ភាគ៣៣

135 5 0
                                    

“ ខូឃីថ្នាំពុល ”

   ណាប៊ីនិងរ៉េន ចូលមកការិយាល័យវិញភ្លាមៗបន្ទាប់ពីចេញពីមន្ទីរពេទ្យមើលរបួសដៃរបស់ ណាប៊ីហើយ។
   « សំណាងហើយដែលមិនបាក់ឆ្អឹង » រ៉េន ដកដង្ហើមធំដោយធូរទ្រូងដែលគ្មានអ្នកណាមកពិការដៃដោយសារគេ បើនាងបាក់ដៃពិតមែននោះ នាងច្បាស់ជាឲ្យគេមើលថែនាងអស់មួយជីវិតមិនខាន ហើយគេក៏គ្មានសិទ្ធបដិសេធព្រោះនាងបានយកដៃមករងដំបងជំនួសគេ។
   « ឆ្អឹងខ្ញុំរឹងមិនបាក់ងាយទេ » នាងងាកមកតបជាមួយគេទាំងមុខក្រញ៉ូវខឹងនឹងរឿងដែលគេស្តីបន្ទោសឲ្យនាងមិនទាន់បាត់។ ណាប៊ី ចូលទៅទម្លាក់ខ្លួនគេងលើសាឡុនក្នុងបន្ទប់ការិយាល័យ នាងទាញកន្សែងមកដណ្តប់ហើយក៏បិទភ្នែកធ្វើសម្ងំគេង ព្រោះមិនចង់ជួបមុខអ្នកដែលកាន់ថង់ថ្នាំចូលមកតាមក្រោយនាង។
   រ៉េន ដាក់ថង់ថ្នាំនៅលើតុហើយទាញអាយផេតមកចុចមើលវីដេអូកាំមេរ៉ាសុវត្ថិភាពតាមផ្លូវដែលឡានដឹកលុយចេញទៅឃ្លាំងនៅជាយក្រុងម្តងហើយម្តងទៀត។
   « លុយក្នុងឡានមួយគ្រឿងនោះមិនមែនបាត់នៅតាមផ្លូវទេដឹង? »
   ណាប៊ី ស្ទុះក្រោកអង្គុយបើកភ្នែកធំៗដាក់ រ៉េន មួយរំព្រិចពេលលឺគេនិយាយដូចជាបានរកឃើញតម្រុយអ្វីពីវីដេអូកាំមេរ៉ាសុវត្ថិភាពហើយ។
   « ពិតទេ? លុយបាត់ចេញពីឡានអំឡុងពេលដឹកជញ្ជូនពិតមែនទេ? » ណាប៊ី ភ្លេចខ្លួនថាកំពុងខឹងជាមួយគេអស់រលីងដោយគ្រាន់តែគិតដល់លុយពីរពាន់លានដែលក្រុមហ៊ុនបាត់ទៅនោះ។ ទោះនាងមិនចង់ធ្វើការជាអ្នកស្នងតំណែងរបស់សម្ព័ន្ធ អ៊ីសាជី ប៉ុន្តែពេលនេះនាងក៏បានមកឈរនៅទីនេះហើយដូច្នេះនាងចង់ធ្វើឲ្យល្អបំផុតតាមដែលអាចធ្វើបាន នាងមិនចង់ឲ្យក្រុមហ៊ុនបាត់បង់អ្វីធ្ងន់ធ្ងរក្នុងអំឡុងពេលដែលនាងកាន់តំណែងនេះទេ។
   « សាកមើលវីដេអូកន្លែងនេះទៅ ចម្ងាយពីកាំមេរ៉ាមួយទៅកាំមេរ៉ាមួយទៀត មានចម្ងាយតែប្រាំរយម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអ្នកនាងសាកពិនិត្យមើលម៉ោងនៅខាងលើនេះទៅមើលចុះ ហេតុអ្វីឡានត្រូវចំណាយពេលដល់ទៅមួយម៉ោងក្នុងចម្ងាយផ្លូវតែប្រាំរយម៉ែត្រ? »
