ភាគ០៩

135 5 0
                                    

  “ អូនត្រូវរងចាំបង រ៉ូជីន  ”

   បន្ទប់ធ្វើលំហាត់ចលនាជើង
  
   ណាប៊ី អង្គុយពីមុខ រ៉េន ជួយលើកជើងរបស់គេឲ្យធ្វើចលនាដូចរាល់ដង ប៉ុន្តែថ្ងៃនេះគេនៅតែមិនខំប្រឹងនិងយកចិត្តទុកដាក់ចំពោះការធ្វើចលនាជើងដដែល ប្រហែលគេនៅតែគិតថាការធ្វើចលនាជើងនេះអត់ប្រយោជន៍ដដែលហើយមើលទៅ។
   « តើលោកអាចសាកល្បងប្រឹងកម្រើកជើងដោយខ្លួនឯងបានទេ? »
   « អត់ទេ ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់ធ្វើអ្វីដែលគ្មានប្រយោជន៍បែបនេះទេ » រ៉េន តបដោយគំរោះគំរើយទៅកាន់ ណាប៊ី វិញ។
   « បើលោកមិនចង់ឆាប់ដើរបានឡើងវិញ អ៊ីចឹងក៏តាមចិត្តទៅចុះ » ណាប៊ី ក្រោកឈរឡើងឈប់ធ្វើចលនាជើងឲ្យគេទៀត ព្រោះគេខ្លួនឯងមិនមានឆន្ទះចង់ធ្វើផង ទោះនាងខំប្រឹងជំនួសគេមួយពាន់ដងក៏គេមិនអាចដើរបានវិញដែរ។
   « ណេ! នាងចង់ទៅណា? » ណាប៊ី ដើរចេញពីបន្ទប់ធ្វើចលនាជើងទៅទាំងមិនទាន់បានជួយលើករាងក្រាស់ដាក់លើរទេះជនពិការរបស់គេវិញ។
   « ...»
   « នាងមិនអាចទៅចោលខ្ញុំបានទេ ឆាប់មកវិញ មកជួយលើកខ្ញុំសិន »
   ណាប៊ី ឈប់ជើងនៅត្រង់មាត់ទ្វាហើយងាកមកមើលមនុស្សប្រុសដែលធ្លាប់តែឈរយ៉ាងរឹងមាំនៅចំពោះមុខរបស់នាងរាល់ដង តែពេលនេះគេបែរពឹងផ្អែកទាំងស្រុងលើកនាងទៅវិញ។
   « ក្រែងលោកពូកែខ្លាំងណាស់មែនទេ? ចឹងក៏ក្រោកឡើងដោយខ្លួនឯងទៅ » នាងឈរឱបដៃស្រែកបញ្ឈឺគេពីចម្ងាយ ព្រោះតែគេរឹងចចេសពេកទើបនាងចង់ផ្តល់មេរៀនខ្លះឲ្យគេម្តង។
   « នាង...! » រ៉េន ខឹងក្តៅមុខភាយពេលត្រូវនាងឈរបញ្ឈឺបែបនេះ គេក៏មិនចង់ពឹងនាងប៉ុន្មានដែរ បាន! គេនឹងឡើងអង្គុយលើករទេះដោយខ្លួនឯង គេមិនពឹងនាងទៀតទេ ។
   រ៉េន រំកិលខ្លួនថយក្រោយរហូតប៉ះនឹងរទេះដែលទុកនៅខាងក្រោយទើបគេប្រឹងច្រត់ដៃទាំងសងខាងនឹងរទេះដើម្បីយោលខ្លួនឲ្យក្រោកអង្គុយលើរទេះបាន។
   « អ្ហ៊ឹះ! » រ៉េន ប្រឹងច្រត់ដៃនឹងរទេះយោលខ្លួនឡើងតែក៏រអិលដៃបន្តិច ទើបគេប្រឹងទប់ខ្លួនមិនឲ្យធ្លាក់ទៅអង្គុយលើឥដ្ឋវិញរហូតធ្វើឲ្យជើងរបស់គេម្ខាងកន្រ្តាក់ឡើង។ រ៉េន បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលពេលគេហាក់មានអារម្មណ៍ថាអាចគ្រប់គ្រង់ជើងម្ខាងរបស់គេបានជាលើកទីមួយបន្ទាប់ពីរយះពេលជិតពីរខែមកនេះ ។
   « ជើង...ជើងរបស់ខ្ញុំអាចកម្រើកបានហើយ » រ៉េន រវល់តែត្រេកអរ ស្រាប់តែកង់រទេះរអិលថយក្រោយធ្វើឲ្យគេរបូតដៃដួលមកលើឥដ្ឋវិញ តែសំណាងល្អដែល ណាប៊ី ចូលមកឱបគេជាប់មិនឲ្យគេដួលទៅលើឥដ្ឋហើយនាងក៏ទាញរទេះមកឲ្យគេបានអង្គុយយ៉ាងស្រួលបួល។
   « ប្រយ័ត្នផង! » ណាប៊ី ចាប់ស្មាទូលាយទាំងសងខាងដោយក្តីព្រួយបារម្ភ តែ រ៉េន បែរជាមកចាប់ប្រអប់ដៃរបស់នាងទាំងសងខាងដោយក្តីត្រេកអរទៅវិញ។
   « មុននេះនាងបានឃើញទេ ជើងខាងឆ្វេងរបស់ខ្ញុំបានកម្រើកណា វាកម្រើកហើយ » គេចាប់អង្រួនដៃនាងខ្លាំងៗដោយទឹកមុខត្រេកអរខ្លាំង។
   « ខ្ញុំបានឃើញហើយ ជើងខាងឆ្វេងរបស់លោកកម្រើកពិតមែន » ណាប៊ី តបទាំងទឹកមុខញញឹមត្រេកអរជាមួយគេ ទើប រ៉េន ទាញនាងទៅឱបមួយរំព្រិចដោយត្រេកអរ។
   « ខ្ញុំជិតដើរបានឡើងវិញហើយ ខ្ញុំជិតទៅរក រ៉ូជីន បានហើយ »
   « រ៉ូជីន! » ណាប៊ី ទម្លាក់ដៃដែលឱបខ្នងធំទូលាយចុះពីលឺគេហៅឈ្មោះនារីដែលគេស្រលាញ់ហើយ លើកនេះនាងមិនមែនឈប់ឱបគេព្រោះតែឈឺចាប់ពេលលឺគេហៅឈ្មោះនារីដទៃទេ តែនាងកំពុងនឹកគិតដល់នារីម្នាក់ដែលឈ្មោះ រ៉ូជីន នោះទៅវិញទេ រ៉ូជីន មិនមែនជាអ្នកជំងឺស្រីដែលនាងបានជួបកាលពីយប់មិញទេដឹង?។
  
