ភាគ០៦

146 7 0
                                    

“ លុយ ”

   ណាប៊ី រុញរទេះនាំ រ៉េន ចូលទៅក្នុងបន្ទប់សម្រាកព្យាបាលរបស់គេហើយក៏ត្រូវគេដេញចេញមកវិញ ព្រោះគេចង់នៅស្ងាត់ម្នាក់ឯង។
   ក្រាក!
   ណាប៊ី បើកទ្វារចេញមកវិញក៏បានជួបនឹងអ្នកស្រី ដាលីន ដែលនៅឈរមុខបន្ទប់។
   « អ្នកស្រី...»
   « ខ្ញុំអាចនិយាយជាមួយនាងបន្តិចបានទេ » អ្នកស្រី ដាលីន ដឹងថាកូនប្រុសនៅខឹងជាមួយនាងនិងលោកប៉ារបស់គេមិនទាន់បាត់ ហើយប្រហែលមិនទាន់ចង់ជួបមុខរបស់នាងទេ ទើបនាងសុំនិយាយជាមួយ ណាប៊ី ជំនួសវិញ ព្រោះមើលទៅ ណាប៊ី ជិតស្និទ្ធជាមួយ រ៉េន ខ្លាំងណាស់។
  
   ណាប៊ីនិងអ្នកស្រី ដាលីន ដើរចេញមកខាងក្រៅឆ្ងាយពីបន្ទប់របស់ រ៉េន ដើម្បីនិយាយគ្នា។
   « តើអ្នកស្រីមានរឿងអ្វីចង់និយាយជាមួយខ្ញុំ? »
   « ខ្ញុំលឺថាមួយរយះនេះនាងជាអ្នកមើលថែ រ៉េន យ៉ាងណាខ្ញុំមានរឿងខ្លះឲ្យនាងជួយមើលគេជំនួសខ្ញុំ » អ្នកស្រី ដាលីន បើកកាបូបដកលុយមួយដុំមកហុចឲ្យ ណាប៊ី ។
   « អ្នកស្រីធ្វើអ្វីនឹង? ខ្ញុំមិន...»
   « កុំបដិសេធអី ខ្ញុំចង់ឲ្យនាងជួយមើលថែ រ៉េន រហូតគេអាចដើរបានឡើងវិញនិងជួយមើលគេកុំឲ្យគេចេញពីមន្ទីរពេទ្យមួយនេះបានមុនពេលជើងជាស្បះស្បើយ ហើយនេះថ្លៃឈ្នួលខែដំបូងរបស់នាង »
   « ប៉ុន្តែ...»
   « បើនាងគិតថាប៉ុណ្ណឹងមិនគ្រប់ខ្ញុំអាចឲ្យថែមបានទៀតណា ប៉ុន្តែនាងត្រូវធ្វើរឿងមួយទៀតឲ្យខ្ញុំ នាងត្រូវតែព្យាយាមកុំឲ្យគេទាក់ទងទៅមិត្តស្រីរបស់គេបានឲ្យសោះ » អ្នកស្រី ដាលីន ដកលុយមួយដុំទៀតដាក់នៅលើដៃរបស់ ណាប៊ី ដែលគាំងនិយាយអ្វីមិនចេញ ព្រោះមិននឹកស្មានថាអ្នកម៉ាក់របស់ រ៉េន ជាមនុស្សដែលចូលចិត្តប្រើលុយបែបនេះ។
   « អ្នកស្រីខ្ញុំមិនអាចយកលុយរបស់អ្នកស្រីបានទេ »
   « កុំលេងខ្លួនច្រើនអី ខ្ញុំដឹងថានាងត្រូវការលុយទាំងអស់នេះ បើមានអ្វីខលទៅលេខរបស់ខ្ញុំទៅ ខ្ញុំអាចឲ្យលុយនិងអ្វីគ្រប់យ៉ាងតាមដែលនាងចង់បាន ឲ្យតែនាងអាចជួយធ្វើរឿងដែលខ្ញុំសុំទាំងប៉ុន្មានមុននេះបាន » អ្នកស្រី ដាលីន ហុចនាមប័ណ្ណដែលមានលេខទូរស័ព្ទទៅឲ្យ ណាប៊ី ហើយក៏រហ័សចេញទៅវិញយ៉ាងលឿនព្រោះនាងមានការងារត្រូវទៅធ្វើបន្ត។
   « អ្នកស្រី...» ណាប៊ី រកហៅអ្នកស្រី ដាលីន ឲ្យឈប់ដើម្បីប្រគល់លុយឲ្យវិញមិនទាន់ ព្រោះរាងចំណាស់រត់ចេញទៅលឿនពេក។
   « អ្ហា...នេះដល់ម៉ោងអាហារពេលល្ងាចរបស់អ្នកជំងឺហើយតើស! ខ្ញុំមិនអាចយឺតបានទេ » ណាប៊ី លើកនាឡិកានៅកដៃមកមើលឃើញថាដល់ម៉ោងអាហារពេលល្ងាចសម្រាប់អ្នកជំងឺរល្មម នាងមិនអាចចេញទៅតាមអ្នកស្រី ដាលីន បានទេ  ទើបនាងរហ័សដាក់លុយក្នុងហោប៉ៅហើយរត់សំដៅរោងអាហារយ៉ាងលឿន។
  
