ភាគ២៩

113 4 0
                                    

   “ ព្រួយបារម្ភ ”

    ក្រោយពីថតវត្ថុធាតុដើមនៅក្នុងបន្ទប់ត្រជាក់រួចរាល់ហើយ ណាប៊ីនិងរ៉េន ក៏ដើរត្រឡប់មកកាន់ទ្វាចេញវិញ។
    « វត្ថុធាតុដើមមានចំនួនតិចជាងតួលេខនៅក្នុងបញ្ជីឆ្ងាយណាស់ » ណាប៊ី ដើរបណ្តើរនិយាយបណ្តើរដោយការមិនអស់ចិត្ត ព្រោះមិននឹកស្មានវត្ថុធាតុដើមដែលមានខុសពីតួលេខក្នុងបញ្ជីឆ្ងាយយ៉ាងនេះសោះ។
    «...» រ៉េន មិនមាត់កមួយមាត់ តែគេបែរជារហ័សដើរទៅទាញទ្វាដែលបិទវិញ មិនថាគេប្រឹងប្រើកម្លាំងខ្លាំងប៉ុណ្ណាទេ នៅតែមិនអាចបើកទ្វាបន្ទប់បានសោះ។
    « តើមានរឿងអ្វី? » ណាប៊ី ឃើញគេខំប្រឹងបើកទ្វាដូចជាពិបាកខ្លាំងណាស់ ទាំងដែលពេលចូលមកនាងប្រើកម្លាំងតែបន្តិចក៏បើកបានទៅហើយ។
    « បើកទ្វាមិនបានទេ » រ៉េន ងាកមកតបជាមួយនាងដោយទឹកមុខតានតឹងខ្លាំង។
    « ជៀសចេញ! ទុកឲ្យខ្ញុំបើកម្តង » ណាប៊ី ទាញដៃរបស់រាងមាំចេញហើយក៏ចូលទៅទាញទ្វាបើកដោយខ្លួនឯង ប៉ុន្តែទ្វាពិតជាបើកមិនរួចពិតមែន។
    ណាប៊ី បើកភ្នែកធំៗងាកមកសម្លឹងមុខរបស់ រ៉េន ទោះនាងមិននិយាយគេក៏អាចយល់ដែលថានាងកំពុងតែគិតពីអ្វី។
    « ប្រហែលជាប់សោនៅខាងក្រៅហើយ » រ៉េន ថយក្រោយដកទូរស័ព្ទដើម្បីខលរកជំនួសវិញ។
    « ក្នុងបន្ទប់នេះគ្មានសេវាទូរស័ព្ទទេ » ណាប៊ី លាន់មាត់ឡើងពេលនាងឃើញថាទូរស័ព្ទក្នុងដៃរបស់នាងគ្មានសេវា។
    « ខ្ញុំសាកដើរមើលជុំវិញនេះ ក្រែងមានច្រកចេញផ្សេង »
    « ខ្ញុំទៅជាមួយលោកដែរ » ណាប៊ី ឱបដៃរងាញ័រខ្លួនទទ្រើកសុំទៅរកច្រកផ្សេងជាមួយ រ៉េន។
    « ...» គេមិនឆ្លើយយល់ព្រម តែក៏ដោះអាវក្រៅដៃវែងជាប់ខ្លួនគេមកគ្របលើខ្លូនរបស់នាង។
    « អរគុណ »
    នាងពោលពាក្យអរគុណដាក់គេទាំងងើយសម្លឹងមុខរបស់គេមិនដាក់ភ្នែក តាមធម្មតាគេតែងតែអាក្រក់ដាក់នាង ប៉ុន្តែឲ្យតែពេលស្ថិតនៅក្នុងគ្រោះថ្នាក់គេតែងតែការពារនាងជានិច្ច ដូចជាពេលមានរឿងនៅផ្ទះចម្ការលោកយាយម្នាក់នោះក៏គេបែបនេះដែរ គេសុខចិត្តឈឺខ្លួនក៏ប្រឹងការពារនាងដែរ តែហេតុអ្វីគេមិនល្អចំពោះនាងបែបនេះទាំងពេលធម្មតាផងទៅ?។
    « តោះ » រ៉េន លូកដៃម្ខាងឱបស្មាតូចទាញឲ្យនាងមកជិតគេដើម្បីមិនឲ្យរាងកាយនាងត្រជាក់ខ្លាំង រួចទើបគេបណ្តើរនាងដើរទៅរកផ្លូវចេញផ្សេងជាងមួយគ្នា។
    កែវភ្នែកស្រទន់តាមសម្លឹងមុខរបស់គេមិនឈប់ ព្រោះឲ្យតែស្ថិតនៅក្នុងស្ថានភាពលំបាកនាងតែងតែយល់ថាគេប្រែជាមនុស្សម្នាក់ទៀតយ៉ាងចម្លែក តើគេស្អប់នាងឬក៏ស្រលាញ់នាងទៅ? នាងពិតវ៉ល់អស់ហើយ។
   
