ភាគ៣៥

136 3 2
                                    

“ សុំទោស ”

   ក្រាក!
   រាងស្តើងក្នុងឈុនទទឹកជោកដើរចូលក្នុងបន្ទប់គេងទាំងទឹកមុខក្រៀមក្រំ ជើងស្រឡូនបោះទៅមុខទាំងគ្មានកម្លាំងរហូតនាំរាងកាយទទឹកជោកទៅដល់តុក្បែរបង្អួច។ ម្រាមស្រឡូនទាញសៀវភៅកំណត់ហេតុមកបើកត្រង់ទំព័រដដែលកាលពីថ្ងៃមុន។
     “ ខ្ញុំ...ជាអ្នកសម្លាប់លោកប៉ានិងអ្នកម៉ាក់...! ”
     តក់! តក់!
     ដៃស្រឡូនអូសម្រាមដៃដែលសើមដោយទឹកភ្លៀងកាន់អក្សរមួយជួលនេះចុះទៅខាងក្រោមរហូតដល់ចុងទំព័រសៀវភៅ។
     “ លទ្ធផលពិនិត្យអាការះឈឺក្បាលជាប្រចាំរបស់ខ្ញុំចេញមកហើយ ខ្ញុំមានជំងឺដុំសាច់នៅក្នុងខួរក្បាល គ្រូពេទ្យនិយាយថាខ្ញុំមិនអាចធ្វើការវះកាត់យកដុំសាច់ចេញបានទេ ខ្ញុំនឹងស្លាប់ភ្លាមៗបើធ្វើការវះកាត់ តែខ្ញុំនឹងអាចរស់បាន៣ទៅ៤ឆ្នាំទៀតបើខ្ញុំព្យាបាលដោយការលេបថ្នាំជាប្រចាំ អ្នកម៉ាក់លោកប៉ា តើនៅទីនោះសុខសប្បាយទេ? ខ្ញុំឆ្ងល់ណាស់ថាតើពេលស្លាប់មនុស្សយើងមានអារម្មណ៍បែបណា? សោកសៅដូចជាពេលបែកគ្នា ឬក៏រីករាយដូចជាការជួបជុំម្តងទៀតកំពុងចាប់ផ្តើម ខ្ញុំមិនអាចស្រម៉ៃឃើញពីអារម្មណ៍របស់ខ្លួនឯងនៅវិនាទីចុងក្រោយនៅដកដង្ហើមរបស់ខ្ញុំទេ ”
     ខ្វោក!
     « ហ៊ឹក! ហ៊ឺ! »
     ណាប៊ី ចាប់ហែកទំព័រសៀវភៅមួយសន្លឹកនេះចេញមកក្តាប់ឱបជាប់ទ្រូងអង្គុយយំខ្លាំងៗម្នាក់ឯងនៅក្បែរជើងតុ។ នាងមិនធ្លាប់មានអារម្មណ៍សោកស្តាយចំពោះជីវិតរបស់ខ្លួនឯងខ្លាំងដល់ថ្នាក់នេះពីមុនមកទេ ប៉ុន្តែពេលនេះនាងបែរជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង នាងគួរតែចំណាយពេល៣ឆ្នាំកន្លងមកឲ្យល្អជាងនេះ នាងគួរតែចូលទៅរក រ៉េន ម្តងទៀតតាំងពីថ្ងៃបន្ទាប់ដែលគេបានជួយនាងនៅវិទ្យាល័យ ឬនាងគ្រាន់បង្ហាញខ្លួននៅពីមុខគេនៅថ្ងៃដែលគេត្រូវទៅបរទេសនោះ នាងគួរតែចូលទៅរកគេហើយប្រាប់ពីអារម្មណ៍គ្រប់យ៉ាងទៅកាន់គេ ទោះគេបដិសេធឬក៏ជេរនាងថាគ្មានកេរ្តិ៍ខ្មាស់ក៏ដោយ នាងគួរតែចាប់ផ្តើមធ្វើគ្រប់យ៉ាងចាប់ពីថ្ងៃនោះមក មិនមែនមកអង្គុយស្តាយក្រោយនៅថ្ងៃនេះទេ។
