ភាគ០២

191 7 0
                                    

“ អ្នកជំងឺចិត្តឆេវឆាវ ”

   « លោកជាអ្នកជំងឺថ្មីមែនទេ? ខ្ញុំឈ្មោះ គីម ណាប៊ី » នាងឈរនៅពីមុខរបស់គេ ប្រាប់ឈ្មោះទាំងដែលគេមិនបានសួរ ទោះគេមិននិយាយស្តី មិនញញឹមតបមកនាងវិញយ៉ាងណាក៏នាងនៅតែរក្សាស្នាមញញឹមស្រស់ដាក់គេមិនប្រែ ព្រោះគ្រប់យ៉ាងដែលនាងធ្វើចំពោះគេ នាងមិនចង់បានការតបស្នងមកវិញឡើយ។
   «...»
   « លោកចង់ចេញទៅខាងក្រៅមែនទេ? ចាំខ្ញុំជូនទៅ » ណាប៊ី ឈោងដៃទៅចាប់រទេះរុញរបស់រាងក្រាស់ដែលអង្គុយស្ងៀមមួយកន្លែងមិនតបជាមួយនាង ប៉ុន្តែគ្រាន់តែដៃរបស់នាងប៉ះដល់រទេះដែលគេកំពុងអង្គុយភ្លាម គេស្រាប់តែរុញដៃរបស់នាងឲ្យរបេះចេញពីរទេះមួយរំព្រិច ដោយកែវភ្នែកមុតស្រួចដូចកាំបិតរបស់គេងាកមកសម្លឹងមុខរបស់នាងដោយភាពមិនពេញចិត្ត។
   « ចេញឲ្យឆ្ងាយពីខ្ញុំទៅ! » រ៉េន និយាយឡើងដោយសំឡេងស្មើធម្មតា មិនបានតំឡើងសំឡេងឬក៏សម្លុតឲ្យនាងឡើយ ប៉ុន្តែសម្តីរបស់គេនៅតែគួរឲ្យខ្លាចរអា ព្រោះអារម្មណ៍មិនពេញចិត្តនិងភាពខឹងមួរម៉ៅទាំងប៉ុន្មាននៅក្នុងខ្លួនរបស់គេសុទ្ធតែបង្កប់ជាមួយពាក្យសម្តីមួយឃ្លានេះ។
   ណាប៊ី ប្រលែងដៃពីរទេះរបស់ រ៉េន ក្រោយបានទទួលពាក្យបណ្ដេញពីម្ចាស់រទេះហើយ ទោះនាងព្រមលែងដៃពីរទេះ ប៉ុន្តែមិនមែនមានន័យថានាងព្រមទៅតាមការដេញរបស់គេទេ នាងយល់អារម្មណ៍របស់គេនៅពេលនេះ អ្នកជំងឺដែលមានស្ថានភាពដូចគេគួរតែទទួលបានពាក្យលួងលោមច្រើនពីមនុស្សជុំវិញខ្លួន តែនាងលឺមកថាគេគ្មានសាច់ញាតិមកមើលថែនិងនិយាយលួងលោមផ្លូវចិត្តរបស់គេឡើយ គេពិតជាគួរឲ្យអាណិត ដូច្នេះនាងគួរតែនៅទីនេះដើម្បីលួងលោមគេ។
   « ខ្ញុំដឹងថាលោកខូចចិត្តខ្លាំងព្រោះតែរឿងដែលកំពុងកើតឡើងចំពោះលោកនៅពេលនេះ ប៉ុន្តែយ៉ាងណាក៏លោកនៅមានជីវិតរស់នៅ ឲ្យតែនៅមានជីវិតប្រាកដជាអាចកែប្រែគ្រប់យ៉ាងឲ្យល្អឡើងវិញមិនខាន ជើងរបស់លោកក៏នឹងអាចដើរបានឡើងវិញដែរ ដូច្នេះកុំអស់សង្ឃឹមត្រូវតស៊ូឡើង » ណាប៊ី ញញឹមស្រស់ដាក់គេ ប៉ុន្តែគេមិនញញឹមតបមកវិញដូចដើម មើលទៅពាក្យលើកទឹកចិត្តរបស់នាងគ្មានន័យសម្រាប់គេទេ ។
