ភាគ០៣

164 7 0
                                    

“ មនុស្សរំខាន ”

  រាងក្រាស់អង្គុយលើរទេះនៅក្នុងសួនខាងក្រោយមន្ទីរពេទ្យដែលជាកន្លែងសម្រាប់ឲ្យអ្នកជំងឺអាចចេញមកស្រូបយកខ្យល់បរិសុទ្ធពីព្រៃភ្នំនិងទន្លេដ៏ធំល្វឹងល្វើយបាន។ ដោយសារតែទីនេះជាមន្ទីរពេទ្យនៅជាយក្រុងទើបជុំវិញគ្មានអ្វីក្រៅពីដើមឈើដែលមានស្លឹកប្រែជាពណ៌លឿងទុំអស់ព្រោះតែពេលនេះស្ថិតនៅក្នុងរដូវស្លឹកឈើជ្រុះ។ ប្រអប់ដៃមាំលើកទូរស័ព្ទដែលកាន់ជាប់ក្នុងដៃជាយូមកចុចមើលរូបចាស់ៗដែលគេបានថតជាមួយម្ចាស់ស្នេហ៍របស់គេ កាន់តែមើលធ្វើឲ្យគេកាន់តែនឹកដល់នាង ។
  « តើពេលនេះអូនសុខសប្បាយទេ រ៉ូជីន? បងចង់ទៅរកអូនខ្លាំងណាស់ តែបងសុំទោសដែលមិនអាចក្រោកឡើងដើរទៅរកអូនម្តងទៀតបាន » ដៃមាំអង្អែលមុខរបស់ស្រីក្រមុំដែលញញឹមស្រស់ដាក់គេនៅក្នុងទូរស័ព្ទ ស្នាមញញឹមរបស់នាងធ្វើឲ្យគេនឹកដល់នាងស្ទើរតែដាច់ខ្យល់ទៅហើយ គេចង់តែទៅរកនាងនៅពេលនេះ តែធ្វើយ៉ាងម៉េចទៅបើសូម្បីតែក្រោកឈរក៏គេធ្វើមិនបានផង។ រ៉េន ចុចប្តូរកម្មវិធីក្នុងទូរស័ព្ទសម្រេចចិត្តថានឹងខលទៅរកនាង ព្រោះគេទ្រាំនឹកនាងទៀតមិនបានទេ គេចង់និយាយជាមួយនាងចង់លឺសំឡេងរបស់នាងខ្លាំងណាស់ ទើបគេរហ័សខលទៅនាងភ្លាមៗ។
  តឺង!
  “ លេខទូរស័ព្ទនេះមិនអាចទាក់ទងបានទេនៅពេលនេះ សូមព្យាយាមម្តងទៀតនៅពេលក្រោយ ”
  រ៉េន ដកទូរស័ព្ទចេញពីត្រចៀកទាំងអស់សង្ឃឹម កែវភ្នែករលីងរលោងសម្លឹងទៅទឹកទន្លេដែលហូរមិនចេះហត់ ហូរទៅហើយមិនត្រឡប់ក្រោយ មិនខុសអ្វីពី រ៉ូជីន ដែលចាកចេញពីគេហើយមិនត្រឡប់មករកគេវិញជារៀងរហូត។
  “ បើនាងស្រលាញ់ឯងពិតមែន? ហេតុអ្វីនាងយកលុយរបស់ម៉ាក់ហើយយល់ព្រមចេញទៅរស់នៅឆ្ងាយពីទីនេះហា៎? ” សម្តីរបស់អ្នកស្រី ម៉ាដាលីន នាថ្ងៃមុនលាន់លឺពេញត្រចៀករបស់គេធ្វើឲ្យបេះដូងរបស់គេឈឺចុកចាប់ជាងគេយកកាំបិតមកចាក់ទៅទៀត តើ រ៉ូជីន ពិតជាមិនបានស្រលាញ់គេមែនដែរទេ? តើគ្រប់យ៉ាងកន្លងមកគ្រាន់តែជាការបោកប្រាស់ពិតមែនទេ? ។
  « រ៉ូជីន តើអូនធ្លាប់ស្រលាញ់បងដែរទេ? » សំណួរគ្មានចម្លើយរឹតតែធ្វើឲ្យបេះដូងរបស់គេពេញដោយទុក្ខកង្វល់មិនអាចដោះស្រាយបាន។ រ៉េន លើកទូរស័ព្ទមកចុចចូលបណ្តាញសង្គមដែលគេមិនបានចូលលេងជិតមួយសប្តាហ៍ទៅហើយចាប់តាំងពីគេជួបគ្រោះថ្នាក់មក ។
