ភាគ២១

119 5 0
                                    

  “ អ្នកស្នងតំណែងម្ចាស់សម្ព័ន្ធ អ៊ីសាជី ”

   សំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់មួយច្បាប់ដាក់នៅលើតុពីមុខ រ៉េននិងណាប៊ី។ មិនបង្អង់យូ រ៉េន រហ័សទាញប៊ិកមកស៊ីញេក្រោមឈ្មោះរបស់គេយ៉ាងលឿន មុននឹងរុញទៅឲ្យស្រីក្រមុំដែលអង្គុយនៅក្បែរដៃរបស់គេ។
   « ឆាប់ស៊ីញេទៅ! » រ៉េន តឿនស្រីក្រមុំដែលហាក់ដូចជាស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគេ ។
   ណាប៊ី ងើបសម្លឹងមុខរបស់អ្នកដែលតឿននាងបន្តិចទើបសម្រេចចិត្តស៊ីញេលើសំបុត្រអាពាហ៍ពិពាហ៍ សង្ឃឹមថាការសម្រេចចិត្តរបស់នាងលើកនេះមិនធ្វើឲ្យ រ៉េន កាន់តែពិបាកទៅចុះ។
   « រួចរាល់ហើយ តើយើងគួរធ្វើអ្វីបន្ទាប់ទៀត? » រ៉េន ហុចសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់រវាងគេនិងណាប៊ី ទៅឲ្យអ្នកស្រី ដាលីន រួចសួរពីរឿងដែលត្រូវចាត់ការបន្ត។
   « រឿងបន្ទាប់យើងត្រូវរកវិធីចូលទៅក្នុងពិធីគម្រប់ខួបស្លាប់របស់លោកប្រធានគីមនិងភរិយាដែលធ្វើនៅប៉ុន្មានថ្ងៃទៀតនេះ »
   « គីរ៉ាន់ គ្មានថ្ងៃបណ្ដោយឲ្យពួកយើងចូលទៅបានទេ » ណាប៊ី បញ្ចេញយោបល់ទាំងឱនមុខចុះ ប្រអប់ដៃស្រឡូនទាំងគូក្រសោបចូលគ្នាណែនទាំងញ័រទទ្រើក បញ្ជាក់ពីអារម្មណ៍ភ័យខ្លាចដែលនាងមានចំពោះ គីរ៉ាន់ ឲ្យ រ៉េននិងអ្នកស្រី ដាលីន បានឃើញច្បាស់។
   « នាងមានស្គាល់អ្នកធ្វើការក្នុងសម្ព័ន្ធដែលជិតស្និតជាមួយលោកប៉ាអ្នកម៉ាក់នាងខ្លះទេ » រ៉េន ងាកមកសួរស្រីក្រមុំដែលគិតតែពីឱនមុខចុះ។
   « មានម្នាក់ តែខ្ញុំខានទាក់ទងទៅគាត់យូហើយ »
   « ប្រាប់ឈ្មោះរបស់គាត់មក? »
   « លោក ផាក យូនស៊ីន »
   « ផាក យូនស៊ីន! ខ្ញុំនឹងទាក់ទងដើម្បីសុំជួបគាត់ដោយខ្លួនឯង » រ៉េន រហ័សក្រោកឈរឡើងទាញសោឡានចេញទៅខាងក្រៅដើម្បីរកវិធីជួបជាមួយមនុស្សដែលឈ្មោះថា ផាក យូនស៊ីន នោះ ។
  