   « អ្នកម៉ាក់បញ្ចូលនាងមកមែនទេ? » រ៉េន សម្លឹងស្នាមញញឹមស្រស់ស្អាតនៅចំពោះមុខដោយកែវភ្នែកស្អប់ខ្ពើមជាទីបំផុត មិនថាស្នាមញញឹមរបស់នាងស្រស់ស្អាតយ៉ាងទេ ក៏មិនអាចធ្វើឲ្យគេរីករាយតាមស្នាមញញឹមរបស់នាងបានដែរ ប៉ុន្តែមានតែធ្វើឲ្យគេយល់ថារំខានខ្លាំងទៅវិញ គេស្អប់ស្នាមញញឹមរបស់នាងខ្លាំងណាស់ដឹងទេ ព្រោះគេយល់ថានាងកំពុងតែញញឹមចំអកឲ្យស្ថានភាពរបស់គេនៅពេលនេះ។
   « ហា៎? » ណាប៊ី ចំហរមាត់ដាក់អ្នកដែលសម្លឹងមុខរបស់នាងដូចចង់ស៊ីសាច់ហុចឈាមព្រមទាំងគិតថានាងជាមនុស្សដែលម៉ាក់របស់គេបញ្ចូលមកថែមទៀត មើលទៅគេដូចជាមិនចូលចិត្តមនុស្សដែលអ្នកម៉ាក់របស់គេបញ្ចូលមកទេ ទើបគ្រាន់តែគិតថានាងជាមនុស្សរបស់អ្នកម៉ាក់គេ គេក៏សម្លក់នាងចង់ស៊ីសាច់នាងទៅហើយ។
   « បើជាមនុស្សរបស់អ្នកម៉ាក់ក៏ផ្ដាំទៅគាត់ផងទៅ ថាខ្ញុំមិនត្រូវការអ្នកមើលថែអ្វីទាំងអស់ ទុកខ្ញុំឲ្យនៅទីនេះម្នាក់ឯងស្លាប់ឬរស់តាមវាសនាចុះ » រ៉េន ផ្តាំស្រីក្រមុំចំពោះមុខគិតថានាងជាមនុស្សអ្នកម៉ាក់របស់គេដែលបញ្ចូលឲ្យមកមើលថែគេដូច ហារ៉ា អ៊ីចឹង។ រ៉េន និយាយចប់ក៏រុញកង់រទេះដោយខ្លួនឯងចេញទៅ ធ្វើឲ្យស្រីក្រមុំដែលត្រូវគេយល់ច្រឡំរហ័សដើរទៅតាមរទេះគេ ដើម្បីបកស្រាយឲ្យគេឈប់យល់ច្រឡំ។
   « ខ្ញុំមិនមែនជាមនុស្សរបស់អ្នកម៉ាក់លោកទេ ខ្ញុំក៏មិនបានស្គាល់អ្នកម៉ាក់របស់លោកដែរ »
   « បើមិនមែនហេតុអ្វីនាងតាមខ្ញុំរហូតមិនឈប់បែបនេះ? » រ៉េន ឈប់រទេះង៉ក់ងាកមកសម្លឹងមុខរបស់ស្រីក្រមុំដែលតាមរំខានគេមិនឈប់ មិនមែនជាមនុស្សរបស់អ្នកម៉ាក់គេហើយក៏មិនដែលស្គាល់គេ ហេតុអ្វីក៏នាងតាមមិនឈប់បែបនេះ? តើនាងមានបំណងអ្វីទៅ?។
   « ខ្ញុំគ្រាន់តែអាណិតលោក ឃើញលោកនៅម្នាក់ឯងទើបចង់កំដរលោកតែប៉ុណ្ណោះ តាមធម្មតាអ្នកជំងឺនៅទីនេះគេតែងតែមានមិត្តកំដរនិយាយគ្នា មានតែលោកម្នាក់ទេដែលនៅម្នាក់ឯងនោះ » ណាប៊ី ព្យាយាមបកស្រាយគ្រប់យ៉ាងឲ្យគេយល់ពីបំណងល្អដែលនាងមានចំពោះគេ។
   « ខ្ញុំមិនត្រូវការមិត្តកំដរស្អីទេ ចេញឲ្យឆ្ងាយពីខ្ញុំទៅ » គេហារមាត់ដេញនាងម្តងទៀត ហើយក៏រុញរទេះចេញទៅយ៉ាងស្ងៀមស្ងាត់។
   ដោយសារតែ ណាប៊ី ឃើញរិកពារមិនចង់ទទួលមិត្តរបស់គេទើបនាងមិនទៅតាមគេទៀត ។
  
   ព្រឹកស្អែកឡើង
  
   រ៉េន សម្ងំនៅតែលើគ្រែអ្នកជំងឺរបស់គេដូចដើម កែវភ្នែកបង្កប់ទៅដោយទុក្ខសោកសម្លឹងទេសភាពខាងក្រៅតាមរយៈបង្អួតកញ្ចក់ក្នុងបន្ទប់  បានឃើញស្លឹកឈើដែលកំពុងរុះរោយតាមធម្មជាតិហើយធ្វើឲ្យគេកាន់តែក្រៀមក្រំលើសដើម។
   ក្រាក!
