“ ជាប់ឈ្មោះជាជនរល្មើសសម្លាប់មនុស្ស ”អំពូលភ្លើងតែមួយបំភ្លឺនៅចំកណ្តាលតុសួរចម្លើយក្នុងបន្ទប់ដែលមានត្រឹមតែប៉ូលីសសួរចម្លើយម្នាក់និងនាង។ការសួរចម្លើយប្រព្រឹត្តិទៅជាច្រើនម៉ោង ប៉ុន្តែប៉ូលីសនៅតែសួរសំណួរដដែលៗមកកាន់នាងដូចជាកំពុងតែគិតថានាងបាននិយាយកុហកពួកគេ។
« ហេតុអ្វីអ្នកនាងនៅមើលលោក ហូរ៉េស នៅយប់នោះ? »
« ខ្ញុំបានប្រាប់ហើយថាខ្ញុំមានការងារត្រូវនិយាយជាមួយប្រធានពេទ្យនៅថ្ងៃនោះ ពេលចេញមកវិញទើបឆ្លៀតចូលមើលគាត់ » ណាប៊ី នៅតែនិយាយបែបនេះមិនថាប៉ូលីសសួរនាងប៉ុន្មានដងក៏ដោយ។
« ពួកយើងនៅមានការសង្ស័យជាច្រើនទៀតទាក់ទងនឹងចម្លើយរបស់នាង ដូច្នេះសូមអ្នកនាងរងចាំនៅទីនេះបន្តិចទៀតសិន » ប៉ូលីស ក្រោកឈរឡើងកាន់ក្រដាសដើរចេញពីបន្ទប់សួរចម្លើយទៅ ទុកឲ្យនាងនៅអង្គុយតែម្នាក់។
ណាប៊ី ឱបដៃអង្គុយនៅកណ្តាលបន្ទប់សួរចម្លើយទាំងរងានិងអស់កម្លាំង នាងងងុយគេងចង់ទៅផ្ទះពេលនេះ ប៉ុន្តែនាងមិនអាចចេញពីទីនេះបានទេ នាងដឹងថាប៉ូលីសកំពុងតែសង្ស័យនាងហើយក៏កំពុងតែរកភស្តុតាងចោទប្រកាន់នាងដែរ នាងប្រហែលគ្មានឱកាសបានត្រឡប់ទៅផ្ទះវិញទេ។ កែវភ្នែករលីងរលោងចោលសម្លឹងនាឡិកានៅនឹងជញ្ជាំងបន្ទប់ ម៉ោង១០យប់ទៅហើយ ហេតុអ្វី រ៉េន មិនទាន់មករកនាងទៀត? ឬនៅក្រុមហ៊ុនមានរឿងហើយ។ខាងក្រៅបន្ទប់សួរចម្លើយ
ផ្នែកងារប៉ូលីសនិងអ្នកស្រី ដាលីន កំពុងតែឈរមើល ណាប៊ី ពីខាងក្រៅទៅ។
« ពួកយើងសួរនាងបួនប្រាំងដងហើយ តែនាងចម្លើយរបស់នាងនៅតែដដែល នាងថានាងមិនមែនជាអ្នកចាក់ថ្នាំលោក ហូរ៉េស នាងនិយាយថាពេលនាងចូលទៅមើលលោក ហូរ៉េស នោះស្ថានភាពលោកនៅល្អនៅឡើយ » ប៉ូលីស រាប់រៀបចម្លើយដែលទទួលបានពី ណាប៊ី ប្រាប់អ្នកស្រី ដាលីន។
« សម្តីរបស់ជនសង្ស័យមិនអាចជឿជាក់បានទេ លោកគួរតែជឿលើភស្តុតាងដែលមានទើបជាការត្រឹមត្រូវ » អ្នកស្រី ដាលីន តបជាមួយប៉ូលីសទាំងភ្នែកនៅសម្លឹងរាងស្តើងដែលអង្គុយនៅក្នុងបន្ទប់សួរចម្លើយមិនដាក់ភ្នែក។
« ប៉ុន្តែត្រឹមតែវីដេអូមុខបន្ទប់អ្នកជំងឺប៉ុណ្ណឹង យើងមិនអាចធ្វើការចោទប្រកាន់អ្នកនាង ណាប៊ី បានទេ »
« ហេតុអ្វីមិនបាន? នាងគឺជាឃាតករច្បាស់ណាស់ » អ្នកស្រី ដាលីន ខឹងតំឡើងសំឡេងដាក់លោកប៉ូលីស។
« អ្នកស្រីស្ងប់អារម្មណ៍ហើយគួរតែត្រឡប់ទៅផ្ទះសិនទៅ រឿងនេះទុកឲ្យពួកយើងដោះស្រាយ »
« ដោះស្រាយយ៉ាងម៉េច? គិតដោះលែងស្រីឃាតករម្នាក់នេះចឹងមែនទេ?»
