ភាគ១០

138 5 0
                                    

“ សុំទោស ”

  ណាប៊ី ឈានជើងយឺតៗទៅឈប់នៅមុខបន្ទប់សម្រាកព្យាបាលរបស់អ្នកជំងឺឈ្មោះ ផាក រ៉ូជីន។ ម្រាមស្រឡូនរុញទ្វាបន្ទប់ចូលទៅខាងក្នុងដោយភាពស្ទាក់ស្ទើរ ប៉ុន្តែចុងក្រោយនាងនៅតែចូលទៅក្នុងបន្ទប់របស់ រ៉ូជីន ឲ្យទាល់តែបាន។
  « អ្នកនាងចំណាំខ្ញុំបានទេ » ណាប៊ី ចូលទៅជិតអ្នកជំងឺដែលគេងនៅលើគ្រែជាមួយបំពង់អុកស៊ីសែនជាប់ច្រមុះ។
  « អ្នកនាងជាអ្នកណា? » សំឡេងខ្សោយៗសួរត្រឡប់មកវិញ។
  « ខ្ញុំជាអ្នកដែលជួយអ្នកនាងនៅមុខបន្ទប់កាលពីយប់មុន អ្នកនាងនឹកឃើញទេ? »
  « ខ្ញុំនឹកមិនឃើញទេ ខ្ញុំសុំទោសដែលចំណាំអ្នកនាងមិនបានហើយក៏អរគុណអ្នកនាងដែលបានជួយខ្ញុំនៅយប់នោះ »
  « មិនបាច់សុំទោសទេ តើអ្នកនាងបានប្រសើរឡើងខ្លះទេ? »
  « ជំងឺរបស់ខ្ញុំមិនអាចប្រសើរបានទេ »
  ណាប៊ី មើលឃើញដំណក់ទឹកភ្នែកដែលស្រក់ចុះពីចុងភ្នែករបស់ រ៉ូជីន ច្បាស់ៗ នាងដឹងថា រ៉ូជីន កំពុងតែឈឺចាប់តែនាងក៏មិនអាចជួយអ្វីបាន។
  « អ្នកនាងសម្រាកឲ្យបានច្រើនប្រាកដជាបានប្រសើរឡើងមិនខាន » ណាប៊ី និយាយលួងចិត្តអ្នកជំងឺដែលសល់ពេលមិនច្រើនទៀតហើយក៏ទាញភួយមកដណ្តប់ឲ្យនាងទាំងអាណិតអាសូរ។
  « អរគុណអ្នកគ្រូពេទ្យ » រ៉ូជីន ញញឹមស្រាលៗដាក់ ណាប៊ី ធ្វើឲ្យ ណាប៊ី កាន់តែអាណិតនាងលើសដើម។
  « ចាស ចឹងខ្ញុំទៅវិញសិនហើយ អ្នកនាងសម្រាកចុះ » ណាប៊ី ញញឹមបន្តិចហើយក៏ដើរចេញពីបន្ទប់។
  “ រ៉េន...រ៉េន តើពេលនេះបងយ៉ាងម៉េចហើយ? អូនប្រហែលចាកចេញទៅឆាប់ៗនេះហើយ សុំទោសដែលអូនកុហកបងកន្លងមក សុំទោសដែលអូនចាកចេញទាំងមិនបានលាបង ”
  ណាប៊ី ឈរនៅមាត់បន្ទប់លឺសំឡេងរបស់ រ៉ូជីន កំពុងរំលឹកដល់ឈ្មោះ រ៉េន នៅខាងក្នុងបន្ទប់ ។ បានលឺពាក្យដែល រ៉ូជីន និយាយហើយពិតជាធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអាត្មានិយមបំផុតហើយ ព្រោះតែមិនចង់ឃើញរូបភាពដែល រ៉េន នៅជាមួយនារីដែលគេស្រលាញ់នាងក៏សុខនៅស្ងាត់មិនព្រមប្រាប់ រ៉េន ថា រ៉ូជីន នៅទីនេះ តើនាងត្រូវហាមឃាត់មិនឲ្យពួកគេទាំងពីរបានជួបគ្នាដល់ពេលណាទៀតទៅ?។
 