   ព័ត៌មានទំព័រមុខដែលគេបានឃើញមុនគេគឺព័ត៌មានគ្រោះថ្នាក់របស់គេ តែត្រូវលោកប៉ានិងអ្នកម៉ាក់របស់គេចេញមុខបដិសេធថាជាពាក្យចាមអារ៉ាមផ្តេសផ្តាស។ គេមិនប្លែកចិត្តទេព្រោះលោកប៉ានិងអ្នកម៉ាក់របស់គេតែងតែធ្វើបែបនេះរាល់ដងព្រោះតែខ្លាចខូចកេរ្តិ៍របស់គ្រួសារ ថ័ររ៉េស ហើយក៏ខ្លាចធ្វើឲ្យមុខជំនួញមានបញ្ហាផងដែរ ហើយនេះក៏ជាមូលហេតុចម្បងដែលអ្នកម៉ាក់និងលោកប៉ាបញ្ចូលគេឲ្យមកព្យាបាលនៅមន្ទីរពេទ្យដាច់ស្រយាលដើម្បីការពារមិនឲ្យបែកធ្លាយព័ត៌មានម្តងទៀត។
   « រ៉ូជីន! » រ៉េន ស្រែកហៅឈ្មោះម្ចាស់ស្នេហ៍ដោយភាពតក់ស្លុត ភ្នែកបើកឡើងប៉ុនៗពងមាន់ក្រោយបានឃើញរូបភាពដែល រ៉ូជីន បង្ហោះក្នុងបណ្តាញសង្គមហើយ។
   ដុក!
   បេះដូងរបស់គេធ្លាក់ទៅដល់ដីក្រោយបានឃើញច្បាស់នឹងភ្នែកថានារីដែលគេស្រលាញ់ស្ទើរលេបនិងជឿជាក់ថានាងក៏ស្រលាញ់គេមិនខុសពីគេដែលស្រលាញ់នាងកន្លងមក បែរជាផុសរូបជាមួយមិត្តប្រុសរបស់នាងដាក់ថាអបអរខួបមួយឆ្នាំដែលនាងនិងបុរសក្នុងរូបបានទាក់ទងគ្នា ទាំងដែលនាងនិងគេទើបតែបែកគ្នាមួយសប្តាហ៍ តាមពិតនាងបានក្បត់គេយូមកហើយ គេតែម្នាក់ដែលល្ងង់ជឿថានាងស្រលាញ់គេស្មោះរហូតមក បេះដូងរបស់គេត្រូវប្រេះបែកជាបំណែកព្រោះតែការជាន់ឈ្លីរបស់នាង។
   « ហេតុអ្វីទៅជាបែបនេះ? អ្ហា...! »
   ដុក!
   រ៉េន គប់ទូរស័ព្ទចោលទៅលើស្លឹកឈើងាប់នៅលើដីដោយកំហឹងលាយឡំការឈឺចិត្តដែលត្រូវនារីដែលគេស្រលាញ់ទុកចិត្តកន្លងមកបានបោកប្រាស់គេ ថ្ងៃនេះនាងធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងពិតជាល្ងង់ខ្លាំងណាស់។
   « ហេតុអ្វីអូនធ្វើបែបនេះចំពោះបង រ៉ូជីន? ហេតុអ្វីទៅ? អ្ហា! » រ៉េន ជ្រោងសក់ក្បាលឲ្យប្រែជារញេរញៃ ក្បាលរបស់គេឈឺស្ទើរតែផ្ទុះទៅហើយព្រោះតែរូបភាពអនុស្សាវរីយ៍រវាងគេនិងនាងកន្លងមកទាំងប៉ុណ្ណាលេចមកក្នុងការចងចាំរបស់គេធ្វើឲ្យគេមានអារម្មណ៍ថាគ្រប់យ៉ាងទាំងអស់នោះទើបតែកើតឡើងកាលពីម្សិលមិញ អារម្មណ៍ដ៏មានក្តីសុខនិងរីករាយគ្រប់ពេលបាននៅជាមួយនាងគេនៅចាំបានច្បាស់ខ្លាំងណាស់ តើគ្រប់យ៉ាងដែលគេកំពុងចងចាំនេះគ្រាន់ជាការបោកបញ្ឆោតតែប៉ុណ្ណោះមែនទេ?។
   “ អូនស្រលាញ់បង...អូនស្រលាញ់បង រ៉េន!
