ភាគ៣០

123 4 0
                                    

“ លុយពីរពាន់លាន ”

    រាងខ្ពស់ក្នុងសម្លៀកបំពាក់កាលពីថ្ងៃឈរនៅកណ្តាលបន្ទប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យដែលមានត្រឹមពន្លឺដែលចាំងមកពីខាងក្រៅតាមបង្អួចកញ្ចក់ធំរល្មមមួយ។
    តក់! តក់!
    សំឡេងសារ៉ូមស្រក់ម្តងមួយតំណក់ៗធ្វើឲ្យចិត្តរបស់ រ៉េន កាន់តែតានតឹងខ្លាំងឡើង កែវភ្នែកល្អក់កករសម្លឹងទៅស្រីក្រមុំដែលគេងនៅលើគ្រែអ្នកជំងឺដោយអារម្មណ៍ព្រួយបារម្ភ។ ក្រោយពីគេបានមើលវីដេអូដែលអ្នកបើកឡានយកមកឲ្យហើយ គេកាន់តែមានអារម្មណ៍ព្រួយបារម្ភលើសដើម សកម្មភាពលួចប្រេងមានទ្រង់ទ្រាយធំបែបនេះប្រហែលមិនមែនមនុស្សធម្មតាម្នាក់នៅក្នុងក្រុមហ៊ុនធ្វើនោះទេ។
   
    ពន្លឺព្រះសូរិយានាព្រឹកប្រលឹមចាំងជះចូលមកតាមបង្អួចប៉ះត្រូវទម្រង់ស្រស់ស្អាតរំខានឲ្យនាងបើកភ្នែកឡើងយឺតៗដោយអស់កម្លាំង។ ណាប៊ី សម្លឹងពិដានពណ៌ស មុននឹងឱនទៅសម្លឹងដៃដែលជាប់សារ៉ូម ប៉ុន្តែក៏បានប្រទះភ្នែកនឹងមុខស្រស់សង្ហាដែលកំពុងគេងក្បែរដៃរបស់នាង។
    “ តើគេគេងនៅទីនេះពេញមួយយប់មែនទេ? ” បបូរមាត់ស្លេកញញឹមចេញមកស្រាលៗលើផ្ទៃមុខ នាងប្រឹងលើកដៃម្ខាងដែលទំនេរបាំងពន្លឺថ្ងៃដែលចាំងចូលមកមិនឲ្យប៉ះត្រូវមុខរបស់គេ គេប្រហែលអត់ងងុយពេញមួយយប់ដោយសារតែនាង ទើបនាងចង់ឲ្យគេគេងបានពេញភ្នែក។
    « ប្រហែលជាអត់ងងុយខ្លាំងណាស់ហើយ » នាងញញឹមរអ៊ូដាក់គេតិចៗទាំងកែវភ្នែកស្រទន់ទាំងគូសម្លឹងមុខរបស់គេមិនដាក់ភ្នែក មើលយ៉ាងណាក៏យល់ថាគេគួរឲ្យស្រលាញ់ ជាពិសេសពេលគេគេងស្ងៀមបែបនេះ ។ ណាប៊ី លើកដៃដែលជាប់សារ៉ូម ប៉ះសក់ទន់រលោងរបស់គេថ្នមៗ ។
    « នាងធ្វើអ្វីនឹង? » រ៉េន បើកភ្នែកឡើងភ្លាមពេលត្រូវនាងប៉ះសក់ក្បាលរបស់គេ។ គេសួរដោយភាពមិនពេញចិត្ត ប៉ុន្តែគេក៏រំងាប់អារម្មណ៍មកវិញពេលងាកមកឃើញប្រអប់ដៃតូចដែលព្យាយាមលើកបាំងពន្លឺថ្ងៃមិនឲ្យចាំងប៉ះមុខរបស់គេ ទាំងដែលនាងទើបក្រោកពីសន្លប់គ្មានកម្លាំងក្នុងខ្លួនផង ប៉ុន្តែនាងនៅគិតដល់គេ។
    « គឺគ្រាន់តែឃើញសក់របស់លោករញេរញៃពេក » ណាប៊ី ឃើញគេងាកទៅសម្លឹងដៃដែលនាងលើកបាំងថ្ងៃឲ្យគេ ទើបនាងរហ័សដាក់ដៃចុះធ្វើឲ្យពន្លឺចាំងមកពេញៗមុខរបស់គេ។
    រ៉េន រហ័សក្រោកឈរគេចចេញពីពន្លឺថ្ងៃដែលចាំងចូលមកចំមុខរបស់គេហើយក៏ដើរទៅលុបលាងមុខដោយមិននិយាយអ្វីទៀតឡើយ។
   
