ភាគ២៥

120 5 0
                                    

“  ថ្ងៃមង្គលការ ”

    តាមផ្លូវត្រឡប់មកពីភូមិគ្រឹះ អ៊ីសាជី វិញ បន្ទាប់ពីបានជូនកាដូពិសេសជាចំណងដៃមង្គលដល់ប្អូនស្រីនិងប្អូនថ្លៃរួចរាល់ គីរ៉ាន់ ហាក់សប្បាយចិត្តខុសពីធម្មតា រហូតធ្វើឲ្យ តូរីន ទ្រាំមិនសួរមិនបាន។
    « ហេតុអ្វីចៅហ្វាយយកខ្សែកទៅឲ្យលោក រ៉េន វិញ? » តូរីន សម្លឹងមុខចៅហ្វាយតាមកញ្ចក់ឡានខាងមុខ គេងឿងឆ្ងល់ណាស់ ចៅហ្វាយនាយរបស់គេប្រឹងទៅយកខ្សែកមួយខ្សែនោះមកយ៉ាងលំបាក តែចុងក្រោយគ្រាន់តែយកខ្សែកមួយខ្សែនោះមកដាក់ក្នុងកាដូដើម្បីលេងសើចជាមួយអារម្មណ៍របស់ រ៉េននិងណាប៊ី តែប៉ុណ្ណឹង ម្យ៉ាងទៀតគេយល់ថារឿងដែលចៅហ្វាយនាយកំពុងធ្វើដូចជាមិនពាក់ព័ន្ធនឹងផែនការយកសម្ព័ន្ធ អ៊ីសាជី មកវិញសោះ។
    « យើងមានផែនការរបស់យើងហើយ ឯងចាំតែធ្វើតាមពាក្យយើងបញ្ជាទៅ មិនយូទេ អ៊ីសាជី នឹងត្រឡប់មកជារបស់យើងវិញ » គីរ៉ាន់ ក្តាប់ដៃយឺតៗដូចជាកំពុងតែចាប់ក្រសោបសម្ព័ន្ធ អ៊ីសាជី ទាំងមូលនៅក្នុងកណ្តាប់ដៃរបស់គេអញ្ចឹង។
   
    ថ្ងៃពិធីមង្គលការចូលមកដល់
   
    រាងក្រាស់ក្នុងឈុនកូនកំលោះយ៉ាងស្រស់សង្ហាឈរនៅមុខកញ្ចក់ក្នុងបន្ទប់រងចាំទាំងទឹកមុខក្រៀមក្រំមិនស្រស់បស់ ក្នុងដៃមានកាន់ជាប់នៃខ្សែកអតីតគូស្នេហ៍ដែលបានចែកឋានទៅប៉ុន្មានខែមុន គេស្ទើរតែអាចបំភ្លេចកាលឈឺចាប់នាពេលនោះបានទៅហើយ តែនៅសុខៗបេះដូងរបស់គេក៏ចាប់ផ្តើមឈឺចាប់និងអន្ទះសារឡើងវិញម្តងទៀត បើនាងអាចត្រឡប់មករកគេវិញពិតមែន គេសុខចិត្តលះបង់គ្រប់យ៉ាងដែលខ្លួនកំពុងធ្វើនៅពេលនេះហើយត្រឡប់ទៅរកនាងវិញ។
    « រ៉ូជីន អូនពិតជានៅមានជីវិតដែរទេ? » រ៉េន យកខ្សែកមកឱបជាប់ទ្រូងដែលកំពុងឈឺចុបចាប់យ៉ាងខ្លាំង ។
    ក្រាក!
    « កូនកំលោះដល់ម៉ោងចូលកម្មវិធីហើយ » អ្នករៀបចំកម្មវិធីចូលមកហៅ រ៉េន ទើប រ៉េន ដាក់ខ្សែកចូលខោប៉ៅហើយដើរចេញទៅតាមអ្នករៀបចំកម្មវិធី។
   
    កូនកំលោះតម្រូវឲ្យចូលមកក្នុងកម្មវិធីមុន ដើម្បីឈររងចាំកូនក្រមុំដែលនឹងចេញមកក្នុងពេលបន្តិចទៀតនេះ។ ផ្កាកុលាបពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតត្រូវប្រើជាពិសេសដើម្បីរៀបតុកតែងលំអរពេញក្នុងកម្មវិធីទាំងមូល សូម្បីតែហោប៉ៅអាវរបស់កូនកំលោះក៏មានសៀតផ្កាកុលាបពណ៌ផ្កាឈូកផងដែរ។
    ក្រាក!