     « ហ៊ឹក! » ណាប៊ី លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់បន្ទាប់ពីយំអស់ចិត្តហើយ នាងបើកថតតុខាងក្រោមគេហើយដាក់សន្លឹកសៀវភៅដែលមូលចូលគ្នាដូចបាល់ទៅក្នុងថតតុរួចក៏បិទចាក់សោយ៉ាងរៀបរយ ព្រោះតែលើកមុន រ៉េន បានបើកមកដល់សន្លឹកមួយនេះម្តងហើយ ដូច្នេះទើបត្រូវប្រុងប្រយ័ត្ន ជាពិសេសពេលនេះគេបានជួបជាមួយ រ៉ូជីន ថែមទៀតនាងកាន់តែប្រយ័ត្នមិនឲ្យគេដឹងរឿងមួយនេះ អាថ៌កំបាំងមួយនេះត្រូវរក្សាឲ្យបានរហូតនាងប្រាកដចិត្តថាគេអាចក្លាយជាអ្នកគ្រប់គ្រងសម្ព័ន្ធ អ៊ីសាជី ជំនួសនាង។
    
     ព្រឹកថ្ងៃថ្មី
    
     ណាប៊ី ចូលមកកាន់ការិយាល័យទាំងព្រឹកព្រមជាមួយប្រអប់អាហារពេលព្រឹកនៅក្នុងដៃ ។ យប់មិញ រ៉េន មិនបានត្រឡប់ទៅផ្ទះទេ នាងក៏បានដឹងពីមូលហេតុដែលគេមិនត្រឡប់ទៅផ្ទះច្បាស់ហើយ ប៉ុន្តែនាងគ្រាន់តែធ្វើមិនដឹងរឿងហើយនៅរៀបចំអាហារពេលព្រឹកសម្រាប់គេយកមកក្រុមហ៊ុនថែមទៀត។
     ក្រាក!
     ណាប៊ី ដើរចូលមកក្នុងបន្ទប់ចោលភ្នែកសម្លឹងរាងក្រាស់ដែលគេងនៅលើសាឡុនមិនទាន់ភ្ញាក់។ នាងយកប្រអប់អាហារដាក់នៅលើតុហើយក៏ដើរទៅមើលឯកសារខ្លួះនៅលើតុ។
     « ព្រឹកហើយមែនទេ? » រ៉េន ក្រោកឡើងសួរទៅកាន់ស្រីក្រមុំដែលទើបតែដើរចេញពីគេបានបីជំហាន តាមពិតគេភ្ញាក់តាំងពីយូណាស់មកហើយ គ្រាន់តែគេមិនចង់បើកភ្នែកប្រឈមមុខនឹងថ្ងៃថ្មីតែប៉ុណ្ណោះ។ គេបានគិតពេញមួយយប់ហើយរវាង រ៉ូជីននិងគ្រួសាររបស់គេគឺសំខាន់ទាំងពីរ គេមិនអាចសម្រេចចិត្តជ្រើសរើសយកមួយណាបានទេ ទើបគេមិនចង់បើកភ្នែកប្រឈមមុខនឹងរឿងដែលកំពុងកើតឡើងចំពោះគេនៅពេលនេះ ប៉ុន្តែភ្លាមៗគេស្រាប់តែចង់សុំ ណាប៊ី ដោយស្មោះត្រង់ចំពោះរឿងមួយនេះ មានតែនាងប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហារបស់គេនៅពេលនេះបាន ទោះគេដឹងថាខ្លួនឯងកំពុងតែអាត្មានិយមដាក់នាងក៏ដោយ។