   ក្រោយពី ណាប៊ី រត់ចេញទៅបាត់ អ្នកដែលលាក់ខ្លួននៅក្បែរជញ្ជាំងក៏រុញរទេះចេញមកដោយទឹកមុខខឹងសម្បារជាខ្លាំង។ គេខំទុកចិត្តនាង គិតថានាងនឹងជួយគេដោយស្មោះត្រង់ តែតាមការពិតនាងនៅតែដូចជាអ្នកដទៃឯទៀតដែលស្រេកឃ្លានលុយអ្នកម៉ាក់របស់គេ នាងមិនខុសពីអ្នកដទៃទេ ណាប៊ី  ។ អ្នកម៉ាក់របស់គេច្បាស់ជាបានធ្វើអ្វីចំពោះ រ៉ូជីន មិនខាន ទើបព្យាយាមយកលុយមកជួយគ្រូពេទ្យឲ្យតាមមើលគេមិនឲ្យគេទាក់ទងទៅ រ៉ូជីន បាន គេត្រូវតែប្រញាប់រកវិធីចេញពីទីនេះឲ្យបានលឿនបំផុតដើម្បីអាចទៅរក រ៉ូជីន បាន។
  
   មួយសន្ទុះក្រោយមក
  
   ណាប៊ី លើកអាហារពេលល្ងាចសម្រាប់អ្នកជំងឺចូលទៅក្នុងបន្ទប់លេខ៣៦៥ដែលមានអ្នកជំងឺកម្លោះកំពុងអង្គុយលើរទេះនៅមាត់បង្អួច។
   « អាហារពេលល្ងាចរបស់លោកមកដល់ហើយ » នាងទាញតុមួយនៅជិតជញ្ជាំងមកដាក់នៅពីមុខគេហើយក៏លើចានអាហារមកដាក់នៅលើតុ។
   «...» រ៉េន ចាប់ស្លាបព្រាដួសសម្លក្នុងចានដាក់មាត់ដោយកាយវិការសោះកក្រោះចម្លែកខុសធម្មតា។
   ប្រាវ!
   រ៉េន រុញចានបាយសម្លលើតុទម្លាក់ទៅលើកម្រាលឥដ្ឋបណ្តាលឲ្យបែកខ្ទេចភ្លាមៗទាំងទឹកមុខសោះកក្រោះគួរឲ្យខ្លាចរអា។
   « លោកធ្វើអ្វី? » ណាប៊ី ស្ទុះក្រោកឈរពេញកម្ពស់សម្លឹងមើលបាយសម្លដែលជំពប់ពេញលើកម្រាលឥដ្ឋព្រមជាមួយអំបែងចាន។ ហេតុអ្វីភ្លាមៗគេស្រាប់តែខឹងបែបនេះ? ឬព្រោះតែវត្តមានរបស់អ្នកម៉ាក់និងលោកប៉ារបស់កាលពីពេលរសៀលទើបធ្វើឲ្យគេប្រែជាមួរម៉ៅយ៉ាងនេះ។
   « ខ្ញុំមិនញុំសម្លនេះទេ ឆាប់ប្តូរថ្មីឲ្យខ្ញុំ » រ៉េន ងើបមុខឡើងសម្លក់ស្រីក្រមុំដែលឈរចំពោះមុខដោយខឹងស្អប់ ។
   « នៅទីនេះមានសម្លតែមួយមុខទេ បើលោកមិនញុំក៏ត្រូវគេងអត់ហើយ » ណាប៊ី តបទៅគេដោយចិត្តអំណត់ហើយក៏អង្គុយចុះរើសអំបែងនៅលើឥដ្ឋចេញ។
    តែភ្លាមៗស្រាប់ប្រអប់ដៃមាំឈោងមកចាប់ច្របាច់ចង្ការបស់នាងខ្លាំងៗទាញទម្រង់ស្រស់ស្អាតឲ្យងើបមកមើលមុខកំណាចរបស់គេនៅពេលនេះ។
    « អ្នកបម្រើ ខ្ញុំប្រាប់ឲ្យនាងប្តូរសម្លឲ្យខ្ញុំលឺទេ! » គេស្រែកគំហកដាក់នាងដោយទឹកមុខកំណាចហើយក៏រុញមុខរបស់នាងឲ្យងាកទៅម្ខាងតាមកម្លាំងដៃរបស់គេ។
