“ សម្តីខុសពីចិត្ត ”
ណាប៊ី កាន់ប្រអប់អាហារចូលមកការិយាល័យមិនខុសពីម្សិលមិញ ទោះជាម្សិលមិញគេមិនបានញុំអាហារដែលនាងយកមក ប៉ុន្តែនាងនៅតែចង់យកមកឲ្យគេម្តងទៀត ព្រោះយប់មិញគេមិនបានទៅផ្ទះមិនដឹងថាបានញុំអាហារឬអត់ទេ នាងពិតជាបារម្ភពីគេ ទោះដឹងថាគេមានអ្នកមើលថែហើយក៏ដោយ។
« អ្នកនាងប្រធាន! » កម្លោះអ្នកបើកឡានឈរនៅមាត់ទ្វា បន្ទន់ខ្លួនគោរព ណាប៊ី បន្តិច។
« រ៉េន នៅខាងក្នុងមែនទេ? »
« គឺលោកប្រុសមិនបានចូលការិយាល័យទេ លោកផ្លាស់សម្លៀកហើយក៏យកឡានចេញទៅខាងក្រៅតាំងពីព្រឹក »
« ដឹងទេថាគេទៅណា? »
« ខ្ញុំមិនបានដឹងទេ ប៉ុន្តែដូចជាឃើញទៅជាមួយមនុស្សស្រី »
«...» បេះដូងតូចឈឺចាប់ឡើងមួយរំព្រិចក្រោយបានលឺសម្តីរបស់អ្នកបើកឡានហើយ តាមពិតគេនៅជាមួយ រ៉ូជីន ពេញមួយយប់ហើយព្រឹកឡើងក៏ចេញទៅជាមួយគ្នាទៀត គេពិតជាលែងខ្វល់ពីនាងពិតមែនហើយ។
« ប៉ុន្តែអ្នកនាងប្រធានបានដឹងដំណឹងមួយនេះហើយឬនៅ? »
« ដំណឹងអ្វី? »
« ប្រធានរោងចក្រដែលប៉ូលីសចាប់កាលពីប៉ុន្មានថ្ងៃមុនបានស្លាប់ហើយ ដូចជាចងកសម្លាប់ខ្លួន »
« ថាម៉េច? ហេតុអ្វីគេសម្លាប់ខ្លួន? ហើយចុះប៉ូលីសមានបានចម្លើយអ្វីពីការសួរចម្លើយគេកន្លងមកខ្លះទេ? »
« ការសួរចម្លើយកន្លងមកគេនៅតែបដិសេធថាគេមិនបានធ្វើរឿងទាំងអស់តែម្នាក់ឯង គេថាមានអ្នកបញ្ជាគេ ប៉ុន្តែប៉ូលីសស៊ើបរកមិនឃើញភស្តុតាងដែលថាមានគេបញ្ជាពីក្រោយទេ ទើបយកគេទៅដាក់គុកធំ ប្រហែលគេឈឺចាប់រឿងដែលគ្មានអ្នកជឿគេទើបសម្លាប់ខ្លួន »
« អ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងទាំងអស់នេះ? » ណាប៊ី ឈរគិតមួយសន្ទុះរួចក៏ដើរចេញទៅវិញ ប៉ុន្តែនាងក៏បកមកវិញបន្ទាប់ពីចាប់អារម្មណ៍នឹងប្រអប់អាហារដែលកាន់ជាប់នឹងដៃ បើគេមិនត្រូវការអាហាររបស់នាងទៅហើយ ចឹងនាងគួរតែឲ្យអ្នកដែលត្រូវការល្អជាង។
« ញុំអាហារពេលព្រឹកហើយឬនៅ? »
« បាទ នៅទេ »
« ចឹងយកអាហារនេះទៅញុំសិនទៅ ចាំមកធ្វើការបន្ត »
« អរគុណអ្នកនាង »
ណាប៊ី ញញឹមដាក់អ្នកបើកឡានដែលទទួលយកអាហាររបស់នាងដោយទឹកមុខរីករាយ រួចទើបនាងចេញទៅ។
សួនសាធារណៈ