     « លោកភ្ងាក់ហើយមែនទេ? ព្រោះតែរឿងតាមរកលុយពីរពាន់លានលោកច្បាស់ជាហត់ណាស់ហើយ ខ្ញុំបានយកអាហារពេលព្រឹកមក ឆាប់ញុំទៅកុំឲ្យម្ហូបត្រជាក់ទាន់ » ណាប៊ី ត្រឡប់មកអង្គុយលើសាឡុនទល់មុខគេវិញ នាងញញឹមស្រស់ស្រាយដាក់គេដូចជាគ្មានរឿងអ្វីកើតឡើង ហើយក៏បើកប្រអប់អាហាររៀបចំលើតុពីមុខរបស់គេ។
     « ណាប៊ី! » គេមិនដែលហៅឈ្មោះនាងចំដោយសំឡេងស្រទន់បែបនេះពីមុនមកទេ លើកទីមួយហើយដែលគេហៅនាងដោយជិតស្និតបែបនេះ មួយរយៈពេលហើយដែលគេនិងនាងបានរស់នៅក្នុងផ្ទះជាមួយគ្នា ញុំអាហារតុតែមួយ និងទៅណាមកណាតែពីរនាក់ មិនថាជាពេលពិបាកឬគ្រោះថ្នាក់នាងតែងតែឈរក្បែរគេជានិច្ច រហូតធ្វើឲ្យគេមានថានាងជាមនុស្សសំខាន់ម្នាក់ក្នុងជីវិតគេ ដំបូងគេបានគិតថាវាជាអារម្មណ៍ស្នេហា គេប្រហែលស្រលាញ់នាងហើយរហូតដល់ពេលដែលគេបានជួប រ៉ូជីន ម្តងទៀត ទើបគេដឹងថាតាមពិតអារម្មណ៍ដែលគេមានចំពោះនាងគ្រាន់តែជាអារម្មណ៍បែបគ្រួសារប៉ុណ្ណោះ គេបានចាត់ទុកនាងជាសមាជិកគ្រួសាររបស់គេ តែមិនមែនក្នុងន័យស្នេហាឡើយ ហើយមកដល់ពេលនេះគេចង់សុំនាងក្នុងនាមជាអ្នកនៅក្នុងគ្រួសារ គេសុំនាងដោយស្មោះត្រង់។
     « តើមានរឿងចង់និយាយមែនទេ? ញុំហើយចាំនិយាយ  » ណាប៊ី ឱនមុខចុះធ្វើជារៀបចំអាហារដើម្បីគេចពីកែវភ្នែករបស់គេនៅពេលនេះ នាងអាចយល់ពីអ្វីដែលគេកំពុងតែគិតនៅក្នុងចិត្ត គ្រាន់តែគេហៅឈ្មោះរបស់នាង។ នាងមិនទាន់ចង់ស្តាប់ពីអ្វីទាំងអស់ សូមឲ្យទំនាក់ទំនងល្អៗរវាងនាងនិងគេស្ថិតនៅប៉ុន្មានថ្ងៃទៀតបានទេ សូមឲ្យនាងមានអារម្មណ៍ថាមានក្តីសុខទោះស្ថិតនៅក្នុងកាសៈទេសៈដែលគ្រោះថ្នាក់និងពិបាកប៉ុណ្ណាបន្តទៀតបានទេ។
     « យប់មិញខ្ញុំបានជួប រ៉ូជីន! ខ្ញុំប្រាកដចិត្តថានាងជា រ៉ូជីន ដែលខ្ញុំបានស្គាល់ ខ្ញុំសុំទោស ណាប៊ី ដែលត្រូវមកនិយាយរឿងមួយនេះនៅពេលនេះ »
     «...»