    ណាប៊ី លើកដៃវែកសក់ដែលធ្លាក់រប៉ាត់រប៉ាយលើមុខចេញទាំងកែវភ្នែកប្រែជាក្រហមដក់ជាប់ដំណក់ទឹកថ្លា នាងមិនមែនជាអ្នកបម្រើរបស់គេទេ ហេតុអ្វីគេចាត់ទុកនាងជាអ្នកបម្រើរបស់គេ? នាងគ្រាន់តែមានចិត្តមកមើលថែគេ តែមិនមែនមកឲ្យគេប្រើដូចសត្វធាតុទេ នាងខំធ្វើល្អដាក់គេ គ្រប់យ៉ាងដែលនាងធ្វើសុទ្ធតែធ្វើចេញពីចិត្តយ៉ាងស្មោះត្រង់មិនដែលចង់បានការតបស្នងមកវិញឡើយ តែស្តាប់ពាក្យសម្តីនិងទង្វើដែលគេតបស្នងមកវិញនេះចុះ ពិតជាពិបាកស្តាប់ខ្លាំងណាស់។
    « សូមប្រយ័ត្នសម្តីរបស់លោកបន្តិចទៅ ខ្ញុំមិនមែនអ្នកបម្រើរបស់លោកទេ » ណាប៊ី កាន់អំបែងដែលរើសពីលើឥដ្ឋហើយក្រោកឈរឡើងតបទៅអ្នកដែលធ្វើរិកពារក្អេងក្អាងអង្គុយនៅលើរទេះវិញ រួចក៏បម្រុងដើរចេញទៅតែក៏ត្រូវគេឈោងទៅចាប់ដៃរបស់នាងដែលកាន់អំបែងចានជាប់ណែន។
    តក់! តក់!
    ដំណក់ឈាមស្រក់ចុះពីប្រអប់ដៃទាំងពីរដែលនៅជាប់ គ្នាព្រោះអ្នកម្ខាងទៀតមិនលែងទោះដៃរបស់គេកំពុងមុតអំបែងចានហូរឈាមស្រក់ចុះមកតក់ៗក៏ដោយ កែវភ្នែកខឹងស្អប់ប្រឹងសម្លក់ទម្រង់មុខស្រស់ស្អាតដែលកំពុងបង្ហាញការឈឺចាប់មកតាមកែវភ្នែកឲ្យគេបានដឹង ប៉ុន្តែគេបែរជានៅតែចាប់ដៃរបស់នាងខ្លាំងឡើងៗធ្វើឲ្យមុខអំបែងចាក់ចូលទៅក្នុងសាច់របស់នាងនិងគេកាន់តែខ្លាំងទៅវិញ។
    « នាងយកលុយពីអ្នកម៉ាក់របស់ខ្ញុំហើយ ដូច្នេះពេលនេះនាងជាអ្នកបម្រើរបស់ខ្ញុំ ខ្ញុំជាម្ចាស់របស់នាង ខ្ញុំចង់ធ្វើអ្វីលើនាងក៏បានដែរ ដឹងទេ! »
    « អ៊ួយ! » ណាប៊ី លាន់មាត់ស្រែកឡើងទាំងឈឺចាប់ពេលគេបន្ថែមកម្លាំងដៃកាន់តែខ្លាំង ធ្វើឲ្យដៃនាងមុតអំបែងកាន់តែជ្រៅ ។ គេខឹងជាមួយនាងព្រោះតែរឿងលុយរបស់អ្នកម៉ាក់គេមែនទេ? នាងមិនបានយកលុយពីអ្នកម៉ាក់របស់គេ គេកំពុងតែយល់ច្រឡំហើយ។
    « ឈឺមែនទេ? ហិ...ភាពឈឺចាប់មួយនេះប្រៀបមិនស្មើនឹងភាពឈឺចាប់ក្នុងបេះដូងរបស់ខ្ញុំនោះទេ នាងយកលុយពីអ្នកម៉ាក់ដើម្បីជួយអ្នកម៉ាក់មកបំបែកខ្ញុំនិងរ៉ូជីន ដូច្នេះនាងគួរតែបានដឹងពីភាពឈឺចាប់ដែលខ្ញុំបានជួបខ្លះផងទៅ »
    គេចង់ឲ្យនាងយល់ពីអារម្មណ៍ឈឺចាប់របស់គេទើបគេធ្វើបែបនេះ? ប៉ុន្តែគេមានដឹងទេថានាងយល់ពីភាពឈឺចាប់មួយនេះយូរណាស់មកហើយ ព្រោះនាងឈឺចាប់លើសគេទៅទៀតនៅពេលដែលឃើញគេឈឺចាប់នោះ ជាពិសេសគឺនៅពេលនេះ របួសនៅនឹងដៃរបស់នាងនៅឈឺចាប់មិនស្មើនឹងបេះដូងរបស់នាងដែលកំពុងតែឈឺចាប់ព្រោះតែឃើញគេសុខចិត្តធ្វើបាបខ្លួនឯងដើម្បីតែចង់ឲ្យអ្នកដទៃបានដឹងពីអារម្មណ៍ឈឺចាប់របស់គេនេះទេ។
