ភាគ១១

138 5 0
                                    

    “ អាត្មានិយម ”

     បន្ទប់សម្រាកព្យាបាលរបស់ រ៉ូជីន
     ក្រាក!
     លោកគ្រូពេទ្យដែលចូលទៅពិនិត្យស្ថានភាពជំងឺរបស់ រ៉ូជីន ចេញមកវិញជាមួយទឹកមុខអស់សង្ឃឹម។
     « លោកគ្រូពេទ្យតើនាងយ៉ាងម៉េចហើយ? » ណាប៊ី ឈរចាំខាងមុខបន្ទប់របស់ រ៉ូជីន ជាយូរហ័សចូលទៅសួរលោកគ្រូពេទ្យ។
     « នាងប្រហែលទ្រាំមិនបានដល់ថ្ងៃស្អែកទេ » លោកគ្រូពេទ្យក្រវីក្បាលដាក់ ណាប៊ី ទាំងទឹកមុខអស់សង្ឃឹមហើយក៏ដើរចេញទៅ។
     « នាង... » ណាប៊ី អួលដើមកនិយាយលែងចេញក្នុងចិត្តរបស់នាងហាក់ស្ទះពិបាកដកដង្ហើមមួយរំព្រិច តែនាងប្រឹងទប់អារម្មណ៍ហើយលើកដៃដែលញ័រទទ្រើកបើកទ្វាចូលទៅក្នុងបន្ទប់សម្រាកព្យាបាលរបស់ រ៉ូជីន។
     រាងស្តើងក្នុងឈុនអ្នកជំងឺគេងសន្លប់លើគ្រែជាមួយបំពង់អុកស៊ីសែនជាប់ច្រមុះ ។ ណាប៊ី ឈានជើងទន់គ្មានកម្លាំងចូលទៅជិតអ្នកជំងឺទាំងក្នុងចិត្តក្ដុកក្ដួល។ កែវភ្នែកក្រហមឆ្អៅហាក់មានកំហុសមិនហ៊ានសូម្បីតែសម្លឹងមុខរបស់ រ៉ូជីន ចំ ទើបនាងងាកមុខចេញ តែក៏ប្រទះភ្នែកនឹងរូបថតមួយសន្លឹកដែលនៅលើតុក្បែរក្បាលគ្រែ។
     ស្នាមញញឹមស្រស់លើរង្វង់ភក្ត្រអ្នកទាំងពីរនៅក្នុងរូបថតមួយសន្លឹកនេះធ្វើឲ្យទឹកភ្នែករបស់ ណាប៊ី ស្រក់ចុះមកទាំងមិនដឹងខ្លួន។
     “ បើអាចអូនចង់ជួបបងម្តងទៀតមុនពេលចាកចេញទៅ អូនមានពាក្យច្រើនណាស់ដែលចង់និយាយប្រាប់បង តែប្រហែលអូនគ្មានឱកាសបាននិយាយទេ រ៉េមី ថ័ររ៉េស ”
     តក់!
     ទឹកភ្នែករបស់ ណាប៊ី ស្រក់លើតួអក្សរបីជួរដែល រ៉ូជីន បានសរសេរនៅខាងខ្នងរូបថតរបស់នាងជាមួយ រ៉េន ។
     « អ្នកគ្រូ...ពេទ្យ » សំឡេងខ្សោយៗរបស់ រ៉ូជីន ដែលទើបនឹងដឹងខ្លួនដាស់ឲ្យ ណាប៊ី រហ័សដាក់រូបថតនៅនឹងដៃចុះហើយស្ទុះចូលមករកអ្នកដែលគេងនៅលើគ្រែយ៉ាងរហ័ស។ ម្រាមស្រឡូនចាប់ដៃដែលលើកមករកនាងតែក៏បានដឹងពីចង្វាក់ជីពចរខ្សោយរបស់អ្នកជំងឺ។
    “ ជីពចរ របស់នាងខ្សោយខ្លាំងណាស់ នាងនៅសល់ពេលមិនប៉ុន្មានទៀតទេ មិនបានទេ នាងមិនទាន់បានជួប រ៉េន នៅឡើយ ” ណាប៊ី ដកដៃពី រ៉ូជីន យ៉ាងរហ័សនិងឈានជើងថយក្រោយទឹកមុខស្លេកស្លាំង។
     « កុំទាន់ចាកចេញពេលនេះអី សុំចាំមួយភ្លាមទៅ ខ្ញុំនឹងទៅនាំ រ៉េន មកឲ្យជួបនាង » ណាប៊ី និយាយទាំងអួលដើមកដាក់ រ៉ូជីន ដោយអារម្មណ៍ខុសហើយក៏រហ័សរត់ចេញទៅយ៉ាងលឿនលែងគិតពីអ្វីទាំងអស់។
    
     កន្លងមកគឺនាងខុសហើយដែលព្យាយាមហាមឃាត់ពួកគេទាំងពីរនាក់មិនឲ្យបានជួបគ្នា នាងពិតសោកស្តាយខ្លាំងណាស់បើ រ៉ូជីន ចាកចេញទៅទាំងមិនបានជួប រ៉េន ជាលើកចុងក្រោយ នាងនឹងមានអារម្មណ៍ខុសអស់មួយជីវិតបើនាងនៅតែលាក់បាំងរឿងរបស់ រ៉ូជីន ជាមួយ រ៉េន តទៅទៀត។
     ង៉ក់!