     ទោះនាងកំពុងតែអង្គុយឱនមុខចុះរវល់ជាមួយអាហារនៅលើតុ តែគេដឹងថានាងកំពុងតែស្តាប់គេ ទើបគេនៅតែបន្តនិយាយ ទោះដឹងថាពាក្យសម្តីរបស់គេកំពុងតែប៉ះពាល់អារម្មណ៍របស់នាងក៏ដោយ។
     « ណាប៊ី កិច្ចសន្យារៀបការរបស់យើងអាចបញ្ចប់ត្រឹមនេះបានទេ? » រ៉េន ប្រឹងអត់ដង្ហើមដើម្បីនិយាយប្រយោគដ៏តឹងណែនទ្រូងមួយនេះចេញមក។
     ណាប៊ី ងើបមុខឡើងសម្លឹង រ៉េន ទាំងកែវភ្នែកដក់ជាប់ដំណក់ទឹកថ្លា គេកំពុងតែបំផ្លាញ់បេះដូងរបស់នាងទាំងស្រុងនៅពេលនេះ ។
     « បើបញ្ចប់កិច្ចសន្យាពេលនេះ ចុះក្រុមហ៊ុនលោកប៉ារបស់លោក ឬក៏លោកមិនចង់យកក្រុមហ៊ុនត្រឡប់ទៅវិញទេ? »
     « រឿងនោះហើយដែលខ្ញុំចង់សុំនាង សុំឲ្យជួយប្រគល់ក្រុមហ៊ុន ថ័ររ៉េស ឲ្យទៅគ្រួសាររបស់ខ្ញុំ បន្ទាប់ពីបញ្ចប់រយះ៣ឆ្នាំ តាមពាក្យសន្យាបានទេ ទោះកិច្ចសន្យារៀបការក្លែងក្លាយរវាងពួកយើងទាំងពីរបានបញ្ចប់ពេលនេះក៏ដោយ ខ្ញុំដឹងថាគ្រប់យ៉ាងដែលនាងធ្វើព្រោះតែខ្ញុំនិងគ្រួសារ ខ្ញុំដឹងថានាងជាមនុស្សល្អ ដូច្នេះសូមជួយខ្ញុំរឿងនេះម្តងទៀតបានទេ » រ៉េន ឱនអរគុណនាងហើយក៏ក្រោកឈរឡើងឈានជើងដើរចេញពីតុអាហារពេលព្រឹកដែលនាងខំរៀបចំសម្រាប់គេ ព្រោះតែមិនចង់ឲ្យគេចាកចេញពីនាង ទើបនាងធ្វើជាមិនដឹងរឿងយប់មិញ ប៉ុន្តែហេតុអ្វីគេនិយាយប្រាប់នាងតាមត្រង់ហើយក៏ចាកចេញទៅបែបនេះ?។
     « លោកដឹងថាខ្ញុំធ្វើគ្រប់យ៉ាងដើម្បីលោកនិងគ្រួសារ តែហេតុអ្វីលោកធ្វើបែបនេះចំពោះខ្ញុំ? ហេតុអ្វីតែជ្រើសរើសធ្វើឲ្យខ្ញុំឈឺចាប់ជំនួស រ៉ូជីន ? ហេតុអ្វីក៏ធ្វើបែបនេះចំពោះខ្ញុំ? ហ៊ឹក!» នាងក្រោកឈរឡើងស្រែកខ្លាំងៗដាក់គេទាំងទឹកភ្នែកស្រក់មកជោកថ្ពាល់ លើកទីមួយហើយដែលនាងហ៊ាននិយាយពាក្យទាំងអស់នេះទៅកាន់គេ នាងចង់ឲ្យគេដឹងថានាងក៏មានបេះដូងមានសាច់មានឈាមដូចនារីដែលគេស្រលាញ់ដែរ នាងចេះអន់ចិត្ត ចេះឈឺចាប់ចំពោះពាក្យសម្តីនិងទង្វើរដែលគេធ្វើមកលើនាង ។
     «...» រ៉េន នៅឈរបែរខ្នងដាក់នាងស្តាប់រាល់ពាក្យដែលនាងកំពុងតែនិយាយមកកាន់គេ គេដឹងថានាងឈឺចាប់ហើយក៏ដឹងថាខ្លូនឯងខុសចំពោះនាង គេដឹងថានាងស្រលាញ់គេតាំងពីថ្ងៃដែលគេសួរនាងថាស្រលាញ់គេឬអត់មកម្លេះ គ្រាន់តែគេព្យាយាមធ្វើមិនដឹងពីអារម្មណ៍នាង ។ នៅពេលនេះនាងចង់និយាយអ្វីក៏និយាយចេញមក គេនឹងឈរស្តាប់គ្រប់យ៉ាងដែលនាងលាក់ទុកនៅក្នុងចិត្តឲ្យអស់នៅថ្ងៃនេះ។
