“ 228 ថ្ងៃនៃទំនាក់ទំនងដល់សោះកក្រោះ ”
តុក! តុក!
« សូមអញ្ជើញ » ណាប៊ី អង្គុយនៅលើសាឡុនឆ្លើយអនុញ្ញាតឲ្យអ្នកដែលគោះទ្វាចូលមកខាងក្នុង។
« ណាប៊ី! ក្មួយពិតជាចង់ឲ្យ រ៉េន ចូលមកកាន់តំណែងជំនួសក្មួយមួយរយះពេលពិតមែនទេ? » លោក យូនស៊ីន ចូលមកអង្គុយនៅសាឡុនទល់មុខ ណាប៊ី ដោយរិកពារអន្ទះសារនឹងការប្រកាសផ្ទេរតំណែងភ្លាមៗរបស់ ណាប៊ី។
« ខ្ញុំមិនចង់ធ្វើការក្នុងអំឡុងពេលមានផ្ទៃពោះទេ »
« ឯងពិតជាមានផ្ទៃពោះមែនទេ? » លោក យូនស៊ីន សម្លឹងមុខរបស់ ណាប៊ី ដោយសង្ស័យ ទើប ណាប៊ី លើកប្រដាប់ពិនិត្យឡើងមកបង្ហាញលោក។
« ខ្ញុំទៅកុហករឿងបែបនេះធ្វើអ្វីទៅ » ណាប៊ី តបហើយក៏ទាញកាបូបមកស្ពាយដើរចេញពីការិយាល័យទៅ។
លោក យូនស៊ីន ក្រោកឈរឡើងយ៉ាងអន្ទះសារ លោកគាំទ្រ ណាប៊ី ឲ្យកាន់តំណែងធ្វើជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី តែលោកមិនគាំទ្រ រ៉េន នោះទេ។ ប្រអប់ដៃមាំកាន់ទូរស័ព្ទឡើងចុចខលទៅនរណាម្នាក់ភ្លាមៗ។
« ចាត់ការគ្រប់យ៉ាងឲ្យដាច់ស្រេច »
“ បាទ ”
លោក យូនស៊ីន ដាក់ទូរស័ព្ទចុះទាំងមុខតានតឹងហើយក៏ដើរចេញពីការិយាល័យរបស់ ណាប៊ី ទៅ។
បន្ទប់ប្រជុំ
រ៉េន អង្គុយនៅកៅអីអគ្គនាយកទាំងទឹកមុខក្រៀមក្រំហាក់អារម្មណ៍មិននៅជាប់ខ្លួន ចំណែកអ្នកនៅក្នុងអង្គប្រជុំទាំងអស់ក៏កំពុងសម្លឹងមកគេដោយការមិនពេញចិត្ត។
« ទោះលោកត្រូវតែងតាំងដោយអ្នកនាងប្រធានក៏ដោយ ប៉ុន្តែពួកយើងមិនអាចទទួលស្គាល់លោកបានឡើយ លុះត្រាតែលោកយកលុយពីរពាន់លានដែលបាត់ទៅត្រឡប់មកវិញបាន » បុរសចំណាស់ម្នាក់ដែលអង្គុយជិតលោក យូនស៊ីន ក្រោកឈរឡើងនិយាយ ធ្វើឲ្យគ្រប់គ្នាយល់ស្របតាមគំនិតរបស់លោក។
« ខ្ញុំនឹងយកលុយពីរពាន់លាននោះត្រឡប់មកវិញឲ្យបានឆាប់តាមដែលធ្វើបាន » រ៉េន ឆ្លើយតបជាមួយគ្រប់គ្នាទាំងអារម្មណ៍មិននៅក្នុងអង្គប្រជុំ រួចគេក៏ក្រោកពីកៅអីដើរចេញពីបន្ទប់ប្រជុំទៅ។
ក្រាក!