   « អ្នកជំងឺដល់ពេលញុំថ្នាំហើយ » ហារ៉ា កាន់ចានថ្នាំនឹងទឹកមួយកែវចូលមកក្នុងបន្ទប់ដែលមានរាងក្រាស់គេងផ្អៀងទៅម្ខាងបង្អួតមិនព្រមងាកមកសម្លឹងនាងវិញ ទោះបានលឺសំឡេងនាងហៅញុំថ្នាំហើយក៏ដោយ។
   ហារ៉ា ដាក់ទឹកនិងចានថ្នាំនៅលើតុក្បែរក្បាលគ្រែ មុននឹងមកឈរនៅខាងក្រោយខ្នងក្រាស់ដែលមិនគិតងាកមករកនាងសូម្បីតែបន្តិច។
   « លោកត្រូវញុំថ្នាំឲ្យទៀងទាត់ទើបឆាប់ជាស្បះស្បើយ »
   សម្តីលួងលោមរបស់ ហារ៉ា ធ្វើឲ្យ រ៉េន ងាកមុខមកសម្លឹងនាងដោយកែវភ្នែកប្រែជាគួរឲ្យខ្លាចខុសពីធម្មតា។
   « ទោះជាស្បះស្បើយហើយក៏ជើងរបស់ខ្ញុំមិនអាចដើរបានវិញដែរ »
   ប្រាវ!
   រ៉េន ស្រែកដាក់ ហារ៉ា ដោយកំហឹងហើយក៏ទាញកែវទឹកនិងចានថ្នាំពីលើតុនៅក្បែរក្បាលគ្រែទម្លាក់ទៅលើឥដ្ឋការ៉ូឲ្យបែកគ្មានសល់រូបរាង គ្រាប់ថ្នាំខ្ទាតទៅក្បែរជញ្ជាំងចំណែកទឹកក៏ជំពប់ប្រឡាក់លើឥដ្ឋ។
   « ខ្ញុំនឹងឲ្យគេយកថ្នាំមកឲ្យលោកម្តងទៀត » ហារ៉ា ព្យាយាមស្ងប់អារម្មណ៍មិននិយាយច្រើនជាមួយមនុស្សកំពុងមានកំហឹង ទើបនាងគ្រាន់តែសម្អាតអំបែងកែវ ចាននិងជូតទឹកដែលប្រឡាក់លើឥដ្ឋរួចក៏ដើរចេញទៅ។
  
   « ចិត្តឆេវឆាវបែបនេះសោះ ទើបឪពុកម្តាយយកមកទុកចោលនៅទីនេះ » ហារ៉ា ដើរចេញមកខាងក្រៅរអ៊ូជាប់មាត់ម្នាក់ឯង ព្រោះនាងក៏មិនមែនជាមនុស្សចិត្តព្រះមិនចេះខឹងដែរ កុំតែនាងយកលុយរបស់ប៉ាម៉ាក់របស់គេហើយទេ កុំអីនាងលាឈប់ឥឡូវនេះហើយ។
   ហារ៉ា ចូលមករៀបចំថ្នាំនិងទឹកជាថ្មី ប៉ុន្តែលើកនេះនាងមិនអាចយកទៅឲ្យគេម្តងទៀតទេ បើឲ្យនាងយកទៅម្តងទៀតនាងច្បាស់ជាទ្រាំនឹងទង្វើរបស់គេលែងបានមិនខានទេ ។ ចៃដន្យនាងស្រាប់តែក្រឡេកឃើញអ្នកគ្រូពេទ្យវ័យក្មេងម្នាក់ដែលលើអាវដុកទ័ររបស់នាងគ្មានឈ្មោះនោះទេ ប៉ុន្តែតាំងពីនាងមកដល់ទីនេះ នាងតែងតែឃើញគ្រូពេទ្យគ្រប់គ្នាប្រើនារីម្នាក់នោះ ទើប ហារ៉ា រហ័សកាន់ចានថ្នាំនិងទឹកចេញពីបន្ទប់ដើម្បីទាក់ផ្លូវរបស់ស្រីក្រមុំដែលដើរមក។