    ក្រឡេកមកមើលស្ថានភាពកម្មករនៅខាងមុខរោងចក្រវិញ លោកប្រធានរោងចក្រដើរចេញមកឈរនៅពីមុខកម្មករគ្រប់គ្នា ដែលនៅក្នុងនោះក៏មានអ្នកបើកឡានរបស់ ណាប៊ី ដែលបន្លំខ្លួនធ្វើកម្មកររោងចក្រម្នាក់ដែរ។
    « អ្នកទាំងអស់គ្នា ថ្ងៃនេះអ្នកនាងប្រធាននិងស្វាមីរបស់គាត់បានមកទីនេះដើម្បីដោះស្រាយរឿងលុយប្រាក់ខែរបស់អ្នករាល់គ្នា »
    « តើនាងព្រមបើកប្រាក់ខែថែមម៉ោងឲ្យយើងទេ? »
    « ប្រាកដណាស់ អ្នកនាងប្រធានបានធ្វើកិច្ចសន្យាផ្តល់ប្រាក់ដែលក្រុមហ៊ុនជំពាក់ឲ្យអ្នកទាំងអស់គ្នាហើយ »
    « ហើយពេលណាយើងបានលុយនោះ »
    « គឹក្រោយពីធ្វើការងារនៅយប់នេះរួច »
    « ធ្វើការយប់នេះរួចបានលុយពិតមែនទេ? »
    « ពិតណាស់ អញ្ចឹងយើងទាំងអស់គ្នាក៏ប្រញាប់ទៅកន្លែងធ្វើការងារទៅ »
    ដោយសារតែកម្មករលឺថាពួកគេនឹងទទួលបានប្រាក់ដែលក្រុមហ៊ុនជំពាក់ទាំងអស់ក្រោយធ្វើការងារយប់នេះរួច ទើបពួកគេរហ័សដើរទៅកាន់ទីតាំងដែលពួកគេត្រូវជួលឲ្យធ្វើការថែមម៉ោងរាល់យប់។
    ប្រេងជាត្រូវធុងត្រូវប្រធានរោងចក្រប្រើឲ្យកម្មករជញ្ជូនចេញពីឃ្លាំងដោយប្រើកម្លាំងមិនឲ្យមានការប្រើគ្រឿងចក្របង្កជាសំឡេងឡើយ សកម្មភាពជញ្ជូនប្រេងចេញពីរោងចក្រដាក់ឡានដឹកទំនិញធុនធ្ងន់ធ្វើឡើយនៅពេលយប់ដោយភាពស្ងប់ស្ងាត់បំផុត។
    នៅជ្រុងម្ខាងទៀតមិនឆ្ងាយប៉ុន្មានពីកន្លែងកម្មករជញ្ជូនប្រេង កម្លោះអ្នកបើកឡានរបស់ ណាប៊ី កំពុងតែកាន់ទូរស័ព្ទថតសកម្មភាពគ្រប់យ៉ាងដោយល្អិតល្អន់។
   