   ប៉ុន្មានថ្ងៃកន្លងផុតទៅ ថ្ងៃពិធីគម្រប់ខួបការស្លាប់របស់លោកគីមនិងភរិយាដែលជាម្ចាស់សម្ព័ន្ធ អ៊ីសាជី ក៏បានចូលមកដល់។ បាច់ផ្កាពណ៌សដាក់រៀបចំពេញកម្មវិធីទាំងមូល កម្រាលព្រំពណ៌ក្រហមក្រាលតាំងពីច្រកចូលទៅដល់កន្លែងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាលពីបួនឆ្នាំមុន។ ភ្ញៀវកិត្តិយសសំខាន់ៗចូលមកក្នុងកម្មវិធីជាបន្ទាប់ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកដឹកនាំកំពូលរបស់សម្ព័ន្ធទាំងមូល។ គីរ៉ាន់ ក្នុងសម្លៀកបំពាក់ខ្មៅកាន់ទុក្ខឈរនៅក្បែររូបថតលោកប៉ាអ្នកម៉ាក់ដោយទឹកមុខក្រៀមក្រំ ដើម្បីបញ្ជាក់ឲ្យគ្រប់គ្នាដឹងថាគេនៅតែមានអារម្មណ៍ឈឺចាប់ចំពោះការបាត់បង់ដ៏ធំធេងមួយនេះមិនថាកន្លងហួសទៅប៉ុន្មានឆ្នាំក៏ដោយ។
   « ពិធីបុណ្យខួបរបស់លោកម្ចាស់និងអ្នកស្រីទាំងមូលហេតុអ្វីមិនឃើញអ្នកនាងគីម ណាប៊ី ចូលរួម? » បុរសចំណាស់ដែលធ្លាប់ធ្វើការជាមួយលោកគីមសួររកកូនស្រីតែម្នាក់របស់លោកប្រធាន គីម ដែលលោកមិនដែលឃើញនាងមកចូលរួមកម្មវិធីបុណ្យគម្រប់ខួបរបស់ឪពុកម្តាយសោះ លោកបានជួបនាងលើកចុងក្រោយបំផុតគឺនៅក្នុងពិធីបុណ្យសពលោកប្រធានគីមនិងភរិយា។
   « លោកក៏ដឹងថាប្អូនស្រីរបស់ខ្ញុំមានជំងឺធ្ងន់ធ្ងរ នាងតែងតែស្នាក់នៅមន្ទីរពេទ្យ » គីរ៉ាន់ រហ័សតបទៅកាន់អ្នកដែលសួរវិញ ដើម្បីទប់ស្កាត់មិនឲ្យមានការសួររកប្អូនស្រីកាន់តែច្រើនជាងនេះទៀត ជាពិសេសគេត្រូវធ្វើឲ្យរឿងសួររកប្អូនស្រីស្ងាត់មុនពេលលោកប្រធាន ផាក យូនស៊ីន មកដល់ ព្រោះលោកប្រធាន ផាក យូនស៊ីន ជាចាស់ទុំដល់មានឥទ្ធិពលនៅក្នុងសម្ព័ន្ធ អ៊ីសាជី នេះ។
   « ទោះមានជំងឺធ្ងន់ធ្ងរយ៉ាងណាក៏គ្រាន់តែឲ្យគ្រូពេទ្យនាំនាងមកគោរពធាតុលោកប៉ាអ្នកម៉ាក់បន្តិចមិនអីទេដឹង? »
   « ចុះបើនាងកើតអ្វីនៅក្នុងពិធីលោកជួយបានទេ? នាងមានជំងឺដុះដុំសាច់នៅក្នុងខួរក្បាលជាដំណាក់កាលធ្ងន់ធ្ងរ អាការៈឈឺក្បាលប្រកាច់អាចកើតឡើងគ្រប់ពេល ដូច្នេះទើបនាងមិនអាចចេញឆ្ងាយពីមន្ទីរពេទ្យបាន »
   « ខ្ញុំយល់ហើយ គួរឲ្យស្តាយដែលអ្នកនាងតូចមានជំងឺធ្ងន់ធ្ងរ កុំអីអ្នកនាងក៏ក្លាយជាអ្នកមើលថែ អ៊ីសាជី ជំនួសលោកប៉ាអ្នកម៉ាក់បាត់ទៅហើយ » បុរសចំណាស់រអ៊ូតិចៗមានចេតនាឲ្យ គីរ៉ាន់ លឺហើយក៏ចូលទៅអង្គុយកៅអីរបស់ខ្លួនវិញដោយមិនភ្លេចយករឿងរបស់ គីម ណាប៊ី មកនិយាយជាមួយអ្នកមានអំណាចក្នុងសម្ព័ន្ធជាមួយគ្នាមិនឈប់។
