ភាគ៤៥

101 5 0
                                    


“ នាងជាមនុស្សបែបណា? ”

  គីរ៉ាន់ ចេញពីពិធីបុណ្យសពលោក ហូរ៉េស ចូលទៅអង្គុយក្នុងឡានជាមួយ រ៉ូជីន ។
  « តូរីន ឯងធ្វើបានល្អណាស់ ម្តងនេះពួកគេច្បាស់ជាលែងទុកចិត្តគ្នាហើយ » គីរ៉ាន់ ញោចមាត់ញញឹមសរសើរ តូរីន ដែលអង្គុយនៅកន្លែងអ្នកបើកឡាន។
   « ហើយបន្ទាប់មកទៀតលោកគិតធ្វើយ៉ាងម៉េច? » រ៉ូជីន សួរពីផែនការបន្ទាប់របស់ គីរ៉ាន់។
   « យករឿងដែល ណាប៊ី កុហកថាមានផ្ទៃពោះនិងរឿងកិច្ចសន្យារបស់ពួកគេទៅចែកចាយនៅក្រុមហ៊ុន » គីរ៉ាន់ លើកទូរស័ព្ទដែលគេបានលួចថតសំឡេងដែលអ្នកស្រី ដាលីន និយាយជាមួយ រ៉េននិងណាប៊ី នៅក្នុងកម្មវិធីមុននេះ បង្ហាញដល់ រ៉ូជីន។
    « ម្តងនេះពួកគេចប់មិនខានទេ » រ៉ូជីន ញោចមាត់ញញឹមយ៉ាងសមចិត្តចេញមកដាក់ គីរ៉ាន់។