     « លោកជាអ្នកនាំខ្ញុំមកទីនេះ ហើយនៅសុខៗលោកក៏ចាកចេញទៅចោលខ្ញុំចឹងមែនទេ? ហ៊ឹក! លោកទើបជាមនុស្សអាត្មានិយមពិតប្រាកដ រ៉េន ហ៊ឺ!  »
     « សុំទោស! » រ៉េន ងាកមកឱនសុំទោសនាងម្តងទៀតដោយអារម្មណ៍ដឹងខុសចំពោះនាង រួចក៏ឈានជើងចេញទៅ។
     « ហ៊ឹក! លោកមិនអាចចាកចេញទៅបានទេ ខ្ញុំមានផ្ទៃពោះប្រាំបីសប្តាហ៍ហើយ! »
     រ៉េន ឈប់ជើងង៉ក់ដូចគេចាប់ហ្វ្រាំងបញ្ឈប់ពេលបានលឺសម្តីចុងក្រោយរបស់ ណាប៊ី ហើយ។ ទឹកមុខតក់ស្លុតស្ទើរមិនជឿនឹងត្រចៀកខ្លួនឯងរហ័សងាកមករកនាងវិញ។
     « នាងនិយាយថាម៉េច? » រ៉េន សួរបញ្ជាក់ទាំងឈរស្ទើរមិនជាប់។
     ណាប៊ី ដើរទៅបើកកាបូបលើតុហើយលើប្រដាប់ពិនិត្យទឹកនោមដែលមានឆ្នូតពីរបញ្ជាក់ថានាងមានផ្ទៃពោះពិតមែនបង្ហាញគេ។
     « ម្តេចនឹងអាចទៅជាបែបនេះបាន? » រ៉េន ទទួលយករឿងដែល ណាប៊ី មានផ្ទៃពោះមិនបាន ព្រោះលឿនពេកហើយ ហេតុអ្វីនាងមានផ្ទៃពោះនៅពេលនេះ?។
     « ដល់ពេលហើយដែលលោកត្រូវត្រៀមខ្លួនធ្វើជាលោកប៉ារបស់គេហើយក៏ជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី ពិតប្រាកដ »
     « អ្នកដឹកនាំអ្វី? នាងកំពុងតែនិយាយពីអ្វី? »
     « ខណៈពេលដែលខ្ញុំមានផ្ទៃពោះខ្ញុំមិនអាចធ្វើការបានទេ ដូច្នេះលោកនឹងឡើងមកអង្គុយនៅតំណែងរបស់ខ្ញុំយ៉ាងពេញសិទ្ធ ចាប់ពីពេលនេះតទៅ » ណាប៊ី និយាយម៉ាត់ៗច្បាស់ៗមិនឲ្យជាន់ពាក្យពិបាកស្តាប់មួយម៉ាត់ ដើម្បីឲ្យ រ៉េន បានយល់អ្វីគ្រប់យ៉ាងនៅក្នុងពេលនេះ។
     « ចង្រៃយ៍! » រ៉េន ស្រែកជេរបញ្ចេញកំហឹងហើយក៏ដើរចេញពីការិយាទៅដោយអារម្មណ៍មួរម៉ៅធ្វើអ្វីមិនត្រូវ។
     “ សុំទោស រ៉េន ខ្ញុំមិនអាចឲ្យក្រុមហ៊ុនលោកប៉ាទៅក្នុងដៃមនុស្សបំផ្លាញ់ដូចជា គីរ៉ាន់ បានទេ ” ណាប៊ី ឈរសម្លឹងទ្វាដែល រ៉េន ចេញទៅទាំងមានអារម្មណ៍ខុសចំពោះអ្វីដែលនាងកំពុងតែធ្វើដាក់គេ។
    
     ប្រអប់ដៃមាំកាន់កែវស្រាក្រលែងតិចៗតាមចង្វាក់ភ្លេងសោកសៅនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេ កែវភ្នែកក្រៀមក្រំទាំងគូសម្លឹងរូបថតរបស់គេជាមួយ រ៉ូជីន មិនដាក់ភ្នែក កាន់តែមើលកាន់តែធ្វើឲ្យគេនឹកដល់នាង ជាពិសេសគេពិតជានឹកដល់ស្នាមញញឹមរបស់នាងនៅថ្ងៃដែលគេបានជួបនាងដំបូងខ្លាំងណាស់...