   « អ្ហា...ចេញទៅ! ខ្ញុំមិនចង់លឺពាក្យកុហករបស់នាងទេ » រ៉េន លើកដៃទប់ត្រចៀករបស់ខ្លួនឯងជ្រប់មុខចុះដោយក្តីឈឺចាប់ ដំណក់ទឹកថ្លាដល់មានតម្លៃរបស់មនុស្សប្រុសស្រល់ចុះមកលើជើងរបស់ខ្លួនឯងទាំងមិនដឹងខ្លួន។
   ចៃដន្យ ណាប៊ី ដើរឆ្លងកាត់បានឃើញភាពមិនប្រក្រតីរបស់ រ៉េន ទើបនាងរហ័សរត់ចូលមករកគេ។
   « លោក...តើលោកឈឺត្រង់ណា? » ណាប៊ី ឱនចាប់ស្មាទូលាយដែលជ្រប់មុខចុះលើដៃទប់ត្រចៀករបស់ខ្លួនឯងជាប់មិនព្រមស្តាប់អ្នកណា។ ឃើញគេមានអាការៈមិនប្រក្រតីនាងពិតជាបារម្ភពីគេខ្លាំងណាស់ ហើយថែមទាំងឃើញខ្លួនគេញ័រទទ្រើកថែមទៀតទើបនាងឱនទៅឱបគេក្នុងរង្វង់ដៃ។
   « ចេញឲ្យឆ្ងាយពីខ្ញុំទៅ! »
   ប្រូស!
   គេងើបមុខឡើងប្រើដៃច្រាននាងឲ្យចេញពីគេមួយទំហឹង ធ្វើឲ្យរាងស្តើងត្រូវដួលទៅអុកគូទទៅលើដីក្បែរទូរស័ព្ទដែលគេគប់ចោលមុននេះ។ ម្រាមស្រឡូនច្រត់ដៃប៉ះទូរស័ព្ទក៏លើកមកមើល ទើបបានឃើញរូបភាពស្និតស្នាលរបស់កម្លោះក្រមុំពីរនាក់នៅក្នុងទូរស័ព្ទ។
   “ តើព្រោះតែរូបនេះទើបធ្វើឲ្យគេទៅជាបែបនេះមែនទេ? នារីក្នុងរូបប្រហែលជាសង្សារបស់គេហើយ ” ណាប៊ី កាន់ទូរស័ព្ទរបស់គេក្រោកឡើងមកវិញ ហើយក៏ហុចទៅឲ្យម្ចាស់ដែលអង្គុយសម្លឹងនាងដោយកែវភ្នែកខឹងស្អប់ទាំងដែលនាងមិនបានធ្វើអ្វីគេផង។
   « តើនេះជាទូរស័ព្ទតរបស់លោកមែនទេ? »
   « ខ្ញុំមិនត្រូវការវាទៀតទេ នាងយកទៅ ហើយកុំមករវល់ជាមួយខ្ញុំទៀត » រ៉េន មិនទទួលយកទូរស័ព្ទពីដៃរបស់ ណាប៊ី ហើយក៏រុញកង់រទេះដោយខ្លួនឯងគេចចេញពីនាង។
   « នារីក្នុងរូបជាសង្សាររបស់លោកមែនទេ? គេទៅយកអ្នកថ្មីចោលលោកហើយ? » នាងមិនមានចេតនាចង់ចំអកឲ្យគេនោះទេ នាងគ្រាន់តែសួរព្រោះតែចង់បញ្ជាក់ថាការគិតរបស់នាងជាការពិត ពេលខ្លះកាលដែលដឹងពីមូលហេតុដែលនាំឲ្យអ្នកជំងឺមានអាការះចម្លែក នាងអាចនឹងជួយព្យាបាលគេបានលឿន។
   « នាងកុំមកចេះដឹងរឿងរបស់ខ្ញុំ ឆាប់ឲ្យទូរស័ព្ទមកវិញ ខ្ញុំប្តូរចិត្តលែងឲ្យនាងហើយ » រ៉េន បង្វិលកង់រទេះមករកស្រីក្រមុំដែលឈរចុចទូរស័ព្ទមើលរូបចាស់ៗក្នុងទូរស័ព្ទដៃរបស់គេវិញ ទាំងមិនពេញចិត្តជាមួយសកម្មភាពគួរឲ្យរំខានមិនចេះក្រែងចិត្តអ្នកដទៃរបស់នាងជាខ្លាំង។