ស្រទាប់ផ្កាឈើរីធ្លាក់រុះរោយតាមកម្លាំងខ្យល់ប៉ះដងខ្លួនកំលោះក្រមុំដែលអង្គុយនៅកៅអីក្រោមដើមផ្កាឈើរីក្នុងសួនសាធារណៈមួយកន្លែង។ រ៉េន អង្គុយទន្ទឹម រ៉ូជីន សម្លឹងមែកឈើដែលកំពុងតែលាស់ស្លឹកខ្ចីចេញមកម្តងបន្តិចៗជំនួសស្រទាប់ផ្កាដែលរុះរោយ បញ្ជាក់ថារដូវផ្ការីកកំពុងតែត្រៀមបញ្ចប់ទៅហើយ។
« បងសប្បាយចិត្តណាស់ដែលអាចមានឱកាសចំណាយពេលមើលផ្កាឈើរីជាមួយអូនម្តងទៀត » រ៉េន ងាកមកសម្លឹងមុខរបស់អ្នកអង្គុយជិតវិញ។
« អូនក៏ដូចគ្នា ប៉ុន្តែបងអាចនៅជាមួយអូនបែបនេះរហូតបានទេ » រ៉ូជីន ចាប់ប្រអប់ដៃមាំណែន ដោយកែវភ្នែកសម្លឹងគេបញ្ជាក់ឲ្យគេដឹងថានាងកំពុងតែចង់បានអ្វីពីគេ។
« បងច្បាស់ជានៅជាមួយអូនរហូតហើយ ប៉ុន្តែតើយើងគួរតែទៅរស់នៅកន្លែងណាទៅណ៎? » រ៉េន ចាប់ដៃនាងវិញហើយលោមុខចូលមកជិតនាង សួរចង់ដឹងថានាងនៅចាំរឿងដែលគេនិងនាងបានសន្យាជាមួយគ្នាឬអត់។
« កន្លែងណា? » រ៉ូជីន លើកចិញ្ចើមឡើងសួរគេវិញ ព្រោះនាងមិនយល់ថាគេចង់សំដៅដល់កន្លែងណា។
« អូនភ្លេចហើយមែនទេ? កន្លែងដែលអូនប្រាប់ថាចង់រស់នៅជាមួយបងនិងសាងគ្រួសារជាមួយគ្នានោះអី »
« គឺបន្ទាប់ពីអូនដឹងខ្លួនឡើងការចងចាំរបស់អូនបានបាត់អស់ពាក់កណ្តាលទៅហើយ អូនសុំទោសដែលមិនចាំរឿងសំខាន់មួយនេះ » នាងលើកដៃញីក្បាលធ្វើដូចជានឹកអ្វីមិនឃើញហើយក៏សុំទោស រ៉េន ដោយទឹកមុខសោកសៅ។
« អូនមិនចាំក៏មិនអីដែរ ប៉ុន្តែបងមិនទាន់ដឹងរឿងដែលអូនអាចរស់ឡើងវិញបាននៅឡើយ អូនអាចនិយាយប្រាប់បងបានទេ »
« គឺ...គឺអូនមិនចង់រំលឹករឿងមួយនោះទេ » រ៉ូជីន រហ័សក្រោកឈរឡើងគេចពី រ៉េន មួយរំព្រិច។
« មិនចង់រំលឹកក៏មិនអីដែរ យើងគួរតែដើរលេងត្រង់នោះវិញល្អទេ » រ៉េន ក្រោកឈរឡើងចាប់អូនដៃនាងចេញទៅដើរលេងកន្លែងផ្សេងដើម្បីឲ្យអារម្មណ៍នាងល្អឡើងវិញ។
រ៉េននិងរ៉ូជីន កំពុងតែកាន់ដៃគ្នាដើរលេងក្នុងសួនសុខៗក៏មានអ្នកថតរូបម្នាក់ដើរចូលមករកពួកគេ។
« សុំទោស តើអ្នកទាំងពីរចង់ថតរូបជាមួយគ្នាទេ? »
រ៉េននិងរ៉ូជីន ងាកមើលមុខគ្នាហើយក៏ង៉ក់ក្បាលយល់ព្រម។
« អញ្ចឹងឈរនៅជិតគ្នាបន្តិចទៅ ខ្ញុំថតហើយណា មួយ ពីរ ... »
អ្នកថតរូបមិនទាន់បានចុចថតផងក៏ត្រូវប្រអប់ដៃស្រឡូនមកពីខាងក្រោយទាញកាំមេរ៉ាពីក្នុងដៃរបស់គេទៅបាត់។
« អ្នកនាងកំពុងអ្វីនឹង? » អ្នកថតរូបងាកទៅសួរស្រីក្រមុំដែលមកទាញកាំមេរ៉ាចេញពីដៃគេដោយភាពមួរម៉ៅ។
« ណាប៊ី! » រ៉េន លាន់មាត់ឡើងពេលឃើញនាង។
ប្រាវ!