   « ចង្រៃយ៍! » គីរ៉ាន់ មួរម៉ៅក្រពុលមុខមួយរំព្រិច ព្រោះមិនថាពិធីបុណ្យខួបលើកណាក៏ភ្ញៀវដែលចូលរួមមិនដែលភ្លេចលើករឿងរបស់ ណាប៊ី មកនិយាយដែរ ពួកគេកាន់តែចង់ឲ្យនាងមកអង្គុយនៅតំណែងមួយនេះ គេកាន់តែរេរាំងដល់ទីបំផុត ព្រោះអ្នកដែលសាកសមអង្គុយនៅតំណែងមួយនេះតាំងពីដំបូងគឺជាគេ នាងជាអ្នកមកក្រោយទេ បើលោកប៉ាអ្នកម៉ាក់មិនរកកូនបង្កើតដូចជានាងឃើញនៅក្នុងមណ្ឌលកុមារកំព្រាទេ មកដល់ពេលនេះគេមិនបាច់អង្គុយនៅតំណែងនេះទាំងមិនស្រណុកចិត្តយ៉ាងនេះទេ។
   « ចៅហ្វាយ ឯកសារតែចៅហ្វាយឲ្យត្រៀម ខ្ញុំយកមកហើយ » តូរីន ហុចសាមីពណ៌ត្នោតឲ្យទៅ គីរ៉ាន់។
   « យើងជឿជាក់ថានាងនិងអារ៉េន ប្រាកដជារកវិធីចូលមកក្នុងពិធីមួយនេះ ឯកសារមួយច្បាប់នេះជាអាវុធសម្រាប់ចាត់ពួកគេ » គីរ៉ាន់ ញោចមាត់ញញឹមយ៉ាងឃោឃៅបំផុតចេញមកពេលគេទទួលបានអាវុធសំខាន់នៅក្នុងដៃហើយ។
  
   ងុឺត!
   ឡានទំនើបពណ៌ខ្មៅដែលគេស្គាល់ច្បាស់ថាជាឡានរបស់លោក ផាក យូនស៊ីន ជាចាស់ទុំដ៏មានអំណាចនៅ អ៊ីសាជី បើកមកឈប់នៅមាត់ទ្វាច្រកចូលពិធីគម្រប់ខួបរបស់អតីតអ្នកគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជីនិងភរិយា។ អ្នកបើកឡានរបស់លោករហ័សរត់មកបើកទ្វាឡានខាងក្រោយទាំងសងខាងឡើងអនុញ្ញាតឲ្យអ្នកដែលអង្គុយក្នុងឡានចេញមកខាងក្រៅដំណាលគ្នា។ លោក យូនស៊ីន ប្រគល់លិខិតអញ្ជើញឲ្យចូលរួមពិធីទៅឲ្យអង្គរក្សនៅមាត់ទ្វាពិនិត្យ ក្រោយពីបានឃើញលិខិតអញ្ជើញហើយលោក យូនស៊ីន ក៏ត្រូវបានអនុញ្ញាតឲ្យចូលក្នុងកម្មវិធី ប៉ុន្តែអង្គរក្សបែរជាលើកដៃទាក់ដំណើររបស់កម្លោះក្រមុំដែលមកឡានជាមួយលោក យូនស៊ីន ទៅវិញ ព្រោះគេទទួលបានបញ្ជាពី គីរ៉ាន់ ឲ្យពិនិត្យភ្ញៀវចូលពិធីយ៉ាងតឹងរឹងបំផុត បើមិនមែនជាមនុស្សនៅក្នុងសម្ព័ន្ធ ទោះជាមានលិខិតក៏មិនឲ្យចូលរួមដែរ។
   « ពួកគេជាមនុស្សរបស់ខ្ញុំទេ » លោក យូនស៊ីន ងាកមកប្រាប់អង្គរក្សដែលហាមឃាត់ ណាប៊ីនិងរ៉េន។
   « ចៅហ្វាយមានបញ្ជាមិនឲ្យអ្នកដែលប្លែកមុខចូលទៅក្នុងកម្មវិធីទេ សូមលោកយោគយល់ផង »
   « ប្រហើន! ឯងដឹងថាលោកម្ចាស់ជាអ្នកណាទេ? » ជំនួយការលោក យូនស៊ីន ស្រែកឲ្យអង្គរក្សដែលយាមទៅមាត់ទ្វា។
   « ខ្ញុំស្គាល់លោកម្ចាស់ ផាក យូនស៊ីន ប៉ុន្តែ...»