  បន្ទប់របស់ ណាប៊ី
 
  « ឯងនិយាយថាម៉េច? មិត្តស្រីរបស់លោក រ៉េន សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនេះដែរ? » ហារ៉ា លាន់មាត់ខ្លាំងៗដោយភាពភ្ញាក់ផ្អើលពេលបានដឹងរឿងពីមាត់របស់ ណាប៊ី ហើយ។
  « នាងមើលទៅកាន់តែធ្ងន់ធ្ងរទៅជារៀងរាល់ថ្ងៃហើយ តើខ្ញុំគួរតែប្រាប់ រ៉េន ពីរឿងមួយនេះទេ? » ណាប៊ី សួរយោបល់ពី ហារ៉ា ព្រោះនាងគិតមិនចេញទេ ក្នុងស្ថានភាពដែល រ៉េន កំពុងតែមានក្តីសង្ឃឹមហើយប្រឹងរៀនធ្វើចលនាជើងរាល់ថ្ងៃ នាងមិនចង់ឲ្យរឿងរបស់ រ៉ូជីន ធ្វើឲ្យគេធ្លាក់ទឹកចិត្តម្តងទៀតទេ ប៉ុន្តែការដែលធ្វើបែបនេះនាងពិតជាអាត្មានិយមពិតមែន។
  « ចាំខ្ញុំយកទៅគិតមើលសិន ឯងកុំទាន់និយាយអ្វីប្រាប់លោក រ៉េន ឲ្យសោះណា មែនហើយខ្ញុំភ្លេចថាមានអ្នកជំងឺត្រូវពិនិត្យ ខ្ញុំទៅសិនហើយណា » ហារ៉ា រហ័សរត់ចេញទៅពេលនឹកឃើញថានាងនៅសល់អ្នកជំងឺម្នាក់ទៀតមិនទាន់បានពិនិត្យ។
  « ពិនិត្យអ្នកជំងឺទាំងយប់បែបនេះមែនទេ? » ណាប៊ី ស្រែកសួរអ្នកដែលរត់ចេញទៅក៏មិនទាន់ ទើបមិនបានចម្លើយមកវិញ ហើយនាងក៏មិនបាននៅគិតរឿង ហារ៉ា ដែរ ទើបនាងងាកមកទាញក្រដាសសម្រាប់បត់ផ្កាយរបស់នាងវិញ។
  “ ថ្ងៃទី៥៤ហើយ តើខ្ញុំគួរតែប្រាប់ រ៉េន ពីរឿងរបស់ រ៉ូជីន ទេ? ” ណាប៊ី សរសេរសំណួរដែលនាងរកចម្លើយមិនឃើញនៅលើក្រដាសហើយក៏បត់ក្រដាសជារូបផ្កាយទម្លាក់ចុះទៅក្នុងកែវថ្លានៅលើតុ រួចក៏មកអង្គុយសម្លឹងផ្កាយក្រដាសនៅក្នុងកែវថ្លាទាំងអស់នោះដោយទឹកមុខសោកសៅ។
  « ខ្ញុំបានគិតច្បាស់ហើយ ខ្ញុំមិនចង់ធ្វើមនុស្សអាត្មានិយមទេ ថ្ងៃស្អែកខ្ញុំប្រាប់ រ៉េន ពីរឿងរបស់ រ៉ូជីន ខ្ញុំនឹងនាំគេទៅជួបនាងដោយផ្ទាល់ តើបែបនេះល្អទេ? » ណាប៊ី អង្គុយនិយាយជាមួយផ្កាយក្រដាសធ្វើដូចជាផ្កាយក្រដាសទាំងអស់នោះជាវត្ថុមានជីវិត ប៉ុន្តែទោះផ្កាយក្រដាសទាំងអស់នោះមិនមានសមត្ថភាពឆ្លើយតបនឹងសំណួររបស់នាង តែផ្កាយក្រដាសក៏ធ្វើឲ្យនាងអាចគិតយល់ពីរឿងត្រឹមត្រូវដែលគួរធ្វើដែរ។
 