     ណាប៊ី ចាប់ហ្វ្រាំងជើងឈប់នៅមុខបន្ទប់របស់ រ៉េន ហើយក៏រហ័សចាប់បើកទ្វាបន្ទប់។
     « ឈប់! ឯងមិនអាចធ្វើបែបនេះបានទេ ណាប៊ី! »
     ហារ៉ា ចូលមកចាប់កដៃរបស់ ណាប៊ី ជាប់ ហាមឃាត់មិនឲ្យនាងធ្វើរឿងដែលកំពុងចង់ធ្វើនៅពេលនេះ។ ណាប៊ី មិនអាចយករឿងរបស់ រ៉ូជីន ទៅប្រាប់ រ៉េន បានឡើយ ព្រោះបើ ណាប៊ី ធ្វើបែបនេះ នាងមិនត្រឹមតែបំផ្លាញ់អនាគតរបស់ រ៉េន ទេ ហើយនាងក៏កំពុងតែរុញទំនាក់ទំនងល្អរវាងនាងនិងរ៉េនឲ្យធ្លាក់ជ្រោះជ្រៅគ្មានថ្ងៃត្រឡប់ផងដែរ ម្យ៉ាងទៀត ហារ៉ា ក៏នឹងរងគ្រោះជាមួយផងដែរ។
     « លែង! អ្នកគ្រូពេទ្យមិនអាចហាមឃាត់ខ្ញុំបានទេ » ណាប៊ី ព្យាយាមទាញដៃរបស់ ហារ៉ា ចេញ ។
     « ណាប៊ី តាំងសតិបន្តិចបានទេ បើនាងប្រាប់រឿងរបស់ រ៉ូជីន ទៅកាន់ រ៉េន នៅពេលនេះ អ្នកស្រី ម៉ាដាលីននឹងយកអាថ៍កំបាំងរបស់នាងប្រាប់លោក រ៉េន មិនខាន ហើយនាងនឹងគ្មានថ្ងៃអាចចូលជិតគេបានទៀត » ហារ៉ា ចាប់ស្មាតូចអង្រួនខ្លាំងៗដើម្បីហៅសតិរបស់ ណាប៊ី ឲ្យត្រឡប់មកវិញ រឿងមួយនេះ ណាប៊ី ត្រូវតែគិតឲ្យច្បាស់ព្រោះមិនត្រឹមតែនាងខ្លួនឯងទេដែលបាត់បង់ ប៉ុន្តែគ្រប់គ្នាដែលពាក់ព័ន្ធក្នុងរឿងមួយនេះសុទ្ធតែត្រូវបាត់បង់។
     « ប៉ុន្តែ...! » ណាប៊ី ឱនមុខចុះនៅស្ងៀមដៃក៏ដកចេញពីទ្វាបន្ទប់របស់ រ៉េន វិញ ទើប ហារ៉ា ព្រមប្រលែងដៃពីស្មារបស់នាងដូចគ្នា ព្រោះឃើញនាងដូចជាមានសតិគិតមកវិញហើយ។
     « កន្លងផុតពីយប់នេះទៅ គ្រប់យ៉ាងក៏ចប់ហើយ »
     « សុំទោសផង ខ្ញុំមិនអាចធ្វើតាមអ្នកគ្រូពេទ្យបានទេ » ណាប៊ី តបជាមួយ ហារ៉ា ឆ្លៀតឱកាសដែល ហារ៉ា ភ្លេចខ្លួន នាងបើកទ្វាបន្ទប់របស់ រ៉េន យ៉ាងរហ័សហើយចូលទៅខាងក្នុងយ៉ាងលឿន។
     « រ៉េន ខ្ញុំមានរឿងចង់ប្រាប់...» ណាប៊ី បញ្ឈប់សម្តីពេលចូលមកដល់ក្នុងបន្ទប់មិនបានឃើញវត្តមានរបស់ រ៉េន នៅគេងលើគ្រែអ្នកជំងឺឡើយ។
     « អ្ហើយ! » ហារ៉ា លួចដកដង្ហើមធំធូរទ្រូងពេលមិនបានឃើញ រ៉េន នៅក្នុងបន្ទប់ សំណាងហើយដែលគេមិននៅក្នុងបន្ទប់បើមិនអញ្ចឹងទេគ្រប់យ៉ាងត្រូវរលាយអស់មិនខាន។