   « ដូច្នេះមានន័យថាក្នុងចម្ងាយផ្លូវប្រាំរយម៉ែត្រនេះច្បាស់ជាមានរឿងអ្វីកើតឡើងចំពោះឡានដឹកលុយមិនខាន ប៉ុន្តែតើយើងអាចដឹងបានយ៉ាងម៉េចថាមានរឿងអ្វីកើតឡើងនៅចន្លោះផ្លូវប្រាំរយម៉ែត្រនេះ? ថាមិនត្រូវអ្នកបើកឡានអាចឈឺពោះចូលបន្ទប់ឬក៏មានការអ្វីសំខាន់ក៏ថាបាន »
   « ខ្ញុំនឹងទៅរកមើលកាំមេរ៉ាតាមផ្ទះនិងហាងនៅចន្លោះផ្លូវប្រាំរយម៉ែត្រនេះ » រ៉េន កាន់អាយផេតក្រោកឈរឡើងរៀបចំចេញទៅខាងក្រៅ ទើប ណាប៊ី រហ័សក្រោកតាមគេដែរ។
   « ខ្ញុំទៅជាមួយលោកដែរ »
   « នាងនៅសម្រាកទីនេះហើយល្អជាង ខ្ញុំមិនចង់ខាតពេលជូននាងទៅមន្ទីរពេទ្យម្តងទៀតទេ » រ៉េន តបជាមួយនាងដោយភាពធុញទ្រាន់ហើយដើរចេញទៅបាត់ ទើប ណាប៊ី ត្រូវអង្គុយចុះវិញទាំងមុខក្រញ៉ូវ។
   « ខ្ញុំពិតជាគួរឲ្យធុញនិងរំខានណាស់មែនទេ? » ណាប៊ី រអ៊ូឲ្យខ្លូនឯងហើយលើកដៃដែលមានរបួសមកមើលទាំងមុខធុញទ្រាន់ ព្រោះតែនាងតែងឈឺនៅពេលសំខាន់ទើបធ្វើឲ្យគេធុញទ្រាន់ជាមួយនាង។
  
   រ៉េន ដើរសុំមើលកាំមេរ៉ាសុវត្ថិភាពតាមហាងជាប់ផ្លូវរហូតទៅដល់ហាងសាឡនចាស់មួយ។
   « ដោយសារតែហាងរបស់ខ្ញុំចាស់មិនសូវមានភ្ញៀវទើបខ្ញុំតែងតែបិទទ្វាលឿន ប៉ុន្តែនៅយប់នោះខ្ញុំបានលឺសំឡេងឡានពីរគ្រឿងមកឈប់មុខហាងរបស់ខ្ញុំ គឺមួយគ្រឿងជាឡានក្នុងរូបនេះហើយ » ម្ចាស់ហាងចង្អុលរូបឡានដែល រ៉េន កាន់មកសួរ។
   « តើខ្ញុំអាចសុំមើលកាំមេរ៉ាសុវត្ថិភាពនៅយប់នោះបានទេ? »
   « កាំមេរ៉ាសុវត្ថិភាពរបស់ខ្ញុំបានបំផ្លាញ់នៅយប់នោះបាត់ទៅហើយ ខ្ញុំគិតថាម្ចាស់ឡានទាំងពីរគ្រឿងនេះជាអ្នកធ្វើច្បាស់ណាស់ »
   « ចុះអ្នកមីងនៅមានវីដេអូមុនឡានពីរគ្រឿងនេះចូលមកឈប់នៅមុខហាងមួយម៉ោងមុនទេ? »
