ភាគ១៦

120 5 0
                                    

“ បាត់បង់គ្រប់យ៉ាង ”

    ក្រុមហ៊ុន ថ័ររ៉េស
   
    អ្នកស្រី ដាលីន ដើរញាប់ជើងសំដៅទៅបន្ទប់ប្រជុំក្នុងក្រុមហ៊ុនដែលកំពុងមានការប្រជុំយ៉ាងធំមួយ ប៉ុន្តែក្នុងនាមនាងជាភរិយារបស់ម្ចាស់ក្រុមហ៊ុនបែរជាមិនបានដឹងរឿងអ្វីសោះទៅវិញ។
    « សុំទោសអ្នកស្រីមិនអាចចូលទៅបានទេ » បុគ្គលិកដែលឈរនៅខាងមុខបន្ទប់ប្រជុំហាមឃាត់មិនឲ្យអ្នកស្រី ដាលីន ចូលទៅខាងក្នុងទាំងដែលនាងមានតំណែងជាប្រធានគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយនេះហើយកំពុងកាន់តំណែងជាអគ្គនាយិកាជំនួសស្វាមីថែមទៀតនោះ។
    « ហេតុអ្វីខ្ញុំចូលទៅមិនបានឬឯងចង់ត្រូវខ្ញុំបណ្ដេញចេញ? » អ្នកស្រី ដាលីន ស្រែកសម្លុតឲ្យបុគ្គលិកដែលថ្លើមធំហ៊ានហាមឃាត់នាងមិនឲ្យចូលទៅបន្ទប់ប្រជុំ។
    « មិនចង់ទេបាទ តែ...»
    ក្រាក!
    ទ្វាបន្ទប់ប្រជុំបើកឡើង ទើបបុគ្គលិកនៅខាងមុខរហ័សថយទៅម្ខាងទាំងបន្ទន់ខ្លួនគោរពអ្នកមានឋានៈខ្ពង់ក្នុងក្រុមហ៊ុនដែលចេញមកដំណាលគ្នា។
    « តើនេះមានន័យថាម៉េចហា៎? » អ្នកស្រី ដាលីន សួរទៅកាន់ក្រុមអ្នកភាគហ៊ុនទាំងមួរម៉ៅចំពោះការប្រជុំដែលអ្នកភាគហ៊ុនធ្វើឡើងដោយមិនប្រាប់នាងមួយម៉ាត់។
    «...» គ្រប់គ្នាដែលចេញមកនាំគ្នាស្ងាត់មាត់មិនមានអ្នកណាអាចឆ្លើយសំណួររបស់អ្នកស្រី ដាលីន បានឡើយ ប៉ុន្តែគ្រប់គ្នាបែរជានាំគ្នាថយក្រោយទៅម្ខាងបើកផ្លូវឲ្យនរណាម្នាក់ដែលនៅខាងក្នុងដើរចេញមកទៅវិញ។
    « សួស្តីអ្នកស្រី ម៉ាដាលីន ថ័ររ៉េស » គីរ៉ាន់ ញញឹមរាក់ទាក់ដោយភាពមិនស្មោះត្រង់ដាក់អ្នកដែលឈរនៅចំពោះមុខ។
    « លោកជាអ្នកណា? »
    « ខ្ញុំ គីម គីរ៉ាន់ អ្នកស្នងតំណែងរបស់សម្ព័ន្ធ អ៊ីសាជី ចាប់ពីពេលនេះទៅក្រុមហ៊ុន ថ័ររ៉េស ជាផ្នែកមួយរបស់ អ៊ីសាជី ហើយ »
    « លោកនិយាយនេះចង់មានន័យថាយ៉ាងម៉េច? »
    គីរ៉ាន់ លើកក្រដាសមួយសន្លឹកឡើងមកបង្ហាញដល់អ្នកស្រី ដាលីន ។
    « លោក ហូរ៉េស បានលក់ក្រុមហ៊ុនមួយនេះឲ្យមកខ្ញុំហើយ »
    « ឯងកុហក! លោកបងគ្មានថ្ងៃលក់ក្រុមហ៊ុនឲ្យឯងទេ ឯងច្បាស់ជាលេងល្បិចអ្វីមិនខានទេ » អ្នកស្រី ដាលីន កញ្ឆក់ក្រដាសពីក្នុងដៃរបស់ គីរ៉ាន់ មកហែកចោល ព្រោះស្វាមីរបស់នាងធ្លាប់ប្រាប់នាងហើយថាលោកមិនលក់ក្រុមហ៊ុននេះឡើយ លោកទៅរកសម្ព័ន្ធ អ៊ីសាជី ដើម្បីឲ្យជួយដោះស្រាយវិបត្តិក្រុមហ៊ុនលើកនេះតែប៉ុណ្ណោះ មនុស្សម្នាក់នេះច្បាស់ជាឆ្លៀតពេលដែលស្វាមីរបស់នាងស្ថិតនៅស្ថានភាពមិនអាចនិយាយការពិតបានក៏លេងល្បិចយកក្រុមហ៊ុនមួយនេះមិនខានទេ។
    « អ្នកស្រី ដាលីន អ្នកស្រីគ្មានសិទ្ធិអ្វីនៅក្នុងក្រុមហ៊ុនមួយនេះទៀតទេ បើអ្នកស្រីហ៊ានបង្ករឿងនៅទីនេះខ្ញុំអាចប្តឹងអ្នកស្រីបានដឹងទេ ស្វាមីកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំណែកកូនប្រុសក៏ពិការឬអ្នកស្រីចង់ជាប់គុកម្នាក់ទៀត »
    « ឯង...» អ្នកស្រី ដាលីន ចង្អុលមុខឌឺដងរបស់ គីរ៉ាន់ ឡើងញ័រដៃទទ្រើកប៉ុន្តែក៏ព្រមបង្ខំទម្លាក់ដៃចុះហើយដើរចេញពីក្រុមហ៊ុនទៅទាំងក្នុងចិត្តក្តៅស្ទើរតែឆេះទៅហើយ។ នាងមិនព្រមបាត់បង់គ្រប់យ៉ាងដែលខំសាងមកតែត្រឹមនេះទេ នាងនឹងយកគ្រប់យ៉ាងមកវិញឲ្យបាន ។
    ក្រាក!
    « ហាឡូ ជួយស៊ើបប្រវត្តិរបស់អ្នកស្នងតំណែងសម្ព័ន្ធ អ៊ីសាជី ឲ្យខ្ញុំបន្តិច » អ្នកស្រី ដាលីន ខលទៅអ្នកស៊ើបពូកែរបស់នាងហើយក៏បើកឡានចេញទៅ។
   