    ទ្វាធំទូលាយបើកចំហរឡើងបង្ហាញរាងស្តើងក្នុងរ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាតដើរចេញមកដោយមានលោក យូនស៊ីន តំណាងឲ្យលោកប៉ាជាអ្នកដឹកដៃនាងមកប្រគល់ឲ្យកូនកម្លោះដែលឈររងចាំនាងនៅខាងមុខលោកអាចារ្យគ្រឹស្ត។ លោក យូនស៊ីន ដឹកដៃនាំ ណាប៊ី មកដល់ រ៉េន ទើបលោកចាប់ដៃអ្នកទាំងពីរឲ្យកាន់ដៃគ្នា នៅមុខលោកអាចារ្យដែលត្រៀមធ្វើពិធី។
    « អ្នកនាង គីម ណាប៊ី តើអ្នកនាងពិតជាព្រមរស់នៅជាមួយលោក រ៉េមី ថ័ររ៉េស ក្នុងនាមជាប្តីប្រពន្ធរហូតដល់ចាស់កោងខ្នងទេ? »
    « ចាស » ណាប៊ី ឆ្លើយតបជាមួយលោក អាចារ្យ ទាំងឱនមុខចុះសម្លឹងដៃដែលកំពុងចាប់ដៃនាងណែន តែចិត្តរបស់គេបែរជាមិននៅជាមួយនាងទៅវិញ។
    « ចុះលោក រ៉េមី ថ័ររ៉េស វិញ តើលោកនឹងព្រមទទួលយកអ្នកនាង គីម ណាប៊ី ជាភរិយានិងមើលថែនាងរហូតដល់ចាស់កោងខ្នងដែរទេ? »
    រ៉េន ងាកមុខចេញពី ណាប៊ី ដោយទឹកមុខមិនសប្បាយចិត្ត គេស្ងាត់បន្តិចទើបព្រមឆ្លើយតបជាមួយសំណួររបស់លោកអាចារ្យជាមួយខ្យល់ដង្ហើមធំ។
    « បាទ »
    « ជាចុងក្រោយតើមានអ្នកណាប្រឆាំងនឹងមង្គលការមួយនេះទេ? បើគ្មានទេ សូមកំលោះកូនក្រមុំត្រៀមបំពាក់...»
    « ខ្ញុំប្រឆាំង!  »
    សំឡេងស្រួយស្រែកប្រឆាំងបន្លឺឡើងតាំងពីមាត់ទ្វាច្រកចូលកម្មវិធី ធ្វើឲ្យរ៉េននិងណាប៊ី ព្រមទាំងភ្ញៀវក្នុងកម្មវិធីនាំគ្នាចោទភ្នែករកមើលម្ចាស់សំឡេងគ្រប់ៗគ្នា ដោយភាពភ្ញាក់ផ្អើលជាទីបំផុត។
    ភាពស្រស់បំព្រងក្នុងកម្មវិធីមង្គលការរបស់ រ៉េននិងណាប៊ី ប្រែជាអាប់អួរមួយរំព្រិចពេលជើងស្រឡូនក្នុងស្បែកជើងកែវចោតពណ៌ខ្មៅជាគូនឹងរ៉ូបពណ៌ខ្មៅដែលនាងកំពុងពាក់ជាប់ដងខ្លួនស្រឡូន ដើម្បីមកចូលរួមកម្មវិធីមង្គលការតែនាងតុកតែងខ្លួនមិនឲ្យខុសពីចូលរួមកម្មវិធីបុណ្យសព។
    « ខ្ញុំប្រឆាំងនឹងពិធីមង្គលការមួយនេះ ព្រោះកូនកម្លោះម្នាក់នេះជាគូដណ្តឹងរបស់ខ្ញុំ » វីណា ដោះវ៉ែតតាខ្មៅចេញពីរង្វង់ដ៏ស្រស់ស្អាតព្រមទាំងបោះពាក្យសម្តីធ្វើឲ្យគ្រប់គ្នាក្នុងកម្មវិធីស្រឡាំងកាំង។