   « ដូចជាមាន លោកអាចរកមើលខ្លួនឯងនៅក្នុងកុំព្យូទ័រនេះ » ម្ចាស់ហាងយកកំព្យូទ័រមកឲ្យ រ៉េន រកមើលវីដេអូដោយខ្លួនឯង។ រ៉េន រកឃើញវីដេអូមួយម៉ោងមុនឡានដឹកលុយមកដល់ហើយ ប៉ុន្តែមិនបានឃើញតម្រុយអ្វីសោះ តែគេបានឃើញឡានមួយគ្រឿងដែលចតបែរមុខមកផ្លូវចំហាងសាឡន ឡាននោះមានកាំមេរ៉ាខាងមុខដែលអាចថតសកម្មភាពនៅយប់នោះបាន គេគួរតែទៅសួរម្ចាស់ឡានមួយនោះដើម្បីសុំវីដេអូនៅយប់នោះ។
   « អ្នកមីងដឹងថាម្ចាស់ឡានមួយគ្រឿងនេះ គេនៅឯណាទេ? » រ៉េន សម្លឹងផ្ទះដែលមានឡានចតចោលនៅយប់នោះ ប៉ុន្តែពេលនេះផ្ទះនោះក៏បិទទ្វាដាក់ស្លាកលក់បាត់ទៅហើយ។
   « ពួកគេទើបតែរើសចេញកាលពីព្រឹកមិញទេ »
   « ចុះអ្នកមីងដឹងថាពួកគេរើសទៅណាទេ? »
   « ខ្ញុំអត់ដឹងទេ »
   « អរគុណអ្នកមីងណាស់ដែលឲ្យមើលកាំមេរ៉ាសុវត្ថិភាព » រ៉េន ឱនអរគុណម្ចាស់ហាងហើយក៏ដើរចេញពីហាងទាំងអស់សង្ឃឹម។
   “ ខ្ញុំអាចឡើងធ្វើអ្នកដឹកនាំសម្ព័ន្ធ អ៊ីសាជី ទាំងមូលម្តេចនឹងបានបើសូម្បីលុយពីរពាន់លានដែលបាត់ក៏មិនអាចរកឃើញនោះ? ” រ៉េន ឈរសម្លឹងផ្ទះដែលបិទទ្វាដាក់ស្លាកលក់ទាំងទឹកមុខអស់សង្ឃឹម។
  
   ណាប៊ី ចាំ រ៉េន នៅការិយាល័យរហូតដល់ម៉ោងប្រាំពីរយប់បុគ្គលិកចាប់ដើមចេញពីធ្វើការទៅផ្ទះអស់ ទើបនាងទទួលបានសារពីរ រ៉េន ប្រាប់ឲ្យនាងត្រឡប់ទៅផ្ទះមុន ។ ណាប៊ី ស្ពាយកាបូបដើរមកកាន់ចំណតឡានក្រោមដីដោយមានអ្នកបើកឡានរបស់នាងជួយកាន់កញ្ចប់ថ្នាំដើរតាមក្រោយ។
   « មើលទៅអ្នកដឹកនាំរបស់យើងពិតជាខិតខំធ្វើការខ្លាំងណាស់ » គីរ៉ាន់ ញញឹមឌឺដងមកពីចម្ងាយដើរចូលមករកស្រីក្រមុំដែលឈប់ជើងមួយកន្លែងទាំងបេះដូងតូចលោតភិតភ័យមួយរំព្រិច។
   « ហេតុអ្វីបងនៅទីនេះ? » ណាប៊ី សួរទៅកាន់បងប្រុសទាំងត្រជាក់ចុងដៃ។
   « បងគ្រាន់តែឆ្លងកាត់ តែនឹកឃើញឯងទើបចូលមកមើល ហើយក៏បានទិញនំដែលឯងចូលចិត្តមកផ្ញើរផងដែរ » គីរ៉ាន់ លើកដៃឲ្យ តូរីន យកថង់នំមកឲ្យ ណាប៊ី។
   « នំខូឃីរបស់អ្នកនាង » តូរីន ហុចកញ្ចប់នំនិងបញ្ជាក់ឈ្មោះឲ្យស្រីក្រមុំបានដឹង ធ្វើឲ្យនាងឈានជើងថយក្រោយគេចពីកញ្ចប់នំរបស់ គីរ៉ាន់ មួយរំព្រិច។