   « មុននេះលោកថាឲ្យមកខ្ញុំហើយមិនអាចក្រឡាស់សម្តីបានទេ » ណាប៊ី មិនព្រមប្រគល់ទូរស័ព្ទឲ្យទៅ រ៉េន វិញហើយថែមនៅឈរចុចលេងទូរស័ព្ទនៅចំពោះមុខគេថែមទៀត ។
   « ខ្ញុំប្រាប់ថាឲ្យខ្ញុំវិញលឺទេ? »
   « ថតរូបជាមួយគ្នាសិនទៅ? » ណាប៊ី ឱនមកចាប់មុខសង្ហាឲ្យថតរូបជាមួយនាងទាំងមិនបានសួរគេថាចង់ថតរូបជាមួយមនុស្សមិនដែលស្គាល់ដូចជានាងឬអត់?។
   « នាងពិតជាគួរឲ្យរំខានពិតមែន? » រ៉េន មួរម៉ៅកាន់តែខ្លាំងពេលនាងឱនមកថតរូបជាមួយគេទាំងគេមិនបានពេញចិត្តឲ្យថត តាំងពីធំដឹងក្តីមកជាលើកទីមួយហើយដែលគេបានជួបមនុស្សស្រីដែលមុខក្រាស់មិនចេះខ្មាស់ដូចជានាងម្នាក់នេះ។
   « ទូរស័ព្ទរបស់លោកខ្ញុំមិនចង់បានទេ យកវិញទៅ » ណាប៊ី លេងអស់ចិត្តហើយក៏ព្រមហុចទូរស័ព្ទទៅឲ្យអ្នកដែលអង្គុយជ្រួញចិញ្ចើមចូលគ្នាមួរម៉ៅដាក់នាងវិញ។
   រ៉េន យកទូរស័ព្ទពីក្នុងដៃស្រឡុនមកវិញ រួចឆែកមើលកម្មវិធីផ្សេងៗក្នុងទូរស័ព្ទរបស់គេព្រោះខ្លាចនាងបានធ្វើអ្វីផ្តេសផ្តាស ពិតជាមិនខុសពីអ្វីដែលគិតមែន នាងបានចុចផ្ញើររូបថតជាមួយគេមុននេះចូលទៅក្នុងគណនីអាយជីរបស់ រ៉ូជីន ថែមទាំងសរសេរសារមួយខ្សែថែមពីក្រោមរូបមួយនោះទៀត។
   « មិត្តស្រីបងស្អាតទេ? នាងល្អជាងអូនឆ្ងាយណាស់ » រ៉េន អានអក្សរនៅខាងក្រោមរូបទាំងមិនគួរឲ្យជឿថានាងហ៊ានសរសេរសារនិងផ្ញើររូបបែបនេះទៅឲ្យ រ៉ូជីន។
   « ចាប់ពីពេលនេះទៅគ្រប់ពេលលោកចង់បញ្ឈឺនាងអាចហៅខ្ញុំបាន ខ្ញុំសុខចិត្តធ្វើមិត្តស្រីក្លែងក្លាយឲ្យលោក »
   « គ្មានសុជីវធម៌ មុខក្រាស់! » គេងើបមុខឡើងថាឲ្យនាងចំៗមិននៅខ្លាចនាងថាគេជាមនុស្សប្រុសមិនចេះគោរពមនុស្សស្រីតទៅទៀត ព្រោះនាងមុខក្រាស់យ៉ាងនេះទោះគេថាឲ្យនាងដោយពាក្យធ្ងន់ប៉ុណ្ណាក៏ប្រហែលនាងមិនចេះឈឺដែរ។ រ៉េន បង្វិលរទេះរុញចេញទៅទាំងលើផ្ទៃមុខបង្ហាញច្បាស់ថាគេធុញទ្រាន់ជាមួយនាងខ្លាំងប៉ុណ្ណា។