    « ហេតុអ្វីនាងមកទីនេះ? ឆាប់ចេញភ្លាម! » អ្នកស្រី ម៉ាដាលីន រហ័សចូលមកចាប់អូសដៃរបស់ វីណា ឲ្យចេញ តែក៏ត្រូវនាងរុញឲ្យទៅម្ខាង។
    « យ៉ាងម៉េចអ្នកស្រីខ្លាចរឿងថោកទាបរបស់គ្រួសារអ្នកស្រីត្រូវមនុស្សមួយប្រទេសដឹងមែនទេ? »
    « វីណា បានហើយ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងនាងទៀតទេ » រ៉េន ស្រែកប្រាប់ឲ្យ វីណា ឈប់បង្ករឿងនៅក្នុងកម្មវិធីតទៅទៀត។
    « មិនបានពាក់ព័ន្ធចឹងមែនទេ? អ្នកទាំងអស់គ្នាសាកមើលរូបថតទាំងនេះទៅ ខ្ញុំជាអ្នកទៅមើលថែគេ ពេលគេពិការជើងគេងនៅមន្ទីរពេទ្យតែម្នាក់ឯង ប៉ុន្តែចុងក្រោយគេក៏បោះបង់ខ្ញុំចោលហើយស្រវ៉ាស្រីថ្មីដែលជាអ្នកមាន គ្រួសារ ថ័ររ៉េស មិនបានថ្លៃថ្នូរដូចអ្នកទាំងអស់គ្នាគិតទេ ពួកគេក៏ជាពួកដែលមើលឃើញតែផលប្រយោជន៍និងទ្រព្យបែបនោះឯង » វីណា បើករូបថតដែលនាងបានថត រ៉េន កាលនាងទៅមើល រ៉េន នៅមន្ទីរពេទ្យឲ្យគ្រប់គ្នាមើល។
    « តើរឿងនេះវាបែបណាវិញទៅ? អ្នកនាងប្រធានគួរតែបញ្ជាក់ឲ្យច្បាស់ ព្រោះរឿងនេះអាចធ្វើឲ្យកេរ្តិ៍ឈ្មោះ អ៊ីសាជី ខូចខាតនិងប៉ះពាល់ដល់មុខជំនួញមួយចំនួនរបស់ពួកយើងបាន » អ្នកនៅក្នុងសម្ព័ន្ធ អ៊ីសាជី នាំគ្នាស្រែកសួរទៅកាន់ ណាប៊ី សូម្បីឲ្យនាងដោះស្រាយរឿងមួយនេះឲ្យបានដាច់ស្រេចមុនពេលមានព័ត៌មានលេចលឺទៅខាងក្រៅ សម្ព័ន្ធ អ៊ីសាជី មិនត្រូវការមនុស្សដែលមានប្រវត្តិមិនល្អចូលមកក្នុងសម្ព័ន្ធទេ ព្រោះនាំឲ្យកេរ្តិ៍ឈ្មោះសម្ព័ន្ធរងការខូចខាត ។
    « ស្តាប់ រ៉េននិងអ្នកម៉ាក់បកស្រាយសិនទៅ » ណាប៊ី ជឿជាក់ រ៉េននិងអ្នកស្រី ដាលីន ទើបផ្តល់ឪកាសឲ្យ រ៉េននិងអ្នកម៉ាក់គេជាអ្នកនិយាយគ្រប់យ៉ាង។
    « ខ្ញុំនិងនាងបានផ្ដាច់ពាក្យយូហើយ » រ៉េន តបខ្លីៗព្រោះគេពិតជាគ្មានអ្វីពាក់ព័ន្ធនឹងស្រីដែលចូលមកក្បែរគេដើម្បីតែលុយដូចជា វីណា មែន។
    « ឯណាភស្តុតាង? » វីណា សួររកភស្តុតាងពី រ៉េន។
    « ...» រ៉េន មិនមាត់ព្រោះគេគ្មានភស្តុតាងអ្វីមកបញ្ជាក់ទេ គេគ្រាន់តែដឹងថានាងជាអ្នកទៅចោលគេមុន។