    គីរ៉ាន់ ឈរជ្រែងហោប៉ៅមើលអ្នកស្រី ដាលីន ពីលើអគារមកជាមួយស្នាមញញឹមបែបអ្នកឈ្នះមិនប្រែ។
    « នាងច្បាស់ជាមិនព្រមឲ្យក្រុមហ៊ុនមកយើងងាយៗទេ ឯងជួយទៅចាត់ការផ្តល់មេរៀនខ្លះឲ្យនាងដឹងម្តងទៅ » គីរ៉ាន់ បញ្ជាទៅ តូរីន ដែលនៅឈរខាងក្រោយ។
    « បាទ ចៅហ្វាយ » តូរីន បន្ទន់ខ្លួនបន្តិចហើយក៏ដើរចេញទៅធ្វើតាមបញ្ជាចៅហ្វាយនាយយ៉ាងរហ័ស។
   
    មន្ទីរពេទ្យ
    ក្រុមគ្រូពេទ្យរៀបចំដោះឧបករណ៍ចេញពីខ្លួនរបស់លោក ហូរ៉េស យ៉ាងឆាប់រហ័ស និងរុញអ្នកជំងឺដែលសន្លប់ជាច្រើនខែចេញពីបន្ទប់វីអាយភីដោយមិនប្រាប់សាច់ញាតិមួយម៉ាត់។
    « ពួកលោកចង់នាំស្វាមីរបស់ខ្ញុំទៅណា? » អ្នកស្រី ដាលីន ចូលមកទាន់ រហ័សរត់ទៅចាប់ទាញគ្រែឈប់មិនឲ្យគ្រូពេទ្យរុញស្វាមីរបស់នាងចេញពីបន្ទប់សម្រាកព្យាបាលឡើយ។
    « ខាងមន្ទីរពេទ្យឲ្យរុញអ្នកជំងឺម្នាក់នេះចេញ »
    ប្រូស!
    គ្រូពេទ្យនិយាយហើយក៏រុញអ្នកស្រី ដាលីន ឲ្យដួលទៅលើឥដ្ឋ រួចក៏រុញគ្រែរបស់លោក ហូរ៉េស ចេញទៅខាងក្រៅមន្ទីរពេទ្យ។
    « ឈប់! កុំយកស្វាមីរបស់ខ្ញុំចេញពីទីនេះ ហ៊ឹក! » អ្នកស្រី ដាលីន ស្ទុះក្រោកឡើងរត់ទៅតាមគ្រែរបស់ស្វាមី ទាំងទឹកភ្នែកជោកថ្ពាល់។
   