« ប្រជុំចប់ហើយមែនទេ? » ណាប៊ី នៅឈរឱបដៃផ្អែកជញ្ជាំងក្បែរមាត់ទ្វារងចាំ រ៉េន ជាយូ ពេលគេបើកទ្វារចេញមកនាងក៏បន្លឺសំឡេងឲ្យគេលឺភ្លាម តែគេបែរជាធ្វើមិនលឺមិនឃើញនាង ហើយគេក៏ដើរហួសនាងចេញទៅធ្វើប្រងើយ។
« ត្រឡប់ទៅផ្ទះជាមួយគ្នាទេ ខ្ញុំបានឲ្យមេផ្ទះរៀបចំអាហារពេលល្ងាចច្រើនណាស់ » ណាប៊ី ដើរមកតាមក្រោយគេព្យាយាមនិយាយជាមួយគេ។
« អត់ទេ ខ្ញុំមានការងាររវល់ណាស់ » រ៉េន តបទាំងមិនមើលមុខរបស់នាង ចំណែកជើងក៏បន្ថែមល្បឿនដើរទៅមុនកាន់តែលឿនឡើងៗ។
« ឈប់សិន! » ណាប៊ី រហ័សដើរឲ្យទាន់គេហើយចាប់ដៃរបស់គេទុក ភ្លាមៗ រ៉េន ស្រាប់តែងាកមកសម្លឹងនាងដោយទឹកមុខគួរឲ្យខ្លាចបំផុត កែវភ្នែកមុតស្រួចចោលសម្លឹងប្រអប់ដៃស្រឡូនដែលចាប់ដៃរបស់គេជាប់ ទើបនាងរហ័សដកដៃចេញពីគេ ទាំងឱនមុខចុះមិនហ៊ានសម្លឹងទឹកមុខគួរឲ្យខ្លាចរបស់គេចំ។
« ចប់ការងារប្រញាប់ទៅផ្ទះ ខ្ញុំនៅរងចាំញុំអាហារពេលល្ងាចជាមួយលោក »
«...» គេមិនតបជាមួយនាងមួយម៉ាត់ហើយក៏ដើរចេញទៅ។
កែវភ្នែករលីងរលោងឈរមើលគេចេញទៅទាំងបេះដូងឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន នេះហើយជាមូលហេតុដែលកន្លងមកនាងមិនសារភាពពីអារម្មណ៍ប្រាប់ទៅកាន់គេ ហើយក៏រឹតតែមិនចង់ទាមទារសិទ្ធិជាភរិយារបស់គេ ព្រោះនាងដឹងថាគ្រប់យ៉ាងនឹងទៅជាដូចជាពេលនេះ ទំនាក់ទំនងរវាងនាងនិងគេដូចពីមុនគឺល្អបំផុត មិនមែនមិត្ត មិនមែនប្តីប្រពន្ធ គ្រាន់តែអ្នកដែលនៅជិតគ្នាព្រោះកិច្ចសន្យាមួយច្បាប់។
ក្លឹបរាត្រី
ពន្លឺភ្លើងពណ៌រត់បណ្ដេញគ្នាតាមចង្វាក់តន្រ្តីញាក់សម័យថ្មី ពាំនាំយកអារម្មណ៍រីករាយចូលមកជំនួសអារម្មណ៍ទុក្ខព្រួយរបស់យុវវ័យដែលនៅទីនេះ លើកលែងរាងក្រាស់ដែលអង្គុយផឹកស្រានៅតុវីអាយភីមួយដាច់ឆ្ងាយពីមនុស្សគ្រប់គ្នា។ ប្រអប់ដៃមាំលើកដបស្រាចាក់ដាក់កែវមិនទាន់ចិត្តទើបលើកទាំងដបមកអកយកៗមិនខ្លាចស្រវឹង។
« បានហើយ! » សំឡេងស្រួយនិងដៃស្រឡូនទាញដបស្រាចេញពីដៃមាំតំណាលគ្នា។
« រ៉ូជីន...! » រ៉េន ហៅឈ្មោះនាងដោយភាពអស់សង្ឃឹមហើយក៏ឱនមុខចំដោយអារម្មណ៍ខុស។
« តើមានរឿងអ្វី? ហេតុអ្វីបងទៅជាបែបនេះ? »
« រ៉ូជីន...តើរវាងអូននិងបងពិតជាគ្មានថ្ងៃអាចរស់នៅជាមួយគ្នាបានពិតមែនទេ? »
« ហេតុអ្វី? » រ៉ូជីន លើកចិញ្ចើមឡើងសួរទៅកាន់អ្នកដែលឱនមុខចុះដោយភាពអស់សង្ឃឹម។
« ណាប៊ី មានផ្ទៃពោះហើយ ជាកូនរបស់បង »
« ហិ...បងជឿនាងមែនទេ? នាងអាចចង់ចាប់បងទុកទើបបង្កើតរឿងមួយនេះឡើងមក »
« ទោះនាងគ្រាន់តែកុហកឬជាការពិត ប៉ុន្តែបងពិតជាបានធ្វើខុសចំពោះនាងហើយ »
រ៉ូជីន លើកកែស្រាមកផឹកអស់មួយកែវភ្លាមៗពេលលឺ រ៉េន និយាយបែបនេះ។
« ចុះចំពោះអូន? បងមិនគិតថាខុសទេ? »
សំណួររបស់ រ៉ូជីន ធ្វើឲ្យគេងើបមកសម្លឹងមុខរបស់នាងដោយកែវភ្នែកឈឺចាប់បំផុត។
« បងសុំទោស » រ៉េន សម្លឹងមុខរបស់នាងហើយរហ័សងាកមុខចេញទាញកែវស្រាមកផឹកដាច់មួយកែវទៀត ពេលភាពឈឺចាប់កាន់តែជ្រាបចូលក្នុងបេះដូងរបស់គេខ្លាំងឡើង។
« យប់នេះបងមិនចង់ត្រឡប់ទៅផ្ទះនោះទេ »
« អ៊ីចឹងទៅស្នាក់នៅបន្ទប់អូនសិនទៅ »
តឺង! តឺង!