   ក្រោយពីធ្វើលំហាត់ចលនាជើងរួច ណាប៊ី ក៏នាំ រ៉េន មកបន្ទប់សម្រាកវិញ។ ឆ្លៀតពេលដែលគេកំពុងតែគេងមើលសៀវភៅកំដរអផ្សុកយ៉ាងស្ងប់ស្ងាត់នៅលើគ្រែអ្នកជំងឺ ណាប៊ី ក៏លួចយកទូរស័ព្ទដៃរបស់គេនៅលើតុមកចុចរកមើលរូបរបស់នារីម្នាក់ដែលឈ្មោះ រ៉ូជីន នោះម្តងទៀត ទោះលើកមុននាងបានឃើញមុខរបស់នារីម្នាក់នោះម្តងរួចមកហើយក៏ដោយ តែនាងចង់ឲ្យប្រាកដចិត្តទើបលួចទូរស័ព្ទរបស់ រ៉េន មកមើលម្តងទៀត។
   “ រ៉ូជីន...ជានាងពិតមែនទេ? ” ណាប៊ី ពង្រីកមុខរបស់នារីដែលថតជាមួយ រ៉េន មើលម្តងហើយម្តងទៀត ហើយក៏ព្យាយាមស្រម៉ៃដល់មុខរបស់អ្នកជំងឺស្រីដែលនាងបានជួបកាលពីយប់មិញហើយនាងក៏ប្រាកដចិត្តថារ៉ូជីនក្នុងរូបនេះនិងអ្នកជំងឺកាលពីយប់មិញជាមនុស្សតែម្នាក់ បើអ៊ីចឹងមែន តើនាងត្រូវប្រាប់ រ៉េន ទេថា រ៉ូជីន នៅទីនេះ? ។ ណាប៊ី ដើរសសៀរយកទូរស័ព្ទរបស់ រ៉េន ទៅទិកវិញទាំងក្នុងចិត្តល្ហល្ហេវដូចជាដឹងថាខ្លួនឯងកំពុងតែជិតបាត់បង់អ្វីម្យ៉ាងទៅ ។
   « នាងកំពុងធ្វើអ្វី? » រ៉េន ស្រាប់តែងាកមុខរឹងមកសួរអ្នកដែលឈរធ្វើខ្លួនគួរឲ្យសង្ស័យក្បែរគេភ្លាមៗធ្វើឲ្យនាងចាប់ផ្តើមធ្វើខ្លួនមិនត្រូវមួយរំព្រិច។
   « ខ្ញុំ...ខ្ញុំមកជូតសម្អាតតុ » ណាប៊ី ឆ្លើយទាំងរដាក់រដុកដៃប្រឹងទាញកូនកន្សែងមកជូតតុ ចំណែកទូរស័ព្ទរបស់ រ៉េន នាងបានយកទុកនៅកន្លែងដើមយ៉ាងរៀបរយតាំងពីមុនគេងាកមកម្លេះ។
   «...» គេនៅតែសម្លឹងមុខរបស់នាងដោយសារខ្សែភ្នែកសង្ស័យ ទើប ណាប៊ី រហ័សគេចខ្លួនចេញមុនគេចាប់បាន។
   « ជូតស្អាតហើយ អ៊ីចឹងខ្ញុំចេញទៅខាងក្រៅមួយភ្លាមលោកសម្រាកឲ្យល្អចុះ » ណាប៊ី ទាញភួយដណ្តប់ឲ្យគេបន្តិចទាំងមិនហ៊ានសម្លឹងមុខរបស់គេចំហើយក៏ប្រញាប់ជើងចេញពីបន្ទប់របស់គេយ៉ាងប្រញាប់។
   គ្រឹប!
   « តើខ្ញុំគួរតែយករឿងរបស់ រ៉ូជីន ប្រាប់គេទេ? » ណាប៊ី រអ៊ូតិចៗម្នាក់ឯងនៅខាងមុខបន្ទប់របស់ រ៉េន ដោយចោលភ្នែកសម្លឹងបន្ទប់ដែលនៅខាងចុងគេបង្អង់។
  
