“ នាំទុក្ខឲ្យអ្នកដទៃ ”
ផាំង! ផាំង!
ប្រូស!
លោកយាយវ័យចំណាស់ដួលទៅលើដីសន្លប់បាត់ស្មារតីភ្លាមៗក្រោយដងខ្លួនរបស់នាងត្រូវទម្លុះដោយគ្រាប់កាំភ្លើងពីរគ្រាប់បណ្តាលឲ្យឈាមហូជោកអាវ។
ដុក!
បន្លែស្រស់ៗដែលកាន់មកពីចម្ការធ្លាក់ពីប្រអប់ដៃមាំទៅដល់លើដី រ៉េន សម្លឹងរាងកាយលោកយាយចំណាស់ដែលទើបតែនិយាយគ្នាជាមួយគេមុននេះ តែពេលនេះលោកយាយបែរជាគេងស្លាប់ជាមួយថ្លុកឈាមនៅលើដីមុខផ្ទះទៅហើយ។
« លោកយាយ! » រ៉េន ស្ទុះរត់ចូលមកលើលោកយាយដែលគេងនៅលើដីឡើង តែក៏ហួសពេលទៅហើយ ព្រោះលោកយាយលែងមានដង្ហើមហើយ គ្រាប់កាំភ្លើងពីគ្រាប់របស់ តូរីន បានឆក់យកជីវិតរបស់លោកយាយយ៉ាងឃោឃៅបំផុត។
« លោកយាយ! ហេតុអ្វីលោកបាញ់គាត់? ហ៊ឹក! គាត់មិនបានដឹងរឿងអ្វីទាំងអស់ ហេតុអ្វីសម្លាប់គាត់? » ណាប៊ី ដែលឈរគាំងធ្មឹងមួយកន្លែងជាយូចាប់ផ្តើមដើរត្រឡប់ទៅរកអ្នកដែលបានបាញ់សម្លាប់លោកយាយវិញ ទាំងឈឺចាប់បំផុត ព្រោះតែនាងទើបលោកយាយដែលមិនដឹងរឿងអ្វីត្រូវសម្លាប់បែបនេះ បើនាងមិនមកទីនេះ មិនសុំកន្លែងលោកយាយស្នាក់នៅ លោកយាយក៏មិនត្រូវមកសម្លាប់ព្រោះតែនាងដែរ។
« ឆាប់ចាប់អ្នកនាងទៅ! » តូរីន បញ្ជាទៅកាន់កូនចៅឲ្យចូលមកចាប់ស្រីក្រមុំដែលដើរតម្រង់មករកគេដោយទឹកមុខស្មើគ្មានអារម្មណ៍ខុសចំពោះទង្វើរបស់ខ្លួនឯងសូម្បីតែបន្តិច គេពិតជាឈាមត្រជាក់ពិតមែន គេសម្លាប់មនុស្សម្នាក់ទាំងមូលនៅធ្វើដូចជាមិនមានរឿងអ្វីកើតឡើងបានទៀត។
ឌឹប! ឌឹប!
រ៉េន ទាញឈើច្រត់របស់គេមកវាយកូនចៅរបស់ តូរីន ដែលចូលមកចាប់ ណាប៊ី ។
« ចង្រៃយ៍! » កូនចៅរបស់ តូរីន ឈប់ចាប់ ណាប៊ី ហើយធ្វើការចាត់ការវាយបកទៅលើជនពិការដែលហ៊ានយកឈើច្រត់មកវាយពួកគេទាំងខ្លួនឯងឈរមិនទាំងចង់នឹងផង ។
ឌឹប!
គ្រាន់តែពួកគេដាល់មួយដៃ រ៉េន ក៏ដួលទៅលើដីទាំងបែកមាត់បាត់ទៅហើយ ប៉ុន្តែទោះជំហរគេមិនសូវរឹងតែកណ្ដាប់ដៃរបស់គេនៅរឹងនិងមានកម្លាំងខ្លាំងល្អណាស់ ទើបត្រឹមកូនចៅរបស់ តូរីន ម្នាក់ដែលចូលទៅចាត់ការពេលគេដួលទៅលើដីក៏ត្រូវគេដាល់រហូតសន្លប់បាត់ស្មារតីនៅលើដី។
ឌឹប! ឌឹប!