    
     ឌឹប! ឌឹប!
     រាងក្រាស់ក្នុងឈុនសិស្សវិទ្យាល័យវាយក្រុមអ្នកលេងដែលចូលចិត្តទាក់ផ្លូវសិស្សសាលាសម្លុតទារលុយឲ្យដួលដេកទៅលើដី។
     “ អ្នកនាងកើតអ្វីដែរទេ? » គីរ៉ាន់ ជួយរើកាតាបឲ្យនាង។
     “ ខ្ញុំមិនកើតអ្វីទេ តែមុខលោកមានរបួសហើយ ”
     “ ខ្ញុំអីទេ ”
     “ អរគុណណាស់ ដែលបានមកជួយ ” នាងញញឹមអង្គុយគេទាំងដៃកាន់កូនកន្សែងជូតឈាមលើមុខរបួសឲ្យគេ។
     គេបានលង់ស្រលាញ់នាងតាំងពីជួបដំបូង ពាក្យអរគុណរបស់នាងធ្វើឲ្យគេចង់ធ្វើជាមនុស្សល្អ គេបានស្គាល់នាងមុន រ៉េន ប៉ុន្តែនាងបែរជាលង់ស្រលាញ់ រ៉េន ដែលចូលមកក្រោយទៅវិញ ចំណែកគេបានត្រឹមជាមិត្តគ្មានថ្ងៃប្រែ។
     “ ហ៊ឹក!  ហ៊ឺ! ”
     ” នរណាធ្វើបាបនាង? ”
     “ ហ៊ឹក! គ្មាននរណាធ្វើអ្វីខ្ញុំទេ? ”
     “ កុំកុហក គឺគ្រួសារគេមកគំរាមនាងទៀតហើយមែនទេ? ”
     “ គីរ៉ាន់ អ្នកម៉ាក់របស់ខ្ញុំយកលុយរបស់អ្នកស្រី លីនដា រត់ទៅហើយ ពេលនេះលោកយាយកំពុងតែនៅក្នុងបន្ទប់សង្គ្តោះបន្ទាន់ ខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេ ”
     ” មនុស្សចង្រៃទាំងអស់នោះ ខ្ញុំនឹងប្រដៅពួកគេ ”
     “ កុំ...កុំអី! ” នាងមកឱបគេពីក្រោយហាមគេមិនឲ្យទៅធ្វើបាបអ្នកណា។ នាងតែងតែខ្វះខាតប៉ុន្តែនាងមិនដែលហារមាត់សុំជំនួយពីគេម្តងណាទេ នាងតែងតែបដិសេធជំនួយរបស់គេ គ្រប់ពេលដែលគេបានជួបនាង គេតែងតែឃើញនាងយំ គេចង់ឃើញនាងញញឹមដូចកាលពីគេបានជួបនាងដំបូងម្តងទៀត ប៉ុន្តែគេគ្មានឱកាសបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតមួយនោះរបស់នាងម្តងទៀតឡើយ។ រ៉េន ជាអ្នកបំផ្លាញ់ភាពរីករាយរបស់នាង គេស្រលាញ់នាង តែគេមិនដែលការពារនាងម្តងណាឡើយ រហូតដល់ពេលនាងចាកចេញទៅ។ គេជាអ្នកបញ្ចូលនាងទៅមន្ទីរពេទ្យមួយនោះ ទោះគេស្អប់ រ៉េន មិនចង់ឲ្យនាងបានជួបនឹងមនុស្សប្រុសកំសាកដូចជា រ៉េន ម្តងទៀត ប៉ុន្តែដោយសារតែគេដឹងថានាងចង់ជួប រ៉េន ទោះនាងមិននិយាយក៏ដោយ ទើបគេបញ្ចូលនាងទៅមន្ទីរពេទ្យជាយក្រុងដែលជាកន្លែងតែមួយដែល រ៉េន សម្រាកព្យាបាល ព្រោះតែចង់ឲ្យនាងបានជួប រ៉េន ជាលើកចុងក្រោយ។
    
     ប្រាវ!