ទូរស័ព្ទរបស់ រ៉េន ដែលទុកចោលនៅលើតុក្បែរជញ្ជាំងរោទិ៍ឡើងមិនឈប់ តែគេមិនបានចាប់អារម្មណ៍ឡើងព្រោះតែសំឡេងភ្លេងនៅក្នុងក្លឹបលឺខ្លាំងពេក។
“ លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅ កំពុងជាប់រវល់នៅពេលនេះ ”
ណាប៊ី ដាក់ទូរស័ព្ទចុះទៅលើតុក្បែរចានបាយបន្ទាប់ពីព្យាយាមខលទៅគេជាច្រើនដងប៉ុន្តែគេមិនទទួល។ អាហារពេលល្ងាចរៀបចំពេញលើតុតាំងពីក្បាលប្រលប់មកដល់ពាក់កណ្តាលយប់ក៏ប្រែជាត្រជាក់អស់លែងឆ្ងាញ់ អ្នកបម្រើក្នុងផ្ទះចូលទៅសម្រាកអស់នៅសល់តែនាងដែលអង្គុយនៅតុអាហាររាប់ម៉ោងចាំគេត្រឡប់មកញុំអាហារពេលល្ងាចជាមួយនាង ទោះគ្មានសង្ឃឹមថាគេនឹងមកក៏នាងនៅតែអង្គុយរងចាំគេមិនទៅណា ចាំទាំងពោះទទេ រហូតភ្លេចខ្លួនគេងនៅតុអាហារ។
ព្រឹកឡើង
« អ្នកនាង! អ្នកនាង! »
សំឡេងដាស់របស់អ្នកបម្រើក្នុងផ្ទះធ្វើឲ្យស្រីក្រមុំដែលគេងនៅតុអាហារពេញមួយយប់បើកភ្នែកឡើងទាំងមិនអស់ងងុយ។
« ព្រឹកហើយមែនទេ? ហើយចុះ រ៉េន? » នាងស្ទុះក្រោកឡើងភ្លាមសួររកគេភ្លាម។
« យប់មិញលោកប្រុសមិនបានមកផ្ទះទេ ហើយព្រឹកនេះក៏ខលមកឲ្យអ្នកបើកឡានយកសម្លៀកបំពាក់ទៅឲ្យនៅការិយាល័យទៀត »
« គេប្រហែលជារវល់ណាស់ហើយ » នាងថាហើយក៏ដើរឡើងទៅបន្ទប់ទាំងទឹកមុខក្រៀមក្រំ នាងដឹងច្បាស់ក្នុងចិត្តហើយថាហេតុអ្វីគេមិនត្រឡប់មកផ្ទះ? មិនមែនមកពីការងាររវល់ទេ តែគេមិនចង់ជួបនាងច្រើនជាង។
« ទោះជារវល់យ៉ាងណាក៏គួរតែផ្ញើរសាមកប្រាប់ប្រពន្ធខ្លះដែរ? ឬក៏មានស្រីនៅខាងក្រៅទើបមិនខ្វល់ពីប្រពន្ធដែលចាំនៅផ្ទះបែបនេះ? »
ពាក្យសម្ដីខ្សឹបខ្សាវគ្នារបស់អ្នកបម្រើលឺមកដល់ត្រចៀកស្រីក្រមុំដែលកំពុងឈានជើងឡើងជណ្តើរ បានលឺហើយធ្វើឲ្យនាងមិនគិតមិនបានទេថាយប់មិញ រ៉េន នៅជាមួយ រ៉ូជីន គេប្រហែលទៅរកនាង ព្រោះគេខានជួបនាងយូមកហើយ គេប្រហែលជាជ្រើសរើសទៅជួបអ្នកដែលគេនឹក ជាជាងមកជួបអ្នកដែលគេស្អប់មិនចង់ឃើញមុខ។
ណាប៊ី ចូលមកក្នុងបន្ទប់ហើយដើរទៅអង្គុយនៅតុក្បែរមាត់បង្អួច ម្រាមស្រឡុនទាញកែវថ្លាដាក់ផ្កាយក្រដាសចម្រុះពណ៌មកមើលដោយកែវភ្នែកសោកសៅ។
