡប់ក្រោយបម្រុងចូលទៅក្នុងផ្ទះវិញ។
    « ឯងមិនគិតមើលបាតកាដូបន្តិចទេ? យើងធានាថាឯងនឹងភ្ញាក់ផ្អើលពេលបានឃើញវា »
    រ៉េន ងាកមុខមកសម្លឹងកាដូនៅលើដីម្តងទៀតពេលលឺពាក្យសម្តីប្រាកដប្រជាគ្មានភាពលេងសើចដូចមុននេះរបស់ គីរ៉ាន់ ហើយ។ រ៉េន សម្រេចចិត្តឱនរើសកាដូដែលផ្កាប់នៅលើដីមកមើលម្តងទៀត ហើយគេក៏បានឃើញមានរបស់មួយនៅបាត់កាដូពិតមែន គីរ៉ាន់ មិនបាននិយាយលេងទេ។
    « ជូនពរឲ្យកម្មវិធីមង្គលការនៅថ្ងៃស្អែករបស់អ្នកទាំងពីរដំណើរការទៅដោយរលូន តោះពួកយើងត្រឡប់ទៅវិញ » គីរ៉ាន់ ជូនពរ រ៉េននិងណាប៊ី ដោយឲ្យតម្រុយពីរឿងមិនល្អអ្វីមួយដែលអាចកើតឡើងនៅក្នុងកម្មវិធីថ្ងៃស្អែកហើយ គេក៏ប្រមូលកូនចៅឡើងឡានបើកចេញទៅវិញបាត់។
    « ឈប់សិន! » រ៉េន ស្រែកហៅឡានរបស់ គីរ៉ាន់ ឲ្យឈប់ក្រោយគេបានឃើញរបស់នៅក្នុងកាដូច្បាស់ហើយ ប៉ុន្តែក៏មិនទាន់ពេល ព្រោះឡានរបស់ គីរ៉ាន់  ចេញទៅផុតហើយ។ គីរ៉ាន់ មានបំណងធ្វើឲ្យគេងឿងឆ្ងល់ច្បាស់ណាស់ ទើប គីរ៉ាន់ រហ័សចេញទៅពេលដែល រ៉េន បានឃើញរបស់ក្នុងកាដូមួយនេះហើយ។
    « តើមានរឿងអ្វីមែនទេ? » ណាប៊ី រហ័សសួរ រ៉េន ដោយក្តីបារម្ភ។
    « ខ្សែកនេះជាខ្សែកដែលខ្ញុំទិញឲ្យ រ៉ូជីន តែខ្ញុំក៏បានពាក់ឲ្យនាងនៅពេលដែលនាងស្លាប់ដែរ តែហេតុអ្វីខ្សែកមួយខ្សែនេះទៅនៅជាមួយ គីរ៉ាន់ បាន? » រ៉េន ចាប់ផ្តើមអន្ទះសារចង់ដឹងរឿងដែលខ្សែកមួយនេះទៅនៅក្នុងដៃរបស់ គីរ៉ាន់ បានកាន់តែខ្លាំង។
    « អាចគ្រាន់តែស្រដៀងគ្នាក៏ថាបាន »
    « នៅលើខ្សែកមានដាក់អក្សរកាត់ឈ្មោះរបស់នាង ខ្ញុំមិនបានច្រឡំបានទេ »
    រ៉េន លើកអក្សរកាត់នៅជាប់ខ្សែកបណ្ដោងពេជ្រឲ្យ ណាប៊ី មើល ទើប ណាប៊ី បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលព្រោះលើខ្សែកពិតជាមានអក្សរកាត់ឈ្មោះរបស់ រ៉ូជីន ដូច រ៉េន ប្រាប់មែន ប៉ុន្តែបើ រ៉េន និយាយថាគេបានពាក់ខ្សែកមួយខ្សែនេះឲ្យ រ៉ូជីន មុនពេលនាងស្លាប់ ក៏មានន័យថាខ្សែកមួយនេះគួរតែនៅជាប់ខ្លួនរបស់ រ៉ូជីន ពេលដែលនាងត្រូវគេយកទៅបញ្ចុះនៅខាងក្រោយមន្ទីរពេទ្យបាត់ទៅហើយ តែហេតុអ្វីវាមកនៅក្នុងដៃរបស់ គីរ៉ាន់ បាន? ហើយគេថែមយកមកឲ្យ រ៉េន វិញទៀត តើ គីរ៉ាន់ ដឹងរឿងរបស់ រ៉េននិងរ៉ូជីន មែនទេ?។
    « គេបានខ្សែកមួយនេះមកដោយរបៀបណា ឬ រ៉ូជីន នៅមានជីវិតទេ? » រ៉េន ចាប់ផ្តើមគិតផ្តេសផ្តាសហួសពីការពិត តែដរាបណាគេមិនបានសួរ គីរ៉ាន់ ឲ្យដឹងរឿងទេ គេនៅតែបន្តគិតផ្តេសផ្តាសបែបនេះឯង។
    “ មិនអាចទេ រ៉ូជីន បានស្លាប់ហើយ ខ្ញុំបានឃើញនាងត្រូវគេបញ្ចុះដោយផ្ទាល់ភ្នែក គីរ៉ាន់ ច្បាស់ជាចង់លេងល្បិចអ្វីជាមួយ រ៉េន មិនខាន ”ណាប៊ី ងើយសម្លឹងមុខ រ៉េន ដោយលួចគិតក្នុងចិត្តម្នាក់ឯងមិនឲ្យ រ៉េន ដឹងរឿងដែលនាងកំពុងគិត ព្រោះនាងនៅមិនទាន់ដឹងពីគោលបំណងរបស់ គីរ៉ាន់ នៅឡើយ បើនាងនិយាយប្រាប់ រ៉េន ទាំងស្មានៗពេលនេះគេច្បាស់ជាមិនស្តាប់សម្តីរបស់នាងទេ ។
              រងចាំភាគបន្ត
   
 
  
  
  
  
  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now