« រ៉េន! »
កូនចៅរបស់ តូរីន ជាច្រើននាក់ចូលទៅចាត់ការ រ៉េន តំណាលគ្នាទើបធ្វើឲ្យនាយកម្លោះត្រូវគេទាត់ឡើងទ្រោមខ្លួននៅនឹងដី។
« ហ៊ឹក! ឈប់បានហើយ! ហ៊ឺ! ឈប់វាយគេទៀតទៅ » ណាប៊ី ស្រែកទាំងទឹកភ្នែកជោកថ្ពាល់សុំឲ្យពួកគេឈប់ទាត់ រ៉េន តែគ្មាននរណាស្តាប់ការអង្វរកររបស់នាងសោះ។
« អ្នកនាងដល់ពេលត្រឡប់ទៅវិញហើយ » តូរីន ចូលមកក្បែរស្រីក្រមុំហើយលើកដៃបង្ហាញផ្លូវឲ្យ ណាប៊ី ដើរទៅកាន់ឡានដើម្បីចាកចេញពីទីនេះ។
« ប្រាប់ឲ្យពួកគេឈប់វាយ រ៉េន ទើបខ្ញុំព្រមទៅជាមួយលោក » កែវភ្នែកក្រហមដក់ជាប់ដំណក់ទឹកថ្លាសម្លឹងមុខរបស់ តូរីន ចំៗហាក់កំពុងចង់គំរាមគេពីរឿងអ្វីមួយ ទើប តូរីន ព្រមងាកទៅបញ្ឈប់កូនចៅរបស់គេ។
« ឈប់បានហើយ » តូរីន គំហកឡើងធ្វើឲ្យកូនចៅទាំងអស់បញ្ឈប់សកម្មភាពមួយរំព្រិចហើយដើរមកឈរខាងក្រោយគេវិញ។ តូរីន សម្លឹងឃើញរូបរាង រ៉េន គេងលើដីទាំងបែកមុខបែកមាត់ដូចសត្វឆ្កែអនាថាបែបនេះ គេក៏ញោចមាត់ញញឹមយ៉ាងពេញចិត្តហើយទើបងាកមករកស្រីក្រមុំដែលឈរស្រក់ទឹកភ្នែកជោកថ្ពាល់នៅក្បែរគេវិញ។
« អ្នកនាងទៅបានហើយឬនៅ? សូមអញ្ជើញ »
«ហ៊ឹក! » កែវភ្នែកពោលពេញដោយដំណក់ទឹកភ្នែកដោយក្តីឈឺចាប់ចោលសម្លឹងមើលលោកយាយដែលមានចិត្តល្អផ្តល់ទាំងកន្លែងស្នាក់នៅនិងអាហារសម្រាប់នាង តែចុងក្រោយនាងក៏នាំទុក្ខធ្វើឲ្យលោកយាយត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ហើយនាងថែមទាំងធ្វើឲ្យ រ៉េន ត្រូវមកឈឺខ្លួនព្រោះតែនាងថែមទៀត គេប្រហែលឈឺខ្លាំងណាស់ហើយ គ្រប់គ្នាទៅជាបែបនេះក៏ព្រោះតែនាងម្នាក់គត់ នាងតែងតែនាំទុក្ខឲ្យអ្នកដទៃ នាងមិនគួរមកទីនេះជាមួយ រ៉េន ទេ នាងមិនគួរនៅជិត រ៉េន នាំឲ្យគេមកឈឺខ្លួនព្រោះតែនាងសោះ។ ណាប៊ី បិទភ្នែកដកដង្ហើមចូលបំពេញសួតយ៉ាងវែងព្យាយាមសម្រួលភាពឈឺចាប់ខ្លាំងនៅក្នុងចិត្តឲ្យបានធូរស្រាលខ្លះ មុននឹងងាកក្រោយដើរចេញទៅតាមផ្លូវដែល តូរីន បានលើកដៃបង្ហាញ។
« កុំទៅ! មិនអាចទៅបានទេ! » រាងក្រាស់ក្រោកមិនរួចប្រឹងលូកក្រាបលើដីហៅស្រីក្រមុំដែលដើរចេញទៅឲ្យត្រឡប់មកវិញ នាងមកជាមួយគេ នាងមិនអាចទៅវិញជាមួយអ្នកដទៃបានទេ ជាពិសេសគឺពួកមនុស្សអាក្រក់ទាំងអស់នោះ នាងមិនអាចទៅជាមួយពួកគេទេ គេមិនព្រមឲ្យនាងទៅជាមួយពួកនោះទេ រ៉េន ចោលភ្នែកក្រឡេកទៅមើលឈើច្រត់និងលោកយាយដែលគេងស្លាប់នៅឆ្ងាយពីដៃរបស់គេ បើគេនៅតែពឹងលើឈើច្រត់មួយគូនោះ គេច្បាស់ជាមិនអាចជួយអ្នកដែលខ្លួនឯងចង់ជួយបានទេ ហើយគេនឹងបានត្រឹមដែលអង្គុយមើលមនុស្សជុំវិញខ្លួនត្រូវគេសម្លាប់ដូចជាលោកយាយដែលបានជួយគេអ៊ីចឹង។ រ៉េន ច្រត់ដៃនឹងដី កែវភ្នែកមុតមាំសម្លឹងទៅក្រុមសត្រូវនៅខាងមុខហើយគេក៏ស្ទុះក្រោកឈរឡើងដោយមិនត្រូវការឈឺច្រត់ រ៉េន រត់យ៉ាងលឿនសំដៅទៅរក តូរីន ។
ឌឹប!
