“ ភស្តុតាងសំខាន់ ”
ត្របកភ្នែកពីរជាន់បើកឡើងម្តងទៀតបន្ទាប់ពីចំណាយពេលគេងអស់មួយយប់មួយថ្ងៃ។
« ឯងដឹងខ្លួនហើយមែនទេ? » ហារ៉ា ដែលអង្គុយនៅក្បែរគ្រែរហ័សក្រោកឈរសួរអ្នកដែលទើបតែដឹងខ្លួនឡើង។
« ខ្ញុំសន្លប់ទៀតហើយមែនទេ? »
« ឯងសន្លប់នៅតាមផ្លូវពេលត្រឡប់មកផ្ទះម្សិលមិញ ខ្ញុំបារម្ភខ្លាំងណាស់ដឹងទេ? » ហារ៉ា និយាយទាំងចង់យំព្រោះនាងពិតជាបារម្ភពី ណាប៊ី ខ្លាំងណាស់ ជាពិសេសឃើញ ណាប៊ី មិនដឹងខ្លួនយូយ៉ាងនេះ នាងពិតជាបន្ទោសខ្លួនឯងដែលនាំ ណាប៊ី ចេញទៅខាងក្រៅ។
« តើខ្ញុំគេងយូប៉ុណ្ណាហើយ? » ណាប៊ី ក្រោកអង្គុយចោលភ្នែកទៅមាត់បង្អួចឃើញថានៅខាងក្រៅមាឃងងឹតជិតយប់ទៅហើយ ទើបនាងចង់ដឹងថាខ្លួនឯងគេងយូប៉ុណ្ណាហើយ។
« គឺឯងគេងមួយយប់មួយថ្ងៃហើយ »
« ហើយចុះភស្តុតាង ពួកយើងមិនទាន់បានស៊ើបសួររកវីដេអូពីកាំមេរ៉ាសុវត្ថិភាពជិតមន្ទីរពេទ្យទេ » ណាប៊ី បម្រុងចុះពីលើគ្រែពេលនឹកឃើញដល់រឿងតាមរកភស្តុតាង។
« ឈប់សិន ឯងមិនអាចទៅបានទេ ឆាប់សម្រាកវិញទៅ »
« មិនបានទេ ខ្ញុំមិនអាចគេងទៀតបានទេ ខ្ញុំមានពេលមិនច្រើនទេ ខ្ញុំត្រូវរកភស្តុតាងមកឲ្យបាន »
« ឯងកុំបារម្ភអី ខ្ញុំបានឲ្យគេទៅជួយរកជំនួយហើយ »
« អ្នកណា? អាចទុកចិត្តបានទេ? »
« អាចទុកចិត្តបាន គេជាមិត្តជិតស្និទ្ធរបស់ខ្ញុំ...តែថាឯងឃ្លានហើយឬនៅ? ចាំខ្ញុំទៅយកបបរមកឲ្យ » ហារ៉ា ឆ្លើយតបជាមួយ ណាប៊ី ទាំងមិនហ៊ានមើលមុខរបស់នាងចំហើយថែមរហ័សបង្វែលរឿងមិនឲ្យ ណាប៊ី ចាប់បានថានាងកុហកថែមទៀត។ ណាប៊ី មានអារម្មណ៍ចម្លែក ប៉ុន្តែក៏មិនសង្ស័យច្រើន ទើបព្រមស្តាប់តាម ហារ៉ា ។រ៉េន កំពុងដើរញាប់ជើងសំដៅទៅបន្ទប់មួយនៅក្នុងអគារដែលនៅជិតនឹងមន្ទីរពេទ្យបំផុត។ គេបានទទួលព័ត៌មានលម្អិតពី ហារ៉ា កាលពីយប់ម្សិលមិញ ហើយគេក៏ធ្វើការស៊ើបសួរពីកាំមេរ៉ាសុវត្ថិភាពជិតៗមន្ទីរពេទ្យគ្រប់កន្លែងហើយនេះជាកន្លែងចុងក្រោយហើយ។
តុក! តុក!
ក្រាក!