ណាប៊ី មិនមាត់តែក៏បោកកាំមេរ៉ាទៅលើដីបែកខូចអស់ ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំ ជាពិសេស រ៉េន ដែលមិននឹកស្មានថានាងនឹងមករកគេដល់ទីនេះបាន។
« នាងកំពុងតែធ្វើឆ្កួតអ្វីនឹង? » រ៉េន ស្ទុះចូលទៅចាប់កដៃតូចទាញនាងចេញពីអ្នកថតរូប ព្រោះខ្លាចនាងបង្ករឿងឲ្យកាន់តែយ៉ាប់ជាងនេះទៀត។
« កាំមេរ៉ារបស់ខ្ញុំ នាងឆាប់សងកាំមេរ៉ារបស់ខ្ញុំភ្លាម » អ្នកថតរូបខឹងស្ទុះចូលមករក ណាប៊ី ទារថ្លៃដែលនាងបោកកាំមេរ៉ារបស់គេចោល ។ ណាប៊ី ដកកាតខ្មៅដាក់ពីមុខគេភ្លាមៗព្រោះនាងមិនខ្លាចនឹងសងថ្លៃកាំមេរ៉ារបស់គេទេ។
« ខ្ញុំនឹងសងថ្លៃកាំមេរ៉ារបស់លោក តែលោកក៏ត្រៀមឡើងតុលាការឲ្យហើយទៅ »
« តាមពិតនាងមើលដឹងហើយថាខ្ញុំជាអ្នកសារព័ត៌មាន បើអ្នកនាងចង់ប្តឹងខ្ញុំក៏តាមចិត្ត តែខ្ញុំនឹងយកព័ត៌មានដែលស្វាមីអ្នកនាងលួចមានស្រីក្បត់ចិត្តអ្នកនាងផ្សាយទៅខាងក្រៅឲ្យគ្រប់គ្នាបានដឹង ពេលនោះសម្ព័ន្ធ អ៊ីសាជី នឹងមានបញ្ហាធំមិនខាន »
« បើលោកចង់គ្មានកន្លែងឈរជើងអស់មួយជីវិតក៏ធ្វើបែបនោះចុះ គ្រាន់តែព័ត៌មានប៉ុណ្ណឹងមិនអាចធ្វើអ្វី អ៊ីសាជី បានទេ យ៉ាងហោចណាស់គ្រាន់តែខាតបង់បន្តិចបន្តួច ប៉ុន្តែលោកវិញនឹងបាត់បង់អ្វីគ្រប់យ៉ាងនៅក្នុងជីវិត » ណាប៊ី រលាស់ដៃរបស់ រ៉េន ចេញហើយចូលទៅគំរាមអ្នកសារព័ត៌មានដែលចង់ផ្សព្វផ្សាយព័ត៌មានរបស់ រ៉េន ។
« ខ្ញុំមិនផ្សាយក៏បាន » គេសម្លឹងមុខនាងហើយក៏រហ័សរត់ចេញទៅ។
រ៉េន ឈរសម្លឹងមើលអ្នកសារព័ត៌មានដែលបន្លំខ្លួនធ្វើអ្នកថតរូបរត់ចេញទៅបាត់ ទើបគេទាញដៃ ណាប៊ី មកសួរ។
« ហេតុអ្វីនាងមកទីនេះ? »
« លោកនាំនាងមកទីនេះបាន ហេតុអ្វីខ្ញុំមកមិនបាន? » ណាប៊ី តបទាំងមួរម៉ៅមកវិញ ។
« បើនាងមកតាមខ្ញុំក៏ឆាប់ទៅវិញទៅ ព្រោះខ្ញុំមិនទៅជាមួយនាងវិញទេ » គេរលាស់ដៃចេញពីនាងហើយក៏ប្តូរមកចាប់ដៃរបស់ រ៉ូជីន នៅចំពោះមុខរបស់នាង។