   ក្រឡេកមកមើល រ៉េន ដែលគេងនៅលើគ្រែក្នុងបន្ទប់តែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់បន្ទាប់ពី ណាប៊ី ចេញទៅបាត់វិញ។ ប្រអប់ដៃមាំឈោងយកទូរស័ព្ទនៅលើតុមកចុចមើលរូបថតរបស់នារីដែលគេនឹករលឹកគ្រប់វិនាទីគ្រប់ដង្ហើមចេញចូលដោយស្នាមញញឹមពេញដោយក្តីសង្ឃឹមម្តងទៀត។
   « រ៉ូជីន អូនរងចាំបងបន្តិចទៀត បងនឹងទៅរកអូនឆាប់ៗនេះហើយ » រ៉េន ញញឹមស្រាលៗដោយក្តីសង្ឃឹមដាក់រូបថតរបស់នារីជាទីស្រលាញ់ កាន់តែមើលរូបរបស់នាងកាន់តែធ្វើឲ្យគេនឹកដល់នាងលើសដើម បើពេលនេះនាងនៅក្បែរគេមិនដឹងជាល្អយ៉ាងណាទេ ហើយបន្ទប់អ្នកជំងឺមួយនេះក៏ប្រហែលមិនមានសភាពស្ងប់ស្ងាត់និងឯការដល់ថ្នាក់នេះដែរ ។ រ៉េន ឈប់ដៃត្រង់រូបថតនៅមាត់សមុទ្រដែលគេនិងនាងបានទៅដើរលេងជាមួយនាង ថ្ងៃលិចនៅឯនាយសមុទ្រនៅថ្ងៃមួយនោះគឺជាទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់គេ គេនៅចងចាំថ្ងៃមួយនោះគ្មានថ្ងៃភ្លេចបានទេ ថ្ងៃដែលគេបានឈ្លោះគ្នាជាមួយគ្រួសារយ៉ាងខ្លាំងហើយក៏បាននាងកំដរជិះម៉ូតូទៅស្រូបយកខ្យល់អាកាសនៅឯនាយសមុទ្រ។
  
