ភាគ១២

131 5 0
                                    

“ ការចាកចេញដ៏ឈឺចាប់ ”

    ក្រោមតំណក់ព្រិលក្រាស់ធ្លាក់ក្រាលពេញលើផ្ទៃដីបានប្រែពិភពលោកទាំងមូលឲ្យអាប់អួលនិងត្រជាក់ក្រៃលែង បេះដូងមាំដែលពោលពេញដោយក្តីសង្ឃឹមកាលពីម្សិលមិញ ពេលនេះបែរជានៅសល់តែភាពឈឺខ្លោចផ្សាទៅវិញ កែវភ្នែកក្រហមដក់ជាប់ភាពឈឺចាប់សម្លឹងមើលពិភពលោកដ៏ធំធេងមើលអ្វីមិនឃើញក្រៅពីព្រិលដែលធ្លាក់រសាត់តាមខ្យល់ធ្វើឲ្យភ្នែករបស់គេប្រែជាស្រវាំងមើលឃើញរូបរាងនារីដែលខ្លួនស្រលាញ់លេចចេញមកចំពោះមុខរបស់គេ។ នាងញញឹមដាក់គេយ៉ាងស្រស់ស្អាតហើយរត់កាត់ព្រិលចេញទៅដោយភាពរីករាយ ប៉ុន្តែហេតុអ្វីបេះដូងរបស់គេបែរជាឈឺចាប់យ៉ាងនេះ។
    « កុំទៅ...កុំទៅចោលបងអី ហ៊ឹក! រ៉ូជីន ត្រឡប់មកវិញមក បងសុំអង្វរ ហ៊ឺ » រ៉េន ប្រឹងលើកដៃឈោងរកនាង បបូរមាត់ស្លេកស្លាំងប្រឹងហៅនាងឲ្យត្រឡប់មកវិញទាំងទឹកភ្នែកហូររហាមមិនអាចទប់ជាប់ ប៉ុន្តែទោះគេប្រឹងឈោងទៅរកនាងរហូតខ្លួនគេធ្លាក់ពីរទេះលុតជង្គង់នៅលើគំនរព្រិលត្រជាក់ដ៏ឆ្អឹងក៏នាងមិនព្រមរត់ត្រឡប់មករកគេវិញដែរ។
    “ អូនដល់ពេលត្រូវទៅហើយ ចាប់ពីពេលនេះទៅបងត្រូវតែចេះថែរក្សាខ្លួន ត្រូវរស់នៅដោយក្តីរីករាយដឹងទេ កុំរឹងចចេសហើយធ្វើបាបខ្លួនឯងបែបនេះទៀត  ” នាងនិយាយផ្តាំគេជាលើកចុងក្រោយដោយស្នាមញញឹមជាប់ផ្ទៃមុខយ៉ាងស្រស់ស្អាត បានបន្តិចរូបរាងដ៏ស្រស់ស្អាតរបស់នាងក៏រលាយទៅជាផ្សែងរសាត់ទៅតាមអាប់បាត់រូបរាង។
    « រ៉ូជីន...ហ៊ឹក...កុំ...កុំទៅចោលបងអី! » រ៉េន ស្ទុះភ្ញាក់ពីដំណេកទាំងលើកដៃស្រវ៉ាឱបខ្យល់ដោយក្តីឈឺចាប់។ តំណក់ទឹកថ្លាស្រក់ចុះមកលើថ្ពាល់ពេលក្រឡេកទៅឃើញរូបថតមួយរបស់នាងនិងគេដែលដាក់ផ្អែកថូដាក់ផ្កាពណ៌សសម្រាប់កាន់ទុក្ខឲ្យនាង។
    “ បើអាចអូនចង់ជួបបងម្តងទៀតមុនពេលចាកចេញទៅ អូនមានពាក្យច្រើនណាស់ដែលចង់និយាយប្រាប់បង តែប្រហែលអូនគ្មានឱកាសបាននិយាយទេ រ៉េមី ថ័ររ៉េស ” អក្សរប៉ុន្មានបន្ទាត់ចុងក្រោយដែលនាងបានបន្សល់ទុកនៅលើខ្នងរូបថតធ្វើឲ្យគេនឹកនាងកាន់តែខ្លាំងឡើយ ចាប់ពេលថ្ងៃនេះទៅគេមិនអាចជួបនាងម្តងទៀតទេ មិនអាចស្តាប់សំឡេងដល់ពិរោះរបស់នាងហើយក៏មិនអាចឃើញស្នាមញញឹមដ៏ស្រស់ស្អាតមួយនេះដោយផ្ទាល់ភ្នែកបានម្តងទៀតដែរ ។