  ព្រឹកស្អែក
  ណាប៊ី រត់យ៉ាងប្រញាប់ប្រញាល់កាត់អ្នកជំងឺជាច្រើនសំដៅទៅបន្ទប់សម្រាកព្យាបាលរបស់ រ៉េន ។
  « ឈប់! មិនអាចចូលបានទេ » អង្គរក្សពីរនាក់ឈរនៅខាងមុខបន្ទប់របស់ រ៉េន លើកដៃហាមមិនឲ្យនាងចូលទៅខាងក្នុង។
  “ អ្នកម៉ាក់របស់គេមកទៀតហើយ ” ណាប៊ី ព្រមថយទៅម្ខាងព្រោះឲ្យតែមានអង្គរក្សនៅខាងមុខបន្ទប់ច្បាស់ជាអ្នកស្រី ដាលីន មកមើលកូនប្រុសមិនខាន។
  ក្រាក!
  អង្គរក្សទាំងពីរនាក់បន្ទន់ខ្លួនពេលឃើញអ្នកស្រី ដាលីន បើកទ្វាចេញមកខាងក្រៅ។
  « ខ្ញុំមានរឿងចង់និយាយជាមួយនាង » អ្នកស្រី ដាលីន ងាកទៅសម្លឹងមុខរបស់ស្រីក្រមុំដែលឈរនៅក្បែរជញ្ជាំងហើយក៏ដើរនាំមុខចេញទៅរកកន្លែងនិយាយគ្នា។ ចំណែកណាប៊ី ក៏មិនបានប្រកែកតវ៉ាអ្វី ហើយក៏ដើរទៅតាមអ្នកស្រី ដាលីន ។
  ក្រោយពីអ្នកស្រី ដាលីននិង ណាប៊ី ចេញទៅផុតបានបន្តិច ក៏មានក្រុមគ្រូពេទ្យមួយក្រុមរត់យ៉ាងប្រញាប់ប្រញាល់ទៅកាន់បន្ទប់អ្នកជំងឺនៅខាងចុងគេ ស្របពេលជាមួយគ្នា រ៉េន ក៏រុញរទេះរបស់គេចេញមកខាងក្រៅបន្ទប់ដោយខ្លួនឯងរល្មម។
  « អ្នកប្រុសចង់ទៅណា? » អង្គរក្សរហ័សចូលមកសួរ រ៉េន ដូចជាកំពុងចង់ហាមឃាត់សិទ្ធិសរីភាពរបស់គេ។
  « ខ្ញុំចង់ទៅណាដល់ពេលដែលត្រូវឲ្យពួកឯងមកសួរដែរមែនទេ? » រ៉េន សម្លុតរហូតអង្គរក្សនាំគ្នាស្ងាត់មាត់ហើយថយទៅឈរម្ខាង។
  « សូមជៀសផ្លូវបន្តិច! » គ្រូពេទ្យស្រែកសុំផ្លូវមកពីខាងក្រោយ ទើប រ៉េន ងាកទៅតាមសំឡេងយ៉ាងរហ័សបានឃើញច្បាស់នៅគ្រែសង្គ្រោះកំពុងរុញមកយ៉ាងលឿនសំដៅមកចំគេពេញទំហឹង តែអ្នកជំងឺនៅលើគ្រែនោះ...
  « ប្រយ័ត្ន! » ម្រាមស្រឡូនឈោងមកចាប់ទាញរទេះរបស់ រ៉េន ទៅម្ខាងជៀសចេញពីផ្លូវរបស់គ្រូពេទ្យ រាងស្តើងឈរនៅពីមុខរបស់ រ៉េន បាំងមិនឲ្យគេមើលឃើញអ្នកជំងឺដែលអូសចេញទៅបាត់។
  « លោកយ៉ាងម៉េចហើយ? » ណាប៊ី ឱនសួរអ្នកដែលអង្គុយលើរទេះនៅពីមុខរបស់នាងដោយទឹកមុខព្រួយបារម្ភ។
  « ខ្ញុំមិនអីទេ » គេឆ្លើយហើយក៏រុញនាងចេញពីមុខរបស់គេហើយចោលភ្នែករកមើលគ្រែសង្គ្រោះមុននេះវិញ ព្រោះមុននេះគេមានអារម្មណ៍ថាខ្លួនឯងធ្លាប់ស្គាល់អ្នកជំងឺម្នាក់នោះទោះមិនបានឃើញមុខក៏ដោយ។
  « លោកកំពុងរកមើលអ្វីមែនទេ? »
  « អត់ទេ ប្រហែលខ្ញុំគិតច្រើនពេកហើយ » រ៉េន តបជាមួយ ណាប៊ី ហើយក៏រុញរទេះចេញទៅ ទើប ណាប៊ី រហ័សរត់តាមរទេះរបស់គេ។
 