     « រ៉េន! » ណាប៊ី រហ័សចេញទៅរក រ៉េន តែ ហារ៉ា ក៏តាមមកចាប់ដៃនាងទុកម្តងទៀត។
     «...» ហារ៉ា ក្រវីក្បាលដាក់ ណាប៊ី ជាសញ្ញាប្រាប់ថាមិនឲ្យ ណាប៊ី ទៅរក រ៉េន ដើម្បីប្រាប់រឿងរបស់ រ៉ូជីន ឡើយ។
     « លែងដៃ! » ណាប៊ី ទាញដៃរបស់ ហារ៉ា ចេញយ៉ាងចិត្តដាច់មិនយល់ពីទំនាក់ទំនងល្អៗដែលមានចំពោះគ្នាតទៅទៀត ហើយនាងក៏រត់ចេញពីបន្ទប់ទៅដោយមិនសោកស្តាយចំពោះការសម្រេចចិត្តរបស់នាងលើកនេះនោះទេ។
     កណ្តាលរាត្រីងងឹតសូន្យឈឹង ណាប៊ី រត់តាមរក រ៉េន សព្វក្នុងមន្ទីរពេទ្យតែមិនបានឃើញវត្តមានរបស់គេសោះ ទើបនាងចាប់ផ្តើមមានប្រផ្នូលមិនល្អក្នុងចិត្តឡើយមក មនុស្សពិការម្នាក់ គេមិនអាចទៅណាបានឆ្ងាយឡើយលុះត្រាតែមានអ្នកដែលនាំគេទៅ។ ជើងស្រឡូនរត់ចេញពីមន្ទីរពេទ្យមកដល់ទីធ្លាខាងក្រៅដែលគ្របដណ្តប់ដោយស្លឹកឈើពណ៌លឿងទុំធ្លាក់ក្រាលពេញលើដី ។
     « រ៉េន! រ៉េន លោកនៅឯណា? » ណាប៊ី ដើរឱបដៃស្រែកហៅ រ៉េន ទាំងរងារញ័រខ្លួនទទ្រើក រាត្រីស្ងាត់គ្មានពន្លឺដួងច័ន្ទចំណែកខ្យល់ក៏ត្រជាក់ខុសធម្មតាធ្វើឲ្យបេះដូងរបស់នាងកាន់តែឈឺចាប់ឡើងរកអ្វីមកពណ៌នាពុំបាន តើពេលកន្លងមកនាងកំពុងធ្វើអ្វី? ហេតុអ្វីក៏មិនឲ្យរ៉េននិងរ៉ូជីនបានជួបគ្នា? នាងពិតជាបានធ្វើរឿងខុសធ្ងន់មួយហើយមែនទេ? រ៉េន ច្បាស់ជាគ្មានថ្ងៃអភិទោសឲ្យនាងទេ បើដឹងថានាងបានធ្វើរឿងមួយនេះ។
     « រ៉េន! រ៉េ...» ណាប៊ី ស្ងាត់មាត់ឈប់ជើងមួយកន្លែងពេលបានឃើញគ្រាប់ព្រិលពណ៌សកំពុងធ្លាក់ចុះមកយ៉ាងច្រើន នេះមានន័យថារដូវរងាបានចាប់ផ្តើមហើយ ព្រិលដំបូងកំពុងតែធ្លាក់គួរតែជាថ្ងៃល្អ តែហេតុអ្វីបានជាមានមនុស្សម្នាក់មកស្លាប់នៅក្នុងថ្ងៃល្អបែបនេះទៅវិញ?។ ណាប៊ី ឈរលាដៃទ្រយកគ្រាប់ព្រិលដែលធ្លាក់ចុះមកទាំងកែវភ្នែកសោកសៅ ព្រោះគ្រប់យ៉ាងប្រហែលជាហួសពេលទៅហើយ នាងមិនអាចកែប្រែកំហុសមួយនេះបានទេ។
    
     បន្ទប់សម្រាកព្យាបាលរបស់ រ៉ូជីន