    « ហ៊ឹក...! រ៉ូ...ជីន! » រ៉េន ប្រឹងទប់សំឡេងយំឡើងញ័រខ្លួនទទ្រើក ដៃមាំប្រឹងឈោងយឺតទៅយករូបថតនៅក្បែរថូផ្កាមាត់បង្អួតមកឱបជាប់ដើមទ្រូងស្រែកទ្រហោយំម្នាក់ឯងយ៉ាងខ្លោចចិត្ត។
   
    “ អូនមិនដែលឈប់ស្រលាញ់បងទេ រ៉េន ហើយអូនក៏មិនដែលគិតថានឹងចង់ចាកចេញពីបងដែរ ការសម្រេចចិត្តចាកចេញពីបងនៅថ្ងៃនោះធ្វើឲ្យស្តាយក្រោយខ្លាំងណាស់ដឹងទេ បើអាចត្រឡប់ពេលវេលាបានអូននឹងមិនចាកចេញពីបងទេ អូនចង់ចម្ងាយពេលវេលាចុងក្រោយរបស់អូនជាមួយបង ប៉ុន្តែគ្រប់យ៉ាងហួសពេលទៅហើយ អូនសុំទោស រ៉េន ”
    “ ហ៊ឹក...បងមិនដែលបន្ទោសអូនទេ រ៉ូជីន ” រ៉េន ប្រឹងចាប់ប្រអប់ដៃត្រជាក់ស្រឹបរបស់នាងយ៉ាងណែន ដូចជាខ្លាចនាងចាកចេញទៅចោលគេ ហេតុអ្វីយូហើយគេមិនដឹងថានាងនៅទីនេះ? ហេតុអ្វីគេទើបតែដឹងនៅពេលនេះ? បើគេដឹងលឿនជាងនេះបន្តិច គេច្បាស់ជាមិនបណ្តោយឲ្យនាងចាកចេញពីគេបានឡើយ។
    រ៉ូជីន ងាកទៅសម្លឹងមាត់បង្អួចដែលព្រិលដំបូងទើបតែឆាប់ធ្លាក់ចុះមកយ៉ាងស្រស់ស្អាត។
    “ បងនៅចាំថ្ងៃដែលពួកយើងជួបគ្នាដំបូងបានទេ ពេលនោះក៏ជាថ្ងៃព្រិលធ្លាក់ដំបូងដូចពេលនេះដែរ បងបានប្រាប់អូនថាបើយើងចំណាយពេលនៅជាមួយមនុស្សដែលយើងស្រលាញ់នៅថ្ងៃព្រិលធ្លាក់ដំបូង ស្នេហារបស់ពួកយើងនឹងបានសម្រេច យើងនឹងបានរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ប៉ុន្តែពេលនេះ...ហ៊ឹក! ” តំណក់ទឹកថ្លាជ្រាបចេញតាមចុងភ្នែករបស់ រ៉ូជីន យ៉ាងឈឺចាប់ ព្រោះនាងនិងរ៉េន មិនបាននៅជាមួយគ្នាដល់ចាស់កោងខ្នងដូចពាក្យដែលមនុស្សគ្រប់គ្នាតែងតែជឿទេ ថ្ងៃដំបូងដែលនាងបានជួបគេក៏ជាថ្ងៃធ្លាក់ព្រិលដំបូងហើយថ្ងៃដែលនាងចាកចេញពីគេក៏ជាថ្ងៃនេះដូចគ្នា។
    “ បងនៅចាំគ្រប់យ៉ាងបានច្បាស់ណាស់ ហ៊ឺ! ថ្ងៃនោះអូនស្លៀកខោខាវប៊យពាក់អាវយឺតពណ៌សនិងមានអាវដៃវែងសាច់ទន់ពីខាងក្រៅ ទោះអូនស្លៀកសាមញ្ញធម្មតាតែអូនពិតជាស្រស់ស្អាតលើសនារីដទៃឯទៀត កាលនោះសក់អូននៅខ្លីត្រឹមកនៅឡើយតែស្នាមញញឹមរបស់អូនពិតជាស្រស់ស្អាតលើសអ្វីទាំងអស់ ពេលវេលាកន្លងមកដែលបងបានចំណាយជាមួយអូន បងមិនដែលភ្លេចសូម្បីតែបន្តិច ”