   « សុំទោស! អ្នកគ្រូពេទ្យអាចយកថ្នាំនេះទៅឲ្យអ្នកជំងឺនៅបន្ទប់លេខ ៣៦៥ បានទេ »
   « ៣៦៥! » ណាប៊ី លាន់មាត់ហៅលេខបន្ទប់ដោយមិនទាន់បាននឹងនិយាយយល់ព្រមផងក៏ត្រូវ ហារ៉ា ប្រគល់គ្រប់យ៉ាងមកឲ្យនាងហើយក៏រត់ចេញទៅបាត់។
   ណាប៊ី លើដៃអេះក្បាលឈរមើល ហារ៉ា រត់ចេញទៅដោយងឿងឆ្ងល់ ព្រោះមើលទៅ ហារ៉ា ដូចជាខ្លាចញញើតនឹងអ្នកជំងឺនៅបន្ទប់លេខ៣៦៥ខ្លាំងណាស់។
   « តើអ្នកជំងឺនៅបន្ទប់នោះមានអ្វីខុសប្លែកមែនទេ? » ណាប៊ី ងាកមុខទៅសម្លឹងបន្ទប់លេខ៣៦៥ដែលនៅខាងចុងគេបង្អង់ទាំងភ័យតិចៗព្រោះមិនដឹងក្នុងនោះមានអ្វីទើបធ្វើគ្រូពេទ្យខ្លាចរអាដល់ថ្នាក់នេះ។
  
   បន្ទប់លេខ៣៦៥
   ក្រាក!
   « សុំអនុញ្ញាត » ណាប៊ី បើកទ្វាដោយថ្នមដៃបំផុតមិនហ៊ានឲ្យមានសំឡេងខ្លាំងរំខានដល់អ្នកជំងឺដែលគេងបែរខ្នងដាក់នាងនៅក្នុងបន្ទប់នោះទេ។ ណាប៊ី យកចានថ្នាំនិងទឹកទៅដាក់លើតុក្បែរក្បាលគ្រែ ប៉ុន្តែនៅមិនឃើញអ្នកជំងឺងាកមករកនាងទៀត ទើបនាងសម្រេចចិត្តលូកដៃទៅចាប់ស្មាទូលាយរបស់គេដើម្បីទាញឲ្យគេងាកមករកនាង។
   « សុំទោស លោកដល់ម៉ោងញុំថ្នាំហើយ »
   រ៉េន ងាកមុខស្រស់សង្ហាតែគួរឲ្យខ្លាចរបស់គេមកសម្លឹងមុខរបស់អ្នកដែលចូលមករំខានគេម្តងទៀត។
   « ជានាងទៀតហើយ? » រ៉េន សម្លឹងមុខស្រីក្រមុំនៅចំពោះមុខដោយអារម្មណ៍រំខានជាខ្លាំង។
   « គឺជាលោកទេ ឆាប់ញុំថ្នាំទៅ » ណាប៊ី ចំណាំ រ៉េន បានព្រោះនាងទើបតែជួបគេកាលពីម្សិលមិញ គេជាអ្នកជំងឺថ្មីដែលចម្លែកបំផុតនៅក្នុងមន្ទីរពេទ្យមួយនេះធ្វើម្តេចនាងអាចភ្លេចគេបាននោះ។
   « យកចេញទៅ ខ្ញុំមិនផឹកទេ » រ៉េន ប្រាប់ទៅកាន់ ណាប៊ី ដោយសំឡេងមួរម៉ៅហើយក៏ងាកទៅគេងបែរខ្នងដាក់នាងដូចដើម។
   « មិនបានទេលោកត្រូវតែញុំថ្នាំនេះ » ណាប៊ី ចាប់ទាញស្មាទូលាយឲ្យគេងាកមករកនាងម្តងទៀតដោយក្នុងដៃតូចក្តាប់ថ្នាំដែលត្រូវឲ្យ រ៉េន ផឹកជាស្រេច។
   « ប្រាប់ហើយថា...ខក់!»