     « អ្នកជំងឺ ផាក រ៉ូជីន បានទទួលមរណភាពនៅវេលាម៉ោង១០និង៣០នាទីយប់ » គ្រូពេទ្យដកបំពង់អុកស៊ីសែនចេញពីច្រមុះរបស់ រ៉ូជីន ហើយក៏ទាញក្រណាត់សមកគ្រប់មុខស្រស់ញញឹមរបស់នាង រួចរៀបចំអូសសពចេញទៅបន្ទប់ទុកសាកសពដើម្បីបញ្ចុះនៅថ្ងៃស្អែក ព្រោះតែនាងជាអ្នកជំងឺគ្មានសាច់ញាតិដូច្នេះកម្មវិធីកាន់ទុក្ខនឹងត្រូវធ្វើឡើងនៅក្នុងមន្ទីរពេទ្យដូចរាល់ដងហើយសពរបស់នាងត្រូវយកទៅបញ្ចុះនៅកន្លែងបញ្ចុះនៅខាងក្រោយមន្ទីរពេទ្យផងដែរ។
     ក្រាក!
     ទ្វាបន្ទប់បើកចំហរឡើង គ្រូពេទ្យក៏រុញសាកសពអ្នកជំងឺចេញពីបន្ទប់ដោយទឹកមុខសោកសៅ។
     ដុក!
     រូបថតអនុស្សាវរីយ៍ចុងក្រោយដែលនាងបានទុកចុងក្រោយធ្លាក់ទៅលើឥដ្ឋទាំងមានដំណក់ទឹកថ្លាដក់ជាប់នៅលើរូបថតមួយសន្លឹកនោះ។
     ង៉ក់!
     ណាប៊ី ឈប់ជើងមួយកន្លែងពេលនាងរត់មកដល់ចំពេលដែលគ្រូពេទ្យកំពុងរុញសាកសពរបស់ រ៉ូជីន ចេញពីបន្ទប់។ ជើងស្រឡូនទាំងគូប្រែជាគ្មានកម្លាំងភ្លាមៗពេលមកបានឃើញ រ៉ូជីន ត្រូវបានអូសចេញពីបន្ទប់សម្រាកទាំងគ្មានសាច់ញាតិនៅជាមួយបែបនេះ រ៉ូជីនពិតជាគួរឲ្យអាណិតពេកហើយ សូម្បីតែបុរសដែលនាងចង់ជួបជាលើកចុងក្រោយក៏មិនបានជួប។ ទាំងអស់នេះក៏ព្រោះតែនាងម្នាក់គត់ នាងជាអ្នកធ្វើឲ្យ រ៉ូជីន ស្លាប់ទៅទាំងឈឺចាប់ខ្លោចផ្សាបែបនេះ។
     « អ្នក...នាង រ៉ូជីន! » ណាប៊ី ចូលទៅជិតសាកសពរបស់ រ៉ូជីន ទាំងខ្លួនញ័រទទ្រើកតែមិនមែនព្រោះរងាទេ គឺដោយសារតែចង្វាក់បេះដូងដែលលោតញាប់ព្រោះតែក្តីឈឺចាប់មានកំហុសច្រើនជាង។
     « អ្នកនាងមិនអាចស្លាប់បានទេ ហ៊ឹក...សូមបើកភ្នែកមក ហ៊ឺ ខ្ញុំកំពុងតែទៅនាំបុរសដែលអ្នកនាងជួបឲ្យមកជួបអ្នកនាងហើយ សុំអ្នកនាងបើកភ្នែកឡើងមក » ណាប៊ី ព្យាយាមអង្រួនហៅអ្នកដែលលែងមានវិញ្ញាណដឹងខ្លាំងៗទោះដឹងថាមិនបានផលក៏ដោយ តែនាងនៅប្រឹងហៅអ្នកដែលស្លាប់ឲ្យដឹងខ្លួនមកវិញយ៉ាងឈឺចាប់ ។