   « ចៅហ្វាយរបស់ឯងមិនអាចការពារឯងបានទេ បើលោកម្ចាស់ យូនស៊ីន ចង់ដេញឯងចេញ តែបើចៅហ្វាយរបស់ឯងចង់ដេញឯងចេញលោកម្ចាស់អាចការពារឯងបាន ហេតុផលមួយនេះឯងយល់ហើយមែនទេ? ថាគួរតែរើសនៅខាងណា? »
   « បាទ » អង្គរក្សដែលយាមនៅមាត់ទ្វាព្រមដកដៃចេញអនុញ្ញាតឲ្យ ណាប៊ីនិងរ៉េន ចូលទៅខាងក្នុងជាមួយលោក យូនស៊ីន ក្រោយមិនហ៊ានប្រឆាំងនឹងអ្នកមានអំណាចខ្លាំងនៅក្នុងសម្ព័ន្ធទាំងមូល។
  
   ក្នុងកម្មវិធីគម្រប់ខួប
  
   មកដល់ក្នុងពិធីមានតែលោក យូនស៊ីន ម្នាក់ប៉ុណ្ណោះដែលចូលទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធរបស់លោកប្រធានគីមនិងភរិយា ។
   « នេះធូបលោកពូ! » គីរ៉ាន់ ហុចធូបមួយសរសៃឲ្យលោក យូនស៊ីន ដែលឈរនៅពីមុខរូបថតអ្នកដែលបានស្លាប់ទៅ។
   « អ្ហើយ...ពេលវេលាពិតជាដើរលឿនមែន ត្រឹមមួយប៉ព្រិចភ្នែកសោះក៏កន្លងផុតបួនឆ្នាំទៅហើយ ពួកឯងទាំងពីរនៅទីនោះឲ្យស្ងប់សុខចុះកុំបារម្ភពីកូនៗអី ព្រោះខ្ញុំមើលថែពួកគេទាំងពីរនាក់បានល្អខ្លាំងណាស់ ថ្ងៃនេះខ្ញុំក៏បាននាំភ្ញៀវពិសេសម្នាក់មកជួបអ្នកទាំងពីរផងដែរ » លោក យូនស៊ីន ដោតធូបហើយក្រោកឈរឡើងពេញជំហរបែរមុខទៅច្រកចូលព្រមជាមួយទឹកមុខភ្ញាក់ផ្អើលរបស់អ្នកនៅក្នុងកម្មវិធី។
   ណាប៊ីនិងរ៉េន ដើរចូលមកក្នុងកម្មវិធីព្រមគ្នាធ្វើឲ្យអ្នកចូលរួមកម្មវិធីទាំងអស់ភ្ញាក់ផ្អើលបើកភ្នែកធំៗគ្រប់គ្នាចំពោះវត្តមានរបស់ គីម ណាប៊ី ដែលជាអ្នកនាងតូចរបស់សម្ព័ន្ធ អ៊ីសាជី នាងបានបាត់ខ្លួនសូន្យអស់រយះពេលបួនឆ្នាំមានតែដំណឹងថានាងមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកនៅមន្ទីរពេទ្យតែគ្មានអ្នកណាដឹងថានាងស្នាក់នៅមន្ទីរពេទ្យណានោះទេ ហើយក៏មិនដែលដឹងថាអាការះជំងឺរបស់នាងធ្ងន់ធ្ងរយ៉ាងណាដែរ តែពេលនេះនាងក៏បានបង្ហាញខ្លួនម្តងទៀតជាមួយសភាពរឹងមាំមិនខុសពីមនុស្សធម្មតានោះទេ ឬក៏រឿងដែលនាងឈឺធ្ងន់ធ្ងរជាការប្រឌិតបោកប្រាស់របស់ គីម គីរ៉ាន់ ដែលជាបងប្រុសចិញ្ចឹមរបស់លោកប៉ាអ្នកម៉ាក់របស់នាងទេ។
   « អ្នកនាង គីម ណាប៊ី មែនទេ? អ្នកនាងមិនបានឈឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យទេ? » អ្នកដែលមានតួនាទីសំខាន់ក្នុងសម្ព័ន្ធនាំគ្នាសួរ ណាប៊ី ដោយទឹកមុខភ្ញាក់ផ្អើលនិងចោលភ្នែកសម្លឹង គីរ៉ាន់ ដោយភាពសង្ស័យ។