   « លើកក្រោយបើនាងផុសរូបទៀតកុំភ្លេចហៅខ្ញុំណា » ណាប៊ី ស្រែកផ្ដាំរាងក្រាស់ដែលរុញរទេះដោយខ្លួនឯងចេញទៅជាមួយស្នាមញញឹមលើផ្ទៃមុខមិនប្រែទោះជាមុននេះត្រូវគេថាឲ្យហើយក៏ដោយ តែនាងមិនខ្វល់ពីសម្តីរបស់គេទេ នាងនៅតែមានអារម្មណ៍រីករាយឲ្យតែបានរំខានគេ។
  
   ពន្លឺព្រះសូរិយាស្រស់ថ្លានាព្រឹកប្រលឹមជះចូលមកតាមចន្លោះបង្អួចដែលត្រូវបើកចំហរយ៉ាងធំអនុញ្ញាតឲ្យខ្យល់អាកាសបរិសុទ្ធបក់ចូលមកក្នុងបន្ទប់គ្រប់គ្រាន់ ទាំងដែលម្ចាស់បន្ទប់ដែលកំពុងគេងលង់លក់នៅលើគ្រែអ្នកជំងឺមិនដែលចង់បានបរិយាកាសស្រស់ស្រាយបែបនេះនៅក្នុងបន្ទប់សម្រាកព្យាបាលរបស់គេឡើយ។
   « ហ៊ឹម! » រ៉េន កម្រើកខ្លួនបញ្ចេញសំឡេងក្រហឹមនៅក្នុងបំពង់ដោយមានអារម្មណ៍មួរម៉ៅចំពោះពន្លឺថ្ងៃដែលជះចូលមករំខានដំណេករបស់គេជាខ្លាំង។
   « អ្នកណាហ៊ានចូលមកបើកបង្អួចបន្ទប់របស់ខ្ញុំ? » រ៉េន ស្ទុះក្រោកអង្គុយព្រមជាមួយសំឡេងស្រែកឡូឡាដោយភាពមួរម៉ៅ។
   ក្រាក!
   « អរុណសួស្តី ភ្ញាក់ពីគេងស្រស់ស្រាយដែរទេ? » សំឡេងស្រួយស្រទន់បន្លឺពីមាត់ទ្វាបន្ទប់ ព្រមទាំងដើរចូលមករកគេដោយទឹកមុខញញឹមស្រស់ស្រាយ ខុសពីអ្នកដែលត្រូវនាងសួរកំពុងអង្គុយសម្លក់នាងដូចចង់ស៊ីសាច់ហុតឈាម។ មើលទៅគេដូចជាមិនបានស្រស់ស្រាយដូចអ្វីដែលនាងគិតទេ? ឬបើកបង្អួតតូចពេកធ្វើឲ្យគេយល់ថាពន្លឺព្រះអាទិត្យនាពេលព្រឹកនិងខ្យល់អាកាសបរិសុទ្ធចូលមកមិនគ្រប់គ្រាន់ តើនាងគួរតែទៅបើកបង្អួចថែមទេ? មិនត្រូវទេបង្អួចមានតែមួយបើកចំហរអស់ហើយ មានតែទៅហៅជាងដាក់បង្អួចថែមមួយទៀត ព្រោះមើលទៅអ្នកជំងឺបន្ទប់នេះប្រហែលត្រូវការពន្លឺនិងខ្យល់ច្រើនខ្លាំងណាស់ទើបអាចធ្វើឲ្យគេអារម្មណ៍ល្អបាន។
   « គឺនាងទៀតហើយ នាងជាអ្នកមកបើកបង្អួចក្នុងបន្ទប់របស់ខ្ញុំតើមែនទេ? » រ៉េន ចាប់ផ្តើមមួរម៉ៅក្រពុលមុខទាំងព្រឹកកាន់តែខ្លាំងក្រោយបានឃើញមុខរបស់អ្នកដែលថ្លើមធំហ៊ានមកបើកបង្អួចនៅបន្ទប់របស់គេហើយ បើអ្នកផ្សេងគេអាចខឹងតិចជាងនេះ តែជា ណាប៊ី អ្នកដែលតែងតែចេះដឹងរឿងរបស់គេហើយតាមរំខានគេគ្រប់រឿង គេច្បាស់ជាខឹងនឹងនាងខ្លាំងណាស់។