    គ្រូពេទ្យរុញលោក ហូរ៉េស មកដល់ចំណតឡានខាងក្រោមទើបឈប់ ហើយក៏លើលោក ហូរ៉េស ចុះពីលើគ្រែអ្នកជំងឺដាក់នៅលើកម្រាលឥដ្ឋ រួចក៏រុញគ្រែត្រឡប់ចូលទៅក្នុងមន្ទីរពេទ្យវិញបាត់។
    « លោកបង! លោកបង! ពួកឯងធ្វើបែបនេះដាក់លោក ហូរ៉េស ថ័ររ៉េស យ៉ាងម៉េចបានហា៎? ចាំមើលយើងនឹងប្រាប់ឲ្យគេបិទមន្ទីរពេទ្យមួយនេះ » អ្នកស្រី ដាលីន ស្រែកគំរាមគ្រូពេទ្យទាំងអស់នោះខ្លាំងៗទាំងខឹងស្ទើរតែយកភ្លើងមកដុតមន្ទីរពេទ្យមួយនេះចោលឥឡូវនេះតែម្តង នាងបានដាក់ទុនក្នុងមន្ទីរពេទ្យមួយនេះច្រើនណាស់ តែហេតុអ្វីពួកគេធ្វើបែបនេះចំពោះស្វាមីរបស់នាង?។
    « លោកបងត្រជាក់ទេ ទ្រាំបន្តិចខ្ញុំនឹងខលហៅឡានមន្ទីរពេទ្យផ្សេងមកយកបង » អ្នកស្រី ដាលីន ដោះអាវក្រៅដណ្តប់ឲ្យស្វាមីដែលគេងសន្លប់មិនដឹងអ្វីហើយកក៏ដកទូរស័ព្ទពីកាបូបមកខលទៅមន្ទីរពេទ្យផ្សេង។
    ប្រាវ! ប្រាវ!
    សំឡេងបែកអ្វីលាន់លឺខ្លាំងៗពេញត្រចៀករបស់អ្នកស្រី ដាលីន ទើបនាងរហ័សក្រោកឈរសម្លឹងរកមើលប្រភពសំឡេងទាំងភ័យតក់ស្លុត។
    « ឡាន! ពួកឯងធ្វើស្អីឡានរបស់យើងហា៎? »អ្នកស្រី ដាលីន ស្រែកឲ្យក្រុមក្មេងទំនើងដែលកំពុងវាយកម្ទេចឡានរបស់នាង។
    « នៅឲ្យស្ងៀម! ឆាប់ឲ្យកាបូបនិងទូរស័ព្ទមកនេះ » មនុស្សម្នាក់ក្នុងចំណោមពួកគេដកកាំភ្លើងភ្ជង់មកកាន់អ្នកស្រី ដាលីន ហើយទាមទារឲ្យនាងប្រគល់កាបូបនិងទូរស័ព្ទដៃមកឲ្យគេ។
    « កុំធ្វើអីខ្ញុំ »
    « ឆាប់ឲ្យមកឲ្យលឿន! » គេគំហកហើយក៏កញ្ឆក់យកកាបូបនិងទូរស័ព្ទពីក្នុងដៃរបស់អ្នកស្រី ដាលីន ទៅ ។ ក្រោយពីបានរបស់ដែលត្រូវការហើយពួកគេក៏រហ័សឡើងឡានបើករត់ទៅបាត់។
    « ហ៊ឹក! ហ៊ឺ! » អ្នកស្រី ដាលីន បានត្រឹមអង្គុយយំទាំងភ័យខ្លាចនិងឈឺចាប់បំផុត ព្រោះពេលនេះនាងមិនសល់អ្វីទៀតទេ ឡានក៏ខ្ទេច ទូរស័ព្ទ និងកាបូបដែលមានលុយសល់បន្តិចបន្តួចក៏ត្រូវចោរយកទៅអស់ផងដែរ ហើយឲ្យនាងយកស្វាមីទៅពេទ្យផ្សេងយ៉ាងម៉េចបានទៅ? ចប់ហើយ  ជីវិតរបស់នាងកំពុងតែបញ្ចប់ត្រឹមនេះហើយ ព្រោះតែគេម្នាក់នោះ ច្បាស់ណាស់រឿងដែលកើតឡើងទាំងអស់នេះច្បាស់ជាស្នាដៃរបស់គេមិនខាន។
   