  បីថ្ងៃក្រោយមក

  រ៉េន ណាប៊ីនិងអ្នកស្រី ដាលីន ក្នុងឈុនសម្លៀកបំពាក់ពណ៌ខ្មៅសម្រាប់កាន់ទុក្ខឈរនៅមុខផ្នូររបស់លោក ហូរ៉េស ដែលទើបបញ្ចុះរួចរាល់។ ណាប៊ី ដាក់ផ្កាកុលាបពណ៌សមួយទងនៅពីមុខផ្នូររបស់លោកប៉ាក្មេក រួចថយមកឈរទន្ទឹម រ៉េន វិញ តែគេបែរជាដើរគេចចេញពីនាង...តាំងពីមានរឿងនៅក្នុងយប់នោះមក គេមិននិយាយរកនាងមួយម៉ាត់ហើយចេះតែគេចមុខពីនាងមិនឈប់ ដូចពេលនេះអញ្ចឹងកម្មវិធីមិនទាន់ចប់ស្រួលបួលផងគេក៏ដើរចេញទៅបាត់ ទើបនាងរត់ទៅតាមគេ។
  « ឈប់សិន! រ៉េន » ណាប៊ី រត់មកទាន់រាងក្រាស់ទើបទាញដៃគេឲ្យឈប់។
  «...» គេងាកមករកនាងទាំងមុខសោះកក្រោះហើយមិនសួរនាំនាងមួយម៉ាត់។
« បង...បងមិនជឿអូនទេ? » ណាប៊ី អួលដើមកពេលឃើញគេហាក់កំពុងតែជឿតាមសម្តីចោទប្រកាន់របស់អ្នកម៉ាក់គេកាលពីយប់នោះ...គេនិងនាងរស់នៅជាមួយគ្នាយូយ៉ាងនេះហើយ ថែមទាំងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា តើគេនៅតែមិនជឿជាក់លើនាងទៀតមែនទេ? ទង្វើររបស់គេខណៈនេះកំពុងតែធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់។
  « បងមិនមែនមិនជឿអូនទេ គ្រាន់តែ...»
  « គ្រាន់តែបងជឿសម្តីរបស់អ្នកម៉ាក់បងជាងមែនទេ? អូនប្រាប់ហើយថាអូនមិនបានសម្លាប់លោកប៉ាបងទេ ហ៊ឹក! ហេតុអ្វីបងនៅតែសង្ស័យអូនទៀត? ហ៊ឺ! » ណាប៊ី ស្រែកដាក់គេទាំងទឹកភ្នែករហាមយំសស្រាក់ដាក់គេ ព្រោះនាងមិនដឹងថាគួរធ្វើអ្វីទៀតទេ ដើម្បីឲ្យគេព្រមជឿសម្តីរបស់នាង ។
   « ណាប៊ី...បងសុំទោស! » គេរហ័សឈោងចាប់ស្មាទាំងសងខាងរបស់នាង ពេលឃើញនាងយំខ្លាំងបែបនេះ គេពិតជាមិនដឹងទេថាទង្វើរបស់គេនៅប៉ុន្មានថ្ងៃនេះធ្វើឲ្យនាងពិបាកចិត្តខ្លាំង...ប៉ុន្តែគេពិតជាមិនបានសង្ស័យលើនាងទេ គេជឿសម្តីនាង គ្រាន់តែគេពិបាកចិត្តរឿងលោកប៉ារបស់គេនិងរឿងតាមរកឃាតករទើបគេប្រងើយកន្តើយដាក់នាងបែបនេះ ។
   ឌឹប! ឌឹប!
   « ហ៊ឹក! រ៉េន អូនពិតជាមិនបានធ្វើវាទេ ហ៊ឺ!»
   កណ្តាប់ដៃតូចតប់ទ្រូងមាំខ្លាំងៗទាំងយំរហាមដាក់គេ បេះដូងរបស់នាងឈឺចាប់ស្ទើរតែស្លាប់ពេលដែលព្យាយាមនិយាយការពិតហើយគ្មានអ្នកជឿនាង កែវភ្នែកដែលគ្រប់គ្នាមើលមកនាងដូចជានាងជាឃាតករសម្លាប់មនុស្សធ្វើឲ្យនាងស្ទើរតែមិនចង់រស់នៅលើលោកនេះទៀត។
   « បងជឿអូន ណាប៊ី! បងជឿសម្តីរបស់អូន » រ៉េន ទាញនាងមកឱបណែនដៃមិនឲ្យនាងស្រែកយំតែម្នាក់ឯងតទៅទៀត។ ពេលដែលឃើញនាងឈឺចាប់បែបនេះធ្វើឲ្យគេឈឺចាប់ខ្លាំងមិនចាញ់នាងទេ ជាពិសេសពេលដឹងថាខ្លួនឯងជាមូលហេតុដែលធ្វើឲ្យនាងត្រូវឈឺចាប់ រឹតតែធ្វើឲ្យបេះដូងរបស់គេប្រេះបែកចេញពីគ្នា។
    « សុំទោសផង អ្នកនាងជាអ្នកនាង គីម ណាប៊ី មែនទេ? »
     ណាប៊ី ដកខ្លួនចេញពី រ៉េន ពេលលឺសំឡេងមនុស្សសួររកនាងហើយ។
     « លោកជាអ្នកណា? ហើយមានការអ្វីជាមួយប្រពន្ធរបស់ខ្ញុំ? » រ៉េន ចាប់កដៃតូចទាញនាងឲ្យមកឈរនៅក្បែរដៃគេ។
     « ខ្ញុំជាប៉ូលីសមកស៊ើបអង្កេតករណីដែលលោក ហូរ៉េស ត្រូវចាក់ថ្នាំសម្លាប់ក្នុងមន្ទីរពេទ្យ លោកជាកូនប្រុសរបស់លោក ហូរ៉េស មែនទេ? »
     « បាទ »
     « អញ្ចឹងអ្នកដែលឈរក្បែរលោកជាភរិយារបស់លោកអ្នកនាង ណាប៊ី ហើយត្រូវទេ?...តាមកាំមេរ៉ាសុវត្ថិភាពមុខបន្ទប់អ្នកជំងឺមានតែអ្នកនាង ណាប៊ី ប៉ុណ្ណោះតែបានចូលទៅក្នុងបន្ទប់លោក ហូរ៉េស មុនពេលលោកបានស្លាប់ ដូច្នេះសូមអ្នកនាងអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសដើម្បីផ្តល់ចម្លើយបន្តិចបានទេ? »
     រ៉េន ងាកទៅសម្លឹងមុខភរិយាក្បែរដៃ ព្រោះបើនាងប្រាប់គេថាមិនចង់ទៅជាមួយប៉ូលីសទាំងអស់នេះ គេនឹងមិនឲ្យនាងទៅដាច់ខាត ប៉ុន្តែ ណាប៊ី បែរជាង៉ក់ក្បាលដាក់គេហើយក៏ទាញដៃរបស់គេចេញពីដៃនាង។
    « ខ្ញុំព្រមទៅផ្តល់ចម្លើយនៅប៉ុស្តិ៍ប៉ូលីសជាមួយលោក »
    « បងនឹងទៅជាមួយអូនដែរ »
    « បងមិនបាច់ទៅទេ មិនមានរឿងអ្វីធំដុំទេ អូនអាចទៅម្នាក់ឯងបាន »
    « ប៉ុន្តែ...»
    ទីង! ទីង!
    សំឡេងទូរស័ព្ទក្នុងខោប៉ៅអាវ រ៉េន រោទិ៍កាត់សម្តីរបស់គេ។
    « លើកទូរស័ព្ទបងសិនទៅ »
    « បងនឹងតាមទៅបន្តិចទៀត » រ៉េន លើកទូរស័ព្ទដាក់ត្រចៀកឈរសម្លឹងមើល ណាប៊ី ដើរចេញទៅជាមួយប៉ូលីសទាំងមិនអស់ចិត្ត តែគេក៏ត្រូវបង្ខំងាកមុខចេញដើម្បីនិយាយទូរស័ព្ទជាមួយ ឆេមីន។
   “ លោកប្រធាន ពេលនេះនៅក្រុមហ៊ុនមានរឿងហើយ ” សំឡេងស្លន់ស្លោរបស់ ឆេមីន ធ្វើឲ្យ រ៉េន ចាប់ផ្តើមភ័យព្រួយឡើង។
   « មានរឿងអ្វី? »
   “ ប្រធានមកមើលដឹងហើយ ពេលនេះគ្រប់គ្នាកំពុងចាំលោកប្រធាននៅបន្ទប់ប្រជុំ ”
   « ដឹងហើយ ខ្ញុំនឹងប្រញាប់ទៅឥឡូវនេះ »
   រ៉េន ដាក់ទូរស័ព្ទចុះងាកទៅសម្លឹងផ្លូវដែល ណាប៊ី ដើរចេញទៅជាមួយប៉ូលីសមុននេះទាំងចិត្តចង់ទៅជាមួយនាង ប៉ុន្តែនៅក្រុមហ៊ុនក៏កំពុងតែមានរឿងត្រូវការគេទៅដោះស្រាយ ដូច្នេះគេមិនអាចទៅជាមួយនាងពេលនេះបានទេ។ រ៉េន រហ័សរត់សំដៅទៅឡានរបស់គេដែលចតទុកនៅម្ខាងទៀតហើយបើកចេញទៅយ៉ាងលឿន គេនឹងប្រញាប់ទៅរកនាងនៅប៉ុស្តិ៍ប៉ូលីសបន្ទាប់ពីដោះស្រាយបញ្ហានៅក្រុមហ៊ុនរួចរាល់។

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now