    ក្រឡេកមកមើល រ៉េននិងណាប៊ី ដែលជាប់នៅក្នុងបន្ទប់ត្រជាក់វិញ ក្រោយពីដើរអស់ជាច្រើនជុំហើយនៅតែរកមិនឃើញច្រកចេញផ្សេងទៀត បបូរមាត់អ្នកទាំងពីរឡើងស្លេកស្លាំងអស់ទៅហើយ រាងកាយស្តើងញ័រញាក់នៅក្នុងរង្វង់ដៃមាំស្ទើរតែគ្មានកម្លាំងឈានជើងទៅមុខ ក្នុងខ្លួនរបស់នាងហាក់បាត់បង់កម្តៅទាំងស្រុង បើនៅតែបែបនេះទៀតនាងច្បាស់ជាស្លាប់មិនខាន។
    ប្រូស!
    ណាប៊ី ទន់ជើងទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋទាំងអស់កម្លាំង ទើប រ៉េន គ្រានាងឲ្យអង្គុយផ្អែកនឹងជញ្ជាំង។
    « ទ្រាំបន្តិចទៅ បន្តិចទៀតច្បាស់ជាមានអ្នកមកជួយពួកយើងហើយ » រ៉េន ទាញអាវដៃវែងរបស់គេដែលនៅលើខ្លួននាងស្រាប់មកដណ្តប់ឲ្យជិតខ្លួននាងជាងមុន។
    « ខ្ញុំ...ទៅលែងរួចហើយ រ៉េន ! » នាងប្រឹងបង្ហើបបបូរមាត់ដែលរឹងតបជាមួយគេដោយសំឡេងខ្សាវៗស្តាប់មិនចង់បាន។ ត្របកភ្នែកស្តើងចាប់ផ្តើមទន់ធ្លាក់ចុះបន្តិចម្តងៗតាមខ្យល់ដង្ហើមដែលគ្មានកម្តៅ។
    « ណាប៊ី នាងកុំគេងឲ្យសោះ មិនអាចគេងបានទេ ឆាប់បើកភ្នែកមក បើកភ្នែកសម្លឹងមុខរបស់ខ្ញុំមក » រ៉េន ចាប់ស្មាតូចអង្រួនខ្លាំងៗរហូត ណាប៊ី ត្រូវប្រឹងបើកភ្នែកដែលគ្មានកម្លាំងមកម្តងទៀត។ ប្រអប់ដៃមាំចាប់ក្រសោបម្រាមស្រឡូនរបស់នាងទាំងសងខាងចូលគ្នា គេដាក់បបូរមាត់ត្រជាក់របស់គេជាប់ម្រាមដៃរបស់នាងហើយផ្លុំខ្យល់ក្តៅឧណ្ហៗដាក់ដៃនាងម្តងមួយដង្ហើមៗ។
    “ កក់ក្តៅណាស់! ” នាងសម្លឹងសកម្មភាពរបស់គេមិនដាក់ភ្នែក ទោះកម្តៅដែលគេព្យាយាមផ្តល់ឲ្យនាងមិនច្រើន ប៉ុន្តែនាងបែរជាមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ លើកទីមួយដែលនាងបានឃើញគេបារម្ភពីនាងថ្នាក់នេះ មួយជីវិតនេះបានឃើញគេបារម្ភពីនាងម្តង នាងក៏ស្លាប់បិទភ្នែកជិតហើយ។ បបូរមាត់ស្លេកស្លាំងញញឹមស្រាលៗមកហើយត្របកភ្នែកស្តើងក៏ចាប់ផ្តើមទន់ធ្លាក់ម្តងទៀត។
    « ណាប៊ី!  ឆាប់សម្លឹងមុខរបស់ខ្ញុំមក » រ៉េន លោមុខចូលមកជិតនាង ដោយដៃទាំងពីរចាប់ក្រសោបរង្វង់មុខមូលក្រឡង់ហៅអ្នកដែលប្រុងបិទភ្នែកឲ្យប្រឹងបើកភ្នែកសម្លឹងមុខរបស់គេ។
    ណាប៊ី ប្រឹងបើកភ្នែកសម្លឹងកែវភ្នែកពេញដោយក្តីព្រួយបារម្ភរបស់គេតាមការប្រាប់របស់គេ។ បើនាងបិទភ្នែកពេលនេះនាងច្បាស់ជាមិនបានឃើញរង្វង់មុខដ៏ស្រស់សង្ហានិងកែវភ្នែកដ៏មុតស្រួចរបស់គេម្តងទៀតទេ ទើបនាងខំប្រឹងជម្នះភាពអស់កម្លាំងហើយបើកភ្នែកសម្លឹងមុខរបស់គេបន្តទៀត។
    « កុំបិទ...កុំបិទភ្នែកឲ្យសោះ » គេសម្លឹងនាងដោយកែវភ្នែកខ្លាចបាត់បង់ លើកទីមួយដែលគេមានអារម្មណ៍ខ្លាចនាងចាកចេញពីគេទៅម្នាក់ទៀត ប្រហែលជាគេធ្លាប់បាត់បង់អ្នកដែលគេស្រលាញ់ ទើបគេមានអារម្មណ៍បែបនេះចំពោះនាង ទោះគេមិនចូលចិត្តនាង តែក៏មិនបានចង់ឲ្យនាងស្លាប់ដែរ ដូច្នេះនាងមិនអាចស្លាប់នៅចំពោះមុខរបស់គេទេ។ រ៉េន ដកដៃពីរង្វង់មុខត្រជាក់ដូចទឹកកកយឺតៗហើយប្តូរទៅឱបរាងកាយរបស់នាងណែនដៃវិញ ដោយគេមិនដកមុខចេញឆ្ងាយពីមុខរបស់នាងឡើយ ព្រោះខ្លាចនាងនឹងបិទភ្នែកនៅពេលដែលមិនបានមើលនាង។
    ណាប៊ី ស្រវ៉ាឱបរាងកាយក្រាស់ណែនដៃ ខណៈពេលដែលគេក៏កំពុងឱបនាងណែនដៃដូចគ្នា។ ទោះរាងកាយអ្នកទាំងពីរនៅតែរងាញ័រទទ្រើក ប៉ុន្តែក៏អាចរក្សាកម្តៅឲ្យរាងកាយបានមួយផ្នែកពេលពួកគេឱបគ្នាណែនបែបនេះ។
   