   « ក្រែងពីមុនឯងចូលចិត្តធ្វើនំខូឃីនៅផ្ទះណាស់មែនទេ?  ពេលដែលបងជិះកាត់ហាងនំខូឃី បងក៏នឹកឃើញដល់ឯងមុនគេ »
   « ឆាប់យកចេញទៅ! » ណាប៊ី ស្រែកគំហកដាក់ គីរ៉ាន់ ឲ្យគេយកនំខូឃីចេញពីនាងទាំងកែវភ្នែករលីងរលោងខ្លួនប្រាណចាប់ផ្តើមញ័រទាំងតក់ស្លុត។
   « ឯងមិនចូលចិត្តខូឃីទៀតទេ? អរ!បងស្ទើរតែភ្លេចទៅហើយ បងសុំទោស...» គីរ៉ាន់ ចូលជិតរាងស្តើងហើយធ្វើដូចជាកំពុងឱបលួងលោមនាង តែតាមពិតគេចូលមកដើម្បីតែរំលឹករឿងខ្លះដាក់ត្រចៀករបស់នាងប៉ុណ្ណោះ។
   « លោកប៉ាអ្នកម៉ាក់ប្រាកដជាចូលចិត្តនំខូឃីរបស់ឯងខ្លាំងណាស់ហើយ » បបូរមាត់ក្រាស់ញោចញញឹមចុងមាត់យ៉ាងឃោឃៅមុននឹងដកខ្លួនថយចេញពីរាងស្តើងញ័រទទ្រើកមកវិញ។
   « ឯង...ឯងសម្លាប់លោកប៉ាអ្នកម៉ាក់! » ណាប៊ី ស្រែកខ្លាំងៗហើយស្ទុះចូលចាប់ទាញកអាវរបស់ គីរ៉ាន់ ដោយកែវភ្នែកខឹងសម្បារ។
   « ក្រែងឯងមែនទេ? ឯងជាអ្នកយកខូឃីមានថ្នាំពុលនោះទៅឲ្យលោកប៉ាអ្នកម៉ាក់ បងដឹងថាថ្ងៃនោះឯងខឹងស្អប់លោកប៉ាអ្នកម៉ាក់ខ្លាំង តែឯងមិនគួរដាក់ថ្នាំបំពុលពួកគាត់ទាំងពីរនាក់ទេ ចំណែកបង...» និយាយមកដល់ត្រង់នេះគេចាប់ផ្តើមចាប់ដៃរបស់ ណាប៊ី ទាំងសងខាងច្របាច់ខ្លាំងៗវិញ ជើងមាំឈានទៅមុខធ្វើឲ្យជើងស្រឡូនឈានថយក្រោយតាមជំហានរបស់គេទាំងញ័រទទ្រើក។
   ដៃរបស់នាងកំពុងស្រក់ឈាមចុះមកលើឥដ្ឋម្តងមួយដំណក់ៗយ៉ាងឈឺចាប់ អ្នកបើកឡានរបស់នាងចង់ចូលទៅជួយនាងចេញពីក្នុងដៃរបស់ គីរ៉ាន់ តែក៏ត្រូវ តូរីន ទាក់គេជាប់។
   « ចំណែកបងគ្រាន់តែមិនចង់ឃើញពួកគាត់ទាំងពីរវេទនានៅដង្ហើមចុងក្រោយប៉ុណ្ណោះ ទើបបងបញ្ចប់ភាពឈឺចាប់របស់ពួកគាត់ដោយផ្ទាល់ដៃ ផាំង! ផាំង! » គេធ្វើដៃជាកាំភ្លើងភ្ជង់ត្រង់សៀតផ្ការបស់ស្រីក្រមុំហើយក៏រុញក្បាលនាងឲ្យងាកទៅម្ខាងតាមកម្លាំងដៃរបស់គេ។
   គីរ៉ាន់ ដកខ្លួនចេញពី ណាប៊ី ដើរត្រឡប់ទៅឡានរបស់គេវិញទាំងទឹកមុខញញឹមស្រស់ស្រាយដែលបានមករំលឹកអតីតកាលខ្លះឲ្យនាងឈឺចាប់ហើយ។
   ដុក!