« ពួកយើងនឹងធ្វើការតាមភស្តុតាងដែលមានសូមអ្នកស្រីត្រឡប់ទៅវិញ » ប៉ូលីសចូលមកចាប់ដៃអ្នកស្រី ដាលីន ទាំងសងខាងព្រោះមិនអាចទុកឲ្យនាងនៅស្រែករំខានប៉ូលីសទៀតទេ។
« លែង! លែង! ខ្ញុំមិនទៅផ្ទះទេ លុះត្រាតែឃើញស្រីម្នាក់នេះជាប់គុក » អ្នកស្រី ដាលីន ស្រែកផងរើផងតែនៅមិនអាចរួចចេញពីដៃប៉ូលីស ចុងក្រោយក៏ត្រូវប៉ូលីសបោះចេញពីប៉ុស្តិ៍ប៉ូលីសបានសម្រេច។
« អ្នកស្រីត្រឡប់ទៅផ្ទះសិនទៅ » ប៉ូលីសពីរនាក់ដែលចាប់អ្នកស្រី ដាលីន បោះចេញមកខាងក្រៅ និយាយប្រាប់នាងហើយក៏ចូលទៅវិញបាត់។
« ឲ្យខ្ញុំជឿទុកចិត្តពួកប៉ូលីសដូចឯងយ៉ាងម៉េចបានទៅហា៎? » អ្នកស្រី ដាលីន ស្រែកឡូឡានៅខាងមុខប៉ុស្តិ៍ប៉ូលីសតែម្នាក់ឯង។
« សួស្តីអ្នកស្រី ម៉ាដាលីន ថ័ររ៉េស »
សំឡេងរបស់ ដាវីណា ធ្វើឲ្យអ្នកស្រី ដាលីន រហ័សងាកមករកនាងហើយក៏ភ្ញាក់បើកភ្នែកធំៗដូចបានឃើញខ្មោច។
« នាង... រ៉ូជីន ក្រែងនាងស្លាប់ហើយមែនទេ? »
« ខ្ញុំមិនអាចស្លាប់បានទេ បើមិនទាន់បានឃើញអ្នកស្រីស្លាប់នៅចំពោះមុខ » ដាវីណា នៅសម្តែងធ្វើជា រ៉ូជីន បោកអ្នកស្រី ដាលីន បន្តទៀត។
« ទេ...នាងមិនមែនជា រ៉ូជីន ម្នាក់នោះទេ » អ្នកស្រី ដាលីន មើលដឹងភ្លាមគ្រាន់តែលឺសម្តីរបស់ រ៉ូជីន ក្លែងក្លាយម្នាក់នេះហើយ ប៉ុន្តែនាងនៅតែតក់ស្លុតដូចឃើញខ្មោចដដែល ព្រោះនាងមិនដឹងទេថាអ្នកដែលបន្លំខ្លួនធ្វើ រ៉ូជីន មានបំណងអ្វី...ថាមិនត្រូវ រ៉ូជីន ម្នាក់នេះអាចមកសងសឹកនាងជំនួស រ៉ូជីន មុនក៏ថាបាន។
« កុំភ័យអី ខ្ញុំមិនមែនមកសងសឹកអ្នកស្រីទេ តែខ្ញុំមកជួយអ្នកស្រីទៅវិញទេ » វីណា ដើរចូលទៅជិតអ្នកស្រី ដាលីន ។
« ខ្ញុំមិនត្រូវការនាងជួយទេ » អ្នកស្រី ដាលីន រហ័សថយក្រោយគេចចេញពីនាង។
« ខ្ញុំមានភស្តុតាងឲ្យអ្នកស្រីចាប់ឃាតករដែលសម្លាប់ប្តីអ្នកស្រីបាន » វីណា លើកសារពណ៌ត្នោតបង្ហាញអ្នកស្រី ដាលីន។