   « ប្អូនស្រី ហេតុអ្វីឯងចេញពីមន្ទីរពេទ្យដោយមិនប្រាប់បងបែបនេះ? បើជំងឺរើឡើងតើគួរធ្វើយ៉ាងម៉េច? បើឯងចង់មកខួបលោកប៉ាអ្នកម៉ាក់ក៏គួរតែប្រាប់បងប្រុសឲ្យដឹង បងនឹងរៀបចំឲ្យគ្រូពេទ្យពូកែអមដំណើរឯងមកក៏បាន » គីរ៉ាន់ រហ័សចូលទៅចាប់ដៃ ណាប៊ី ដោយសម្តែងធ្វើដូចជាព្រួយបារម្ភខ្លាំង។
   « អរគុណបងប្រុសណាស់ តែខ្ញុំរឹងមាំជាងបងគិតទៅទៀត ដូច្នេះបងកុំបារម្ភពីខ្ញុំអី » ណាប៊ី ញញឹមតបទៅ គីរ៉ាន់ វិញដោយឌឺដងឲ្យគេមិនខ្លាចរអាគេដូចពីមុនសោះ ទើប គីរ៉ាន់ ចាប់ផ្តើមញញឹមលែងសម គេចាប់ផ្តើមបន្ថែមកម្លាំងដៃច្របាច់ប្រអប់ស្រឡូនកាន់តែខ្លាំងប៉ុន្តែក៏ត្រូវបាតដៃធំរបស់ រ៉េន លូកមកទាញដៃរបស់គេចេញហើយ រ៉េន ក៏ចាប់ដៃរបស់ ណាប៊ី ជំនួសវិញ។
   « ឯងរឹងមាំយ៉ាងម៉េចទៅ? បើឯកសារពិនិត្យដែលចេញពីមន្ទីរពេទ្យនៅប៉ុន្មានថ្ងៃមុនឃើញថាអាការះរបស់ឯងកាន់តែធ្ងន់ធ្ងរទៅជារៀងរាល់ថ្ងៃ ឯងសល់ពេលរស់នៅមិនច្រើនទៀតទេ ដូច្នេះគួរតែឲ្យបងមើលថែឯងខ្លះផង »
   « មានន័យថាម៉េច? អ្នកនាងតូចសល់ពេលមិនច្រើនទៀតទេ? តើជំងឺអ្នកនាងធ្ងន់ធ្ងរដល់ថ្នាក់នេះផង?» គ្រប់គ្នាក្នុងកម្មវិធីជជែកគ្នាទាំងទឹកមុខតក់ស្លុតម្តងទៀត ព្រោះគម្រោងដែលពួកគេចង់ឲ្យសាច់ឈាមបង្កើតរបស់លោកប្រធានគីមមកគ្រប់គ្រងសម្ព័ន្ធសាជាថ្មីកំពុងតែរលាយអស់ហើយ។
   គីរ៉ាន់ បើកសាមីពណ៌ត្នោតដកយកក្រដាសពិនិត្យសុខភាពដែលចេញពីខាងមន្ទីរពេទ្យដែល ណាប៊ី កំពុងសម្រាកព្យាបាលលើកឡើងបង្ហាញឲ្យអ្នកនៅក្នុងកម្មវិធីទាំងអស់បានភ្លឺភ្នែកហើយឈប់ប្រាថ្នាចង់ឲ្យ ណាប៊ី មកអង្គុយនៅតំណែងរបស់គេតទៅទៀត។
   « រឿងនេះជារឿងពិត គួរឲ្យអាណិតណាស់ នាងនៅក្មេងនៅឡើយ »
   « គ្រប់គ្នាឃើញហើយមែនទេថាប្អូនស្រីរបស់ខ្ញុំសុខភាពនាងមិនល្អទេ ដូច្នេះនាងក៏មិនអាចនៅទីនេះយូដែរ ខ្ញុំនឹងឲ្យអង្គរក្សរបស់ខ្ញុំជូននាងទៅមន្ទីរពេទ្យវិញ » គីរ៉ាន់ ដាក់សំបុត្រពេទ្យចុះវិញ ហើយបក់ដៃឲ្យ តូរីន ចូលមកចាប់ ណាប៊ី ចេញទៅវិញ តែក៏ត្រូវ រ៉េន ចូលមកឈរបាំងពីមុខនាង។