កែវភ្នែកស្រស់ថ្លាប្រែជារលីងរលោងពេលសម្លឹងឃើញដៃពួកគេទាំងពីរកាន់គ្នាយ៉ាងណែនដូចជាកំពុងខ្លាចនាងមកបំបែកពួកគេចេញពីគ្នា ។
« ហិ...! » ណាប៊ី ញញឹមចុងមាត់ងាកមុខចេញទាំងកែវភ្នែករលីងរលោង នាងពិតជាហួសចិត្តនិងឈឺចាប់ខ្លាំងណាស់ដែលពួកគេទាំងពីរទុកនាងជាស្រីបិសាចដែលតាមបំបែកស្នេហារបស់ពួកគេបែបនេះ។
« ខ្ញុំនិងរ៉េន ពួកយើងស្រលាញ់គ្នាខ្លាំងណាស់ សូមអ្នកនាងដោះលែង រ៉េន ទៅ » រ៉ូជីន និយាយអង្វរ ណាប៊ី យ៉ាងកំសត់ តែ ណាប៊ី មិនខ្ចីកំសត់តាម។
ណាប៊ី មិនចាប់អារម្មណ៍នឹងសម្តីរបស់ រ៉ូជីន តែនាងចាប់អារម្មណ៍តែជាមួយ រ៉េន ម្នាក់។
« បើលោកមិនគិតដល់លោកប៉ារបស់លោកទេ ក៏បន្តនៅជាមួយនាងទៀតចុះ ខ្ញុំនឹងប្រាប់ឲ្យមន្ទីរពេទ្យបញ្ឈប់ការព្យាបាលលោកប៉ារបស់លោកឥឡូវនេះ » ណាប៊ី មិនបានគំរាមតែមាត់ ប៉ុន្តែនាងក៏ដកទូរស័ព្ទខលទៅប្រធានមន្ទីរពេទ្យភ្លាមៗ។
« ឈប់! » រ៉េន ប្រលែងដៃពី រ៉ូជីន ស្ទុះទៅកញ្ឆក់យកទូរស័ព្ទពីដៃរបស់ ណាប៊ី មកចុចបិទភ្លាមៗ។
« រ៉េន! » រ៉ូជីន ឈរហៅ រ៉េន ទាំងទឹកភ្នែក ទើបគេងាកទៅឱបនាងវិញនៅចំពោះរបស់ ណាប៊ី។
ណាប៊ី ព្យាយាមទប់ទឹកភ្នែកងាកមុខចេញ នាងមិនចង់ឃើញរូបភាពដែលគេស្និតស្នាលជាមួយ រ៉ូជីន ទេ ព្រោះនាងពិតជាឈឺចាប់ខ្លាំងណាស់។
« ចាំបងមករកអូនវិញ » រ៉េន ជូតទឹកភ្នែកនាងហើយក៏ងាកមករក ណាប៊ី វិញ ហើយចាប់អូសដៃនាងចេញទៅយ៉ាងលឿន។
រ៉ូជីន លើកដៃជូតទឹកភ្នែកក្លែងក្លាយចេញពីថ្ពាល់របស់នាងឡើងស្ងួត រួចក៏ដើរត្រឡប់ទៅឡានរបស់នាងវិញយ៉ាងប្រញាប់ប្រញាល់។
តាមផ្លូវ
រ៉េន ជាអ្នកបើកឡានឲ្យ ណាប៊ី ត្រឡប់មកវិញ។
« ខ្ញុំគិតថាខ្ញុំស្គាល់នាងតិចពេកហើយ ណាប៊ី នាងពិតជាសាហាវជាការគិតរបស់ខ្ញុំទៅទៀត » គេឆ្លៀតប្រើពាក្យសម្តីធ្ងន់ៗឲ្យអ្នកដែលអង្គុយស្ងៀមក្នុងឡានចាប់ផ្តើមអួលណែនទ្រូងម្តងទៀត។