   ណាប៊ី ទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋផ្អែកជញ្ជាំងសម្លឹងកញ្ចប់នំខូឃីដែលធ្លាក់នៅលើឥដ្ឋទាំងបេះដូងខ្ទេចខ្ទាំ នាងជាអ្នកសម្លាប់លោកប៉ានិងអ្នកម៉ាក់ នាងជាអ្នកធ្វើឲ្យលោកទាំងពីរស្លាប់។ ត្របកភ្នែកស្តើងទន់ទម្លាក់បិទចុះទាំងទឹកភ្នែកជោកថ្ពាល់។
   « អ្នកនាងប្រធាន! អ្នកនាងឆាប់ដឹងខ្លួនឡើង » អ្នកបើកឡានរហ័សរត់មកហៅនាង តែនាងក៏បានសន្លប់បាត់ស្មារតីបាត់ទៅហើយ។
  
   មួយម៉ោងក្រោយមកនៅមន្ទីរពេទ្យ
  
   រាងស្តើងគេងនៅក្នុងបន្ទប់អ្នកជំងឺក្នុងមន្ទីរពេទ្យតែម្នាក់ឯង ដំណក់ទឹកថ្លាជ្រាបចេញពីចុងភ្នែក ស្របពេលម្រាមស្រឡូនចាប់ផ្តើមក្តាប់ចូលគ្នាយ៉ាងណែន ដូចជានាងកំពុងប៉ះទង្កិចអារម្មណ៍យ៉ាងខ្លាំង ក្នុងសុបិន្តដែលនាងកំពុងតែមាននៅពេលនេះ។
   “ បើម៉ាក់នៅសល់ពេលដប់ថ្ងៃចុងក្រោយដើម្បីរស់នៅតើម៉ាក់នឹងធ្វើអ្វីខ្លះ? ”
   “ ម៉ាក់នឹងចំណាយពេលដប់ថ្ងៃនោះឲ្យមានន័យបំផុត ម៉ាក់នឹងនិយាយពាក្យដែលលាក់នៅក្នុងចិត្តទាំងប៉ុន្មានប្រាប់មនុស្សសំខាន់របស់ម៉ាក់ ហើយម៉ាក់នឹងចំណាយពេលចុងក្រោយជាមួយគេដោយគ្មានការសោកស្តាយ ”
    អ្នកម៉ាក់ពិតជាបានធ្វើដូចសម្តីនេះពិតមែន? អ្នកម៉ាក់និងលោកប៉ាបានផ្តល់ពេលវេលាដ៏មានក្តីសុខឲ្យខ្ញុំមួយរយះពេលខ្លី ហើយអ្នកទាំងពីរក៏គិតរុញខ្ញុំឲ្យទៅឆ្ងាយពីអ្នកទាំងពីរម្តងទៀត។
    “ ប៉ានឹងបញ្ចូលឯងឲ្យទៅរស់នៅបរទេស ទៅនៅទីនោះហើយមិនបាច់ត្រឡប់មកកូរ៉េវិញទេ  ”
    “ លោកប៉ានិងអ្នកម៉ាក់ធ្លាប់បោះបង់ខ្ញុំចោលម្តងហើយ ពេលអ្នកទាំងពីរគិតបោះបង់ខ្ញុំចោលម្តងហើយមែនទេ? ហ៊ឹក! ”
    “ បើឯងស្តាប់តាមសម្តីរបស់ម៉ាក់និងប៉ា ពួកយើងក៏មិនគិតបោះបង់ឯងម្តងទៀតបែបនេះទេ? ហេតុអ្វីឯងឈប់រៀនផ្នែកជំនួញតាមចិត្ត? ហេតុអ្វីឯងទៅរៀនពេទ្យមិនប្រាប់ពួកយើងមួយម៉ាត់? នៅមានរឿងប៉ុន្មានទៀតដែលយើងមិនដឹងពីឯង ”
    “ មកពីម៉ាក់និងប៉ាមិនដែលចង់យល់ពីខ្ញុំច្រើនជាង ”
    ផាច់!