   « អ្នកណាហ៊ានប៉ះពាល់ភរិយារបស់ខ្ញុំ ខ្ញុំនឹងបំបាក់ដៃអ្នកនោះ » រ៉េន ស្រែកប្រកាសស្តែងៗធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលម្តងទៀត ជាពិសេសគឺ គីរ៉ាន់។
   « ភរិយាចឹងមែនទេ? » គីរ៉ាន់ ស្ទើរមិនជឿនឹងត្រចៀករបស់ខ្លួនឯង ព្រោះរឿងដែលគេខ្លាចបំផុតកំពុងតែកើតឡើងហើយ ប៉ុន្តែមិនមែនជារឿងធំអ្វីទេព្រោះគេក៏អាចចាត់ការ រ៉េននិងណាប៊ីទាំងពីរនាក់បានតំណាលគ្នាស្រាប់ទៅហើយ។
   « លោកគឺជាកូនប្រុសម្ចាស់ក្រុមហ៊ុន ថ័ររ៉េស តើ! ហេតុអ្វីក៏លោករៀបការជាមួយនារីដែលមានជំងឺជិតស្លាប់ម្នាក់បែបនេះ? គ្រួសារធ្លាក់ខ្លួនក្រហើយនៅមានប្រពន្ធមានជំងឺជិតស្លាប់ថែមទៀត » គ្រប់គ្នាចាប់ផ្តើមនិយាយមើលងាយ រ៉េននិងណាប៊ី លាន់លឺត្រហឹងពេញកម្មវិធី ធ្វើឲ្យ រ៉េន ត្រូវក្តាប់ដៃឡើងណែនចង់តែដាល់មាត់តាចាស់ចង្រៃទាំងអស់នោះឲ្យជ្រុះធ្មេញដាក់អស់ពីមាត់ តែគេក៏បានត្រឹមទ្រាំ ព្រោះបើគេចាត់ការពេលនេះគេអាចនឹងគ្មានឱកាសរស់ដល់ស្អែកដើម្បីមកសងសឹកនោះទេ។ ខុសមកពីគេដែលមកទីនេះដោយមិនបានត្រៀមទុកជាមុន គេមិនដឹងទេថា ណាប៊ី បែរជាមានអាថ៍កំបាំងធំដ៏ថ្នាក់នេះលាក់បាំងជាមួយគេនិងគ្រួសារ បើនាងប្រាប់គេពីរឿងនាងជាអ្នកជំងឺតាំងពីដំបូងគេក៏មិនមកទីនេះទេ។
   « អ្នកណាថា គីម ណាប៊ី ជាអ្នកជំងឺជិតស្លាប់! » សំឡេងស្រួយស្រែកបន្លឺពីមាត់ទ្វាធ្វើឲ្យគ្រប់គ្នានៅក្នុងកម្មវិធីងាកទៅតាមប្រភពសំឡេងទើបបានឃើញអ្នកស្រី ដាលីន កាន់ក្រដាសពិនិត្យសុខភាពមួយច្បាប់ដើរចូលមកព្រមជាអ្នកគ្រូពេទ្យ ហារ៉ា និងលោកប្រធានពេទ្យដែល ណាប៊ី ស្នាក់នៅ។
   រ៉េន បើកភ្នែកធំៗពេលឃើញអ្នកម៉ាក់របស់គេដើរចូលមក ចំណែក ណាប៊ីនិងលោកយូនស៊ីន ក៏ញញឹមឡើងព្រមគ្នា ដូចជាបានដឹងមុនរួចទៅហើយថាអ្នកស្រី ដាលីន ច្បាស់ជាចូលមកជួយបញ្ជាក់រឿងគ្រប់យ៉ាងឲ្យនាង។
   « មួយសន្លឹកនេះជាក្រដាសពិនិត្យសុខភាពរបស់ គីម ណាប៊ី ពិតប្រាកដដែលចេញពីមន្ទីរពេទ្យដែលនាងស្នាក់នៅ » អ្នកស្រី ដាលីន ហុចក្រដាសពិនិត្យសុខភាពរបស់ ណាប៊ី ឲ្យភ្ញៀវដែលចូលរួមកម្មវិធីអាន។
   « សុខភាពរឹងមាំល្អ មិនបានរកឃើញជំងឺធ្ងន់ធ្ងរទេ »
   « មិនពិត! ក្រដាសពិនិត្យសុខភាពមួយសន្លឹកនោះគឺក្លែងក្លាយទេ » គីរ៉ាន់ ស្រែកប្រឆាំងភ្លាមៗ។