     « ពុទ្ធោអើយ! » គីរ៉ាន់ គប់កែវស្រាចោល លើកដៃជ្រោងសក់ទាំងមានអារម្មណ៍ឈឺចាប់ខ្លាំង ។
     « ត្រូវការឲ្យខ្ញុំកំដរដែរទេ? » សំឡេងស្រួយបន្លឺឡើងហើយរូបរាងស្រឡូនសិចស៊ីក៏បង្ហាញឡើងនៅចំពោះមុខរបស់គេ។ រ៉ូជីន ចាប់ដបស្រាចាក់ចូលកែវថ្មីមួយទៀតនៅលើតុដោយប្រើក្រសែភ្នែកទាក់ទាញដាក់ គីរ៉ាន់។
     « ឆាប់ចេញទៅ! ខ្ញុំមិនចង់ឃើញមុខនាងទេ » គីរ៉ាន់ ដកភ្នែកពីរាងសិចស៊ីរបស់នាងហើយដេញនាងចេញដោយអារម្មណ៍មិនពេញចិត្ត។
     « ក្រែងលោកនឹកខ្ញុំខ្លាំងណាស់មែនទេ? » នាងអង្គុយលើតុឱនមុខចូលមកជិតគេ ដោយម្រាមស្រឡូនលើអង្អែលមុខសង្ហាឲ្យគេព្រមងាកមកមើលមុខរបស់នាងវិញ។
     « នាងមិនមែនជា រ៉ូជីន ទេ ឆាប់ចេញឲ្យឆ្ងាយពីខ្ញុំទៅ » គេចាប់ដៃនាងចេញពីមុខរបស់គេហើយក៏ក្រោកឈរឡើងដើរចេញពីនាងដោយអារម្មណ៍មួរម៉ៅជាមួយនាង។
     « ខ្ញុំចេញក៏បាន ប៉ុន្តែខ្ញុំឆ្ងល់ណាស់ថាស្រីម្នាក់ឈ្មោះ រ៉ូជីន នោះល្អប៉ុណ្ណា ទើបទាំងលោកនិងគេសុទ្ធឈ្លក់វង្វេងជាមួយនាង »
     « នាងដឹងត្រឹមតែថានាងមិនអាចជំនួយ រ៉ូជីន បានទៅទោះនាងមានមុខដូច រ៉ូជីន ពេលនេះ តែនាងខុសពី រ៉ូជីន ទាំងស្រុង » គីរ៉ាន់ ឈរជ្រែងខោប៉ៅមាត់បង្អួចពោលឡើងធ្វើឲ្យ រ៉ូជីន ក្លែងក្លាយអន់ចិត្តរហ័សចាកចេញពីបន្ទប់របស់គេទៅបាត់។
             រងចាំភាគបន្ត
    

    
   
    

   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now