    « គ្មានភស្តុតាងមានន័យថាលោកនិយាយកុហកហើយ លោកក្បត់ខ្ញុំ ធ្វើឲ្យគ្រួសារនិងខ្ញុំត្រូវខូចឈ្មោះ ត្រូវមនុស្សពេញប្រទេសនិយាយដើមថាជាស្រីដែលត្រូវគូដណ្ដឹងបោះបង់ចោលព្រោះតែគ្រួសារខ្ញុំក្រជាគ្រួសារប្រពន្ធថ្មីរបស់លោក ខ្ញុំនឹងមិនព្រមទទួលយកពាក្យមើលងាយបែបនេះទេ ដូច្នេះលោកត្រូវតែឈប់រៀបការជាមួយនាងក្នុងពេលនេះ »
    « ដាវីណា ម៉ាទ្រីស អ្នកនាងគ្រួសារដែលមានវង្សត្រកូលចំណាស់ត្រូវមនុស្សគ្រប់គ្នាកោតសរសើរពេញប្រទេសដូចជាគ្រួសាររបស់អ្នកនាង ប្រហែលខ្លាចបាត់បង់កេរ្តិ៍ព្រោះតែកូនស្រីត្រូវគូដណ្ដឹងបោះបង់ចោលណាស់ហើយ ប៉ុន្តែបើតាមខ្ញុំដឹងមកគ្រួសារដ៏ចំណាស់និងមានកេរ្តិ៍ឈ្មោះល្អរបស់នាង ដូចជានៅសល់តែសំបកឈ្មោះតែប៉ុណ្ណោះ » ណាប៊ី ដាច់ចិត្តលូកមាត់ចូលក្រោយឃើញថា រ៉េន ទប់ទល់ជាមួយស្រីពូកែសម្តែងធ្វើតួកំសត់ដូចជា វីណា មិនបានទេ។
    “ ណាប៊ី នាងបានដឹងរឿងអ្វីខ្លះរបស់គ្រួសារ ម៉ាទ្រីសទៅ? ” រ៉េន ងាកទៅសម្លឹងមុខស្រីក្រមុំដោយមានអារម្មណ៍ថាគេហាក់មិនទាន់ស្គាល់ ណាប៊ី ច្បាស់សោះ ព្រោះមើលទៅនាងបានដឹងរឿងមនុស្សជុំវិញខ្លួនច្រើនជាងគេទៅទៀត តើនាងជាមនុស្សឆ្លាតឬក៏ល្ងង់ឲ្យប្រាកដទៅ?។
    « នាងនិយាយនេះចង់មានន័យថាម៉េច? » វីណា ចាប់ផ្តើមភ័យ។
    « ខ្ញុំថាអ្នកនាងគួរតែដឹងរឿងមួយនេះច្បាស់ហើយ មិនចាំបាច់ឲ្យខ្ញុំរៀបរាប់នៅពីមុខគ្រប់គ្នាទេដឹង »
    « នាងដឹងរឿងអ្វីខ្លះរបស់គ្រួសារខ្ញុំ? » វីណា ប្រុងស្ទុះចូលទៅរក ណាប៊ី តែ រ៉េន ចេញមករេរាំងនាង។
   
    “ វីណា នាងនៅជាមួយ រ៉េនទេ? ”
    “ ហេតុអ្វីខ្ញុំត្រូវនៅជាមួយមនុស្សពិការនិងគ្មានអ្វីដូចជាគេនោះ? ចាប់ពីពេលនេះទៅកុំទាក់ទងមកខ្ញុំទៀត ខ្ញុំនឹងគេគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេ ខ្ញុំសុំផ្ដាច់ពាក្យជាមួយគេចាប់ពីវិនាទីនេះទៅ ”
    វីណា ឈរស្រឡាំងកាំងពេលសំឡេងសន្ទនារតាមទូរស័ព្ទដែលនាងបាននិយាយជាមួយអ្នកស្រី ដាលីន អំឡុងពេល រ៉េន បាត់ខ្លួនចេញពីមន្ទីរពេទ្យត្រូវចាក់នៅកណ្តាលកម្មវិធី។