   ណាប៊ី ឆ្លៀតពេលដែលអ្នកកម្លោះរឹងរូសហើបមាត់ក៏ដាក់ថ្នាំក្នុងមាត់របស់គេយ៉ាងលឿនធ្វើឲ្យគេត្រូវលេបថ្នាំចូលទាំងអត់ទឹកជាប់កចង់ស្ទះស្លាប់ភ្លាមៗ។
   « ឆាប់ផឹកទឹកទៅ! » ណាប៊ី រហ័សយកទឹកឲ្យគេផឹកព្រោះខ្លាចគេស្លាប់មុខថ្នាំចូលទៅដល់ក្រពះ តាមពិតនាងក៏មិនចង់ធ្វើដាក់គេបែបនេះដែរ តែមកពីគេរឹងរូសខ្លាំងពេក បើមិនប្រើវិធីបង្ខំបែបនេះគេមិនអាចលេបថ្នាំនោះទេ។
   ប្រាវ!
   រ៉េន ផឹកទឹកនៅក្នុងកែវអស់ពាក់កណ្តាលធ្វើឲ្យថ្នាំធ្លាក់ចូលទៅក្នុងក្រពះហើយ គេក៏បោកកែវទឹកទៅលើការ៉ូបែកខ្ទេចគ្មានសល់តែម្តង។
   « តើនាងចង់សម្លាប់ខ្ញុំមែនទេ? » គេស្រែកសម្លុតខ្លាំងៗដាក់អ្នកដែលឈរនៅចំពោះមុខដោយខឹងជាមួយនាងស្ទើរតែហុយផ្សែងតាមត្រចៀកទៅហើយ តាំងពីដើមមកគេជាមនុស្សម្នាក់ដែលស្អប់ការបង្ខិតបង្ខំជាទីបំផុត អ្វីដែលគេថាមិនចង់ហើយទោះបង្ខំគេដល់ស្លាប់ទៀតក៏មិនអាចកែប្រែចិត្តរបស់គេបានដែរ ហើយប្រភេទមនុស្សដែលគេស្អប់បំផុតគឺប្រភេទមនុស្សដែលចូលបង្ខំគេនេះហើយ មុននេះកុំតែថ្នាំធ្លាក់ចូលទៅស្ទះជាប់ក្នុងបំពង់ករបស់គេហើយ កុំអីក៏គេមិនលេបថ្នាំប៉ុន្មានគ្រាប់នេះដែរ ព្រោះគេស្អប់ការបង្ខំបែបនេះ ប៉ុន្តែនាងជាអ្នកណាហេតុអ្វីហ៊ានមកធ្វើបែបនេះចំពោះគេ? ឬគិតថាគេជាអ្នកជំងឺពិការជើងហើយនាងជាគ្រូពេទ្យគេនឹងធ្វើអ្វីនាងមិនបាន សុំប្រាប់នាងឲ្យដឹងទៅចុះថាគេមិនមែនជាសុភាពបុរសដែលមិនហ៊ានធ្វើបាបមនុស្សស្រីនោះទេ ក្រៅពីនារីដែលគេស្រលាញ់ម្នាក់ មិនថានាងជាស្រីស្អាតមកពីណាឬជាកូនអ្នកមានថ្លៃថ្នូរមកពីណាទេ គេនឹងធ្វើឲ្យនាងដឹងថានាងលេងជាមួយមនុស្សខុសហើយ។