    “ ចាប់ពីពេលនេះទៅបងមិនបាច់ចាំរឿងរ៉ាវទាំងអស់នោះទៀតទេ បំភ្លេចគ្រប់យ៉ាងចោលឲ្យអស់ហើយចាប់ផ្តើមរស់នៅជីវិតថ្មីមួយឲ្យល្អប្រសើរជាងនេះ កុំរស់នៅជាមួយភាពឈឺចាប់ឲ្យសោះ ព្រោះអូនមិនចង់ឃើញបងរស់នៅដោយភាពឈឺចាប់ទេ ”
    “ បងនឹងរស់នៅឲ្យរីករាយ បងនឹងមិនឈឺចាប់ទេ ហ៊ឺ! ” រ៉េន លើកដៃជូតទឹកភ្នែកចេញយ៉ាងលឿនដូចក្មេងស្តាប់បង្គាប់ហើយប្រឹងញញឹមទាំងកែវភ្នែករលីងរលោងដាក់ រ៉ូជីន។
    រ៉ូជីន ឃើញគេស្តាប់បង្គាប់នាងបែបនេះ នាងក៏ញញឹមដោយគ្មានការសោកស្តាយដាក់គេវិញ ឃើញគេអាចញញឹមបានបែបនេះនាងអាចទៅដោយស្ងប់ចិត្តបានហើយ។
    “ រ៉េន...អូនស្រលាញ់បង អូន...លាហើយ! ”
    ដុក!
    ប្រអប់ដៃស្រឡូនធ្លាក់របូតចេញពីដៃរបស់ រ៉េន ទាំងមុខរបស់នាងនៅញញឹមស្រស់ដាក់គេនៅឡើយ។
    “ រ៉ូ...ជីន ហ៊ឹក! ” រ៉េន ជ្រប់មុខចុះប្រឹងទប់សំឡេងយំឡើងញ័រខ្លួនទទ្រើក ព្រោះតែនាងមិនចង់ឃើញគេយំទើបគេមិនហ៊ានយំឲ្យលឺចេញមក តែបេះដូងរបស់គេឈឺចាប់ឡើងខ្ទេចខ្ទីអស់ទៅហើយ ហេតុអ្វីក៏នាងចាកចេញទៅលឿនដល់ថ្នាក់នេះ? គេនៅមិនទាន់ត្រៀមចិត្តថានឹងបាត់បង់នាងនៅឡើយ គេកំពុងតែខំធ្វើចលនាជើងដើម្បីអាចដើរឡើងវិញបាន នាងមិនអាចចាំរហូតដល់ពេលគេអាចដើរឡើងវិញសិនទេ គេចង់ឈរនៅចំពោះនាងម្តងទៀត ហេតុអ្វីមិនអាច?។
   
    រ៉េន អង្គុយលើរទេះមុខជញ្ជាំងកញ្ចក់ធំល្វឹងល្វើយរបស់មន្ទីរពេទ្យទាំងទឹកមុខសោកសៅរាងកាយនៅធ្មឹងមួយកន្លែងដូចមនុស្សគ្មានវិញ្ញាណ កែវភ្នែកពេញដោយភាពឈឺចាប់សម្លឹងទៅគ្រាប់ព្រិលដែលធ្លាក់នៅខាងក្រៅយ៉ាងស្ងប់ស្ងាត់ កែវភ្នែកដែលធ្លាប់តែរឹងបែរជាដក់ជាប់ទៅដោយទឹកភ្នែកគ្រប់ពេល បេះដូងដែលធ្លាប់តែពេញទៅដោយក្តីសង្ឃឹមប៉ុន្តែពេលនេះបែរជាមិនសល់ក្តីសង្ឃឹមសូម្បីតែមួយភាគរយ នារីដែលធ្វើឲ្យគេចង់ក្រោកឈរពីរទេះមួយនេះម្តងទៀតបានចាកចេញទៅហើយ តើឲ្យគេប្រឹងក្រោកឈរធ្វើអ្វីទៀតទៅ? ពិភពលោកដ៏ធំធេងមួយនេះបែរជាគ្មានហេតុផលអ្វីសោះសម្រាប់ជីវិតរបស់គេ គ្មាននាងពិភពលោកមួយនេះក៏ប្រែជាវាលលំហរដែលស្ងប់ស្ងាត់បំផុតធ្វើឲ្យគេមានអារម្មណ៍ឯកាមិនចង់រស់នៅលើវាលលំហរដែលគ្មានទិសដៅត្រូវទៅមួយនេះទៀតទេ។
    ពឹប!