    ចំណែកឯនៅកន្លែងជញ្ជូនប្រេងឯណេះវិញ ចំណាយពេលមិនប៉ុន្មានផងប្រេងទាំងអស់ក៏ត្រូវជញ្ជូនដាក់ឡាននិងទាញក្រណាត់គ្របជិតយ៉ាងរៀបរយ។ កម្មករទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការរួច ចំណែកឡានដឹកប្រេងក៏បើកចេញទៅតាមផ្លូវបេតុងដែលរងការខូតខាតព្រោះដែលឡានដឹកជញ្ជូនប្រេងរាល់ដង។ ប្រធានរោងចក្រឈរមើលឡានប្រេងបើកចេញទៅផុតពីមុខរោងចក្រហើយ ទើបគេលើកទូរស័ព្ទឡើងខលរាយការណ៍ទៅកាន់អ្នកដែលនៅពីក្រោយខ្នងការលួចប្រេងពីរោងចក្រយកទៅលក់ដោយខុសច្បាប់នេះ។
    « បាទលោក ឡានប្រេងបានចេញពីរោងចក្រទៅដោយរាប់រយហើយ »
   “ ធ្វើការបានល្អ ខ្ញុំនឹងវេរលុយឲ្យលោកឥឡូវនេះ ”
   កែវភ្នែកមុតស្រួចអង្គុយនៅពីមុខកុំព្យូទ័រដែលអាចមើលរូបភាពពីកន្លែងប្រធានរោងចក្រជញ្ជូនប្រេងដឹកចេញបានតាមរយះកាំមេរ៉ាសុវត្ថិភាព ម្រាមដៃមាំចុចរក្សាទុកវីដេអូដោយស្នាមញញឹមចុងមាត់ពេញដោយល្បិចកល ហើយទើបលោកដាក់ទូរស័ព្ទចុះពីប្រធានរោងចក្រនិងធ្វើការលុបទិន្នន័យដែលលោកបានទាក់ទងនឹងប្រធានរោងចក្រចោលទាំងអស់ ថែមទាំងបានធ្វើការកែប្រែបញ្ជីគណនីមួយចំនួនរបស់លោកប្រធានរោងចក្រផងដែរ។
  