    « សំណាងដែលថ្ងៃនោះខ្ញុំបានថតសំឡេងមួយនេះទុក កុំអីកេរ្តិ៍គ្រួសាររបស់ខ្ញុំត្រូវនាងបង្ខូចបានមិនខាតទេ » អ្នកស្រី ដាលីន លើកទូរស័ព្ទបង្ហាញ វីណា បង្ហាញថានាងជាអ្នកចាក់សំឡេងមុននេះ។
    « អ្នកនាងគួរតែចេញទៅនៅពេលនេះ មុនពេលរឿងអាម៉ាស់របស់គ្រួសារអ្នកនាងមួយទៀតត្រូវបានបញ្ចេញនៅទីនេះ »
    « ខ្ញុំមិនព្រមចាញ់ពួកឯងត្រឹមទេ គ្រប់យ៉ាងដែលពួកឯងធ្វើឲ្យខ្ញុំអាម៉ាស់នៅថ្ងៃនេះ ខ្ញុំនឹងយកពីពួកឯងនៅថ្ងៃណាមួយមិនខានទេ » វីណា ផ្ដាំផ្ញើរទៅកាន់ រ៉េននិងណាប៊ី ព្រមទាំងស្រី ដាលីន ហើយក៏ដើរចេញទៅទាំងអាម៉ាស់មុខជាទីបំផុត ព្រោះត្រឹមតែរឿងដែល រ៉េន មករៀបការជាមួយស្រីផ្សេងនាងក៏អាម៉ាស់មុខម្តងរួចទៅហើយ តែពេលនាងព្យាយាមមកលុបលាងភាពអាម៉ាស់ឲ្យខ្លួនឯងក៏ត្រូវអ្នកស្រី ដាលីន ធ្វើឲ្យខ្មាស់គេម្តងទៀត ថែមត្រូវ ណាប៊ី គំរាមនិយាយរឿងគ្រួសាររបស់នាង។
    បន្ទាប់ពី វីណា ចេញទៅបាត់កម្មវិធីហាក់មិនស្រស់បំព្រងដូចដើមសោះ ទោះគ្រប់យ៉ាងបានបកស្រាយច្បាស់ហើយក៏ដោយ ប៉ុន្តែគ្រប់គ្នានៅតែបារម្ភខ្លាចមានព័ត៌មានទាក់ទងនឹងរឿងនៅថ្ងៃនេះលេចចេញទៅខាងក្រៅធ្វើឲ្យប៉ះពាល់សម្ព័ន្ធ អ៊ីសាជី ដដែល ទើបគ្រប់គ្នានៅតែជជែកពីរឿងនេះមិនឈប់រហូត លោក យូនស៊ីន ចូលមកបង្វែររឿង។
    « ពួកយើងគួរតែបន្តកម្មវិធីទៀត ដល់ពេលបំពាក់ចិញ្ចៀនឲ្យគ្នាហើយ ឆាប់យកចិញ្ចៀនមក »
    រ៉េន យកចិញ្ចៀនមកបំពាក់ឲ្យ ណាប៊ី ហើយ ណាប៊ី ក៏យកចិញ្ចៀនបំពាក់ឲ្យ រ៉េន វិញដូចគ្នា ទោះកម្មវិធីត្រូវបានដំណើរការដ៏ទីបញ្ចប់ ប៉ុន្តែទឹកមុខម្នាក់ៗហាក់មិនស្រស់ស្រាយសោះ ចំណែកកូនក្រមុំកំលោះទាំងពីរនាក់ក៏គ្មានសុភមង្គលជាមួយថ្ងៃមង្គលដល់អាប់អួរមួយនេះដែរ គ្រប់យ៉ាងហាក់ធ្វើទៅដើម្បីតែបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
            រងចាំភាគបន្ត
   
   
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now