     « ហ៊ឺ! តាមពិតនាង ណាប៊ី! » សំឡេងញ័រដោយអារម្មណ៍ខឹងខ្លាំងបន្លឺឡើងធ្វើឲ្យ ណាប៊ី ងាកទៅតាមប្រភពសំឡេងទើបបានប្រទះនឹងកែវភ្នែកក្រហមដូចបិសាចរបស់ រ៉េន ដែលអង្គុយលើរទេះត្រូវអ្នកស្រី ដាលីន រុញចេញពីបន្ទប់របស់ រ៉ូជីន មក។
     “ តើ រ៉េន មកទីនេះតាំងពីពេលណា? ហើយអ្នកស្រី ដាលីន មកទីនេះបានយ៉ាងម៉េច? ” ណាប៊ី រង្វេងអស់ហើយ ហេតុអ្វីគ្រប់គ្នានៅទីនេះ? នាងខំតាមរកគេគ្រប់ទីកន្លែងតែចុងក្រោយគេមកនៅទីនេះសោះ ទោះនាងកំពុងតែភ័យខ្លាចចំពោះរឿងដែល រ៉េន បានដឹងការពិតដែលនាងលាក់បាំង រ៉ូជីន ពីគេ តែនាងក៏សប្បាយចិត្តដែលគេបានមកជួប រ៉ូជីន តាមបំណងរបស់នាង។
     « នាងជាអ្នកដែលខ្ញុំទុកចិត្តជាងគេ តែនាងបែរជាអ្នកដែលព្យាយាមហាមខ្ញុំមិនឲ្យជួប រ៉ូជីន ទៅវិញ នាងពិតជាអាត្មានិយមខ្លាំងណាស់ »
     សម្តីរបស់គេប្រៀបបាននឹងកាំបិតដែលយកមកចាក់បេះដូងរបស់នាងឲ្យឈឺចាប់កាន់តែខ្លាំងឡើង ។
     “ អាត្មានិយមពាក្យនេះសមនឹងនាងខ្លាំងណាស់ ”
     « រ៉េន..! »
     ប្រូស!
      ណាប៊ី ស្ទុះចូលទៅអង្គុយពីមុខគេដើម្បីបកស្រាយរឿងទាំងអស់ប្រាប់គេ តែក៏ត្រូវគេរុញនាងឲ្យដួលអុកគូទទៅលើឥដ្ឋវិញមួយទំហឹង ដោយកែវភ្នែកខឹងស្អប់។
      « ចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនចង់ឃើញមុខរបស់នាងទៀតទេ » រ៉េន ស្រែកគំហកដាក់អ្នកដែលព្យាយាមចូលមកជិតគេទាំងកំហឹង គេមិនចូលចិត្តមនុស្សមានពុតត្បុតនិងអាត្មានិយមដូចជានាងនោះទេ គេស្អប់នាងខ្លាំងណាស់ដឹងទេ នាងជាអ្នកដែលធ្វើឲ្យគេមិនអាចបានជួប រ៉ូជីន នាងជាអ្នកដែលធ្វើឲ្យគេមិនបានចំណាយពេលចុងក្រោយជាមួយនារីដែលគេស្រលាញ់ឲ្យបានគ្រប់គ្រាន់ គេពិតជាស្អប់នាងខ្លាំងណាស់។
     « រ៉េន...ហ៊ឹក! រ៉េន...ហ៊ឺ! » ណាប៊ី បានត្រឹមអង្គុយហៅឈ្មោះគេយ៉ាងកំសត់ ខណៈគេត្រូវអ្នកម៉ាក់របស់គេរុញរទេះចេញទៅដោយមិនមើលមុខរបស់នាងសូម្បីតែបន្តិច។
             រងចាំភាគបន្ត
    
    
    

    
    

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now