មាឌមាំដែលមិនធ្លាប់មានអ្នកណាផ្ដួលបានត្រូវ រ៉េន ចាប់បោកផ្ដួលគេទៅលើដីហើយឡើងមកសង្កត់ករបស់គេជាប់។ កូនចៅរបស់ តូរីន ដកកាំភ្លើងមកគ្រប់ដៃភ្ជង់ខ្នងរបស់ រ៉េន មួយរំព្រិច។
« អាចង្រៃ! ឯងជាអ្នកបាញ់លោកយាយម្ចាស់ផ្ទះមែនទេ? » រ៉េន គ្រឺតធ្មេញសម្លុតសួរទៅកាន់ តូរីន ដែលត្រូវគេសង្កត់កជាប់មិនអាចរើខ្លួន។
« ហាសហាស បើយើងជាអ្នកបាញ់ ឯងគិតចង់ធ្វើអ្វីយើង »
ឌឹប! ឌឹប!
រ៉េន លើកដៃដាល់ទៅលើមុខឌឺដងរបស់ តូរីន មិនសំច្នៃដៃហើយក៏មិនស្តាប់សំឡេងស្រែកគំរាមបាញ់គេពីសំណាក់កូនចៅរបស់ តូរីន ដែរ ។
« ហាសហា ហាសហា អាមនុស្សកំសាក! » តូរីន នៅតែសើចចំអកឲ្យ រ៉េន មិនឈប់ទោះជាគេត្រូវ រ៉េន ដាល់បែកមាត់ហើយក៏ដោយ។
« ឯងថាអ្នកណាកំសាក? »
« គឺឯងនឹងហើយ សូម្បីតែនារីដែលខ្លួនឯងស្រលាញ់ម្នាក់ក៏មិនហ៊ានចេញមុខការពារពិតជាអន់ខ្លាំង ចុងក្រោយនាងក៏ស្លាប់ព្រោះតែភាពកំសាករបស់ឯង »
« អាចង្រៃ! ឯងដឹងអ្វីខ្លះទៅ? » រ៉េន ចាប់ក្របួចកអាវរបស់ តូរីន ទាញឲ្យគេងើបមុខឡើងនិយាយរឿងដែលបានដឹងប្រាប់។
« យើងដឹងរឿងរបស់ រ៉ូជីន ច្រើនជាងឯងដែលជាសង្សាររបស់នាងទៅទៀត អាល្ងង់! »
ឌឹប!
តូរីន ឆ្លៀតឱកាសដែល រ៉េន កំពុងគិតចង់ដឹងពីទំនាក់ទំនងរវាងគេនិងរ៉ូជីន គេក៏អុកក្បាលជាមួយក្បាលរបស់ រ៉េន ហើយដកខ្លួនចេញពីក្នុងដៃរបស់ រ៉េន បានសម្រេច។ តូរីន រមៀលខ្លួនទៅដល់កាំភ្លើងដែលធ្លាក់នៅលើដី ទើបគេរើសកាំភ្លើងឡើងមកបម្រុងបាញ់ រ៉េន ។
« ឈប់! » ណាប៊ី ចូលមកបាំងពីមុខ រ៉េន ធ្វើឲ្យ តូរីន ត្រូវដកដៃពីកៃកាំភ្លើងមួយរំព្រិច ព្រោះគេមិនអាចបាញ់នាងបានទេ បើនាងមានរបួសតែបន្តិចគេក៏ត្រូវស្លាប់មិនខាន។
« ដោះលែង រ៉េន ទៅ » ណាប៊ី លូកចាប់ប្រអប់ដៃមាំរបស់អ្នកខាងក្រោយណែនហើយព្យាយាមឈានថយក្រោយម្តងមួយជំហានដើម្បីនាំ រ៉េន ឲ្យទៅដល់កន្លែងដែលមានសុវត្ថិភាព។
រ៉េន ឈានថយក្រោយតាមជំហានជើងស្រីក្រមុំរហូតទៅដល់ផ្លូវឡានរបស់ តូរីន ។
« ខ្ញុំដោះលែងគេ តែអ្នកនាងត្រូវមកជាមួយខ្ញុំសិន » តូរីន នៅតែភ្ជង់កាំភ្លើងទៅកាន់ ណាប៊ី ជាប់ទោះគេមិនអាចបាញ់នាងបានក៏ដោយ តែគេអាចនឹងរកឱកាសដើម្បីបាញ់អ្នកដែលឈរនៅខាងក្រោយនាងបានគ្រប់ពេល។