   « ក្រដាសពិនិត្យសុខភាពក្នុងដៃរបស់លោកទើបក្លែងក្លាយ ព្រោះតែចង់បានតំណែងជាអ្នកគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី បែរជាបន្លំឯកសារឃុំប្អូនស្រីរបស់ខ្លួនឯងនៅក្នុងមន្ទីរពេទ្យអស់ពេលបួនឆ្នាំ លោកពិតជាឃោរឃៅខ្លាំងណាស់ »
   « នាងមានភស្តុតាងអីថាក្រដាសពិនិត្យសុខភាពរបស់ខ្ញុំក្លែងក្លាយ ប្អូនស្រីរបស់ខ្ញុំនាងមានជំងឺនេះតាំងពីលោកប៉ាអ្នកម៉ាក់យកនាងមកពីមណ្ឌលកុមារកំព្រាបានមួយឆ្នាំម្លេះ ណាប៊ី នាងខ្លួនឯងក៏ដឹងច្បាស់ជាងអ្នកណាទាំងអស់ »
   « ខ្ញុំមិនបានឈឺអ្វីទេ លោកប៉ានិងអ្នកម៉ាក់ប្រាប់បងបែបនេះក៏ព្រោះតែគាត់ដឹងថាបងជាមនុស្សល្មោភលន់ចង់ក្លាយជាម្ចាស់សម្ព័ន្ធ អ៊ីសាជី បើបងដឹងថាអ្នកស្នងតំណែងបន្ទាប់គឺជាខ្ញុំ បងច្បាស់ជាមិនព្រមឲ្យខ្ញុំរស់នៅជាមួយលោកប៉ាអ្នកម៉ាក់បានទេ ទើបលោកប៉ាអ្នកម៉ាក់កុហកបងបែបនេះ »
   « មិនពិតទេ ឯងកុហក លោកប៉ាអ្នកម៉ាក់មិនអាចធ្វើបែបនោះដាក់ខ្ញុំទេ » គីរ៉ាន់ លើកដៃជ្រោងសក់ក្បាលឡើងរញេរញៃអស់ គេចាប់ផ្តើមខូចចិត្តខ្លាំងស្ទើរទទួលយកមិនបាន ពេលដឹងថាលោកប៉ាអ្នកម៉ាក់មិនដែលស្មោះត្រង់ជាមួយគេឡើយ លោកទាំងពីរបានកុហកគេកន្លងមក ក្នុងភ្នែករបស់លោកទាំងពីរមិនដែលទុកគេជាកូនឬជាមនុស្សក្នុងគ្រួសារម្តងណាឡើយ ។
   « សូមស្វាគមន៍ការត្រឡប់មកវិញរបស់អ្នកនាង គីម ណាប៊ី » ពេលឃើញ គីរ៉ាន់ ប្រែជាបាត់បង់សតិហើយលោក យូនស៊ីន ក៏ស្រែកស្វាគមន៍ដល់ ណាប៊ី ឡើង។ កាលដែលលោកធ្វើបែបនេះក៏មានន័យស្មើនឹងការប្រកាសអ្នកដឹកនាំថ្មីនៅក្នុងសម្ព័ន្ធទាំងមូលទៅហើយ។
    « សូមស្វាគមន៍ការត្រឡប់មកវិញរបស់អ្នកនាង គីម ណាប៊ី » មនុស្សក្នុងកម្មវិធីទាំងអស់ស្រែកបន្ទរឡើងហើយក៏បន្ទន់ខ្លូនគោរព ណាប៊ី បញ្ជាក់ច្បាស់ថាចាប់ពីពេលនេះទៅនាងជាអ្នកអង្គុយនៅតំណែងម្ចាស់សម្ព័ន្ធហើយ។
    ណាប៊ី ញញឹមចេញថ្ពាល់ខួចដាក់ រ៉េន ដែលឈរធ្វើមុខមួរមៅដូចដើម ទោះគ្រប់យ៉ាងជោគជ័យតាមអ្វីដែលគេចង់បានហើយក៏ដោយ តែគេនៅតែមិនអាចសប្បាយចិត្តបានព្រោះគេមិនទាន់ដឹងទេថារឿងរបស់ ណាប៊ី បែបណាឲ្យពិតប្រាកដ ព្រោះគេវិលវល់អស់ហើយ។
              រងចាំភាគបន្ត
  
  
  
  

  
 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now