« ខ្ញុំសាហាវជាងនេះទៅទៀត បើលោកនៅតែទៅជួបនាងនៅអំឡុងពេលកាន់តំណែងដំបូងនេះ »
« តាមពិតនាងខ្វល់តែពីរឿងពាក្យចចាមអារ៉ាមដែលធ្វើឲ្យប៉ះពាល់ក្រុមហ៊ុនប៉ុណ្ណោះ ហិ...» រ៉េន បន្លឺសំឡេងបែបហួសចិត្តព្រោះគេស្មានតែនាងខ្វល់ពីគេ តែក្រោយពីស្តាប់សម្តីរបស់នាងហើយទើបគេដឹងថានាងខ្វល់តែពីក្រុមហ៊ុនប៉ុណ្ណោះ នាងកំពុងតែខ្ចីដៃគេឲ្យជួយការពារក្រុមហ៊ុនឲ្យនាងច្បាស់ណាស់ បែបនេះហើយនាងនៅនិយាយថាមិនធ្លាប់ចង់បានតំណែងជាអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី ទៀត ។
« ពិតមែនហើយខ្ញុំខ្វល់តែពីក្រុមហ៊ុមប៉ុណ្ណោះ បើថ្ងៃណាលោកអាចឈរនៅតំណែងជាអគ្គនាយកពេញទីហើយលោកធ្វើអ្វីក៏តាមចិត្ត ខ្ញុំមិនហាមទៀតទេ » នាងងាកមុខចេញប្រឹងទប់ភាពឈឺចាប់ពោលពាក្យសម្តីដល់គគ្រាតទាំងអស់នេះចេញមក។
« ខ្ញុំនឹងរងចាំឲ្យថ្ងៃនោះមកដល់ ចាំមើលថានាងនឹងគោរពពាក្យសម្តីរបស់ខ្លួនឯងឬអត់ » រ៉េន ញញឹមឌឺដងឲ្យនាង ទាំងដឹងហើយថានាងកំពុងតែឈឺចាប់ចំពោះពាក្យសម្តីរបស់ខ្លួនឯង ប៉ុន្តែគេគ្រាន់តែចង់យកឈ្នះមនុស្សមាត់រឹងពូកែលាក់អារម្មណ៍ដូចជានាងប៉ុណ្ណោះ។
“ ទម្រាំដល់ពេលនោះខ្ញុំប្រហែលមិននៅទីនេះទេ ធ្វើម្តេចអាចហាមលោកបានទៀតនោះ ពេលដែលលែងមានវត្តមានរបស់ខ្ញុំ លោកប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយ ព្រោះគ្មានអ្នកដែលនៅតាមរំខានជីវិតរបស់លោកទៀត ” ទឹកថ្លាជ្រាបចុះមកលើថ្ពាល់មិនឈប់ នាងប្រឹងលើកដៃជូតម្តងហើយម្តងទៀត ប៉ុន្តែវានៅតែស្រក់ចុះ ។ ណាប៊ី គេងដាក់ក្បាលក្បែរបង្អួចឡានសម្លឹងទេសភាពខាងក្រៅទាំងបេះដូងកំពុងតែឈឺចាប់ រដូវផ្ការីកចុងក្រោយដែលនាងបានឃើញក្នុងជីវិតកំពុងតែជិតបានបញ្ចប់ទៅហើយ ពេលវេលារបស់នាងក៏ជិតបញ្ចប់ដែរ នាងប្រហែលមិនអាចចាកចេញទៅជាមួយភាពរីករាយបានឡើយ បើនាងយំរាល់ថ្ងៃបែបនេះ នាងពិតជាមិនចង់ចាកចេញទៅទាំងបែបនេះទេ។
ងុឺត!