   « ឲ្យលោកផឹកថ្នាំដើម្បីឆាប់ជា តើខ្ញុំចង់សម្លាប់លោកត្រង់ណាទៅ? » ណាប៊ី បានសម្តីតបទាំងប្រហើនទៅកាន់នាយកម្លោះចិត្តក្តៅវិញទាំងមិនខ្លាចរអាគេសូម្បីបន្តិច ហើយនាងក៏មិនបាននិយាយខុសដែរ នាងធ្វើព្រោះតែមានបំណងល្អលើគេតើ ហេតុអ្វីគេមិនយល់ខុសត្រូវយ៉ាងនេះ? លើកទីមួយដែលជួបគេ នាងក៏បានជួយគ្រាគេពីលើឥដ្ឋដាក់ឲ្យអង្គុយលើរទេះវិញ តែសូម្បីពាក្យអរគុណមួយម៉ាត់ក៏នាងមិនទទួលបានពីគេដែរ ថែមទាំងត្រូវគេប្រើភាសាគំរោះគំរើយដេញនាងថែមទៀត តើនាងពិតជាធ្វើល្អខុសមនុស្សហើយមែនទេ?។
   « នាង! » រ៉េន ស្ទុះចាប់កដៃតូចជាប់ពេញមួយកម្លាំងដៃ ដោយខឹងជាមួយនាងដែលហ៊ានតមាត់ជាមួយគេមិនឲ្យបាត់មួយម៉ាត់ យ៉ាងម៉េចចង់បានពាក្យអរគុណពីគេមែនទេ? ទើបប្រឹងនិយាយឲ្យគេគិតថានាងមានបំណងល្អចំពោះគេយ៉ាងនេះ ពាក្យឆាប់ជាដែលនាងនិយាយដល់នេះតើអាចឲ្យជើងទាំងគូរបស់គេដើរបានវិញដែរទេ? ឬគ្រាន់តែជាស្បះរបួសនៅលើខ្លួនតែប៉ុណ្ណោះទេ?។
   « អ៊ួយ! ឈឺណាស់ លោកធ្វើអ្វីឆាប់លែងដៃទៅ » ណាប៊ី ប្រឹងចាប់ប្រឡេះម្រាមដៃវែងៗធំៗរបស់ រ៉េន ចេញពីកដៃរបស់នាង ប៉ុន្តែមិនថានាងប្រើកម្លាំងប៉ុណ្ណាក៏មិនអាចយកឈ្នះគេបានដែរ មានតែធ្វើឲ្យគេច្របាច់ដៃនាងកាន់តែខ្លាំងរហូតលេចចេញស្នាមក្រហមលើកដៃរបស់នាងតាមស្នាមម្រាមដៃរបស់គេមក។
   « ខ្ញុំគ្រាន់តែចង់បំបាក់កដៃរបស់នាងចោល ដើម្បីមិនឲ្យនាងយកថ្នាំទៅបញ្ច្រកចូលមាត់អ្នកជំងឺទាំងបង្ខំទៀត ខ្ញុំក៏កំពុងធ្វើព្រោះមានបំណងល្អជាមួយអ្នកជំងឺផ្សេងទៀតដែរ » រ៉េន និយាយឌឺដងបកមកឲ្យ ណាប៊ី វិញ ទាំងច្របាច់កដៃរបស់នាងស្ទើរតែបាក់មិនព្រមលែង។
   « លោក...ឆាប់លែងទៅ! »
   ឌឹប!
   ណាប៊ី ប្រើកម្លាំងអស់មួយខ្លួនរុញដើមទ្រូងមាំឲ្យផ្ងារក្រោយទៅលើគ្រែ ទើបគេព្រមលែងដៃពីកដៃរបស់នាង ។ បានសេរីភាពមកវិញភ្លាម នាងក៏រហ័សទប់កដៃដែលជាំឈាមដុំៗរបស់ខ្លួនឯងរត់ចេញពីបន្ទប់អ្នកជំងឺចិត្តឆេវឆាវម្នាក់នេះទៅយ៉ាងលឿន។
             រងចាំភាគបន្ត
 
  
  

  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now