    ឈូ!
    រ៉េន បើកទឹកលុបលាងមុខនៅក្នុងបន្ទប់ទឹកឲ្យស្រស់ថ្លាហើយក៏ឈរសម្លឹងមុខរបស់ខ្លួនឯងនៅក្នុងកញ្ចក់យ៉ាងយូ។
    « ហេតុអ្វីនាងតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងអាក្រក់គ្រប់ពេលបែបនេះ? » រ៉េន លើកដៃជ្រោងសក់ដោយអារម្មណ៍ច្របូកច្របល់មិនយល់ពីខ្លួនឯងនៅពេលនេះ កាន់តែនៅជិតនាង គេកាន់តែយល់ថាខ្លួនឯងមានកំហុសធ្ងន់ ។
    ទីងៗ
    « ហាឡូ! » រ៉េន លើកទូរស័ព្ទដែលរោទិ៍ស្តាប់នឹងត្រចៀក។
    “ អ្នកប្រុសនៅក្រុមហ៊ុនមានប្រជុំសំខាន់នៅព្រឹកនេះ ចៅហ្វាយស្រីអាចចូលរួមបានទេ? ” ទូរស័ព្ទពី ឆេមីន ដែលនៅក្រុមហ៊ុន។
    « ខ្ញុំនឹងទៅចូលរួមជំនួសនាង » រ៉េន និយាយចប់ក៏ដាក់ទូរស័ព្ទចុះហើយដើរចេញពីបន្ទប់ទឹកទៅរកស្រីក្រមុំដែលគេងនៅលើគ្រែអ្នកជំងឺវិញ។
    « មានការប្រជុំសំខាន់មួយនៅក្រុមហ៊ុនព្រឹកនេះ ខ្ញុំនឹងចូលរួមការប្រជុំជំនួសនាងហើយខ្ញុំក៏នឹងយកវីដេអូមួយនេះទៅបង្ហាញនៅក្នុងការប្រជុំព្រឹកនេះដែរ ពេលខ្ញុំចេញទៅខ្ញុំនឹងប្រាប់គិលានុបដ្ឋាយិកាឲ្យមកមើលនាង នាងសម្រាកឲ្យស្រួលចុះ »
    « រ៉េន! » ណាប៊ី ក្រោកអង្គុយលើគ្រែហៅអ្នកដែលប្រុងចេញទៅឲ្យឈប់វិញមួយរំព្រិច សំឡេងរបស់នាងបញ្ជាក់ច្បាស់ថាមិនចង់ឲ្យគេទៅចោលនាងនៅពេលនេះទេ ប៉ុន្តែនាងបែរជាមិនហ៊ានហាមឃាត់គេទៅវិញ។
    « តាមផ្លូវប្រយ័ត្នប្រយែង » នាងនិយាយតែប៉ុណ្ណឹងហើយក៏ដាក់ខ្លូនគេងលើគ្រែបែរមុខទៅមាត់បង្អួចទាំងទឹកមុខសោកសៅ។
    រ៉េន ងាកមកសម្លឹងរាងស្តើងដែលគេងនៅលើគ្រែវិញ គេដឹងច្បាស់ថាមុននេះនាងហៅគេព្រោះអ្វី នាងប្រហែលចង់ឲ្យគេនៅកំដរនាងពេលឈឺបែបនេះ ព្រោះកន្លងមកពេលគេឈឺនាងក៏ជាមនុស្សតែម្នាក់ដែលនៅកំដរគេទាំងយប់ទាំងថ្ងៃ ប៉ុន្តែពេលនេះនាងឈឺវិញគេបែរជាមិនអាចនៅកំដរនាងបាន គេពិតជាសុំទោសនាងខ្លាំងណាស់។
    « ខ្ញុំនឹងប្រញាប់មកវិញពេលរួចការងារ » គេនិយាយហើយក៏ដើរចេញទៅយ៉ាងលឿនមិនឲ្យនាងងាកមកទាន់ ព្រោះគេខ្លាចខ្លូនឯងនឹងមិនដាច់ចិត្តពីនាង។
    ណាប៊ី ងាកមកសម្លឹងផែនខ្នងទូលាយដែលដើរចេញទៅដោយលេចស្នាមញញឹមមកលើផ្ទៃមុខវិញមួយរំព្រិច ពេលបានលឺពាក្យសម្តីចុងក្រោយមុននេះរបស់គេហើយ។
   