   “ ខ្យល់សមុទ្រ! ” រាងស្តើងដោះមួកការពារសុវត្ថិភាពចេញពីក្បាលដាក់នៅលើម៉ូតូធំរបស់មិត្តប្រុសហើយក៏លាដៃរត់ចូលទៅលើវាលខ្សាច់ដោយទឹកមុខសប្បាយរីករាយ។
   “ រ៉ូជីន! ”
   ” អ្ហា! ”
   រ៉ូជីន ភ្ញាក់ព្រើតពេលនាងឈរលេងទឹករលកតូចដែលបោកមកប៉ះជើងនាងសុខៗគេក៏រត់មកពញ្ញាក់នាងពីខាងក្រោយហើយក៏រុញនាងតិចៗឲ្យចូលទៅក្នុងទឹកសមុទ្រ។
   “ ហាសហា កុំរុញប្រយ័ត្នសើមជើងខោរបស់អូន ” រ៉ូជីន បង្វិលខ្លួនមកឱបរាងមាំជាប់ណែនដោយខ្លាចគេធ្វើឲ្យនាងសើម។
   “ ចូលចិត្តទេ? ” គេឱបនាងណែនដៃដោយឱនមុខរបស់គេចុះមករកមុខរបស់នាងរហូតចុងច្រមុះស្រួចទាំងពីរប៉ះគ្នាយ៉ាងស្និតស្នាល។
   “ ហ៊ឹម! ” នាងក្រហឹមតបទាំងអឹមអៀន។
   “ បើអូនចូលចិត្តពួកយើងអាចរស់នៅទីនេះបាន ពួកយើងធ្វើផ្ទះតូចរល្មមនៅជិតមាត់សមុទ្របងធ្វើជាអ្នកនេសាទហើយអូននៅផ្ទះមើលថែកូន តើល្អទេ? ”
   “ តើលោកប៉ាអ្នកម៉ាក់របស់បងព្រមឲ្យបងមករស់នៅជីវិតសាមញ្ញាបែបនេះដែរទេ? ”
   ” បងមិនខ្វល់ពីលោកប៉ានិងអ្នកម៉ាក់ទេ ឲ្យតែអូនយល់ព្រមបានហើយ ” រ៉េន និយាយចប់ក៏ទាញរាងស្តើងដែលមានទឹកមុខសោកសៅមកឱបជាប់ទ្រូង មិនថាគ្រួសាររបស់គេព្យាយាមបំបែកនាងពីគេយ៉ាងណាទេ ក៏គេមិនព្រមលែងដៃពីនាងដែរ កុំថាឡើយត្រឹមគ្រួសាររបស់គេទោះមនុស្សមួយពិភពលោកនេះប្រឆាំងនឹងស្នេហ៍មួយនេះក៏គេមិនអាចឈប់ស្រលាញ់នាងបានដែរ គេសុខចិត្តធ្វើសត្រូវជាមួយមនុស្សមួយពិភពលោកឲ្យតែបាននៅក្បែរនាង។
   “ ចុះបើថ្ងៃណាមួយអ្នកម៉ាក់របស់បងយកអូនទៅលាក់នៅកន្លែងដ៏ឆ្ងាយមួយ តើបងនឹងទៅរកអូនទេ? ”
   ” ទោះអ្នកម៉ាក់យកអូនទៅលាក់ដ៏ជ្រុងម្ចាងទៀតនៃពិភពលោកមួយនេះក៏បងនឹងតាមទៅរកអូនឲ្យទាល់តែឃើញដែរ ដូច្នេះអូនត្រូវតែរងចាំបង រ៉ូជីន ”
   រ៉េន ញញឹមតិចៗទាំងកែវភ្នែកក្រហមឆ្អៅដោយក្តីឈឺចាប់ព្រោះតែនឹកដល់នាង គ្រប់យ៉ាងនៅសល់ត្រឹមតែការចងចាំល្អៗដែលធ្លាប់មានជាមួយគ្នាប៉ុណ្ណោះ គេនឹកនាងខ្លាំងណាស់ដឹងទេ តើពេលនេះនាងនៅកន្លែងណា? តើនាងពិតជាទៅដល់ជ្រុងម្ខាងទៀតនៅពិភពលោកមួយនេះពិតមែនហើយមែនទេ? តើនាងមាននៅរងចាំគេតាមសន្យាដែរទេ? តើនាងមាននឹកដល់គេទេ? ចំណែកគេនឹកនាងខ្លាំងណាស់ នឹកស្ទើរតែដាច់ខ្យល់ទៅហើយ គេកំពុងព្យាយាមប្រឹងធ្វើចលនាជើងរាល់ថ្ងៃដើម្បីឲ្យខ្លួនឯងឆាប់ដើរឡើងវិញបាន ហើយគេនឹងទៅរកនាង ដូច្នេះនាងត្រូវតែរងចាំគេ រ៉ូជីន។
              រងចាំភាគបន្ត
  
  
 
  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now