    កន្សែងទន់ៗយ៉ាងកក់ក្តៅគ្របមកលើរាងកាយមាំត្រជាក់ស្រឹបធ្វើឲ្យអ្នកដែលទទួលបានភាពកក់ក្តៅលើខ្លួនរហ័សងាកទៅរកម្ចាស់កន្សែងមួយរំព្រិច។
    ប្រូស!
    ប្រអប់ដៃមាំចាប់ទាញកន្សែងដែលកក់ក្តៅចេញពីដងខ្លួនគប់ចំកណ្តាលមុខរបស់អ្នកដែលគ្មានភាពខ្មាស់អៀន ធ្វើរឿងអាត្មានិយមដាក់គេនិងរ៉ូជីនហើយ នាងនៅមានមុខមកសម្តែងធ្វើជាបារម្ភពីគេទៀត គេគ្មានថ្ងៃចិត្តទន់ឲ្យនាងចូលមកក្បែរគេម្តងទៀតបានឡើយ ។
    « ចេញឲ្យឆ្ងាយពីខ្ញុំ! »
    គេគំហកដេញនាងចេញដោយភាពគំរោះគំរើយមិនខុសពីសំឡេងដែលប្រើជាមួយសត្វធាតុ។
    « ខ្ញុំសុំទោស! » ណាប៊ី ឱនមុខចុះសុំទោសទៅកាន់ រ៉េន ដោយអារម្មណ៍ខុសជាពន់ពេក ។
    « សុំទោសហើយខ្ញុំអាចបានជួប រ៉ូជីន ម្តងទៀតដែរទេ? នាងជាមនុស្សអាត្មានិយមគួរឲ្យស្អប់បំផុត ណាប៊ី ខ្ញុំគ្មានថ្ងៃអភិទោសឲ្យនាង » គេគ្រឺតធ្មេញស្តីបន្ទោសនាងដោយកែវភ្នែកខឹងស្អប់។
    « រ៉េ...! »
    « ចេញឲ្យឆ្ងាយពីខ្ញុំទៅ! កុំយកដៃស្មោកគ្រោករបស់នាងមកប៉ះដៃរបស់ខ្ញុំ »
    គេរហ័សរុញរទេះថយក្រោយ ពេលនាងបម្រុងចូលមកជិតគេនិងប៉ះគេដូចរាល់ដង ឃើញកាយវិការស្អប់ខ្ពើមរបស់ រ៉េន ហើយ ណាប៊ី ក៏ព្រមឈប់ជើងមួយកន្លែងទាំងក្តីឈឺចាប់។ ពិបាកខ្លាំងប៉ុណ្ណា ទើបនាងមានឱកាសបានជួបគេម្តងទៀត ពិបាកខ្លាំងប៉ុណ្ណា ទម្រាំមានថ្ងៃដែលនាងអាចចូលមកជិតគេបាន ប៉ុន្តែអ្វីៗក៏កំពុងតែបាត់បង់ទៅវិញនៅថ្ងៃនេះហើយ ក្តីសុខដែលសុំត្រឹមដែលនៅក្បែរៗគេចាំមើលថែគេក៏គ្រប់គ្រាន់ មិនដែលគិតចង់ឲ្យគេមកស្រលាញ់ខ្លួនវិញនៅពេលនេះកំពុងតែរលាយបាត់នៅចំពោះមុខរបស់នាង ព្រោះគេនឹងគ្មានថ្ងៃផ្តល់ឱកាសឲ្យនាងចូលទៅជិតគេម្តងទៀតទេ។
    «...»