« បោះសោឡានមកសិនមក » ណាប៊ី មិនល្ងង់ទេ ព្រោះនាងដឹងថា តូរីន កំពុងរកឱកាសដើម្បី បាញ់ រ៉េន គ្រប់ពេលទើបនាងសុំសោឡានពីគេឲ្យ រ៉េន ឡើងឡានចេញទៅដោយសុវត្ថិភាពជាមុនសិន។
« ពួកឯងឆាប់ឲ្យសោឡានទៅអ្នកនាង »
កូនចៅរបស់តូរីន យកសោឡានទៅប្រគល់ឲ្យ ណាប៊ី តាមការសុំរបស់នាង។
« រ៉េន លោកឆាប់ឡើងឡានទៅ »
រ៉េន ទទួលសោឡានពីដៃរបស់ ណាប៊ី ហើយក៏រហ័សឡើងឡានបើកបញ្ឆេះភ្លាមៗ តែគេមិនបានបើកចេញទៅណាឆ្ងាយទេ គេបែរជាបើកបុកតូរីននិងកូនចៅឲ្យរត់ចែកផ្លូវគ្នាទៅវិញ។
« នាងឆាប់ឡើងឡានមក! » រ៉េន ស្រែកហៅស្រីក្រមុំដែលគិតនៅឈររេរាំងផ្លូវឲ្យគេ ឲ្យឡើងឡាន ព្រោះគេមិនដាច់ចិត្តរត់ចោលនាងទេ។
ណាប៊ី រហ័សឡើងឡានតាមសម្តីរបស់ រ៉េន ទើប តូរីននិងកូនចៅរហ័សឡើងឡានបើកទៅតាមពួកគេទាំងពីរនាក់។
ផាំង! ផាំង!
ងុឹត!
រ៉េន រេចង្កូតឈប់ឡានពាក់កណ្តាលផ្លូវព្រោះតែត្រូវ តូរីន ដែលតាមមកពីក្រោយបាញ់ឲ្យបែកកង់។
« ឡានកើតអី? »
« ត្រូវបាញ់បែកកង់ហើយ ឆាប់ចុះពីលើឡានឲ្យលឿន »
រ៉េន ចាប់អូសដៃស្រីក្រមុំឲ្យចុះពីលើឡានដើម្បីរកផ្លូវរត់ព្រោះឡានរបស់ តូរីននិងកូនចៅក៏តាមមកជិតហើយ។
ងុឺត!
ឡានចាស់មួយគ្រឿងឈប់យ៉ាងទាន់ហន់នៅពីមុខ រ៉េននិងណាប៊ី។
« រ៉េន ឆាប់ឡើងឡានមក » អ្នកស្រី ដាលីន អើតកមកតាមបង្អួចឡានហៅកូនប្រុសឲ្យឡើងឡាន។
« អ្នកម៉ាក់! » រ៉េន អូសដៃ ណាប៊ី ឡើងឡានទាំងភ្ញាក់ផ្អើលចំពោះវត្តមានភ្លាមៗរបស់អ្នកស្រី ដាលីន។
អ្នកស្រី ដាលីន ដាក់លេខបត់ឡានបើកចេញទៅវិញដោយល្បឿនលឿនបំផុតមិនអាចឲ្យ តូរីន មកទាន់ឡានរបស់នាងឡើយ។
ងុឺត!
ឡានរបស់ តូរីន គ្មានផ្លូវទៅមុខបន្តព្រោះត្រូវឡានដែល រ៉េននិងណាប៊ី បើកមកមុននេះឈប់កាត់ផ្លូវជិត ទើបគេរហ័សចុះពីលើឡានហើយឡើងទៅជាន់លើដំបូលឡានដែលឈប់កាត់ទទឹងផ្លូវមើលឡានមួយគ្រឿងទៀតដែលបើកចេញទៅផុតឆ្ងាយទៅហើយ។
« ពុទ្ធោអើយ! » តូរីន ជាន់ដំបូលឡានមួយជើងដើម្បីបញ្ចេញកំហឹងរបស់ខ្លួនឯងដែលចាប់ ណាប៊ី ទៅវិញមិនបានហើយក៏សម្លាប់ រ៉េន ដើម្បីសងសឹកឲ្យ រ៉ូជីន មិនបានថែមទៀត ពិតជាគួរឲ្យខឹងខ្លាំងណាស់។
រងចាំភាគបន្ត

YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...