ឡានទំនើបពណ៌ខ្មៅឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ រ៉េន រហ័សដោះខ្សែក្រវ៉ាត់សុវត្ថិភាពហើយងាកទៅហៅអ្នកដែលអង្គុយក្នុងឡានជាមួយ ប៉ុន្តែពេលឃើញនាងគេងលក់ហើយទើបគេមិនហៅនាងវិញ។ រ៉េន ជួយដោះខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យនាងហើយទើបគេចេញពីក្នុងឡានដើរចេញទៅបើកទ្វាខាងនាង រួចបីនាងចេញពីក្នុងឡានដោយថ្នមដៃបំផុតព្រោះមិនចង់ឲ្យនាងភ្ញាក់។
« លោកប្រុ...»
អ្នកបម្រើរត់ចេញមកឃើញ រ៉េន រកសួរនាំតែក៏ត្រូវគេក្រវីក្បាលមិនឲ្យអ្នកបម្រើនិយាយអ្វីដែលបង្កជាសំឡេងរំខានដល់ភរិយាដែលកំពុងគេងនៅលើដៃរបស់គេ។
គេបីនាងឡើងទៅបន្ទប់ដាក់ឲ្យនាងគេងលើគ្រែរួចទាញភួយដណ្ដប់ឲ្យនាងយ៉ាងរាបរយ។ រ៉េន អង្គុយសម្លឹងមុខនាងបានឃើញស្នាមទឹកភ្នែកដែលជាប់នៅលើថ្ពាល់ទើបគេលើកដៃជូតឲ្យនាង មុននឹងក្រោកឡើងដើរទៅអង្គុយនៅតុក្បែរមាត់បង្អួចលួចមើលសៀវភៅកំណត់ហេតុរបស់នាងម្តងទៀត។
« ហេតុអ្វីមិនឃើញទំព័រថ្ងៃមុន? » រ៉េន ព្យាយាមបើកសៀវភៅទៅមកៗដើម្បីរកទំព័រមួយដែលគេអានកាលពីថ្ងៃមុន ប៉ុន្តែរកមើលយ៉ាងណាក៏មិនឃើញសោះ ទើបគេសម្រេចចិត្តរំលងទំព័រមួយនោះចោលហើយអានបន្តទៅទៀត។
« ហាសហា កំប្លែកណាស់ នាងសរសេរបែបនេះបានយ៉ាងម៉េច? » គេអានបណ្តើរសើចបណ្តើរទាំងមិនចាប់អារម្មណ៍នឹងទំព័រដែលចេះតែបាត់ទៅជាបន្តបន្ទាប់។ កំណត់ហេតុមួយក្បាលនេះមិនបានបាត់តែមួយទំព័រទេ ប៉ុន្តែបាត់គ្រប់ទំព័រដែលជារឿងសោកសៅនិងឈឺចាប់របស់ នាង គ្រប់យ៉ាងដែលនាងបន្សល់ទុកឲ្យគេអានមានតែភាពរីករាយនិងភាពកំប្លែកនៅក្នុងជីវិតរបស់នាងតែប៉ុណ្ណោះ។
រងចាំភាគបន្ត
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Romanceជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...