   « ទាល់តែទទួលបានពន្លឺថ្ងៃនិងខ្យល់បរិសុទ្ធខ្លះទើបធ្វើឲ្យអារម្មណ៍របស់លោកល្អប្រសើរឡើងហើយរបួសក៏ចាប់ជាងស្បះស្បើយដែរ » ណាប៊ី ធ្វើជាមិនខ្វល់ពីអារម្មណ៍មួរម៉ៅរបស់ រ៉េន ហើយថែមយកចានដែកនិងកូនកន្សែងដែលនាងកាន់ជាប់ដៃមក ទៅទុកនៅលើតុក្បែរក្បាលរបស់គេទៀត។
   « ខ្ញុំមិនមែនដើមឈើទេដែលត្រូវការពន្លឺថ្ងៃនិងខ្យល់អុកស៊ីសែនមកព្យាបាលរបួសនោះ » គេនិយាយយកតែឈ្នះមិនព្រមស្តាប់ហេតុផលល្អរបស់នាងសូម្បីតែបន្តិច ។
   « ស្រេចតែលោកគិតទៅចុះ តែរឿងសំខាន់នៅពេលនេះលោកត្រូវងើបមកលាងសម្អាតខ្លួន ព្រមទាំងកក់សក់ផងដែរ មើលចុះក្បាលមានក្លិនខ្លាំងណាស់ » ណាប៊ី បិទច្រមុះពេលឱនទៅជិតសក់ក្បាលដែលមិនបានកក់ជាច្រើនថ្ងៃរបស់ រ៉េន ហើយ។
   «...» រ៉េន លើកដៃចង្អុលរុញរាងស្តើងដែលឱនចូលមកជិតគេឲ្យចេញទៅឆ្ងាយបន្តិចដោយកាយវិការរបស់គេដូចជាខ្ពើមនាងដែលងូតទឹករាល់ថ្ងៃជាងខ្លួនគេដែលមិនបានងូតទឹកមកច្រើនថ្ងៃទៅទៀត។ និយាយឲ្យត្រង់ទៅតើអ្នកណាជាអ្នកដែលគួរឲ្យខ្ពើមពិតប្រាកដទៅ?។
   « ចាប់ពីពេលនេះតទៅ ខ្ញុំជាអ្នកមកមើលថែលោកជំនួយអ្នកគ្រូពេទ្យ ហារ៉ា ដូច្នេះលោកប្រហែលត្រូវឃើញមុខខ្ញុំរាល់ថ្ងៃហើយ » ណាប៊ី និយាយហើយក៏ងាកទៅយកចានដែកនិងកូនកន្សែងចូលទៅក្នុងបន្ទប់ទឹកដើម្បីលាយទឹកក្តៅសម្រាប់ជូតខ្លួនឲ្យគេ។
   « ហេតុអ្វីត្រូវប្តូរឲ្យនាងមកមើលថែខ្ញុំវិញ? ខ្ញុំមិនចូលចិត្តនាងទេ គ្រូពេទ្យគ្មានឈ្មោះ » រ៉េន ស្រែកតវ៉ាជាមួយ ណាប៊ី ដែលខំចូលទៅលាយទឹកសម្រាប់ជូតខ្លួនឲ្យគេបានស្រស់ស្រាយមិនឲ្យនៅក្នុងសភាពស្អុយតទៅទៀត តែគេបែរជាមិនដឹងគុណហើយនៅនិយាយថាមិនចូលចិត្តនាងថែមទៀត ហើយចំណុចដែលធ្វើឲ្យ ណាប៊ី ព្រមប្រលែងដៃពីចានដែកទាំងទឹកមុខចាប់ផ្តើមស្រពោននោះគឺពាក្យថាគ្រូពេទ្យគ្មានឈ្មោះនេះហើយ ។