    បន្ទប់ប្រជុំនៅសម្ព័ន្ធ អ៊ីសាជី
    ក្រាក!
    រ៉េន បើកទ្វាបន្ទប់ប្រជុំដើរចូលអង្គុយកៅអីអគ្គនាយកជំនួស ណាប៊ី ដោយមានការគោរពពីបុគ្គលសំខាន់ៗក្នុងក្រុមហ៊ុន។
    « ប៉ុន្នានថ្ងៃនេះនៅមុខក្រុមហ៊ុនមានការតវ៉ាពីក្រុមកម្មករនៅរោងចក្រជាច្រើនធ្វើឲ្យមានការចុះផ្សាយព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍សម្ព័ន្ធរបស់យើងជាខ្លាំង តើលោកនិងអ្នកនាងប្រធានមានវិធានការទប់ស្កាត់រឿងមួយទេ? »
    « ថ្ងៃនេះខ្ញុំមកទីនេះក៏ចង់និយាយរឿងមួយនេះដែរ ពិតមែនហើយខ្ញុំបានរកឃើញថាប្រាក់ដែលកម្មករកំពុងទាមទារនោះមិនមែនជាប្រាក់ខែក្នុងម៉ោងការងាររបស់ក្រុមហ៊ុនទេ ប៉ុន្តែ...»
    « ប៉ុន្តែជាម៉ោងការងាររបស់ជនខិលខូចមួយចំនួននៅក្នុងក្រុមហ៊ុនទៅវិញទេ » លោក យូនស៊ីន កាត់សម្តីរបស់ រ៉េន ហើយក៏ដើរចូលមកក្នុងអង្គប្រជុំធ្វើឲ្យគ្រប់គ្នាក្រោកឈរឡើងស្វាគមន៍ការមកដល់របស់លោក។
    « ហេតុអ្វីក៏លោកពូដឹងរឿងមួយនេះដែរ? » រ៉េន សួរទៅកាន់លោក យូនស៊ីន ដោយភាពភ្ញាក់ផ្អើល ព្រោះដំបូងគេគិតថាមានតែគេនិងណាប៊ី ដែលដឹងរឿងមួយនេះ។
    « តាមពិតខ្ញុំបានរកឃើញចំនួនតួលេខទិញប្រេងខុសប្រក្រតីចូលរោងចក្រនៅប៉ុន្មានខែមុន ហើយខ្ញុំព្យាយាមតាមស៊ើបមករហូតថាតើអ្នកណាដែលជាអ្នកប្រព្រឹត្តរឿងស្មោគគ្រោកមួយនេះ? ហើយទីបំផុតខ្ញុំក៏ចាប់មនុស្សម្នាក់នោះបានហើយ »
    « លោកពូចាប់អ្នកដែលលួចប្រេងពីរោងចក្របានពិតមែនទេ? »
    « ពិតមែន ឆាប់នាំគេចូល! »
    ប៉ូលីសចាប់ប្រធានរោងចក្រអូសចូលមកក្នុងអង្គប្រជុំ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង តែ រ៉េន មិនជឿទេថារឿងធំបែបនេះ ប្រធានរោងចក្រអាចធ្វើម្នាក់ឯងបាន ។
    « ប្រធានរោងចក្រម្នាក់នេះបានបន្លំឯកសារដាក់តួលេខចំនួនប្រេងប្រើប្រាស់នៅក្នុងរោងចក្រឲ្យកើនឡើងទ្វេដង ហើយធ្វើឯកសារស្នើសុំទិញប្រេងចូលច្រើនលើសចំនួនប្រេងដែលប្រើដល់ទៅពីដង រួចគេក៏បោកកម្មករឲ្យធ្វើការងារជញ្ជូនប្រេងចេញពីរោងចក្រឲ្យគេយកទៅលក់ដោយខុសច្បាប់នៅកំពង់ផែ ដោយមិនឲ្យលុយថ្លៃកម្លាំងកម្មករសូម្បីមួយសេន បន្ទាប់មកក៏ធ្វើឲ្យកម្មករមកបញ្ចេញកំហឹងដាក់ក្រុមហ៊ុន នាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងភាគហ៊ុនរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ »
    « លោកពូមានភស្តុតាងដែលបញ្ជាក់ថាគេធ្វើទេ? » រ៉េន មិនអស់ចិត្តទើបសួរបញ្ជាក់។
    « ទាំងនេះជាឯកសារដែលគេបន្លំរាល់ខែ ហើយនេះជាវីដេអូសកម្មភាពដែលគេប្រើកម្មករឲ្យដឹកជញ្ជូនប្រេងចេញពីរោងចក្រ » លោក យូនស៊ីន បង្ហាញឯកសារដែលប្រធានរោងចក្រក្លែងក្លាយបន្លំនិងវីដេអូកម្មករជញ្ជូនប្រេងចេញពីរោងចក្រឲ្យគ្រប់គ្នាមើល។
    « លោកពូបានវីដេអូនេះមកពីណា? » រ៉េន សួរដោយភាពមិនអស់ចិត្តព្រោះដូចជាចៃដន្យពេកហើយដែលវីដេអូមួយនេះថតនៅយប់តែមួយជាមួយវីដេអូរបស់គេគ្រាន់តែចេញពីជ្រុងផ្សេងគ្នា។
    « គឺមានលេខមិនស្គាល់មួយផ្ញើរមកឲ្យខ្ញុំ ប៉ុន្តែបើឯងសង្ស័យខ្ញុំក៏នៅមានភស្តុតាងមួយទៀត គឺខ្ញុំបានរកឃើញចំនួនលុយច្រើនសន្ធឹកសន្ធាប់បានផ្ញើចូលគណនីរបស់ប្រធានរោងចក្រ ទំនងជាលុយដែលគេលក់ប្រេងបាន » លោក យូនស៊ីន ហុចតួលេខចំនួនលុយដែលលោករកឃើញក្នុងគណនីរបស់ប្រធានរោងចក្រឲ្យ រ៉េន មើល។
    « ប៉ុន្តែលុយទាំងអស់នេះមិននៅក្នុងគណនីគេទៀតទេ ចំនួនលុយទាំងអស់ត្រូវបានដកចេញពីគណនីកាលពីយប់មិញ លុយដ៏ទៅពីរពាន់លាន តើគេអាចដកចេញពីធនាគារត្រឹមតែប៉ុន្មានម៉ោងយ៉ាងម៉េចបានទៅ? » រ៉េន កាន់តែសង្ស័យលើសដើម។
    « ឆាប់ឆ្លើយមកថាឯងយកលុយពីរពាន់លាននោះទៅទុកកន្លែងណា? » លោក យូនស៊ីន ងាកទៅសម្លុតសួរប្រធានរោងចក្រដែលនៅក្នុងដៃប៉ូលីស ព្រោះលុយទាំងអស់នេះជាលុយដែលក្រុមហ៊ុនខាតបង់កន្លងមក។
    « លុយពីរពាន់លានអីទៅ? ខ្ញុំមិនដឹងទេ ខ្ញុំទទួលបានតែលុយថ្លៃឈ្នួលតិចតួចប៉ុណ្ណោះ រឿងទាំងអស់នេះមានអ្នកបញ្ជាឲ្យខ្ញុំធ្វើ ខ្ញុំមិនបានធ្វើដោយខ្លួនឯងទេ » លោកប្រធានរោងចក្រប្រឹងរើនិងប្រកែកជាមួយពាក្យដែលលោក យូនស៊ីន ចោទប្រកាន់ខ្លួន។
    « នៅឲ្យស្ងៀម! ពួកយើងត្រូវនាំគេទៅសិនហើយ បាទ »
    ដោយសារតែឃើញជនរល្មើសព្យាយាមរើខ្លាំងពេក ទើបប៉ូលីសរហ័សចាប់អូសគេចេញទៅយ៉ាងលឿន។ រ៉េន ឈរមើលប៉ូលីសអូសអ្នកទោសដែលខឹងក្រឡោតពេលគេនិយាយថាខ្លួនបានលាក់លុយពីរពាន់លាននិងធ្វើរឿងអាក្រក់ទាំងអស់តែម្នាក់ឯង នៅក្នុងវីដេអូ រ៉េន បានឃើញច្បាស់ថាគេដូចជាបាននិយាយទូរស័ព្ទជាមួយនរណាម្នាក់ក្រោយឡានដឹកទំនិញចេញទៅ ទើប រ៉េន មិនជឿទេថាប្រធានរោងចក្រធ្វើរឿងធំបែបនេះតែម្នាក់ឯងនោះ។
   