« នាងបានដឹងរឿងអ្វីខ្លះ? តើ...តើក្នុងនោះជាភស្តុតាងដែលស្រីម្នាក់នោះសម្លាប់ប្តីខ្ញុំមែនទេ? » អ្នកស្រី ដាលីន ស្ទុះលឿនប្រុងយកសាមីពណ៌ត្នោតពីក្នុងដៃរបស់ វីណា តែនាងដឹងខ្លួនទាន់ទើបដកសាមីគេចពីដៃអ្នកស្រី ដាលីន យ៉ាងលឿន។
« ខ្ញុំនឹងឲ្យភស្តុតាងទៅអ្នកស្រី ប៉ុន្តែត្រូវមានការដោះដូរ » រ៉ូជីន ញញឹមដោយល្បិចកលដាក់អ្នកស្រី ដាលីន។
« នាងចង់បានអ្វី? »
« ឲ្យកូនប្រសាររបស់អ្នកស្រីចាកចេញពីសម្ព័ន្ធ អ៊ីសាជី ហើយឈប់មករវល់នឹងសម្ព័ន្ធ អ៊ីសាជី តទៅទៀត »
« មិនបានទេ »
« បើអ្នកស្រីមិនព្រមក៏តាមចិត្ត ប៉ុន្តែអ្នកស្រីគួរតែដឹងថាខ្ញុំមានភស្តុតាងជាច្រើនដើម្បីកម្ចាត់កូនប្រុសអ្នកស្រីចេញពីសម្ព័ន្ធ អ៊ីសាជី » វីណា និយាយចប់ហើយក៏បកក្រោយប្រុងចេញទៅវិញ។
« ឈប់សិន! »
វីណា ឈប់ដំណើរងាកមុខមកវិញបន្ទាប់ពីអ្នកស្រី ដាលីន ហៅនាង។
« អ្នកស្រីប្តូរចិត្តហើយមែនទេ? »
« ខ្ញុំនឹងឲ្យកូនប្រុសដកខ្លួនចេញពីសម្ព័ន្ធ អ៊ីសាជី តាមលក្ខខណ្ឌរបស់នាង ប៉ុន្តែខ្ញុំសុំក្រុមហ៊ុនរបស់ខ្ញុំមកវិញបានទេ? »
« យល់ព្រម អញ្ចឹងខ្ញុំនឹងឲ្យភស្តុតាងពាក់កណ្តាលសិនដើម្បីឲ្យប៉ូលីសឃុំខ្លួន ណាប៊ី បានមួយរយះ ហើយខ្ញុំនឹងប្រគល់ភស្តុតាងឲ្យអ្នកស្រីទាំងស្រុងពេលដែលលក្ខខណ្ឌក្នុងកិច្ចសន្យាបានធ្វើរួច » វីណា ប្រគល់សាមីពណ៌ត្នោតឲ្យអ្នកស្រី ដាលីន ហើយក៏ដើរចេញទៅទាំងស្នាមញញឹមសមចិត្តជាខ្លាំង។
YOU ARE READING
ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)
Любовные романыជំនួបស្នេហ៍រយះពេលខ្លី ប្រៀបបាននឹងឈុនឆាកស្នេហាដ៏ផ្អែមល្ហែមដែលកើតឡើងក្នុងជំពូកមួយនៃសៀវភៅប្រលោមលោកដែលមានកម្រាស់រាប់លានទំព័រ ជាក្តីស្រលាញ់ដែលមិនធ្លាប់នឹងនឹកស្មានដល់ ជាស្នេហាដែលកើតឡើងដោយមិនបានព្រៀមទុកជាមុន តែក៏បានក្លាយជាការចងចាំដល់មានន័យជ្រាលជ្រៅបំផុតនៅក...