   ប្រធានរោងចក្រដាក់ទូរស័ព្ទចុះដោយស្នាមញញឹមហើយក៏ដើរចូលទៅខាងក្នុងរោងចក្រដើម្បីដោះសោទ្វាបន្ទប់ត្រជាក់ឲ្យ រ៉េននិងណាប៊ី។
   ប្រាវ!
   សំឡេងកូនសោធ្លាក់ប៉ះនឹងផ្ទៃឥដ្ឋលឺដល់ត្រចៀករបស់ រ៉េននិងណាប៊ី។
   « ខ្ញុំគិតថាមានអ្នកបើកទ្វាហើយ » រ៉េន ងាកទៅសម្លឹងមុខអ្នកនៅក្នុងរង្វង់ដៃរបស់គេ។
   « ចឹង...យើងឆាប់ចេញពីទីនេះទៅ! »
   រ៉េន ជួយគ្រា ណាប៊ី ឲ្យក្រោកឈរឡើង ហើយក៏បណ្តើរគ្នាទាំងពិបាកមកកាន់ទ្វាខាងមុខ។
   « អ្នកនាងចាំបន្តិច! » រ៉េន ប្រាប់ឲ្យ ណាប៊ី ឈរចាំនៅខាងក្រោយហើយគេក៏ដើរមកប្រឹងទាញទ្វាបើកទាំងគ្មានកម្លាំង ប៉ុន្តែដោយសារតែទ្វាបានដោះសោរួចហើយ ទើបគេប្រើកម្លាំងដែលចេះសល់ក្នុងខ្លួនតែបន្តិចក៏បើកទ្វាបាន ប៉ុន្តែនៅខាងក្រៅគ្មានមនុស្សនោះទេ គេមិនបានឃើញអ្នកដែលបើកទ្វាឲ្យគេឡើយ ប្រហែលអ្នកដែលបើកទ្វានិងអ្នកដែលបិទទ្វាឃុំគេនិងនាងនៅខាងក្នុងជាមនុស្សតែម្នាក់ហើយ។
   ប្រូស!
   សំឡេងរាងស្តើងដួលនៅខាងក្រោយខ្នង ធ្វើឲ្យ រ៉េន ដែលឈរគិតសង្ស័យពីអ្នកបិទនិងបើកទ្វា រហ័សងាកទៅក្រោយទាំងភ័យតក់ស្លុត។
   « ណាប៊ី! ណាប៊ី! ឆាប់ដឹងខ្លួនឡើង » រ៉េន រត់ទៅឱបក្រសោបរាងស្តើងឡើងមកក្នុងដៃដោយព្យាយាមហៅនាងខ្លាំងៗ តែមិនថាគេប្រឹងហៅនាងយ៉ាងណានាងនៅតែគេងមិនកម្រើកក្នុងរង្វង់ដៃរបស់គេ ខ្លួនរបស់នាងត្រជាក់ដូចជាទឹកកកធ្វើឲ្យគេបារម្ភពីនាងស្ទើរតែដាច់ខ្យល់ទៅហើយ។
   « ចៅហ្វាយ! » អ្នកបើកឡានរត់ចូលមកឃើញចៅហ្វាយស្រីរបស់គេកំពុងគេសន្លប់ ដោយទឹកមុខស្លេកស្លាំងទើបរហ័សចូលមកជួយ គេគិតថានឹងជួយបីចៅហ្វាយស្រីទៅឡានវិញព្រោះមើលទៅចៅហ្វាយប្រុសក៏ស្លេកស្លាំងមិនចាញ់ចៅហ្វាយស្រីដែរ ប្រហែលមិនមានកម្លាំងបីចៅហ្វាយស្រីឡើយ តែគេទើបតែអង្គុយចុះមិនទាន់បានលូកដៃផងក៏ត្រូវប្រអប់ដៃមាំរុញគេឲ្យអុកគូទទៅម្ខាង ហើយចៅហ្វាយប្រុសរបស់គេក៏លើកបីភរិយារបស់ខ្លួនរត់ចេញទៅដោយទឹកមុខព្រួយបារម្ភ ទើបគេបានត្រឹមស្ទុះក្រោកឡើងរត់ទៅតាមក្រោយ។
  