    ក្រោយពីចេញពីកន្លែងប្រជុំ រ៉េន ក៏រហ័សត្រឡប់មកមន្ទីរពេទ្យវិញភ្លាម។ រាងខ្ពស់ស្រស់សង្ហាដើរញាប់ជើងសំដៅមកកាន់បន្ទប់វីអាយភីមួយនៅក្នុងមន្ទីរពេទ្យ។
    ក្រាក!
    រ៉េន ដាក់ដៃចុះវិញ ពេលទ្វាបើកដោយអ្នកខាងក្នុង។
    « វ៉ាវ! ពិតជាសំណាងណាស់ដែលបានជួបប្អូនថ្លៃនៅទីនេះ យ៉ាងម៉េចដែរការងារនៅក្រុមហ៊ុនឈឺក្បាលខ្លាំងណាស់មែនទេ? » គីរ៉ាន់ ចាប់ទាញកអាវរបស់ រ៉េន រៀបឲ្យយ៉ាងរៀបរយដោយទឹកមុខឌឺដងរបស់គេ។
    « លែង! » រ៉េន ចាប់ទាញដៃគួរឲ្យខ្ពើមរអើមរបស់ គីរ៉ាន់ ចេញពីកអាវរបស់គេដោយទឹកមុខខឹងសម្បារ ហេតុអ្វីគេមកទីនេះ? គេមកសម្លុតគំរាម ណាប៊ី ទៀតហើយ? ។
    « ជូនពរឲ្យឯងរកលុយពីរពាន់លានឲ្យឃើញឆាប់ណា ហាសហា » គីរ៉ាន់ សើចឡើងឌឺដងឲ្យ រ៉េន រួចក៏ដើរចេញទៅដោយភាពក្អេងក្អាងរបស់គេ។
    រ៉េន រហ័សរុញទ្វាចូលទៅក្នុងបន្ទប់យ៉ាងលឿន ដោយបារម្ភពីស្រីក្រមុំដែលនៅម្នាក់ឯងខាងក្នុង។
    « នាងយ៉ាងម៉េចហើយ? មានកើតអ្វីដែលទេ? គេធ្វើបាបនាងឬអត់? » រ៉េន ស្ទុះចូលមកចាប់ស្មាតូចទាំងសងខាងសួរនាងញាប់មាត់ដោយទឹកមុខព្រួយបារម្ភខ្លាំង ធ្វើឲ្យនាងរកឆ្លើយមិនទាន់។
    « ខ្ញុំ...ខ្ញុំមិនអីទេ! » ណាប៊ី ធ្វើខ្លួនមិនត្រូវព្រោះគេបែរជាមកបារម្ភពីនាងខ្លាំងៗបែបនេះភ្លាមៗនាងពិបាកធ្វើខ្លួនណាស់។
    « គេមកទីនេះពិតជាមិនបានធ្វើអីនាងមែន? » រ៉េន មិនអស់បារម្ភទើបសួរបញ្ជាក់ម្តងទៀត។
    « គេមិនបានធ្វើអ្វីខ្ញុំពិតមែន គេគ្រាន់តែមកនិយាយរឿងបញ្ហាដែលកំពុងកើតមាននៅក្រុមហ៊ុនប៉ុណ្ណោះ »
    « គេនិយាយអ្វីខ្លះជាមួយនាង? »
    « គេនិយាយថាខ្ញុំមិនអាចយកឈ្នះពួកក្បត់ទាំងអស់នោះបានទេ យល់ល្អខ្ញុំគួរតែថយចេញហើយទុកឲ្យគេចាត់ការពួកនោះវិញទៅ »
    « គេនិងពួកនោះគ្មានអ្វីខុសគ្នាទៅ គេក៏ជាអ្នកបំផ្លាញ់សម្ព័ន្ធ អ៊ីសាជី ដូចតែគ្នានឹង » រ៉េន ដាក់ខ្លួនអង្គុយលើកៅអីដោយអារម្មណ៍ខឹងមួរម៉ៅ។
    « រឿងដែលកើតឡើងនៅក្នុងការប្រជុំកាលពីព្រឹកខ្ញុំបានដឹងអស់ហើយ យើងត្រូវរកលុយពីរពាន់លានរបស់ក្រុមហ៊ុនមកវិញឲ្យបាន »
    « ខ្ញុំដឹងហើយ » រ៉េន ដកដង្ហើមធំពេលគិតដល់លុយពីរពាន់លានដែលបាត់ពីគណនីរបស់ប្រធានរោងចក្រទៅនោះ។
              រងចាំភាគបន្ត
  
   
   
   
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now