    មន្ទីរពេទ្យជាយក្រុង
   
    « ជៀសផ្លូវ! ជៀសផ្លូវ! » មនុស្សមួយក្រុមពាក់អាវជាបុគ្គលិករបស់មន្ទីរពេទ្យដើរសំដៅទៅបន្ទប់លេខ ៣៦៥ ទាំងប្រញាប់ប្រញាល់ថែមទាំងរុញអ្នកជំងឺនិងគ្រូពេទ្យដែលដើរទើសផ្លូវរបស់គេទៀតផង។
    ក្រាក!
    « ពួកឯងជាអ្នកណា? » វីណា បើកភ្នែកធំៗសួរទៅបុគ្គលិកពេទ្យដែលមានរិកពារចម្លែក។
    « ជៀសចេញទៅ! »
    ប្រូស!
    « ពួកលោកធ្វើស្អីនឹង? » រ៉េន ស្រែកសួរមនុស្សមួយក្រុមដែលដើរចូលមករកគេទាំងរុញ វីណា ឲ្យដួលទៅម្ខាង មើលទៅពួកគេដូចជាមិនមែនជាបុគ្គលិកពេទ្យសោះ។
    « អូសវាចេញទៅ! » មនុស្សម្នាក់ក្នុងចំណោមពួកគេចេញបញ្ជាហើយអ្នកដ៏ទៃក៏ចូលមកចាប់អូស រ៉េន ចុះពីលើគ្រែអ្នកជំងឺចេញពីបន្ទប់ទៅខាងក្រៅ។
    « លែងយើង! »
    ឌឹប!
    រ៉េន ដាល់ទៅលើមុខរបស់អ្នកដែលចាប់អូសគេចេញពីបន្ទប់ហើយក៏ប្រឹងទប់ជញ្ជាំងក្រោកឈរដើម្បីរត់ចេញពីពួកមនុស្សដែលចាប់គេ ប៉ុន្តែដោយសារតែជើងគេនៅមិនទាន់ជាស្បះស្បើយនៅឡើយ ទើបគេមិនអាចរត់បានដូចមនុស្សធម្មតាទេ។
    ឌឹប! ឌឹប!
    « ...» រ៉េន ដេកដួលទៅលើឥដ្ឋក្រោយត្រូវពួកគេដាល់ផងទាត់ផងមកលើគេពេញទំហឹង។
    « ឆាប់ចាប់វាបោះចេញទៅខាងក្រៅមន្ទីពេទ្យទៅ »
   
    ប្រូស!
    រាងក្រាស់ត្រូវក្រុមមនុស្សដែលពាក់អាវបុគ្គលិកពេទ្យទម្លាក់ចោលនៅលើគំនរព្រិលតាមចិញ្ចើមផ្លូវនៅឆ្ងាយពីមន្ទីរពេទ្យដែលគេស្នាក់នៅមិនប៉ុន្មានរយម៉ែត្រ។
    ព្រិលដែលខានធ្លាក់ជាច្រើនថ្ងៃចាប់ផ្តើមធ្លាក់ចុះមកម្តងទៀត ធ្វើឲ្យគ្រប់យ៉ាងនៅជុំវិញខ្លួនរបស់គេប្រែជាស្រអាប់សារជាថ្មី ក្រៅពីភាពរងាឯកាគេមើលមិនឃើញអ្វីទៀតទេ។ រ៉េន គេងនៅក្រោមព្រិលត្រជាក់ដល់ឆ្អឹងតែម្នាក់ឯង សូម្បីតែឡានដែលបើកឆ្លងកាត់ក៏មិនខ្វល់ពីគេដែរ។
    « គ្រួសារគេគ្មានអ្វីឲ្យខ្ញុំទៀតទេ តើខ្ញុំនៅយកមនុស្សពិការដូចគេទៅនាំតែពិបាកខ្លួនឯងធ្វើអ្វីទៀតទៅ? » វីណា បើកឡានចេញទៅដោយមិនខ្វល់ពីអ្នកដែលគេងសន្លប់នៅកណ្តាលវាលដែលគ្រប់ដណ្តប់ដោយព្រិលកំពុងធ្លាក់ខ្លាំង គេអាចកកស្លាប់បានបើទុកឲ្យគេនៅទីនេះ តែនាងមិនខ្វល់ទេ ព្រោះអ្វីដែលនាងត្រូវការមានតែលុយនិងទ្រព្យសម្បត្តិប៉ុណ្ណោះ មិនមែនជាមនុស្សពិការដែលឲ្យនាងមើលថែអស់មួយជីវិតនោះទេ។
   