« ពេលវេលារបស់ខ្ញុំនិងគេជិតបញ្ចប់ហើយ ពួកឯងប្រហែលមិនអាចមានគ្នាបន្ថែមទៀតទេ » ណាប៊ី ដាក់ចង្កាលើតុសម្លឹងផ្កាយក្រដាសនៅក្នុងកែវថ្លាដោយភាពសោកសៅ ខួរក្បាលរបស់នាងកំពុងគិតរឿងជាច្រើនពីពេលវេលាដែលនាងនិងគេបានចំណាយជាមួយគ្នា។
« បើខ្ញុំមិនចូលទៅរករ៉េនម្តងទៀតនៅថ្ងៃនោះ ពេលនេះពួកយើងទាំងពីរប្រហែលកំពុងតែរស់នៅជីវិតផ្សេងគ្នាយ៉ាងរីករាយ »
“ លោកជាអ្នកជំងឺថ្មីមែនទេ? ខ្ញុំឈ្មោះ គីម ណាប៊ី ”
នាងញញឹមបន្តិចពេលនឹកឃើញពេលវេលាដែលនាងក្លាហានបំផុត ហ៊ានចូលទៅរកគេហើយថែមទាំងបានណែនាំឈ្មោះទៅកាន់គេយ៉ាងជឿជាក់បំផុត ។ កាលនោះនាងពិតជាក្លាហានខ្លាំងណាស់ នាងបានធ្វើពុតជាមិនស្គាល់គេបានយ៉ាងល្អ តែពេលនេះនាងមិនក្លាហានទៀតទេ នាងមានអារម្មណ៍អស់សង្ឃឹម សោកស្តាយ ហើយនឹងឈឺចាប់ចំពោះរឿងគ្រប់យ៉ាង នាងធ្លាប់មានក្តីសុខដោយគ្រាន់តែមើលគេពីចម្ងាយ ប៉ុន្តែពេលនេះនាងមិនអាចមានអារម្មណ៍បែបនោះទៀតទេ នាងធ្លាប់មិនចង់ឲ្យគេស្រលាញ់នាងវិញ ព្រោះខ្លាចគេឈឺចាប់នៅថ្ងៃណាមួយ ប៉ុន្តែពេលនេះនាងក្លាយជាមនុស្សអាត្មានិយមទាំងស្រុង ដោយនាងគ្រាន់តែចង់រស់នៅជាមួយគេយ៉ាងមានក្តីសុខនៅពេលវេលាចុងក្រោយរបស់នាង ដោយមិនខ្វល់ថាគេនឹងទៅជាបែបណាបន្ទាប់ពីនាងចាកចេញទៅ នាងពិតអាត្មានិយមណាស់មែនទេ? ដែលគ្រាន់តែចង់មានពេលវេលាមានក្តីសុខម្តងក្នុងមួយជីវិតនេះ ឬក៏នាងត្រូវចាកចេញទៅជាមួយភាពសោកសៅពេញមួយជិវិតទើបនាងជាមនុស្សល្អសម្រាប់គ្រប់គ្នា។
“ 228 ថ្ងៃនៃទំនាក់ទំនងដល់សោះកក្រោះ ទីបំផុតខ្ញុំនិងគេកំពុងតែខិតជិតទៅដល់ថ្ងៃបញ្ចប់ ” ណាប៊ី សរសេរហើយក៏បត់ក្រដាសជារូបផ្កាយរួចទម្លាក់ចូលទៅក្នុងកែវថ្លានៅចំពោះមុខ ផ្កាយទី228នៅក្នុងទំនាក់ទំនងរវាងនាងនិងគេ នាងមិនដឹងថាអាចមានឱកាសសរសេរនិងបត់ផ្កាយដែលតំណាងឲ្យពេលវេលារវាងនាងនិងគេបានប៉ុន្មានទៀតទេ នាងគ្រាន់តែសង្ឃឹមថានាងអាចនៅរហូតដល់ចាត់ការរឿងគ្រប់យ៉ាងចប់សព្វគ្រប់។
រងចាំភាគបន្ត
![](https://img.wattpad.com/cover/352618325-288-k182971.jpg)
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...