   មន្ទីរពេទ្យ
  
   រ៉េន បី ណាប៊ី ចុះពីលើឡានរត់ចូលមន្ទីរពេទ្យដោយមិននៅចាំឲ្យអ្នកបើកឡានរត់ទៅហៅគ្រែពេទ្យឲ្យមកទទួលនាងនិងគេ។
   « គ្រូពេទ្យជួយផង! » រ៉េន ស្រែកហៅគ្រូពេទ្យទាំងស្លន់ស្លោ ទើបក្រុមគ្រូពេទ្យរហ័សរុញគ្រែសង្គ្ត្រោះចេញមកទទួលយក ណាប៊ី ពីក្នុងដៃរបស់គេ។
   « រាងកាយអ្នកជំងឺត្រជាក់ណាស់ ឆាប់រុញចូលបន្ទប់សង្គ្រោះឲ្យលឿន » គ្រូពេទ្យនាំគ្នារុញ ណាប៊ី សំដៅទៅបន្ទប់សង្គ្រោះយ៉ាងប្រញាប់ប្រញាល់ដោយមាន រ៉េន រត់តាមគ្រែសង្គ្រោះចាប់ដៃនាងណែនមិនព្រមលែង រហូតទៅដល់មាត់ទ្វាបន្ទប់ទើបគ្រូពេទ្យរុញគេឲ្យនៅចាំខាងក្រៅ។
   « ចៅហ្វាយ » អ្នកបើកឡានយកអាវធំកក់ក្តៅមកគ្របលើខ្លួនរបស់គេព្រមទាំងហៅគ្រូពេទ្យឲ្យមកពិនិត្យគេដល់មុខបន្ទប់សង្គ្ត្រោះព្រោះគេដឹងថា រ៉េន ច្បាស់ជាមិនព្រមចេញពីមុខបន្ទប់សង្គ្រោះឡើយ ហើយគេក៏ឆ្លៀតយកវីដេអូដែលថតបាននៅកន្លែងជញ្ជូនប្រេងមកឲ្យ រ៉េន ផងដែរ។
   « អរគុណឯងហើយ » រ៉េន លើកដៃទះស្មាទូលាយតិចៗដោយការដឹងគុណសម្រាប់ការជួយរបស់អ្នកបើកឡានកម្លោះនៅថ្ងៃនេះ។
               រងចាំភាគបន្ត
  
  
  
  
 
   

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now