« លោកជាអ្នកណាដែរ? » ម្ចាស់បន្ទប់សួរ រ៉េន ដែលមកគោះទ្វាបន្ទប់ទាំងយប់។
« តើខ្ញុំអាចសុំរំខានលោកបន្តិចបានទេ? ប្រពន្ធរបស់ខ្ញុំកំពុងតែជួបរឿងអយុត្តិធម៌ត្រូវគេចោទប្រកាន់ តើលោកអាចជួយខ្ញុំដើម្បីរកយុត្តិធម៌ឲ្យប្រពន្ធរបស់ខ្ញុំបន្តិចបានទេ? »
« ខ្ញុំអាចរកយុត្តិធម៌ឲ្យប្រពន្ធលោកបានយ៉ាងម៉េចទៅ? បើលោកមកនិយាយផ្តេសផ្តាសនៅទីនេះទៀតខ្ញុំហៅសន្តិសុខឲ្យមកចាប់លោកចេញទៅខាងក្រៅហើយ » ម្ចាស់បន្ទប់ស្តីឲ្យ រ៉េន ហើយប្រុងបិទទ្វាបន្ទប់វិញ តែត្រូវដៃមាំចាប់ទ្វាជាប់ហើយគេក៏រហ័សសម្រុកចូលបន្ទប់ទាំងមិនទទួលបានការអនុញ្ញាតពីម្ចាស់បន្ទប់។
« លោកជាចោរមែនទេ? ខ្ញុំនឹងខលហៅប៉ូលីសពេលនេះ » ម្ចាស់បន្ទប់របស់រត់ទៅតាម រ៉េន ទាំងដៃចុចខលទៅលេខប៉ូលីស។
រ៉េន ចូលមកដល់ក្នុងបន្ទប់ធំទូលាយដែលមានកញ្ចក់នៅខាងក្រោយអាចមើលឃើញទេសភាពទីក្រុងយ៉ាងស្រស់ស្អាតនិងអាចមើលឃើញអគារមន្ទីរពេទ្យយ៉ាងច្បាស់ថែមទៀតផង បើមានកាំមេរ៉ាពីចំណុចនេះទៅច្បាស់ជាអាចថតបានសកម្មភាពដែល តូរីន សសៀរតាមជញ្ជាំងយ៉ាងច្បាស់ មិនត្រឹមតែប៉ុណ្ណោះក៏អាចឃើញសកម្មភាពដែល តូរីន ចាក់ថ្នាំលោកប៉ារបស់គេ។ រ៉េន ចោលភ្នែករកមើលកាំមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ដែលបែរទៅទីតាំងខាងអគារមន្ទីរពេទ្យ ហើយពិតជាមិនខុសបំណងមែនព្រោះពិតជាមានកាំមេរ៉ាមួយបែរមុខទៅខាងនោះពិតមែន។
« លោកប៉ូលីសពេលនេះមានចោរចូលផ្ទះរបស់ខ្ញុំ ទីតាំងនៅ...»
រ៉េន រហ័សចូលមកទាញយកទូរស័ព្ទដៃពីម្ចាស់បន្ទប់ហើយចុះបិទយ៉ាងលឿន។
« ខ្ញុំមិនមែនជាចោរទេ ខ្ញុំមកទីនេះគឺគ្រាន់តែចង់រកយុត្តិធម៌ឲ្យប្រពន្ធខ្ញុំតែប៉ុណ្ណោះ »
« លោកចង់រកយុត្តិធម៌ឲ្យប្រពន្ធលោកហើយពាក់ព័ន្ធអ្វីនឹងបន្ទប់របស់ខ្ញុំ ទើបលោកសម្រុកចូលបន្ទប់ខ្ញុំទាំងកណ្តាលយប់បែបនេះ »
« គឺព្រោះតែកាំមេរ៉ាសុវត្ថិភាពមួយនេះ » រ៉េន ចង្អុលទៅកាំមេរ៉ាសុវត្ថិភាពនៅជាប់ជញ្ជាំង ទើបម្ចាស់ផ្ទះដកដង្ហើមធំហើយយល់ព្រមឲ្យគេមើលអ្វីដែលគេចង់មើល។
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...