   ណាប៊ី ឱនសម្លឹងក្រណាត់អាវពណ៌សត្រង់ដើមទ្រូងខាងឆ្វេងដែលគ្មានប៉ាក់អក្សរជាឈ្មោះដូចអាវរបស់គ្រូពេទ្យដទៃឯទៀត។ ម្រាមស្រឡូនចាប់ក្តាប់ក្រណាត់ត្រង់កន្លែងដែលគ្មានប៉ាក់ឈ្មោះរបស់នាងយ៉ាងណែនស្ទើរតែធ្វើឲ្យក្រណាត់អាវដាច់រហែកចេញពីគ្នា ទោះមើលទៅនាងដូចជាកំពុងតែឃោឃៅដាក់អាវពេទ្យមួយនេះ ប៉ុន្តែនៅមិនស្មើភាពឃោឃៅដែលនាងធ្វើដាក់ខ្លួនឯងផង បេះដូងរបស់នាងតែងតែឈឺចាប់ស្ទើរតែស្លាប់គ្រប់ពេលដែលសម្លឹងឃើញអាវដែលគ្មានឈ្មោះមួយនេះ ដឹងទេថានាងឈឺចាប់ខ្លាំងប៉ុណ្ណា ប្រហែលជាគ្មានអ្នកដឹងឡើយព្រោះនាងមិនដែលបង្ហាញភាពឈឺចាប់មួយនេះឲ្យអ្នកណាដឹងឡើយ ទោះឈឺចាប់ចង់យំខ្លាំងប៉ុណ្ណាក៏នាងតែងតែយកស្នាមញញឹមក្លែងក្លាយមួយនេះមកជំនួសដែរ ដូចពេលនេះអ៊ីចឹងនាងចាប់ផ្តើមប្រលែងដៃពីអាវលើខ្លួនហើយក៏ប្តូរទឹកមុខមកជាញញឹមមួយរំព្រិច មុននឹងកាន់ចានដែកដាក់ទឹកក្តៅឧណ្ហៗចេញទៅរក រ៉េន វិញ។
   « ជូតសម្អាតខ្លួនសិន ចាំកក់សក់តាមក្រោយ »
   « ទុកទឹកនិងកូនកន្សែងក្បែរនេះ ចាំខ្ញុំធ្វើខ្លួនឯង » រ៉េន ចង្អុលតុក្បែរក្បាលគ្រែដើម្បីឲ្យ ណាប៊ី ទុកទឹកនិងកូនកន្សែងនៅលើនោះ ព្រោះគេអាចជូតខ្លួនដោយខ្លួនឯងបាន មិនចាំបាច់ត្រូវការនាងទេ គេមិនចង់ឲ្យនាងប៉ះពាល់ខ្លួនរបស់គេ នាងតាមគេមករហូតមិនដឹងថាគិតអ្វីលើគេឬអត់ក៏មិនដឹង? ។
   « ដោះអាវទៅ ខ្ញុំជួយជូតឲ្យលោក » ណាប៊ី ដាក់ទឹកនិងកូនកន្សែងនៅលើតុហើយក៏ចូលទៅចាប់ទាញដោះអាវរបស់ រ៉េន  ចេញដើម្បីជូតខ្លួនឲ្យគេ តែគេប្រឹងចាប់ដៃនាងចេញព្រោះមិនចង់ឲ្យនាងមកប៉ះពាល់ខ្លួនរបស់គេ។
   « ខ្ញុំប្រាប់ថាខ្ញុំអាចជូតខ្លួនឯងបាន នាងចេញទៅ » រ៉េន ចាប់ទាញដៃស្រឡូនដែលចាប់ទាញឡេវអាវរបស់គេរបូតអស់ពីរខាងលើចេញហើយក៏ប្រញាប់ទាញឡេវអាវបិទវិញនិងដេញនាងឲ្យចេញទៅខាងក្រៅ។
   « ខ្ញុំចាំលោកនៅមុខបន្ទប់ បើមានការអ្វីហៅខ្ញុំបាន » ណាប៊ី ញញឹមបែបហួសចិត្តជាមួយរបៀបហួសហែងខ្លួនរបស់គេហើយក៏ព្រមចេញទៅចាំគេនៅខាងមុនបន្ទប់តាមការចង់បានរបស់គេ។
              រងចាំភាគបន្ត
  
  
  
  
  
  
  
  
 
 

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now