    ត្រឡេកមកមើលស្ថានភាពស្ងប់ស្ងាត់នៅក្នុងមន្ទីរពេទ្យវិញ ទោះជាមុននេះមានក្រុមបុគ្គលិកពេទ្យមកអូសអ្នកជំងឺចេញទៅទាំងទទឹងទិសយ៉ាងណាក្តី តែប្រធានពេទ្យនិងក្រុមគ្រូពេទ្យផ្សេងទៀតហាក់មិនខ្វល់ទាល់តែសោះ មានតែ ហារ៉ា ម្នាក់ដែលរហ័សយកដំណឹងមួយនេះទៅប្រាប់ ណាប៊ី។
    ក្រាក!
    « ណាប៊ី មានរឿងធំហើយ! »
    « មានរឿងអ្វីទៅបង? » ណាប៊ី នៅអង្គុយរៀបចំសម្លៀកបំពាក់លើគ្រែគេងយ៉ាងស្ងប់អារម្មណ៍ដោយមិនមានភាពភ្ញាក់ផ្អើលនឹងសកម្មភាពឆ្លេឆ្លារបស់ ហារ៉ា សោះ។
    « គឺ...គឺ រ៉េន! »
    « រ៉េន! រ៉េន កើតអ្វី? » គ្រាន់តែលឺឈ្មោះ រ៉េន ភ្លាម ភាពនឹងធឹងរបស់នាងមុននេះក៏រលាយបាត់អស់មួយរំព្រិច ណាប៊ី ទម្លាក់ការងារនៅនឹងដៃចុះហើយចូលមកចាប់ស្មារបស់ ហារ៉ា សួរយ៉ាងអន្ទះសារវិញ។
    « លោក រ៉េន ត្រូវក្រុមបុគ្គលិកពេទ្យចាប់ចេញទៅខាងក្រៅបាត់ហើយ »
    « ហេតុអ្វីបានជាគេចាប់ រ៉េន ចេញទៅខាងក្រៅ? »
    « ខ្ញុំក៏មិនដឹងដែរ ប៉ុន្តែលឺមកថាមន្ទីរពេទ្យមួយនេះលែងស្ថិតក្រោមអំណាចរបស់គ្រួសារ ថ័ររ៉េស ទៀតហើយ តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធ អ៊ីសាជី វិញហើយ »
    « សម្ព័ន្ធ អ៊ីសាជី! » ណាប៊ី ផ្ទួនពាក្យ ហារ៉ា ហើយក៏រហ័សរត់ចេញទៅទាំងទឹកមុខស្លេកស្លាំងដូចជាកំពុងតែបារម្ភពី រ៉េន ខ្លាំងណាស់។ គ្មាននរណាស្គាល់ អ៊ីសាជី ច្បាស់ជាងនាងទៀតទេ នាងដឹងថាអ្នកនៅក្នុងសម្ព័ន្ធមួយនោះឃោឃៅខ្លាំងប៉ុណ្ណា ជាពិសេសគឺ គីរ៉ាន់ នាងមិនអាចឲ្យ រ៉េន ត្រូវមនុស្សក្នុងសម្ព័ន្ធមួយនោះធ្វើបាបបានទេ។
             រងចាំភាគបន្ត
 

   
  

   

  

ជំនួបស្នេហ៍៣៦៥ថ្ងៃ(ចប់)Where stories live. Discover now