    « នាងថ្លង់មែនទេ? ខ្ញុំប្រាប់ថាឲ្យចេញឲ្យឆ្ងាយពីខ្ញុំទៅ ទៅៗទៅឲ្យកាន់តែឆ្ងាយកាន់តែល្អ មិនបាច់លេចមុខមកឲ្យខ្ញុំឃើញអស់មួយជីវិតក៏រឹតតែល្អ »
    ណាប៊ី បែរខ្នងដើរចេញទាំងទឹកភ្នែកស្រក់ចុះមកដូចទឹកបាក់ទំនប់ព្រោះសំឡេងស្រែកគំហកដេញនាងដូចសត្វធាតុពិខាងក្រោយខ្នងរបស់គេ ធ្វើឲ្យនាងឈឺចាប់ជិតផុតដង្ហើមទៅហើយ។ គេប្រហែលជាស្អប់នាងខ្លាំងណាស់ហើយ ទើបដេញនាងមិនឈប់បែបនេះ បើគេមិនចង់ជួបមុខនាងទៅហើយនាងក៏មិនលេចមុខឲ្យគេឃើញទៀតដែរ តែទោះយ៉ាងណាក៏នាងមិនអាចចេញឆ្ងាយពីគេបានដែរ នាងប្រហែលបានត្រឹមឈរមើលគេពីចម្ងាយដូចពីមុន។
   
    ណាប៊ី ដើរចេញមកដល់ច្រកមួយទៀតក៏បានជួបនឹងអ្នកស្រី ដាលីន ដែលនៅឈរឱបដៃដូចជាកំពុងរងចាំនាង។
    « នេះលុយរង្វាន់របស់នាងសម្រាប់ការមិនប្រាប់ រ៉េន ពីរឿងរបស់ រ៉ូជីន ប៉ុន្មានថ្ងៃមកនេះ » អ្នកស្រី ដាលីន នៅតែឲ្យលុយទៅ ណាប៊ី ទោះដឹងថានាងនឹងបដិសេធក៏ដោយ ព្រោះនាងបានដឹងអាថ៍កំបាំងរបស់ ណាប៊ី ដែលព្យាយាមលាក់បាំងពី រ៉េន ទើបនាងដឹងថា ណាប៊ី កំពុងត្រូវការលុយជាច្រើន។
    « ខ្ញុំមិនត្រូវការលុយរបស់អ្នកស្រីទេ ហើយខ្ញុំក៏មិនមានចេតនាចង់លាក់រឿងរបស់ រ៉ូជីន ជាមួយ រ៉េន រហូតដល់ទីបញ្ចប់ដែរ » ណាប៊ី បដិសេធមិនទទួលលុយរបស់អ្នកស្រី ដាលីន ដូចដើម។
    « ទុកថាសំណាងរបស់នាងល្អដែល រ៉េន ចៃដន្យទៅបានជួប រ៉ូជីន ដោយខ្លួនឯង បើមិនអ៊ីចឹងទេពេលនេះរឿងដែលនាងព្យាយាមកុហកបោកប្រាស់ រ៉េន កន្លងមកត្រូវលឺទៅដល់ត្រចៀកគេបាត់ទៅហើយ កូនប្រុសរបស់ខ្ញុំគេស្អប់មនុស្សកុហកបោកប្រាស់ខ្លាំងណាស់ដឹងទេ បើគេដឹងថានាងកុហកបោកប្រាស់គេនោះ គេច្បាស់ជាស្អប់នាងលើសនេះមួយពាន់ដង ដូច្នេះយល់ល្អនាងគួរតែចេញឲ្យឆ្ងាយពីកូនប្រុសរបស់ខ្ញុំនៅពេលនេះទៅ » អ្នកស្រី ដាលីន និយាយចប់ក៏ដើរចេញទៅ ទុកឲ្យ ណាប៊ី នៅឈរពិចារណាពីសម្តីរបស់នាងដែលនិយាយទាំងប៉ុន្មានមុននេះតែម្នាក់ឯង។
    « បើគេបានដឹងរឿងមួយនោះ តើគេនឹងស្អប់ខ្ញុំមួយពាន់ដងដូចពាក្យសម្តីរបស់អ្នកម៉ាក់របស់គេដែរទេ? » សំណួរគ្មានចម្លើយ អ្វីដែលនាងទទួលបានពីសំណួរមួយនេះគ្មានអ្វីក្រៅពីភាពឈឺចាប់ស្ទើរស្លាប់នៅត្រង់ដើមទ្រូងខាងឆ្វេង រហូតនាងត្រូវលើកដៃទៅខ្ញាំក្រណាត់អាវពេទ្យពណ៌សត្រង់កន្លែងគ្មានប៉ាក់ឈ្មោះគ្រូពេទ្យរបស់នាងយ៉ាងណែនស្ទើរតែធ្វើឲ្យក្រណាត់អាវត្រង់នោះដាច់រហែកចេញពីគ្នា។
             រងចាំភាគបន្ត
  
   
   
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now