    ណាប៊ី យកដៃដែលទំនេរម្ខាងទៀតទៅចាប់ប្រឡេះប្រអប់ដៃមាំចេញដោយកែវភ្នែកក្រហមដក់ជាប់ដំណក់ទឹកថ្លា នាងសម្លឹងមុខរបស់គេដោយក្តីអាណិតអាសូ ទើបធ្វើឲ្យ រ៉េន ចាប់ផ្តើមច្របូកច្របល់ក្នុងចិត្តព្រោះមិនយល់ថាហេតុអ្វីនាងនៅតែសម្លឹងគេដោយខ្សែភ្នែកអាណិតបែបនេះ? គេធ្វើគ្រប់យ៉ាងនៅពេលនេះព្រោះចង់ឲ្យនាងឈឺចាប់ ចង់ឲ្យនាងយំសូមអង្វរគេ ចង់ឲ្យនាងសារភាពកំហុសរបស់នាង តែហេតុអ្វីនាងមកអាណិតគេ? ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះទៅវិញ ដឹងទេថាគេស្អប់អារម្មណ៍ដែលត្រូវអ្នកដទៃមើលមកថាជាជនរងគ្រោះនេះខ្លាំងប៉ុណ្ណា នាងកំពុងតែធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងជាមនុស្សអន់ អត់បានការហើយដឹងទេ។
    « ខ្ញុំបានយល់ពីការឈឺចាប់របស់លោកយូមកហើយ ហេតុនេះហើយទើបខ្ញុំមិនយកលុយពីអ្នកម៉ាក់របស់លោក » ណាប៊ី ចាប់ដៃរបស់គេចេញបានសម្រេចហើយក៏ទាញកូនកន្សែងពីក្នុងហោប៉ៅអាវមករុំរបួសឃាត់ឈាមឲ្យគេ ជំនួសដៃរបស់ខ្លួនឯងដែលនាងទុកឲ្យហូរឈាមបន្តទៀត គេសំខាន់សម្រាប់នាងខ្លាំងណាស់ ហេតុអ្វីនាងត្រូវធ្វើឲ្យគេឈឺចាប់បាននោះ? ។
    « ខ្ញុំមិនជឿនាងទេ! » រ៉េន វាសដៃរបស់ ណាប៊ី ចេញមួយទំហឹង ដោយក្តីស្អប់ខ្ពើមមិនចង់ឲ្យមកប៉ះគេឬធ្វើល្អដាក់គេទៀត ព្រោះចាប់ពេលនេះទៅគេមិនទុកចិត្តនាងទៀត គេមិនជឿជាក់សម្តីរបស់នាងឡើយទោះនាងព្យាយាមបង្ហាញកាយវិការល្អៗចំពោះគេយ៉ាងណាក៏ដោយ ក៏គេគ្មានថ្ងៃជឿជាក់នាងម្តងទៀតទេ។
    « ហ៊ឹក! ខ្ញុំនឹងទៅហៅគ្រូពេទ្យមក លោកទ្រាំបន្តិចទៅ! » ណាប៊ី លើដៃជូតទឹកភ្នែកស្រក់ចុះមកលើថ្ពាល់ហើយក៏រត់ចេញទៅហៅគ្រូពេទ្យឲ្យមកជួយមើលរបួសឲ្យគេទាំងមិនខ្វល់ពីរបួសរបស់ខ្លួនឯងហើយក៏មិនខ្វល់ពីសម្តីទាំងប៉ុន្មានរបស់គេមុននេះ។ ទោះគេមើលមិនឃើញទង្វើល្អដែលនាងធ្វើចំពោះគេ ក៏នាងនៅតែធ្វើល្អជាមួយគេដដែល ព្រោះគ្រប់យ៉ាងដែលនាងធ្វើគឺធ្វើចេញពីបេះដូងហើយមិនដែលគិតចង់បានការតបស្នងពីគេមកវិញឡើយ។
             រងចាំភាគបន្ត
  
   
   
   
  
  
  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now