  បន្ទប់ធ្វើចលនាជើង
 
  រ៉េន ព្យាយាមកម្រើកជើងដោយខ្លួនឯងយ៉ាងពិបាកតែគេកម្រើកបានតែបន្តិចៗប៉ុណ្ណោះ មិនអាចលើកបានតែម្តងនោះ ក្នុងខណៈពេលគេកំពុងខំប្រឹងធ្វើចលនាជើងយ៉ាងពិបាក ស្រីក្រមុំដែលតែងតែជួយគេឲ្យធ្វើចលនាជើងរាល់ដងបែរជាមកអង្គុយភ្លឹកដូចមនុស្សគ្មានប្រលឹងក្នុងខ្លួនទៅវិញ។
  « ថ្ងៃនេះនាងកើតអ្វីដែរទេ? »
  សំឡេងរបស់ រ៉េន ធ្វើឲ្យ ណាប៊ី មានស្មារតីមកវិញ។
  « អត...អត់ទេ » សំឡេងរដាក់រដុករបស់នាងបញ្ជាយ៉ាងច្បាស់ថានាងកំពុងមានរឿងដែលលាក់បាំងគេ។
  « ហេតុអ្វីចាំបាច់ភ័យដល់ថ្នាក់នេះដែរ? » រ៉េន ឱនមុខចូលទៅជិតមុខរបស់នាងប្រើកែវភ្នែកមុតពូកែសង្កេតរបស់គេសម្លឹងរកចម្លើយពីនាង។
  « ខ្ញុំមិនបានភ័យទេ »
  « បើមិនភ័យ ហេតុអ្វីឆ្លើយរដាក់រដុប? »
  « គឺ...»
  « នាងមានរឿងអ្វីចង់ប្រាប់ខ្ញុំមែនទេ? »
  តើគេនៅក្នុងចិត្តរបស់នាងមែនទេ? ទើបដឹងថានាងកំពុងតែគិតអ្វីច្បាស់យ៉ាងនេះ តើនាងគួរធ្វើយ៉ាងម៉េច? តើប្រាប់គេនៅទីនេះល្អទេ? អត់ទេ! នាងមិនអាចប្រាប់គេបានទេ សុំទោសផង រ៉េន។
  « គ្មានទេ » ណាប៊ី ឆ្លើយខ្លីៗច្បាស់ៗហើយក៏ស្ទុះក្រោកឈរគេចពីការសួរចម្លើយដូចអ្នកទោសរបស់ រ៉េន នាងប្តូរចិត្តហើយនាងនឹងមិនប្រាប់គេពីរឿងរបស់ រ៉ូជីន ទេ អ្នកណាចង់ថានាងជាមនុស្សអាត្មានិយមក៏ថាទៅចុះ។
  « គ្មានល្អហើយ » គេបោះសម្តីចោលហើយក៏ត្រឡប់មកប្រឹងធ្វើចលនាជើងបន្តដោយមិនគិតច្រើនពីរឿងរបស់នាង។
  ណាប៊ី ឈរមើល រ៉េន ខំប្រឹងធ្វើចលនាជើងយ៉ាងយកចិត្តទុកដាក់ មើលទៅគេដូចជាខំប្រឹងខ្លាំងណាស់ ដើម្បីបានទៅជួបនារីដែលគេស្រលាញ់ឲ្យបានឆាប់ ប៉ុន្តែនាងបែរជាព្យាយាមហាមគេមិនឲ្យទៅជួបនាងទៅវិញ នាងពិតជាអាក្រក់ខ្លាំងណាស់។
  “ សុំទោស ” ណាប៊ី រហ័សដើរគេចចេញទៅ ស្របពេលកែវភ្នែករបស់នាងប្រែជាក្រហម បេះដូងឈឺចាប់ខ្ទោកៗពិបាកទ្រាំឈរមើលការខំប្រឹងរបស់ រ៉េន បន្តទៀត បើគេដឹងថា រ៉ូជីន កំពុងតែស្ថិតនៅស្ថានភាពស្លាប់រស់ក្តីសង្ឃឹមរបស់គេនៅពេលនេះច្បាស់ជារលាយអស់មិនខាន។
               រងចាំភាគបន្ត
             
 
 
 
 
 
 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now