    “ ឈប់តមាត់ ហើយឡើងរៀបសម្លៀកបំពាក់ត្រៀមចេញដំណើរទៅថ្ងៃស្អែកភ្លាម ”
    ណាប៊ី ទប់កំផ្លៀងដែលត្រូវទះដោយប្រអប់ដៃមាំហើយក៏រត់ឡើងទៅបន្ទប់សម្ងំយំតែម្នាក់ឯង។ នាងនឹងត្រូវចាកចេញទៅនៅថ្ងៃស្អែកហើយ នាងនឹងត្រូវរស់នៅបរទេសអស់មួយជីវិត លោកប៉ានិងអ្នកម៉ាក់មិនឲ្យនាងត្រឡប់មកកូរ៉េវិញទេ នាងច្បាស់ជារស់នៅក្រោមភ្នែកច្រមុះរបស់លោកប៉ារបស់នាងនៅបរទេសអស់មួយជីវិត នាងនឹងត្រូវបង្ខំឲ្យគ្រប់គ្រងជំនួញនៅបរទេសតាមមហិច្ឆតារបស់លោកប៉ារបស់នាង ក្តីស្រម៉ៃរបស់នាងទាំងប៉ុន្មាននឹងត្រូវបញ្ចប់នៅក្នុងពេលនេះ។
    “ ណាប៊ីហា៎! លោកប៉ា អ្នកម៉ាក់ធ្វើបែបនេះគឺដើម្បីឲ្យឯងល្អ ”
    សម្តីរបស់បងប្រុសកាលនោះសុទ្ធតែជាការបោលប្រាស់ បងប្រុសជួយនាងរៀបចំនំខូឃីដើម្បីសុំទោសលោកប៉ាអ្នកម៉ាក់មុនពេលចេញដំណើរ តែមិននឹកស្មានថាតាមពិតនាងជាអ្នកជូនដំណើរលោកប៉ានិងអ្នកម៉ាក់ជាលើកចុងក្រោយសោះ។
    “ គីរ៉ាន់ហា៎! ហេតុអ្វីឯងកាន់កាំភ្លើងក្នុងផ្ទះ? ”
    “ ខ្ញុំបានលឺអស់ហើយ លោកប៉ាចង់ប្រគល់គ្រប់យ៉ាងឲ្យ ណាប៊ី លោកប៉ាធ្វើជារៀបចំឲ្យនាងទៅបរទេសដើម្បីការពារនាងមុនពេលឡើងកាន់តំណែងមែនទេ? តាំងពីដើមមកលោកប៉ាមិនដែលទុកខ្ញុំជាកូនទេ ”
    ឌឹប!
    “ គីរ៉ាន់...! ” រាងចំណាស់វាយកូនប្រុសបានមួយដៃក៏ចាប់ផ្តើមមានអាការះចុកទ្រូងថប់ដកដង្ហើមបន្ទាប់មកក៏ចាប់ផ្តើមក្អួតឈាមចេញមក។
    “ លោកប៉ា គ្រប់យ៉ាងត្រូវតែជារបស់ខ្ញុំ ”
    ផាំង! ផាំង!
    អ្នកស្រី គីម រត់មករងគ្រាប់ជំនួសស្វាមី។
    “ អូន! អូន! គីរ៉ាន់ ពួកយើងមិនដែលស្អប់ឯងទេ ”
    ” ខ្ញុំមិនចាញ់បោកពាក្យទាំងអស់នេះម្តងទៀតទេ ”
    ផាំង! ផាំង!
    ប្រូស!
    ប្តីប្រពន្ធទាំងពីរត្រូវបាញ់នៅជាន់ខាងលើហើយក៏ដួលធ្លាក់មកដល់ជាន់ខាងក្រោយពីមុខកូនស្រីដែលរៀបចេញដំណើរទៅហើយ តែនាងក៏រត់ចូលមកវិញបន្ទាប់ពីលឺសំឡេងកាំភ្លើង។
    “ លោក...ប៉ា! អ្នក...ម៉ាក់! ហ៊ឹក! ហ៊ឺ! ”
    “ នំ...ខូឃី...របស់ឯង...មានថ្នាំពុល... » ប្រអប់ដៃជ្រួញដែលប្រឹងស្រវ៉ាចាប់ជាយក្រណាត់អាវកូនស្រីទន់ធ្លាក់ចុះទៅលើឥដ្ឋបន្ទាប់ពីដង្ហើមរបស់លោកផុតទៅព្រមជាមួយភរិយា។ ណាប៊ី ចោលភ្នែកទៅសម្លឹងនំខូឃីដែលនៅក្នុងថង់ដែលនាងរំលែកទុកញុំនៅតាមផ្លូវ សំណាងហើយដែលនាងមិនទាន់បានញុំវា ប៉ុន្តែលោកប៉ានិងអ្នកម៉ាក់មិនមានសំណាងដូចនាងទេ លោកទាំងពីរបានស្លាប់ព្រោះតែនំខូឃីមានជាតិពុលរបស់នាង។
 
              រងចាំភាគបន្ត
  

  

  
  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now